ទុតិយកថា 4
4
ចូរប្រតិបត្តិតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់!
1«ឥឡូវនេះ អ៊ីស្រាអែលអើយ ចូរស្ដាប់ ហើយប្រតិបត្តិតាមច្បាប់ និងវិន័យផ្សេងៗដែលខ្ញុំបង្រៀនអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយចូលទៅកាន់កាប់ទឹកដីដែលព្រះអម្ចាស់ ជាព្រះនៃដូនតារបស់អ្នករាល់គ្នា ប្រគល់ឲ្យអ្នករាល់គ្នា។ 2 មិនត្រូវបន្ថែម ឬបន្ថយអ្វី ទៅលើពាក្យដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នាឡើយ ប៉ុន្តែ ត្រូវធ្វើតាមបទបញ្ជាដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បង្គាប់ឲ្យអ្នករាល់គ្នាធ្វើ ដូចខ្ញុំបានប្រគល់ឲ្យអ្នករាល់គ្នា។ 3 អ្នករាល់គ្នាឃើញផ្ទាល់នឹងភ្នែកនូវហេតុការណ៍ដែលព្រះអម្ចាស់បានធ្វើ នៅគ្រាដែលប្រជាជនប្រព្រឹត្តអំពើបាបជាមួយព្រះបាល-ពេអរ។ ព្រះអម្ចាស់ប្រហារមនុស្សទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ដែលបានចូលរួមថ្វាយបង្គំព្រះបាល-ពេអរ 4ចំណែកឯអ្នករាល់គ្នាដែលស្មោះត្រង់នឹងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា អ្នករាល់គ្នានៅរស់រានរហូតមកទល់សព្វថ្ងៃ។
5អ្នករាល់គ្នាឃើញស្រាប់ហើយថា ខ្ញុំបង្រៀនតាមច្បាប់ និងវិន័យផ្សេងៗដល់អ្នករាល់គ្នា ដូចព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ បានបង្គាប់មកខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នានឹងចូលទៅកាន់កាប់។ 6អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមច្បាប់ និងវិន័យទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីក្រឹត្យវិន័យទាំងប៉ុន្មាន ពួកគេនឹងពោលថា ប្រជាជាតិដ៏ធំនេះពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។ 7តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះអង្គ? 8តើប្រជាជាតិដ៏ធំណាមួយមានច្បាប់ និងវិន័យត្រឹមត្រូវ តាមក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំថ្លែងប្រាប់អ្នករាល់គ្នាថ្ងៃនេះ?»។
វិន័យរបស់ព្រះអម្ចាស់នៅភ្នំហោរែប
9«ហេតុនេះ ចូរប្រយ័ត្ន ហើយប្រុងស្មារតីរៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក ដើម្បីកុំឲ្យភ្លេចហេតុការណ៍ដែលអ្នកបានឃើញផ្ទាល់នឹងភ្នែក ហើយក្រែងលោចិត្តរបស់អ្នកលែងនឹកនាដល់ហេតុការណ៍នោះ។ ចូរប្រាប់កូន និងចៅរបស់អ្នករាល់គ្នាឲ្យដឹងអំពីហេតុការណ៍នេះដែរ។ 10ចូរនឹកចាំពីថ្ងៃដែលអ្នកមកគាល់ព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅលើភ្នំហោរែប គឺនៅថ្ងៃព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “ចូរប្រមូលប្រជាជនឲ្យមកជួបនឹងយើង ដ្បិតយើងចង់ឲ្យពួកគេឮព្រះបន្ទូលរបស់យើង ដើម្បីឲ្យពួកគេគោរពកោតខ្លាចយើងអស់មួយជីវិត ដែលពួកគេរស់នៅលើផែនដី ព្រមទាំងឲ្យពួកគេបង្រៀនព្រះបន្ទូលនេះដល់កូនចៅរបស់ខ្លួន”។ 11 អ្នករាល់គ្នាបានចូលទៅជិតភ្នំ ហើយឈរនៅជើងភ្នំ។ ពេលនោះ មានភ្លើងឆាបឆេះភ្នំ អណ្ដាតភ្លើងនេះឡើងទៅដល់អាកាសវេហាស៍ មានភាពងងឹត មានពពក និងអ័ព្ទ។ 12ព្រះអម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងនោះមកកាន់អ្នករាល់គ្នា អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គ តែអ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគដូចម្ដេចឡើយ គឺឮតែព្រះសូរសៀងប៉ុណ្ណោះ។ 13 ព្រះអង្គបានបង្ហាញសម្ពន្ធមេត្រីរបស់ព្រះអង្គដល់អ្នករាល់គ្នា គឺព្រះអង្គប្រទានបទបញ្ជាទាំងដប់ប្រការឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ ព្រះអង្គបានចារច្បាប់ និងវិន័យទាំងនោះនៅលើបន្ទះថ្មពីរ។
14 នៅគ្រានោះ ព្រះអម្ចាស់បានបង្គាប់ឲ្យខ្ញុំបង្រៀនអ្នករាល់គ្នាអំពីច្បាប់ និងវិន័យ ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម នៅក្នុងស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់»។
បំរាមគោរពព្រះក្លែងក្លាយ
15«នៅថ្ងៃព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នាពីក្នុងភ្លើង នៅភ្នំហោរែប អ្នករាល់គ្នាពុំបានឃើញព្រះអង្គមានភិនភាគបែបណាឡើយ ហេតុនេះ តោងប្រយ័ត្នស្មារតី 16 ក្រែងលោអ្នករាល់គ្នាបណ្ដាលឲ្យខ្លួនមានបាប ដោយធ្វើរូបព្រះក្លែងក្លាយជារូបតំណាងព្រះណាមួយ ទោះបីជារូបមនុស្សប្រុសស្រី 17 រូបសត្វនៅលើដី ឬសត្វស្លាបហើរនៅលើមេឃ 18រូបសត្វលូនវារ ឬរូបត្រីនៅក្នុងទឹក។ 19ពេលណាអ្នកងើយសម្លឹងទៅលើមេឃឃើញថ្ងៃ លោកខែ និងផ្កាយទាំងឡាយ ព្រមទាំងកញ្ចុំផ្កាយទាំងប៉ុន្មាននៅលើមេឃ មិនត្រូវបណ្ដោយខ្លួនឲ្យក្រាបថ្វាយបង្គំរបស់ទាំងនោះទុកជាព្រះឡើយ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានបណ្ដោយឲ្យជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ក្រាបថ្វាយបង្គំផ្កាយទាំងនោះ។ 20 ចំណែកឯអ្នករាល់គ្នាវិញ ព្រះអម្ចាស់បាននាំអ្នករាល់គ្នាចេញពីទាសភាពនៅស្រុកអេស៊ីប ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់ព្រះអង្គផ្ទាល់ ដូចសព្វថ្ងៃ។
21 ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រោះតែអ្នករាល់គ្នា ព្រះអង្គមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដ៏ល្អ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រគល់ឲ្យអ្នក ទុកជាកេរមត៌កឡើយ។ 22ខ្ញុំនឹងស្លាប់នៅទីនេះ ខ្ញុំនឹងមិនឆ្លងទន្លេយ័រដាន់ទេ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងឆ្លងទៅកាន់កាប់ស្រុកដ៏ល្អនោះ។ 23ចូរអ្នករាល់គ្នាប្រុងប្រយ័ត្នខ្លួន កុំបំភ្លេចសម្ពន្ធមេត្រីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានចងជាមួយអ្នកឲ្យសោះ។ កុំធ្វើរូបចម្លាក់ ឬរូបតំណាងអ្វីមួយ ផ្ទុយពីព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បានហាមឡើយ 24 ដ្បិតព្រះអម្ចាស់ ព្រះរបស់អ្នក ជាភ្លើងដែលឆេះសន្ធោសន្ធៅ ព្រះអង្គមិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងជាដាច់ខាត។
25ពេលណាអ្នករស់នៅក្នុងស្រុកនោះជាយូរឆ្នាំ អ្នករាល់គ្នានឹងបង្កើតកូនចៅតៗគ្នា ប្រសិនបើអ្នករាល់គ្នាបណ្ដោយខ្លួន ឲ្យប្រព្រឹត្តអំពើបាប ដោយធ្វើរូបព្រះក្លែងក្លាយ ឬរូបតំណាងអ្វីៗ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ 26ថ្ងៃនេះ ខ្ញុំយកមេឃ និងដី ធ្វើជាសាក្សីប្រឆាំងនឹងអ្នករាល់គ្នា។ បើអ្នករាល់គ្នាធ្វើដូច្នោះ អ្នករាល់គ្នានឹងវិនាសសូន្យបាត់ពីស្រុក ដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់នោះ ដោយការស្លាប់យ៉ាងទាន់ហន់។ អ្នករាល់គ្នាពុំអាចមានអាយុវែងឡើយ ដ្បិតអ្នករាល់គ្នានឹងវិនាសសូន្យទាំងអស់គ្នា។ 27 ព្រះអម្ចាស់នឹងកម្ចាត់កម្ចាយអ្នករាល់គ្នា ឲ្យទៅរស់នៅក្នុងចំណោមជាតិសាសន៍នានា អ្នករាល់គ្នានឹងក្លាយទៅជាជនជាតិភាគតិច ក្នុងចំណោមប្រជាជាតិទាំងឡាយ ដែលព្រះអម្ចាស់នាំអ្នករាល់គ្នាទៅរស់នៅ។ 28នៅទីនោះ អ្នករាល់គ្នានឹងថ្វាយបង្គំព្រះដែលជាស្នាដៃរបស់មនុស្ស ជាព្រះធ្វើពីឈើ និងពីថ្ម ដែលមិនចេះមើល មិនចេះស្ដាប់ មិនចេះបរិភោគ ហើយក៏មិនដឹងអ្វីទាំងអស់។ 29 នៅទីនោះ អ្នករាល់គ្នានឹងស្វែងរកព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ប្រសិនបើអ្នកស្វែងរកព្រះអង្គយ៉ាងអស់ពីចិត្ត អស់ពីព្រលឹង នោះអ្នកមុខជាឃើញព្រះអង្គមិនខាន។ 30នៅពេលខាងមុខ កាលហេតុការណ៍ទាំងនេះកើតមាន ហើយអ្នករងទុក្ខលំបាក អ្នកនឹងវិលមករកព្រះអម្ចាស់ជាព្រះរបស់អ្នកវិញ អ្នកនឹងស្ដាប់ព្រះសូរសៀងរបស់ព្រះអង្គ 31ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រកបដោយព្រះហឫទ័យមេត្តាករុណា ព្រះអង្គមិនបោះបង់ចោលអ្នកឡើយ ហើយព្រះអង្គក៏មិនបំផ្លាញអ្នកដែរ។ ព្រះអង្គនឹកឃើញសម្ពន្ធមេត្រី ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។
ឯកសិទ្ធិរបស់ជនជាតិអ៊ីស្រាអែល
32«ចូរសាកសួរមើលចុះ ថាតើនៅជំនាន់ដើម គឺតាំងពីថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្សនៅលើផែនដីនេះ ហើយចាប់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត តើធ្លាប់មានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះ ឬក៏មាននរណាធ្លាប់ឮហេតុការណ៍ដ៏ចម្លែកបែបនេះទេ? 33តើមានជាតិសាសន៍មួយណាធ្លាប់បានឮព្រះជាម្ចាស់មានព្រះបន្ទូលពីក្នុងភ្លើងដូចអ្នកបានឮ ហើយនៅរស់រានមានជីវិតបែបនេះឬទេ? 34តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើនៅស្រុកអេស៊ីប ឲ្យអ្នកឃើញបែបនេះឬទេ? 35 អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន ក្រៅពីព្រះអង្គគ្មានព្រះណាទៀតឡើយ។
36ព្រះអង្គបានឲ្យអ្នកឮព្រះសូរសៀងពីលើមេឃមក ដើម្បីអប់រំអ្នក។ ព្រះអង្គឲ្យអ្នកឃើញភ្លើងដ៏សន្ធោសន្ធៅនៅលើផែនដីនេះ ហើយអ្នកបានឮ ព្រះសូរសៀងរបស់ព្រះអង្គ ពីក្នុងភ្លើងនោះមក។
37ព្រះអង្គបានស្រឡាញ់បុព្វបុរសរបស់អ្នក ហើយបានជ្រើសរើសពូជពង្សរបស់ពួកគេ នៅជំនាន់ក្រោយ។ ហេតុនេះហើយបានជាព្រះអង្គផ្ទាល់នាំអ្នកចេញពីស្រុកអេស៊ីប ដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គ។
38ព្រះអង្គបានបណ្ដេញប្រជាជាតិនានា ដែលមានគ្នាច្រើន និងមានកម្លាំងខ្លាំងជាងអ្នក ដើម្បីឲ្យអ្នកចូលកាន់កាប់ស្រុករបស់គេ ហើយព្រះអង្គប្រគល់ស្រុកនោះមកឲ្យអ្នកទុកជាកេរមត៌ក ដូចអ្នកឃើញសព្វថ្ងៃនេះស្រាប់។ 39ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់ នៅលើមេឃ និងនៅលើផែនដី គ្មានព្រះណាផ្សេងទៀតឡើយ។ 40អ្នកត្រូវកាន់តាមច្បាប់ និងបទបញ្ជារបស់ព្រះអង្គ ដែលខ្ញុំបានប្រគល់ឲ្យអ្នកក្នុងថ្ងៃនេះ ដើម្បីឲ្យអ្នកមានសុភមង្គល គឺទាំងអ្នកទាំងកូនចៅរបស់អ្នក ហើយឲ្យអ្នកមានអាយុយឺនយូរនៅលើទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករហូតតទៅ»។
ក្រុងជម្រកនៅខាងកើតទន្លេយ័រដាន់
41 ពេលនោះ លោកម៉ូសេបានញែកក្រុងបី នៅខាងកើតទន្លេយ័រដាន់ដោយឡែក 42ធ្វើជាក្រុងជម្រក សម្រាប់ឲ្យអ្នកដែលសម្លាប់គេដោយអចេតនា រត់មកជ្រកកោន គឺអ្នកដែលបានសម្លាប់គេ ដោយគ្មានចិត្តស្អប់ពីមុន អាចរត់ភៀសខ្លួនមកជ្រកនៅក្នុងក្រុងណាមួយ ក្នុងចំណោមក្រុងទាំងបី ដើម្បីបានរួចជីវិត។ 43ក្រុងទាំងនោះគឺ: ក្រុងបេស៊ើរ នៅវាលរហោស្ថាននៃខ្ពង់រាបក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដក្នុងទឹកដីកាដ និងក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។
សុន្ទរកថាទីពីររបស់លោកម៉ូសេ
ព្រះបន្ទូលទាំងដប់ប្រការ
44នេះជាក្រឹត្យវិន័យដែលលោកម៉ូសេបានប្រគល់ឲ្យជនជាតិអ៊ីស្រាអែល។ 45លោកម៉ូសេបានប្រកាសអំពីដំបូន្មាន ច្បាប់ និងវិន័យប្រាប់ជនជាតិអ៊ីស្រាអែល នៅពេលពួកគេចាកចេញពីស្រុកអេស៊ីប 46នាត្រើយខាងកើតទន្លេយ័រដាន់ ត្រង់ជ្រលងភ្នំទល់មុខនឹងបេតពេអរ គឺនៅស្រុករបស់ព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅក្រុងហែសបូន។ លោកម៉ូសេ និងជនជាតិអ៊ីស្រាអែលបានវាយប្រហារស្ដេចនេះ នៅពេលចាកចេញពីស្រុកអេស៊ីប 47ហើយដណ្ដើមយកទឹកដីរបស់ស្ដេចនេះ ព្រមទាំងទឹកដីរបស់ព្រះបាទអុក ជាស្ដេចស្រុកបាសាន មកកាន់កាប់។ ពីមុន ស្ដេចទាំងពីរអង្គរបស់ជនជាតិអាម៉ូរីគ្រប់គ្រងត្រើយខាងកើតទន្លេយ័រដាន់ 48ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅតាមដងស្ទឹងអើណូន រហូតដល់ភ្នំស៊ីអូន ដែលមានឈ្មោះថាភ្នំហ៊ើរម៉ូន 49វាលទំនាបអារ៉ាបាទាំងមូល ដែលស្ថិតនៅខាងកើតទន្លេយ័រដាន់ រហូតដល់សមុទ្រអារ៉ាបា ដែលនៅជើងភ្នំពីសកា។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.