អេភេសូ 6

6
ទំនាក់‌ទំនង​រវាង​ឪពុក​ម្ដាយ និង​កូន
1 កុមា‌រា​កុមា‌រី​អើយ ចូរ​ស្ដាប់​បង្គាប់​មាតា‌បិតា ដោយ​យល់​ដល់​ព្រះ‌អម្ចាស់ ធ្វើ​ដូច្នេះ​ទើប​ត្រឹម​ត្រូវ។ 2 «ចូរ​គោរព​មាតា‌បិតា(នេះ​ជា​បទ‌បញ្ជា​ទី​មួយ​ដែល​មាន​ទាំង​ព្រះ‌បន្ទូល​សន្យា​ជាប់​មក​ជា​មួយ​ផង) 3ដើម្បី​ឲ្យ​បាន​សេចក្ដី​សុខ និង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ»
4 រីឯ​បងប្អូន​ដែល​ជា​ឪពុក​វិញ កុំ​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​មួម៉ៅ​នោះ​ឡើយ តែ​ត្រូវ​អប់រំ​វា​ដោយ​ពាក្យ​ប្រៀន‌ប្រដៅ និង​ដំបូន្មាន ស្រប​តាម​ព្រះ‌អម្ចាស់។
ទំនាក់‌ទំនង​រវាង​ទាសករ និង​ម្ចាស់
5 បងប្អូន​ជា​ខ្ញុំ​បម្រើ​អើយ ចូរ​ស្ដាប់​បង្គាប់​ម្ចាស់​របស់​ខ្លួន​ក្នុង​លោក​នេះ ដោយ​គោរព​កោត​ខ្លាច ញាប់​ញ័រ និង​ដោយ​ចិត្ត​ស្មោះ​សរ ដូច​ស្ដាប់​បង្គាប់​ព្រះ‌គ្រិស្ត​ដែរ 6មិន​ត្រូវ​ធ្វើ​ដូច្នេះ ដើម្បី​គ្រាន់​តែ​ឲ្យ​ម្ចាស់​ទាំង​នោះ​ឃើញ​ថា បងប្អូន​ចង់​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ គឺ​ត្រូវ​ធ្វើ​ដូច​ជា​ខ្ញុំ​បម្រើ​ព្រះ‌គ្រិស្ត ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់។ 7ត្រូវ​បម្រើ​ម្ចាស់​ដោយ​ស្ម័គ្រ​ចិត្ត ដូច​បម្រើ​ព្រះ‌អម្ចាស់ ពុំ​មែន​បម្រើ​មនុស្ស​ទេ 8ដោយ​ដឹង​ថា​មនុស្ស​ម្នាក់ៗ ទោះ​ជា​អ្នក​ងារ ឬ​អ្នក​ជា​ក្ដី នឹង​ទទួល​រង្វាន់​ពី​ព្រះ‌អម្ចាស់ តាម​អំពើ​ល្អ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។
9 រីឯ​បងប្អូន​ដែល​ជា​ម្ចាស់​វិញ ចូរ​ប្រព្រឹត្ត​ចំពោះ​អ្នក​បម្រើ​របស់​បងប្អូន​បែប​នោះ​ដែរ គឺ​មិន​ត្រូវ​គំរាម​កំហែង​គេ​ឡើយ។ តោង​ដឹង​ថា ទាំង​ពួក​គេ ទាំង​បងប្អូន​មាន​ម្ចាស់​តែ​មួយ​នៅ​ស្ថាន​បរម‌សុខ* ហើយ​ព្រះអង្គ​មិន​រើស​មុខ​នរណា​សោះ​ឡើយ។
គ្រឿង​សស្ត្រា‌វុធ​របស់​អ្នក​ជឿ
10មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង​ដោយ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ និង​ដោយ‌សារ​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​ក្លា​របស់​ព្រះអង្គ។ 11ចូរ​បងប្អូន​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ ដើម្បី​អាច​ត‌តាំង​នឹង​កល‌ល្បិច​របស់​មារ* 12ដ្បិត​យើង​មិន​មែន​តយុទ្ធ​ទល់​នឹង​មនុស្ស ទេ គឺ​តយុទ្ធ​ទល់​នឹង​វត្ថុ​ស័ក្ដិ‌សិទ្ធិ ទល់​នឹង​អ្វីៗ​ដែល​មាន​អំណាច ទល់​នឹង​មេ​ត្រួត‌ត្រា​ក្នុង​លោកីយ៍​ដ៏​ងងឹត​នេះ ហើយ​តយុទ្ធ​ទល់​នឹង​ឥទ្ធិ‌ពល​អរូប​ដ៏​អាក្រក់​ទាំង‌ឡាយ​ដែល​នៅ​ស្ថាន​លើ​ដែរ។ 13ហេតុ​នេះ ចូរ​បងប្អូន​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​ទៅ ដើម្បី​ឲ្យ​បងប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹង‌ប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោ‌បាយ។ 14 ដូច្នេះ ចូរ​មាន​ជំហរ​រឹង‌ប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវ‌ក្រោះ 15 យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង‌ល្អ​អំពី​សេចក្ដី​សុខ‌សាន្ត មក​ពាក់​ជា​ស្បែក​ជើង។ 16ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល ដើម្បី​ឲ្យ​បងប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។ 17 ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះ‌វិញ្ញាណ។ 18ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់។ 19ចូរ​អង្វរ​ព្រះអង្គ​សម្រាប់​ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹង‌ល្អ* 20ទោះ​បី​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹង‌ល្អ​នេះ​ដែរ ដូច្នេះ សូម​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។
អវសាន​កថា
21 លោក​ទីឃី‌កុស​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង និង​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌អម្ចាស់ នឹង​ជម្រាប​បងប្អូន​អំពី​សុខ​ទុក្ខ​របស់​ខ្ញុំ និង​អំពី​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នោះ​ដែរ។ 22ខ្ញុំ​ចាត់​គាត់​មក​រក​បងប្អូន ក្នុង​គោល​បំណង​ឲ្យ​បងប្អូន​បាន​ដឹង​ដំណឹង​ពី​យើង និង​ឲ្យ​គាត់​លើក​ទឹក​ចិត្ត​បងប្អូន​ទៀត​ផង។
23សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌យេស៊ូ​គ្រិស្ត​ជា​ព្រះ‌អម្ចាស់ ប្រទាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​ស្រឡាញ់ ព្រម​ទាំង​ជំនឿ​មក​បងប្អូន។ 24សូម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​ជា​មួយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​នៃ​យើង ដោយ​ឥត​មាន​ចិត្ត​ប្រែ‌ប្រួល​ឡើយ។

ទើបបានជ្រើសរើសហើយ៖

អេភេសូ 6: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល