និក្ខមនំ 40

40
ការ​ដំឡើង​ព្រះ‌ពន្លា
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ អ្នក​ត្រូវ​ដំឡើង​ព្រះ‌ពន្លា និង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ 3ចូរ​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រួច​យក​វាំងនន​មក​បាំង។ 4ចូរ​យក​តុ​សក្ការៈ​មក ហើយ​អ្វីៗ​ដែល​ត្រូវ​ដាក់​នៅ​លើ​តុ ត្រូវ​រៀបចំ​ឲ្យ​បាន​រៀប​រយ។ ចូរ​យក​ជើង​ចង្កៀង​មក រួច​រៀបចំ​ដុត​ចង្កៀង​ទាំង​អស់​នៅ​លើ​នោះ​ផង។ 5ចូរ​ដាក់​អាសនៈ​មាស​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ព្រះ‌ពន្លា។ 6ចូរ​ដាក់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត នៅ​ខាង​មុខ​ទ្វារ​ព្រះ‌ពន្លា​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់។ 7ចូរ​ដាក់​អាង​សម្រាប់​ពិធី​ជម្រះ​កាយ នៅ​ចន្លោះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​អាសនៈ ហើយ​ចាក់​ទឹក​បំពេញ​អាង​នោះ​ផង។ 8ចូរ​ដំឡើង​រនាំង​ទី‌លាន​នៅ​ជុំ‌វិញ ហើយ​បាំង​វាំងនន​នៅ​ទ្វារ​ចូល​ទី‌លាន​ផង។
9ចូរ​យក​ប្រេង​សម្រាប់​ពិធី​លាប​ប្រេង​មក រួច​ធ្វើ​ពិធី​លាប​ប្រេង​លើ​ព្រះ‌ពន្លា និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​នោះ។ ចូរ​ញែក​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​អស់​ជា​សក្ការៈ នោះ​ព្រះ‌ពន្លា​នឹង​ទៅ​ជា​សក្ការៈ។ 10ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាសនៈ​ថ្វាយ​តង្វាយ​ដុត និង​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​អាសនៈ។ ចូរ​ញែក​អាសនៈ​ជា​សក្ការៈ នោះ​អាសនៈ​នឹង​ទៅ​ជា​សក្ការៈ​បំផុត។ 11ចូរ​ធ្វើ​ពិធី​លាប​ប្រេង​លើ​អាង និង​កំណល់ ដើម្បី​ញែក​អាង​នោះ​ជា​សក្ការៈ។ 12ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ចូល​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​ឲ្យ​ពួក​គេ។ 13ចូរ​យក​សម្លៀក‌បំពាក់​សក្ការៈ​មក​ពាក់​ឲ្យ​អើរ៉ុន ហើយ​ចាក់​ប្រេង​ញែក​គាត់​ឲ្យ​បាន​វិសុទ្ធ ដើម្បី​ឲ្យ​គាត់​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។ 14ចូរ​នាំ​កូន​ប្រុស​របស់​អើរ៉ុន​ចូល​មក ចូរ​យក​អាវ​វែង​ពាក់​ឲ្យ​ពួក​គេ 15ហើយ​ចាក់​ប្រេង​តែង‌តាំង​ពួក​គេ ដូច​អ្នក​បាន​ចាក់​ប្រេង​លើ​ឪពុក​របស់​ពួក​គេ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។ ពិធី​ចាក់​ប្រេង​នេះ​បញ្ជាក់​ថា ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ មាន​មុខងារ​ជា​បូជា‌ចារ្យ​រហូត​ត​ទៅ»។
16លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ទាំង​អស់​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក។ 17ជន‌ជាតិ​អ៊ីស្រា‌អែល​ដំឡើង​ព្រះ‌ពន្លា នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​មួយ ក្នុង​ឆ្នាំ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ 18លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​ព្រះ‌ពន្លា ដោយ​ដាក់​ជើង​ទ្រ ដាក់​ស៊ុម ដាក់​ឈើ​ទទឹង ព្រម​ទាំង​បង្គោល។ 19គេ​លាត​ក្រណាត់​បាំង​ព្រះ‌ពន្លា ដាក់​ក្រណាត់​គ្រប​ពី​លើ ដូច​ព្រះ‌អម្ចាស់​បង្គាប់​លោក​ម៉ូសេ។ 20លោក​ម៉ូសេ​យក​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា​ដាក់​ក្នុង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ស៊ក​ឈើ​ស្នែង និង​យក​គម្រប​មក​គ្រប​លើ​ហិប​នោះ។ 21គេ​យក​ហិប​ទៅ​ដាក់​ក្នុង​ព្រះ‌ពន្លា ហើយ​ចង​វាំងនន និង​បាំង​ហិប​នោះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
22គេ​ដាក់​តុ​សក្ការៈ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នៅ​ប៉ែក​ខាង​ជើង​ព្រះ‌ពន្លា និង​នៅ​ពី​មុខ​វាំងនន 23គេ​រៀបចំ​នំប៉័ង​សម្រាប់​ថ្វាយ​ព្រះ‌អម្ចាស់ ដាក់​នៅ​លើ​តុ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
24គេ​ដាក់​ជើង​ចង្កៀង​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ នៅ​ប៉ែក​ខាង​ត្បូង​ព្រះ‌ពន្លា ទល់​មុខ​នឹង​តុ 25គេ​អុជ​ចង្កៀង​ទាំង​អស់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
26គេ​ដាក់​អាសនៈ​មាស​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ពី​មុខ​វាំងនន។ 27គេ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នោះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
28គេ​ចង​វាំងនន​នៅ​មាត់​ទ្វារ​ចូល​ព្រះ‌ពន្លា។ 29គេ​ដាក់​អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត នៅ​ជិត​ទ្វារ​ចូល​ព្រះ‌ពន្លា​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់។ គេ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​តង្វាយ​ម្សៅ​នៅ​លើ​អាសនៈ​នេះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
30គេ​តម្កល់​អាង​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​អាសនៈ រួច​គេ​ចាក់​ទឹក​បំពេញ​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ 31លោក​ម៉ូសេ លោក​អើរ៉ុន និង​កូន​ប្រុស​របស់​លោក ប្រើ​ទឹក​ក្នុង​អាង​នេះ សម្រាប់​ពិធី​លាង​ដៃ និង​លាង​ជើង។ 32ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ពន្លា ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​លោក​តែងតែ​ធ្វើ​ពិធី​លាង​ជម្រះ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។
33នៅ​ទី​បញ្ចប់ លោក​ម៉ូសេ​ឲ្យ​គេ​ដំឡើង​រនាំង​របស់​ទី‌លាន នៅ​ជុំ‌វិញ​ព្រះ‌ពន្លា និង​អាសនៈ ព្រម​ទាំង​ចង​វាំងនន នៅ​មាត់​ទ្វារ​ចូល​ទី‌លាន។
សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់
34 ពេល​នោះ មាន​ពពក*​មក​គ្រប​បាំង​លើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។ 35លោក​ម៉ូសេ​ពុំ​អាច​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​បាន​ឡើយ ព្រោះ​មាន​ពពក​មក​គ្រប​បាំង​លើ​ពន្លា​នោះ ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។ 36ពេល​ណា​ពពក​អណ្ដែត​ឡើង​ផុត​ពី​ព្រះ‌ពន្លា ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​រើ​ជំរំ ចេញ​ដំណើរ​ទៅ​មុខ។ 37ប្រសិន​បើ​ពពក​មិន​អណ្ដែត​ឡើង​ពី​ព្រះ‌ពន្លា​ទេ ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ចេញ​ដំណើរ​ទេ គឺ​ពួក​គេ​រង់‌ចាំ​ថ្ងៃ​ដែល​ពពក​អណ្ដែត​ឡើង។ 38គ្រប់​ដំណាក់​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បោះ​ជំរំ ពួក​គេ​ទាំង​អស់​គ្នា​ឃើញ​ពពក*​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​លើ​ព្រះ‌ពន្លា នៅ​ពេល​ថ្ងៃ ហើយ​ឃើញ​ដុំ​ភ្លើង​នៅ​ពេល​យប់។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 40: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល