អេភេសូ 6
6
ទំនាក់ទំនងរវាងឪពុកម្ដាយ និងកូន
1 កុមារាកុមារីអើយ ចូរស្ដាប់បង្គាប់មាតាបិតា ដោយយល់ដល់ព្រះអម្ចាស់ ធ្វើដូច្នេះទើបត្រឹមត្រូវ។ 2 «ចូរគោរពមាតាបិតា(នេះជាបទបញ្ជាទីមួយដែលមានទាំងព្រះបន្ទូលសន្យាជាប់មកជាមួយផង) 3ដើម្បីឲ្យបានសេចក្ដីសុខ និងមានអាយុវែងនៅលើផែនដីនេះ» ។
4 រីឯបងប្អូនដែលជាឪពុកវិញ កុំធ្វើឲ្យកូនរបស់ខ្លួនមួម៉ៅនោះឡើយ តែត្រូវអប់រំវាដោយពាក្យប្រៀនប្រដៅ និងដំបូន្មាន ស្របតាមព្រះអម្ចាស់។
ទំនាក់ទំនងរវាងទាសករ និងម្ចាស់
5 បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាច ញាប់ញ័រ និងដោយចិត្តស្មោះសរ ដូចស្ដាប់បង្គាប់ព្រះគ្រិស្តដែរ 6មិនត្រូវធ្វើដូច្នេះ ដើម្បីគ្រាន់តែឲ្យម្ចាស់ទាំងនោះឃើញថា បងប្អូនចង់ផ្គាប់ចិត្តមនុស្សឡើយ គឺត្រូវធ្វើដូចជាខ្ញុំបម្រើព្រះគ្រិស្ត ដែលយកចិត្តទុកដាក់ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ 7ត្រូវបម្រើម្ចាស់ដោយស្ម័គ្រចិត្ត ដូចបម្រើព្រះអម្ចាស់ ពុំមែនបម្រើមនុស្សទេ 8ដោយដឹងថាមនុស្សម្នាក់ៗ ទោះជាអ្នកងារ ឬអ្នកជាក្ដី នឹងទទួលរង្វាន់ពីព្រះអម្ចាស់ តាមអំពើល្អដែលខ្លួនបានប្រព្រឹត្ត។
9 រីឯបងប្អូនដែលជាម្ចាស់វិញ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់បងប្អូនបែបនោះដែរ គឺមិនត្រូវគំរាមកំហែងគេឡើយ។ តោងដឹងថា ទាំងពួកគេ ទាំងបងប្អូនមានម្ចាស់តែមួយនៅស្ថានបរមសុខ* ហើយព្រះអង្គមិនរើសមុខនរណាសោះឡើយ។
គ្រឿងសស្ត្រាវុធរបស់អ្នកជឿ
10មួយវិញទៀត ចូរទាញយកកម្លាំងដោយរួមជាមួយព្រះអម្ចាស់ និងដោយសារព្រះចេស្ដាដ៏ខ្លាំងក្លារបស់ព្រះអង្គ។ 11ចូរបងប្អូនប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ ដើម្បីអាចតតាំងនឹងកលល្បិចរបស់មារ* 12ដ្បិតយើងមិនមែនតយុទ្ធទល់នឹងមនុស្ស ទេ គឺតយុទ្ធទល់នឹងវត្ថុស័ក្ដិសិទ្ធិ ទល់នឹងអ្វីៗដែលមានអំណាច ទល់នឹងមេត្រួតត្រាក្នុងលោកីយ៍ដ៏ងងឹតនេះ ហើយតយុទ្ធទល់នឹងឥទ្ធិពលអរូបដ៏អាក្រក់ទាំងឡាយដែលនៅស្ថានលើដែរ។ 13ហេតុនេះ ចូរបងប្អូនប្រើគ្រឿងសស្ត្រាវុធទាំងប៉ុន្មានរបស់ព្រះជាម្ចាស់ទៅ ដើម្បីឲ្យបងប្អូនអាចតទល់នៅថ្ងៃអពមង្គល ហើយមានជំហររឹងប៉ឹងដដែល ដោយបានប្រើគ្រប់មធ្យោបាយ។ 14 ដូច្នេះ ចូរមានជំហររឹងប៉ឹងឡើង ចូរយកសេចក្ដីពិតមកក្រវាត់ចង្កេះ យកសេចក្ដីសុចរិតធ្វើជាអាវក្រោះ 15 យកចិត្តប្រុងប្រៀបផ្សាយដំណឹងល្អអំពីសេចក្ដីសុខសាន្ត មកពាក់ជាស្បែកជើង។ 16ជាពិសេស ចូរយកជំនឿធ្វើជាខែល ដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារ*កំណាច។ 17 ចូរទទួលការសង្គ្រោះយកមកធ្វើជាមួកដែក និងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាដាវរបស់ព្រះវិញ្ញាណ។ 18ចូរអធិស្ឋាន*គ្រប់ពេលវេលា តាមការណែនាំរបស់ព្រះវិញ្ញាណ ដោយប្រើទាំងពាក្យអធិស្ឋាន ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីទូលអង្វរព្រះជាម្ចាស់ ដោយចិត្តព្យាយាមបំផុត សម្រាប់ប្រជាជនដ៏វិសុទ្ធ*ទាំងអស់។ 19ចូរអង្វរព្រះអង្គសម្រាប់ខ្ញុំផង សូមព្រះអង្គប្រទានឲ្យខ្ញុំរកបានពាក្យត្រឹមត្រូវ នៅពេលណាខ្ញុំហាមាត់និយាយ សូមប្រទានឲ្យខ្ញុំមានចិត្តអង់អាច នាំគេឲ្យស្គាល់គម្រោងការដ៏លាក់កំបាំងនៃដំណឹងល្អ* 20ទោះបីខ្ញុំជាប់ឃុំឃាំងក៏ដោយ ក៏ខ្ញុំនៅតែជាទូតនៃដំណឹងល្អនេះដែរ ដូច្នេះ សូមទូលអង្វរព្រះអង្គឲ្យខ្ញុំមានចិត្តអង់អាច និយាយតាមដែលខ្ញុំត្រូវនិយាយ។
អវសានកថា
21 លោកទីឃីកុសជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង និងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះអម្ចាស់ នឹងជម្រាបបងប្អូនអំពីសុខទុក្ខរបស់ខ្ញុំ និងអំពីកិច្ចការដែលខ្ញុំធ្វើនោះដែរ។ 22ខ្ញុំចាត់គាត់មករកបងប្អូន ក្នុងគោលបំណងឲ្យបងប្អូនបានដឹងដំណឹងពីយើង និងឲ្យគាត់លើកទឹកចិត្តបងប្អូនទៀតផង។
23សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់ ប្រទានសេចក្ដីសុខសាន្ត និងសេចក្ដីស្រឡាញ់ ព្រមទាំងជំនឿមកបងប្អូន។ 24សូមព្រះគុណរបស់ព្រះជាម្ចាស់ស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង ដោយឥតមានចិត្តប្រែប្រួលឡើយ។
ទើបបានជ្រើសរើសហើយ៖
អេភេសូ 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.