សាស្ដា 3

3
អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ពេល​កំណត់
1អ្វីៗ​ដែល​មាន​នៅ​ផែនដី កើត​ឡើង​តាម​ពេល​កំណត់​របស់​វា។
2មាន​ពេល​កើត មាន​ពេល​ស្លាប់
មាន​ពេល​ដាំ មាន​ពេល​ដក។
3មាន​ពេល​សម្លាប់ មាន​ពេល​ព្យាបាល​របួស
មាន​ពេល​ផ្ដួល​រំលំ មាន​ពេល​សង់។
4មាន​ពេល​យំ មាន​ពេល​សើច
មាន​ពេល​សោយ​សោក មាន​ពេល​រាំ​សប្បាយ។
5មាន​ពេល​គ្រវែង​ដុំ​ថ្ម មាន​ពេល​រើស​ដុំ​ថ្ម
មាន​ពេល​ឱប​ថើប មាន​ពេល​មិន​ព្រម​ឱប​ថើប។
6មាន​ពេល​ស្វែង​រក មាន​ពេល​បាត់​បង់
មាន​ពេល​ថែ​ទាំ មាន​ពេល​បោះ​ចោល។
7មាន​ពេល​ហែក មាន​ពេល​ដេរ​ភ្ជិត​ឡើង​វិញ
មាន​ពេល​នៅ​ស្ងៀម មាន​ពេល​និយាយ។
8មាន​ពេល​ស្រឡាញ់ មាន​ពេល​ស្អប់
មាន​ពេល​ធ្វើ​សង្គ្រាម មាន​ពេល​សន្តិ‌ភាព។
9តើ​អ្នក​ដែល​ខំ​ប្រឹង‌ប្រែង​ធ្វើ​ការ​យ៉ាង​លំបាក​បាន​ទទួល​ផល​អ្វី​ខ្លះ? 10ខ្ញុំ​សង្កេត​ឃើញ​ថា ព្រះ‌ជាម្ចាស់​បាន​ប្រគល់​ការ‌ងារ​យ៉ាង​នឿយ‌ហត់​ឲ្យ​មនុស្ស​លោក​ធ្វើ។ 11អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ​សុទ្ធ​តែ​ល្អ​ស្អាត តាម​ពេល​របស់​វា។ ទោះ​បី​មនុស្ស​ពុំ​អាច​យល់​ពី​ស្នា​ព្រះ‌ហស្ដ ដែល​ព្រះ‌ជាម្ចាស់​បាន​ធ្វើ ចាប់​ពី​ដើម​រហូត​ដល់​ចុង​បញ្ចប់​ក្ដី ក៏​ព្រះអង្គ​ប្រទាន​ឲ្យ​គេ​ចេះ​គិត​អំពី​ពេល​វេលា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ដែរ។ 12ខ្ញុំ​យល់​ឃើញ​ថា គ្មាន​ការ​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​ការ​សប្បាយ និង​មាន​សេចក្ដី​សុខ ក្នុង​ពេល​ដែល​ខ្លួន​នៅ​មាន​ជីវិត​នោះ​ឡើយ។ 13ការ​ស៊ី​ផឹក និង​ការ​មាន​អំណរ​សប្បាយ​ចំពោះ​កិច្ចការ​ដែល​ខ្លួន​បាន​ធ្វើ​នោះ គឺ​ជា​អំណោយ​ទាន​ដែល​ព្រះ‌ជាម្ចាស់​ឲ្យ​មនុស្ស​គ្រប់ៗ​រូប។
14ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​ធ្វើ​រមែង​នៅ​ស្ថិត‌ស្ថេរ​រហូត ហើយ​មិន​ត្រូវ​ការ​បន្ថែម ឬ​បន្ថយ​ទេ។ ព្រះអង្គ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​យើង​គោរព​កោត​ខ្លាច​ព្រះអង្គ។ 15អ្វីៗ​ដែល​មាន​នៅ​បច្ចុប្បន្ន​កាល​នេះ ពី​អតីត​កាល​ក៏​ធ្លាប់​មាន​ដែរ ហើយ​អ្វីៗ​ដែល​នឹង​កើត​មាន​នៅ​អនាគត​កាល សុទ្ធ​តែ​មាន​រួច​ស្រេច​មក​ហើយ។ អ្វីៗ​ដែល​កន្លង​ហួស​ទៅ​ហើយ ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​កើត​មាន​សា​ជា​ថ្មី។
ចុង​បញ្ចប់គឺ​សេចក្ដី​ស្លាប់
16នៅ​លើ​ផែនដី​នេះ ខ្ញុំ​ក៏​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​ទៀត គឺ​កន្លែង​ដែល​ត្រូវ​មាន​យុត្តិធម៌ បែរ​ជា​មាន​អំពើ​អាក្រក់ ហើយ​កន្លែង​ដែល​ត្រូវ​មាន​អំពើ​សុចរិត ក៏​មាន​អំពើ​អាក្រក់​ដែរ។ 17ខ្ញុំ​បាន​រិះគិត​ក្នុង​ចិត្ត​ថា ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​មនុស្ស​សុចរិត ព្រម​ទាំង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​កំណត់​សម្រាប់​អ្វីៗ​ទាំង​អស់ ហើយ​ក៏​មាន​ពេល​វិនិច្ឆ័យ​គ្រប់​អំពើ​ដែល​មនុស្ស​ប្រព្រឹត្ត​ដែរ។
18ខ្ញុំ​រិះគិត​អំពី​មនុស្ស​លោក គឺ​ព្រះ‌ជាម្ចាស់​នឹង​ល្បង‌ល​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​យល់​ដោយ​ខ្លួន​ឯង​ថា ពួក​គេ​មិន​ខុស​ពី​សត្វ​ឡើយ 19ដ្បិត​ចុង​បញ្ចប់​របស់​មនុស្ស និង​ចុង​បញ្ចប់​របស់​សត្វ មិន​ខុស​គ្នា​ទេ។ ទាំង​មនុស្សទាំង​សត្វមាន​ដង្ហើម​ដូច​គ្នា ហើយ​គេ​ក៏​ស្លាប់​ដូច​គ្នា​ដែរ។ មនុស្ស​លោក​គ្មាន​អ្វី​ប្រសើរ​ជាង​សត្វ​ទេ ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ។ 20សត្វ​លោក​ទាំង​អស់​បោះ​ជំហាន​ទៅ​រក​ទិស‌ដៅ​តែ​មួយ។ សត្វ​លោក​ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។ 21តើ​នរណា​អាច​អះ‌អាង​ថា វិញ្ញាណ‌ក្ខ័ន្ធ របស់​មនុស្ស​ឡើង​ទៅ​លើ​មេឃ ហើយ​វិញ្ញាណ​របស់​សត្វ​ចុះ​ទៅ​ក្រោម​ដី? 22ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា គ្មាន​អ្វី​ប្រសើរ​សម្រាប់​មនុស្ស ក្រៅ​ពី​សប្បាយ​រីក‌រាយ ចំពោះ​កិច្ចការ​ដែល​ខ្លួន​ធ្វើ​នោះ​ទេ ព្រោះ​ជា​រង្វាន់​មួយ​សម្រាប់​គេ។ គ្មាន​នរណា​ម្នាក់​អាច​នាំ​គេ​ឲ្យ​មក​មើល​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន ក្រោយ​ពេល​ដែល​ខ្លួន​ស្លាប់​ផុត​ទៅ​ហើយ​នោះ​ឡើយ។

ទើបបានជ្រើសរើសហើយ៖

សាស្ដា 3: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង សាស្ដា 3

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ