នាងអេសធើរ 9:1-19

នាងអេសធើរ 9:1-19 គខប

នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទី​ដប់‌ពីរ ត្រូវ​នឹង​ខែ​ផល្គុន គឺ​ជា​ថ្ងៃ​ដែល​រាជ​បញ្ជា និង​រាជ‌ក្រឹត្យ ត្រូវ​អនុវត្ត​ជា​ធរ‌មាន។ ថ្ងៃ​ដែល​ខ្មាំង​សត្រូវ​របស់​ជន‌ជាតិ​យូដា​សង្ឃឹម​ថា កិន​កម្ទេច​ជន‌ជាតិ​យូដា​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ថ្ងៃ ដែល​ជន‌ជាតិ​យូដា​កិន​កម្ទេច​ខ្មាំង​សត្រូវ​របស់​ខ្លួន​ទៅ​វិញ។ នៅ​តាម​ក្រុង​នានា ក្នុង​អាណា‌ខេត្ត​ទាំង​អស់​របស់​ព្រះ‌ចៅ​អហា‌ស៊ូរុស ជន‌ជាតិ​យូដា​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​សង‌សឹក​អស់​អ្នក​ដែល​មាន​បំណង​ធ្វើ​បាប​ពួក​គេ។ គ្មាន​នរណា​អាច​តទល់​នឹង​ជន‌ជាតិ​យូដា​បាន​ឡើយ ដ្បិត​ជាតិ​សាសន៍​ទាំង‌ឡាយ​ភ័យ​ខ្លាច​ជន‌ជាតិ​យូដា​គ្រប់ៗ​គ្នា។ មេ​ដឹក​នាំ​អាណា‌ខេត្ត ពួក​មេ‌ទ័ព ពួក​ទេសា‌ភិបាល និង​ពួក​រាជការ​ទាំង​អស់​បាន​គាំទ្រ​ជន‌ជាតិ​យូដា ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​លោក​ម៉ាដេ‌កាយ​គ្រប់ៗ​គ្នា ដ្បិត​លោក​ម៉ាដេ‌កាយ​ទទួល​តំណែង​ជា​មហា​មន្ត្រី​នៅ​ក្នុង​រាជ‌វាំង។ កិត្តិនាម​របស់​លោក​បាន​ល្បី​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ​ក្នុង​អាណា‌ខេត្ត​ទាំង​អស់ ហើយ​លោក​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។ ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​ខ្មាំង​សត្រូវ​របស់​ខ្លួន​ដោយ​មុខ​ដាវ។ ពួក​គេ​កាប់​សម្លាប់ និង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ តាម​អំពើ​ចិត្ត​របស់​ខ្លួន។ គ្រាន់​តែ​នៅ​ក្រុង​ស៊ូសាន ជន‌ជាតិ​យូដា​បាន​ប្រហារ​ជីវិត​សត្រូវ​អស់​ប្រាំ​រយ​នាក់។ ពួក​គេ​ក៏​បាន​ប្រហារ​ជីវិត​ផើសាន‌ដាថា ដាល‌ផូន អ័ស‌ផាថា ផូរ៉ា‌ថា អដា‌លា អើរី‌ដាថា ផើម៉ាស‌ថា អើរី‌សាយ អរី‌ដាយ និង​វ៉ាយេ‌សាថា ជា​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ដែល​ត្រូវ​ជា​កូន​របស់​លោក​ហាំម្ដា‌ថា ជា​បច្ចា‌មិត្ត​របស់​ជន‌ជាតិ​យូដា។ ប៉ុន្តែ ជន‌ជាតិ​យូដា​ពុំ​បាន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។ នៅ​ថ្ងៃ​ដដែល​នោះ ព្រះ‌រាជា​ជ្រាប​ដំណឹង​អំពី​ចំនួន​អស់​អ្នក ដែល​ជន‌ជាតិ​យូដា​បាន​សម្លាប់​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ព្រះ‌មហា‌ក្សត្រិ‌យានី​អេសធើរ​ថា៖ «គ្រាន់​តែ​នៅ​ក្នុង​ក្រុង​ស៊ូសាន​ជា​រាជ​ធានី ជន‌ជាតិ​យូដា​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ប្រាំ​រយ​នាក់ ព្រម​ទាំង​កូន​ប្រុស​របស់​លោក​ហាម៉ាន ទាំង​ដប់​នាក់។ ដូច្នេះ ក្នុង​អាណា‌ខេត្ត​ទាំង​មូល​មិន​ដឹង​ជា​ពួក​គេ​សម្លាប់​អស់​ប៉ុន្មាន​នាក់​ទេ។ ប៉ុន្តែ តើ​ព្រះ‌នាង​ចង់​បាន​អ្វី​ទៀត យើង​នឹង​ប្រទាន​តាម​សំណូម​ពរ​ទាំង​អស់ ព្រះ‌នាង​សុំ​អ្វី​ក៏​យើង​ប្រទាន​ឲ្យ​ដែរ»។ ព្រះ‌នាង​អេសធើរ​ទូល​ស្ដេច​ថា៖ «ប្រសិន​បើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ នៅ​ថ្ងៃ​ស្អែក សូម​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ជន‌ជាតិ​យូដា​ប្រព្រឹត្ត ដូច​ថ្ងៃ​នេះ​នៅ​ក្រុង​ស៊ូសាន​ដែរ។ សូម​ឲ្យ​គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន ទៅ​ព្យួរ​លើ​បង្គោល​នោះ​ផង»។ ព្រះ‌រាជា​ក៏​អនុញ្ញាត​ឲ្យ ហើយ​គេ​ប្រកាស​រាជ‌ក្រឹត្យ​នៅ​ក្រុង​ស៊ូសាន។ គេ​យក​សព​កូន​ប្រុស​ទាំង​ដប់​នាក់​របស់​លោក​ហាម៉ាន​ទៅ​ព្យួរ។ ជន‌ជាតិ​យូដា​បាន​ជួប‌ជុំ​គ្នា​ក្នុង​ក្រុង​ស៊ូសាន នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន​ដែរ ហើយ​ប្រហារ​ជីវិត​មនុស្ស​បី​រយ​នាក់​ទៀត តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​ពួក​គេ​ទេ។ ជន‌ជាតិ​យូដា​ឯ​ទៀតៗ​ដែល​នៅ​តាម​អាណា‌ខេត្ត​ទាំង‌ឡាយ បាន​ប្រមូល​ផ្ដុំ​គ្នា ដើម្បី​ការ‌ពារ​អាយុ​ជីវិត​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។ នៅ​ថ្ងៃ​ទី​ដប់​បី​នៃ​ខែ​ផល្គុន​នោះ ពួក​គេ​ប្រហារ​ជីវិត​បច្ចា‌មិត្ត​អស់​ប្រាំ‌ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ តែ​មិន​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​ទេ។ នៅ​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ ចំណែក​ឯ​ជន‌ជាតិ​យូដា​នៅ​ក្រុង​ស៊ូសាន​វិញ ពួក​គេ​ជួប‌ជុំ​គ្នា​សង‌សឹក​ខ្មាំង​សត្រូវ នៅ​ថ្ងៃ​ទី​ដប់​បី និង​ថ្ងៃ​ទី​ដប់‌បួន ពួក​គេ​សម្រាក​នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ហើយ​នាំ​គ្នា​ធ្វើ​ពិធី​ជប់‌លៀង​យ៉ាង​សប្បាយ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នៅ​ក្រៅ​ទីក្រុង នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ និង​ជប់‌លៀង នៅ​ថ្ងៃ​ទី​ដប់‌បួន ក្នុង​ខែ​ផល្គុន ព្រម​ទាំង​ផ្ញើ​ជំនូន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ