អេភេសូ 5:1-17

អេភេសូ 5:1-17 គខប

សូម​បងប្អូន​យក​តម្រាប់​តាម​ព្រះ‌ជាម្ចាស់​ចុះ ព្រោះ​បងប្អូន​ជា​បុត្រ‌ធីតា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ចូរ​រស់​នៅ​ដោយ​មាន​ចិត្ត​ស្រឡាញ់ ដូច​ព្រះ‌គ្រិស្ត​បាន​ស្រឡាញ់​យើង ហើយ​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​យើង ទុក​ជា​តង្វាយ​ថ្វាយ​ព្រះ‌ជាម្ចាស់ និង​ទុក​ជា​យញ្ញ‌បូជា​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ ។ ដោយ​បងប្អូន​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ* មិន​ត្រូវ​ឲ្យ​មាន​ឮ​និយាយ​អំពី​ការ​ប្រាស‌ចាក​សីលធម៌ អបាយ‌មុខ​គ្រប់​យ៉ាង ឬ​ការ​លោភ‌លន់​ក្នុង​ចំណោម​បងប្អូន​សោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ពោល​ពាក្យ​ទ្រគោះ​បោះ‌បោក ពាក្យ​ឡេះ‌ឡោះ ឬ​ពាក្យ​អាស‌អាភាស​ដែរ ព្រោះ​ពាក្យ​ទាំង​នេះ​មិន​សមរម្យ​ទេ ផ្ទុយ​ទៅ​វិញ ត្រូវ​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់។ ចូរ​ដឹង​ឲ្យ​ច្បាស់​ថា អ្នក​ប្រាស‌ចាក​សីលធម៌ អ្នក​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ និង​អ្នក​លោភ‌លន់​ដែល​យក​ទ្រព្យ​សម្បត្តិ​ធ្វើ​ជា​ព្រះ មិន​អាច​ទទួល​មត៌ក​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌គ្រិស្ត និង​របស់​ព្រះ‌ជាម្ចាស់​បាន​ជា​ដាច់​ខាត។ សូម​កុំ​ឲ្យ​នរណា​ម្នាក់​បោក‌បញ្ឆោត​បងប្អូន ដោយ​ពាក្យ​សម្ដី​ឥត​ខ្លឹម‌សារ​សោះ​ឡើយ ព្រោះ​អំពើ​ទាំង​នេះ​ហើយ​ដែល​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ព្រះ‌ពិរោធ​នឹង​ពួក​អ្នក​ប្រឆាំង​ព្រះអង្គ។ ដូច្នេះ សូម​កុំ​សេព‌គប់​ជា​មួយ​ពួក​គេ​ជា​ដាច់​ខាត។ កាល​ពី​ដើម បងប្អូន​ងងឹត​មែន ប៉ុន្តែ ឥឡូវ​នេះ បងប្អូន​ជា​ពន្លឺ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ដូច្នេះ ចូរ​រស់​នៅ​ឲ្យ​សម​ជា​មនុស្ស​ដែល​មាន​ពន្លឺ​ក្នុង​ខ្លួន ទៅ។ ផល​នៃ​ពន្លឺ​នោះ​គឺ​សេចក្ដី​សប្បុរស សេចក្ដី​សុចរិត និង​សេចក្ដី​ពិត​គ្រប់​បែប​យ៉ាង។ ត្រូវ​រិះគិត​មើល​ឲ្យ​ដឹង​ថា ការ​ណា​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ហើយ​មិន​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឥត​ផល​ប្រយោជន៍ ដែល​មក​ពី​សេចក្ដី​ងងឹត​នោះ​ឡើយ សូវ​បើក​មុខ​អំពើ​ទាំង​នោះ​ឲ្យ​គេ​ឃើញ។ ចំពោះ​អំពើ​ណា​ដែល​គេ​ប្រព្រឹត្ត​ដោយ​លួច​លាក់ សូម្បី​តែ​យក​មក​និយាយ ក៏​គួរ​ឲ្យ​ខ្មាស​ណាស់​ទៅ​ហើយ។ ប៉ុន្តែ កាល​ណា​អំពើ​ទាំង​នោះ​បាន​បើក​មុខ​ហើយ វា​នឹង​លេច​ចេញ​មក​ឲ្យ​គេ​ឃើញ​ច្បាស់​នៅ​ក្រោម​ពន្លឺ ដ្បិត​អំពើ​ណា​ដែល​លេច​មក​ឲ្យ​គេ​ឃើញ​ហើយ​នោះ បាន​ប្រែ​ទៅ​ជា​ពន្លឺ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​ថ្លែង​ទុក​មក​ថា: «អ្នក​ដេក​លក់​អើយ ចូរ​ភ្ញាក់​ឡើង ចូរ​ក្រោក​ឡើង​ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ព្រះ‌គ្រិស្ត​នឹង​ភ្លឺ​ចាំង​មក​លើ​អ្នក»។ ដូច្នេះ ចូរ​ប្រុង​ប្រយ័ត្ន​អំពី​របៀប​ដែល​បងប្អូន​រស់​នៅ​ឲ្យ​មែន​ទែន មិន​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ គឺ​ត្រូវ​កាន់​មារយាទ​ដូច​មនុស្ស​មាន​ប្រាជ្ញា​វិញ។ ត្រូវ​ចេះ​ប្រើ‌ប្រាស់​ពេល​វេលា ដ្បិត​សម័យ​នេះ​អាក្រក់​ណាស់។ ហេតុ​នេះ មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះគិត​ឲ្យ​យល់​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អម្ចាស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង អេភេសូ 5:1-17