លោកទៅឈរនៅត្រង់ទ្វារចូលជំរំ ហើយស្រែកថា៖ «អ្នកណាស្រឡាញ់ព្រះអម្ចាស់ អ្នកនោះត្រូវមកខាងខ្ញុំ»។ កូនចៅលេវីទាំងអស់នាំគ្នាមកមូលផ្ដុំជុំវិញលោកម៉ូសេ។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ “អ្នករាល់គ្នាត្រូវកាន់ដាវរៀងៗខ្លួន ហើយដើរចុះឡើងពីចុងម្ខាងទៅចុងម្ខាងទៀតនៃជំរំ ទាំងសម្លាប់បងប្អូន មិត្តភក្ដិ និងសាច់ញាតិរបស់អ្នករាល់គ្នាទៅ”»។ កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រាអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។ លោកម៉ូសេមានប្រសាសន៍ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាញែកខ្លួនបម្រើព្រះអម្ចាស់ គឺអ្នករាល់គ្នាមិនបានរារែកចិត្តក្នុងការប្រហារជីវិតកូន ឬបងប្អូនរបស់ខ្លួនឡើយ។ ដូច្នេះ សូមព្រះអង្គប្រទានព្រះពរដល់អ្នករាល់គ្នានៅថ្ងៃនេះ»។ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់។ ឥឡូវនេះ ខ្ញុំត្រូវឡើងទៅគាល់ព្រះអម្ចាស់ម្ដងទៀត។ ប្រហែលជាខ្ញុំអាចសូមព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។ លោកម៉ូសេក៏ទៅគាល់ព្រះអម្ចាស់ ហើយទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់ ប្រជាជននេះបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ គឺពួកគេយកមាសសិតធ្វើរូបព្រះ សម្រាប់ថ្វាយបង្គំ។ សូមព្រះអង្គមេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះអង្គលុបឈ្មោះទូលបង្គំ ចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ព្រះអង្គទៅ»។ ព្រះអម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេវិញថា៖ «អ្នកណាប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង យើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង!។ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកាន់កន្លែងដែលយើងបានប្រាប់អ្នក! ទេវតារបស់យើងនឹងដើរពីមុខអ្នក។ នៅថ្ងៃវិនិច្ឆ័យទោស យើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ព្រះអម្ចាស់បានប្រហារប្រជាជន ដ្បិតពួកគេបានសុំឲ្យលោកអើរ៉ុនធ្វើរូបកូនគោ។
អាន និក្ខមនំ 32
ស្ដាប់នូវ និក្ខមនំ 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 32:26-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ