ចូរនឹកចាំថាព្រះអម្ចាស់ ជាព្រះរបស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ ព្រះអង្គល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្ដេច ហើយអ្នកកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។ ព្រះអង្គបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ព្រះអង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នក ពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ ព្រះអង្គប្រៀនប្រដៅឲ្យអ្នកដឹងថា មនុស្សមិនមែនរស់ដោយអាហារប៉ុណ្ណោះទេ តែមនុស្សរស់ដោយសារព្រះបន្ទូលទាំងប៉ុន្មាន ដែលចេញមកពីព្រះឱស្ឋរបស់ព្រះអម្ចាស់។ ក្នុងអំឡុងពេលសែសិបឆ្នាំនេះ សម្លៀកបំពាក់របស់អ្នកមិនដែលសឹក ហើយជើងរបស់អ្នកក៏មិនដែលហើមដែរ។ ចូរទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានអប់រំអ្នកដូចឪពុកអប់រំកូន។ ចូរកាន់តាមបទបញ្ជារបស់ព្រះអម្ចាស់ ជាព្រះនៃអ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ និងគោរពកោតខ្លាចព្រះអង្គ»។ «ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកសម្បូណ៌ស្ទឹង អណ្ដូង និងប្រភពទឹក ដែលហូរចេញមកស្រោចស្រពតាមវាល និងតាមភ្នំ។ ស្រុកនោះក៏សម្បូណ៌ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និងទទឹម ព្រមទាំងដើមអូលីវ និងទឹកឃ្មុំ។ នៅស្រុកនោះ អ្នកនឹងមានអាហារបរិបូណ៌ ឥតខ្វះខាតអ្វីឡើយ។ ស្រុកនោះសម្បូណ៌ដែកនៅក្នុងថ្ម ហើយមានរ៉ែស្ពាន់នៅតាមភ្នំ។ ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ហើយ ចូរអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបានប្រទានស្រុកនេះឲ្យអ្នក។ ចូរប្រយ័ត្ន ក្រែងអ្នកភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយលែងកាន់តាមបទបញ្ជា វិន័យ និងច្បាប់របស់ព្រះអង្គ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។ ពេលអ្នកមានអាហារបរិភោគគ្រប់គ្រាន់ ពេលអ្នកសង់ផ្ទះស្អាតៗធ្វើជាលំនៅដ្ឋាន ពេលអ្នកមានហ្វូងគោ ហ្វូងចៀម មាសប្រាក់ និងអ្វីៗទាំងអស់យ៉ាងច្រើន ចូរប្រយ័ត្នក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។ ព្រះអង្គបានឲ្យអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរឲ្យស្ញែងខ្លាច ជាកន្លែងសម្បូណ៌ដោយពស់ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែសោះ។ ព្រះអង្គធ្វើឲ្យមានទឹកហូរចេញពីថ្មដ៏រឹងបំផុត សម្រាប់អ្នក។ ព្រះអង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ ជាអាហារដែលដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ព្រះអង្គធ្វើឲ្យអ្នកជួបទុក្ខលំបាក និងល្បងលអ្នកដូច្នេះ ដើម្បីប្រទានពរអ្នកនៅពេលក្រោយ។
អាន ទុតិយកថា 8
ស្ដាប់នូវ ទុតិយកថា 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 8:2-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ