ទុតិយកថា 8:2-16

ទុតិយកថា 8:2-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ត្រូវ​នឹក​ចាំ​ពី​អស់​ទាំង​ការដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​នាំអ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន អស់​រយៈ​ពេលសែសិប​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌លអ្នក​ឲ្យ​ដឹង​ថា​អ្នកមាន​ចិត្ត​ដូច​ម្ដេច គឺតើ​នឹង​កាន់​តាម​បទ​បញ្ជារបស់​ព្រះ‌អង្គ ឬយ៉ាង​ណា។ ព្រះ‌អង្គ​បាន​បន្ទាប​ចិត្ត​អ្នក ហើយ​ឲ្យ​អ្នក​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​អ្នក​ដោយ​នំ​ម៉ាណា ដែលអ្នក និង​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌យេហូវ៉ា​មក​ដែរ ។ សម្លៀក‌បំពាក់​របស់​អ្នក​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​របស់​អ្នក​ក៏​មិន​បាន​ពង​ដែរ ក្នុង​រយៈពេល​សែ​សិប​ឆ្នាំ​នេះ។ ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​វាយ​ផ្ចាល​អ្នក ដូច​ជា​មនុស្ស​វាយ​ផ្ចាល​កូន​របស់​ខ្លួន។ ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ដោយ​កោត‌ខ្លាច​ព្រះ‌អង្គ​ចុះ។ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក កំពុង​នាំអ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក និង​ក្បាល​ទឹក ដែល​ហូរ​ចេញ​តាម​ជ្រលង​ភ្នំ និង​តាម​ភ្នំ ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី និង​ស្រូវ​ឱក ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា និង​ទទឹម ជាស្រុកដែល​មាន​ដើម​អូលីវ និង​ទឹក​ឃ្មុំ ជា​ស្រុក​ដែល​អ្នក​នឹង​បរិ‌ភោគ​នំប៉័ង ដោយ​មិន​រិត‌ត្បិត អ្នក​នឹង​មិន​ខ្វះ‌ខាត​អ្វី​ឡើយ ឯ​ថ្ម​នៅ​ស្រុក​នោះ​សុទ្ធ​តែ​ជា​ដែក ហើយ​នៅ​ក្នុង​ភ្នំ នោះ​នឹង​ជីក​រក​បាន​ទង់‌ដែង។ អ្នក​នឹង​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ហើយ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ព្រោះ​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទានឲ្យ​អ្នក។ ចូរ​ប្រយ័ត្ន​ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​មិន​កាន់​តាម​អស់​ទាំងបទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែលខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។ ពេល​អ្នក​បរិ‌ភោគ​ឆ្អែតស្កប់​ស្កល់ ហើយ​បាន​សង់​ផ្ទះ​យ៉ាង​ល្អជា​លំនៅ ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម​ចម្រើន​ជា​ច្រើន​ឡើង មាន​ប្រាក់ និង​មាស​ក៏​ចម្រើន​ជាច្រើន​ឡើង ហើយ​គ្រប់​ទាំង​របស់​អ្នក​ក៏​ចម្រើន​ជាច្រើន​ឡើង នោះ​ក្រែង​អ្នក​មាន​ចិត្ត​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រះ‌អង្គ​បាន​នាំ​អ្នក​ដើរ​កាត់​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ឲ្យ​ស្ញែង‌ខ្លាច ជា​កន្លែង​ដែល​មាន​ពស់​ភ្លើង និង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត​ឲ្យ​អ្នក ព្រះ‌អង្គ​បាន​ចិញ្ចឹម​អ្នក​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាណា​ដែល​ដូន​តា​របស់​អ្នក​មិន​ធ្លាប់​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​អ្នក ហើយ​ល្បង‌ល​អ្នក ប្រយោជន៍​នឹង​ប្រោស​ឲ្យអ្នក​បាន​សេចក្ដី​ល្អ​នៅ​ចុង​បំផុត ។

ចែក​រំលែក
អាន ទុតិយកថា 8

ទុតិយកថា 8:2-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​នឹក​ចាំ​ថា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​នេះ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ ព្រះអង្គ​ល្បង‌ល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្ដេច ហើយ​អ្នក​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ឬ​យ៉ាង​ណា។ ព្រះអង្គ​បាន​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ការ​អត់​ឃ្លាន ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ គឺ​ជា​អាហារ​ដែល​អ្នក និង​ដូនតា​របស់​អ្នក ពុំ​ធ្លាប់​ស្គាល់។ ធ្វើ​ដូច្នេះ ព្រះអង្គ​ប្រៀន‌ប្រដៅ​ឲ្យ​អ្នក​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ​អាហារ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​រស់​ដោយ‌សារ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ចេញ​មក​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អម្ចាស់។ ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ​នេះ សម្លៀក‌បំពាក់​របស់​អ្នក​មិន​ដែល​សឹក ហើយ​ជើង​របស់​អ្នក​ក៏​មិន​ដែល​ហើម​ដែរ។ ចូរ​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​អប់រំ​អ្នក​ដូច​ឪពុក​អប់រំ​កូន។ ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ និង​គោរព​កោត​ខ្លាច​ព្រះអង្គ»។ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។ ស្រុក​នោះ​ក៏​សម្បូណ៌​ស្រូវ ពោត ទំពាំង‌បាយជូរ ឧទុម្ពរ និង​ទទឹម ព្រម​ទាំង​ដើម​អូលីវ និង​ទឹក​ឃ្មុំ។ នៅ​ស្រុក​នោះ អ្នក​នឹង​មាន​អាហារ​បរិបូណ៌ ឥត​ខ្វះ​ខាត​អ្វី​ឡើយ។ ស្រុក​នោះ​សម្បូណ៌​ដែក​នៅ​ក្នុង​ថ្ម ហើយ​មាន​រ៉ែ​ស្ពាន់​នៅ​តាម​ភ្នំ។ ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ហើយ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក។ ចូរ​ប្រយ័ត្ន ក្រែង​អ្នក​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​លែង​កាន់​តាម​បទ‌បញ្ជា វិន័យ និង​ច្បាប់​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។ ពេល​អ្នក​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ពេល​អ្នក​សង់​ផ្ទះ​ស្អាតៗ​ធ្វើ​ជា​លំ‌នៅ‌ដ្ឋាន ពេល​អ្នក​មាន​ហ្វូង​គោ ហ្វូង​ចៀម មាស​ប្រាក់ និង​អ្វីៗ​ទាំង​អស់​យ៉ាង​ច្រើន ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​មាន​ចិត្ត​អួត‌អាង ហើយ​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​មក​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ ព្រះអង្គ​បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ធំ‌ធេង គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យា‌ដំរី ជា​វាល​ហួត‌ហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សម្រាប់​អ្នក។ ព្រះអង្គ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូនតា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ព្រះអង្គ​ធ្វើ​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បង‌ល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។

ចែក​រំលែក
អាន ទុតិយកថា 8

ទុតិយកថា 8:2-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ពី​អស់​ទាំង​ការ​ដែល​កើត​មាន​តាម​ផ្លូវ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​នាំ​ឯង​នៅ​ក្នុង​ទី​រហោ‌ស្ថាន ក្នុង​រវាង​៤០​ឆ្នាំ​នេះ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បង‌ល​ឯង​ឲ្យ​ដឹង​ជា​សេចក្ដី​ណា​ដែល​នៅ​ក្នុង​ចិត្ត​ឯង គឺ​បើ​នឹង​កាន់​តាម​បញ្ញត្ត​ទ្រង់​ឬ​ទេ ទ្រង់​ក៏​បាន​បន្ទាប​ចិត្ត​ឯង​មែន ព្រម​ទាំង​ឲ្យ​ឃ្លាន​ផង រួច​បាន​ចិញ្ចឹម​ឯង​ដោយ​នំ​ម៉ាន៉ា ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​ឡើយ ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា មនុស្ស​មិន​មែន​រស់​ដោយ‌សារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយ‌សារ​គ្រប់​ទាំង​ព្រះ‌បន្ទូល​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា​មក​ដែរ សំលៀក‌បំពាក់​ឯង​មិន​បាន​សឹក​នៅ​លើ​ខ្លួន​សោះ ហើយ​ជើង​ឯង​ក៏​មិន​បាន​ពុរពង​នៅ​រវាង​៤០​ឆ្នាំ​នេះ​ផង ក៏​ត្រូវ​នឹក​ពិចារណា​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​វាយ‌ផ្ចាល​ឯង ដូច​ជា​មនុស្ស​វាយ‌ផ្ចាល​កូន​របស់​ខ្លួន។ ដូច្នេះ​ត្រូវ​ឲ្យ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ព្រម​ទាំង​កោត‌ខ្លាច​ដល់​ទ្រង់​ផង។ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក ហើយ​នឹង​ក្បាល​ទឹក ហូរ​ចេញ​នៅ​ក្នុង​ច្រក ហើយ​ក្នុង​ភ្នំ​ផង ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី នឹង​ស្រូវ​ឱក ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា នឹង​ទទឹម ហើយ​មាន​ដើម​អូលីវ នឹង​ទឹក​ឃ្មុំ​ផង ជា​ស្រុក​ដែល​ឯង​នឹង​បរិភោគ​អាហារ មិន​មែន​ដោយ​រិត‌ត្បិត​ទេ ឯង​នឹង​មិន​ខ្វះ‌ខាត​អ្វី​នៅ​ស្រុក​នោះ​ឡើយ ឯ​ថ្ម​នៅ​ស្រុក​នោះ​សុទ្ធ​តែ​ជា​ដែក ហើយ​នៅ​ក្នុង​ភ្នំ​នោះ​នឹង​ជីក​រក​បាន​ទង់‌ដែង ឯង​នឹង​បរិភោគ​ទាល់​តែ​ឆ្អែត ហើយ​នឹង​សរសើរ​ដំកើង​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​ស្រុក​ដ៏​ល្អ​ដែល​ទ្រង់​បាន​ប្រទាន​មក។ ចូរ​ប្រយ័ត ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​មិន​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់ នឹង​ច្បាប់ ហើយ​នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ហើយ​កាល​ណា​ឯង​បាន​បរិភោគ​ឆ្អែត បាន​សង់​ផ្ទះ​យ៉ាង​ល្អ បាន​ហ្វូង​គោ ហ្វូង​ចៀម​ចំរើន​ជា​ច្រើន​ឡើង បាន​ប្រាក់​មាស​សំបូរ​ឡើង ហើយ​គ្រប់​ទាំង​របស់​ឯង​ក៏​បាន​បរិបូរ​ផង នោះ​ក្រែង​ចិត្ត​ឯង​បាន​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​រួច​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក ហើយ​បាន​នាំ​ឯង​ដើរ​កាត់​ទី​រហោ‌ស្ថាន​សំបើម​គួរ​ស្ញែង‌ខ្លាច ដែល​មាន​ពស់​ភ្លើង នឹង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​យ៉ាង​រឹង​ឲ្យ​ឯង ក៏​បាន​ចិញ្ចឹម​ឯង នៅ​ក្នុង​ទី​រហោ‌ស្ថាន ដោយ​នំ​ម៉ាន៉ា​ដែល​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់ ដើម្បី​នឹង​បន្ទាប​ចិត្ត​ឯង ហើយ​នឹង​ល្បង‌ល​ឯង ប្រយោជន៍​នឹង​ប្រោស​ឲ្យ​ឯង​បាន​សេចក្ដី​ល្អ​ដល់​ចុង​បំផុត

ចែក​រំលែក
អាន ទុតិយកថា 8

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ