និក្ខមនំ 36:1-7

និក្ខមនំ 36:1-7 គខប

លោក​បេតសា‌លាល លោក​អូហី‌លីអាប់ ព្រម​ទាំង​សិប្ប‌ករ​ឯ​ទៀតៗ ដែល​ព្រះ‌អម្ចាស់​ប្រទាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​ទីសក្ការៈ​នាំ​គ្នា​ធ្វើ​ការ‌ងារ ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់។ លោក​ម៉ូសេ​បាន​អញ្ជើញ​លោក​បេតសា‌លាល លោក​អូហូ‌លីអាប់ និង​អ្នក​ជំនាញ​ទាំង​អស់​ដែល​ព្រះ‌អម្ចាស់​ប្រទាន​តម្រិះ​ប្រាជ្ញា និង​ការ​ប៉ិន‌ប្រសប់​បំពេញ​ការ‌ងារ​ឲ្យ​ចាប់​ផ្ដើម​ធ្វើ​ការ។ លោក​ម៉ូសេ​បាន​យក​តង្វាយ​ទាំង​អស់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទីសក្ការៈ។ រៀង​រាល់​ព្រឹក ប្រជា‌ជន​នៅ​តែ​បន្ត​នាំ​យក​តង្វាយ​មក​ជូន​លោក​ម៉ូសេ។ ដូច្នេះ ពួក​សិប្ប‌ករ​ទាំង​អស់ ដែល​បំពេញ​ការ‌ងារ​សង់​ទីសក្ការៈ ទុក​ចោល​ការ‌ងារ​របស់​ខ្លួន ហើយ​នាំ​គ្នា​ទៅ​ជម្រាប​លោក​ម៉ូសេ​ថា៖ «ប្រជា‌ជន​ចេះ​តែ​យក​របស់​មក​ឲ្យ​ពួក​យើង ច្រើន​លើស​ពី​សេចក្ដី​ត្រូវ​ការ​សម្រាប់​ការ‌ងារ ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ពួក​យើង​ធ្វើ»។ លោក​ម៉ូសេ​បាន​បញ្ជា​ឲ្យ​ប្រកាស​ក្នុង​ជំរំ​ទាំង​មូល​ថា៖ «ចូរ​ឃាត់​ប្រជា‌ជន​ទាំង​ប្រុស ទាំង​ស្រី កុំ​ឲ្យ​នាំ​យក​តង្វាយ​សម្រាប់​សង់​ទីសក្ការៈ​មក​ទៀត​ឡើយ។ គេ​ក៏​ឃាត់​ប្រជា‌ជន​មិន​ឲ្យ​យក​តង្វាយ​មក​ទៀត ដ្បិត​របស់​របរ​ដែល​បាន​ទទួល​សម្រាប់​ការ‌ងារ មាន​ល្មម​គ្រប់​គ្រាន់​ហើយ»។