ឥឡូវនេះ សម្រែករបស់ជនជាតិអ៊ីស្រាអែលបានលាន់ឮដល់យើង ហើយយើងក៏ឃើញជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិនពួកគេដែរ។ ឥឡូវនេះ យើងចាត់អ្នកឲ្យទៅជួបស្ដេចផារ៉ោន។ ចូរទៅនាំជនជាតិអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើងចេញពីស្រុកអេស៊ីប»។ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «តើទូលបង្គំមានឋានៈអ្វីបានជាទូលបង្គំត្រូវទៅជួបព្រះចៅផារ៉ោន និងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដូច្នេះ?»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រាអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។ លោកម៉ូសេទូលព្រះជាម្ចាស់ថា៖ «បពិត្រព្រះជាម្ចាស់! ទូលបង្គំនឹងទៅជួបជនជាតិអ៊ីស្រាអែល ហើយប្រាប់ពួកគេថា: ព្រះរបស់បុព្វបុរសអ្នករាល់គ្នាបានចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ ប្រសិនបើពួកគេសួរថា ព្រះអង្គព្រះនាមអ្វីនោះ តើទូលបង្គំប្រាប់ពួកគេដូចម្ដេច?»។ ព្រះជាម្ចាស់មានព្រះបន្ទូលមកលោកម៉ូសេថា៖ «យើងជាព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ។ អ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះអម្ចាស់ដែលមានជីវិតគង់នៅ” ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា»។ ព្រះជាម្ចាស់មានព្រះបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅនេះ: “ព្រះអម្ចាស់ជាព្រះរបស់បុព្វបុរសអ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា”។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើងអស់កល្បជាអង្វែងតរៀងទៅ។ ចូរទៅប្រមូលចាស់ទុំនៃជនជាតិអ៊ីស្រាអែល ប្រាប់ថា “ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប បានបង្ហាញឲ្យខ្ញុំឃើញព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា: យើងបានឃើញគេជិះជាន់សង្កត់សង្កិនអ្នករាល់គ្នានៅស្រុកអេស៊ីប។ យើងនឹងនាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នារងទុក្ខ ឆ្ពោះទៅកាន់ស្រុករបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជាស្រុកដែលមានភោគទ្រព្យសម្បូណ៌ហូរហៀរហើយ”។ ពួកគេនឹងស្ដាប់ពាក្យរបស់អ្នក រួចអ្នកនឹងចូលទៅជួបស្ដេចស្រុកអេស៊ីបជាមួយចាស់ទុំជនជាតិអ៊ីស្រាអែល ហើយទូលថា “ព្រះអម្ចាស់ជាព្រះនៃជនជាតិហេប្រឺ បានយាងមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ”។ យើងដឹងថា ស្ដេចស្រុកអេស៊ីបមិនអនុញ្ញាតឲ្យអ្នករាល់គ្នាចេញមកទេ ទាល់តែយើងប្រើបារមីដ៏ខ្លាំងពូកែបង្ខំ ទើបស្ដេចយល់ព្រម។ យើងនឹងសម្តែងបារមីប្រហារស្រុកអេស៊ីប ដោយធ្វើការអស្ចារ្យគ្រប់យ៉ាង នៅក្នុងចំណោមពួកគេ។ បន្ទាប់មក ទើបស្ដេចអនុញ្ញាតឲ្យអ្នករាល់គ្នាចេញពីស្រុកនោះ។ យើងនឹងធ្វើឲ្យជនជាតិអេស៊ីបអនុគ្រោះដល់ប្រជាជនរបស់អ្នក ហើយពេលអ្នករាល់គ្នាចេញមកនោះ មិនមែនចេញមកដោយដៃទទេឡើយ។ ស្ត្រីអ៊ីស្រាអែលម្នាក់ៗនឹងសុំរបស់របរពីស្ត្រីជាតិអេស៊ីប ដែលនៅជិតខាង ឬរស់នៅជាមួយគ្នា គឺមានមាសប្រាក់ ព្រមទាំងសម្លៀកបំពាក់ដែលអ្នករាល់គ្នាយកមកឲ្យកូនប្រុសកូនស្រីរបស់ខ្លួន។ អ្នករាល់គ្នានឹងរឹបអូសអ្វីៗទាំងអស់ពីជនជាតិអេស៊ីប»។
អាន និក្ខមនំ 3
ស្ដាប់នូវ និក្ខមនំ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 3:9-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ