ទុតិយកថា 32
32
បទចម្រៀងរបស់លោកម៉ូសេ
1«ផ្ទៃមេឃអើយ
ចូរត្រងត្រាប់ស្ដាប់សេចក្ដី
ដែលខ្ញុំនឹងថ្លែង!
ផែនដីអើយ ចូរស្ដាប់ពាក្យដែលខ្ញុំនិយាយ!
2សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់ដូចទឹកភ្លៀង
សូមឲ្យពាក្យសម្ដីរបស់ខ្ញុំស្រក់ដូចសន្សើម
ដូចភ្លៀងបង្អុរមកលើរុក្ខជាតិខៀវខ្ចី
ឬដូចដំណក់ទឹកធ្លាក់ទៅលើស្មៅ
3ដ្បិតខ្ញុំនឹងប្រកាសអំពីព្រះនាមព្រះអម្ចាស់!
ចូរលើកតម្កើងភាពថ្កុំថ្កើងរបស់ព្រះនៃយើង!
4ព្រះអង្គជាថ្មដា
ហើយស្នាព្រះហស្ដរបស់ព្រះអង្គល្អឥតខ្ចោះ។
មាគ៌ារបស់ព្រះអង្គសុទ្ធតែទៀងត្រង់។
ព្រះអង្គជាព្រះដ៏ស្មោះត្រង់
ព្រះអង្គមិនអយុត្តិធម៌ឡើយ
ដ្បិតព្រះអង្គសុចរិត និងយុត្តិធម៌។
5ព្រះអង្គជ្រាបថា អ្នករាល់គ្នាក្បត់ព្រះអង្គ
ដោយអ្នករាល់គ្នាមានមារយាទបែបនេះ
អ្នករាល់គ្នាមិនមែនជាបុត្រធីតា
របស់ព្រះអង្គទៀតទេ
អ្នករាល់គ្នាជាមនុស្សអប្រិយ
និងមានចិត្តវៀចវេរ។
6ប្រជាជនល្ងីល្ងើ ឥតប្រាជ្ញាអើយ
ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តបែបនេះ
ចំពោះព្រះអង្គ
ជាព្រះបិតាដែលបានបង្កើតអ្នកមក!
ព្រះអង្គបានធ្វើឲ្យអ្នកទៅជាប្រជាជាតិមួយ
ព្រមទាំងពង្រឹងអ្នកឲ្យមាំមួនទៀតផង។
7ចូរនឹកចាំពីអតីតកាល
ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ
ចូរសុំឲ្យឪពុកម្ដាយ និងជីដូនជីតារបស់អ្នក
រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។
8 ពេលព្រះដ៏ខ្ពង់ខ្ពស់បំផុតប្រទានទឹកដី
ឲ្យប្រជាជាតិទាំងឡាយ ទុកជាកេរមត៌ក
ពេលព្រះអង្គបំបែកមនុស្សលោកចេញពីគ្នា
ព្រះអង្គបានកំណត់ព្រំដែន
ឲ្យជាតិសាសន៍នានា
ដោយយោងតាមចំនួនកូនចៅអ៊ីស្រាអែល។
9 ព្រះអម្ចាស់បានជ្រើសរើសអ៊ីស្រាអែល
ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គជ្រើសរើសកូនចៅលោកយ៉ាកុប
ទុកជាចំណែកមត៌ករបស់ព្រះអង្គផ្ទាល់។
10ព្រះអង្គបានរកឃើញអ៊ីស្រាអែល
នៅវាលរហោស្ថាន ក្នុងទឹកដីហួតហែង
ដែលមានតែឆ្កែព្រៃរស់នៅ
ព្រះអង្គបីបាច់ថ្នាក់ថ្នម និងអប់រំអ៊ីស្រាអែល
ព្រះអង្គការពារគេ
ដូចប្រស្រីព្រះនេត្ររបស់ព្រះអង្គ។
11ព្រះអង្គប្រព្រឹត្តចំពោះអ៊ីស្រាអែល
ដូចសត្វឥន្ទ្រីបង្រៀនកូននៅក្នុងសំបុក
ព្រមទាំងហើរការពារពីលើកូនរបស់វា
ហើយត្រដាងស្លាបក្រុងកូនរបស់វា
និងដាក់កូននៅលើចំអេងស្លាបផង។
12មានតែព្រះអម្ចាស់មួយអង្គគត់
ដែលដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ
គឺព្រះអង្គមិនត្រូវការព្រះដទៃឡើយ។
13ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គ
ឡើងទៅរស់នៅតាមតំបន់ភ្នំ
ហើយឲ្យពួកគេបរិភោគ
ភោគផលដែលដុះនៅតាមចម្ការ
ព្រះអង្គឲ្យពួកគេបរិភោគទឹកឃ្មុំ និងប្រេង
នៅតាមកន្លែងដែលមានថ្ម។
14គោញី និងពពែញីផ្ដល់ទឹកដោះឲ្យពួកគេ
ពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគ
គឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសាន
ព្រមទាំងពពែឈ្មោល
ពួកគេបរិភោគនំប៉័ងធ្វើពីម្សៅដ៏ល្អៗ
ហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។
15យេស៊ូរូន បានធំធាត់ មានកម្លាំងរឹងប៉ឹង
(ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!)
ហើយគេក៏បោះបង់ចោលព្រះជាម្ចាស់
ដែលបានបង្កើតខ្លួនមក
គេបានមាក់ងាយព្រះអង្គដែលជាថ្មដា
និងជាព្រះសង្គ្រោះរបស់ខ្លួន។
16ពួកគេធ្វើឲ្យព្រះអង្គប្រច័ណ្ឌ
ព្រោះពួកគេបែរទៅគោរពព្រះដទៃ
ពួកគេធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ
ព្រោះពួកគេប្រព្រឹត្តអំពើគួរស្អប់ខ្ពើម។
17 ពួកគេសែនព្រេនអារក្សដែលមិនមែនជាព្រះ
ព្រមទាំងសែនព្រេនដល់ព្រះទាំងឡាយ
ដែលខ្លួនពុំស្គាល់
គឺជាព្រះថ្មីៗដែលបុព្វបុរសរបស់ខ្លួនពុំធ្លាប់គោរព។
18អ្នកបានប្រមាថមាក់ងាយព្រះអង្គ
ដែលជាថ្មដា ហើយបានបង្កើតអ្នកមក
អ្នកបានបំភ្លេចព្រះជាម្ចាស់ដែលផ្ដល់ជីវិត
ឲ្យអ្នក។
19 ព្រះអម្ចាស់ទតឃើញដូច្នេះ
ព្រះអង្គបោះបង់ចោលពួកគេ។
បុត្រធីតារបស់ព្រះអង្គបានធ្វើឲ្យ
ព្រះអង្គខ្ញាល់។
20ព្រះអង្គក៏មានព្រះបន្ទូលថា៖
«យើងលែងរវីរវល់នឹងពួកគេហើយ
យើងមុខជាឃើញថា
ពួកគេនឹងក្លាយទៅជាយ៉ាងណា។
ពួកគេជាមនុស្សពាល
គ្មាននរណាអាចទុកចិត្តពួកគេឡើយ»។
21 ពួកគេធ្វើឲ្យយើងមានចិត្តប្រច័ណ្ឌ
ដោយសារព្រះក្លែងក្លាយ
ពួកគេធ្វើឲ្យយើងខឹង
ដោយសារព្រះដែលឥតបានការ។
ដូច្នេះ យើងក៏នឹងធ្វើឲ្យពួកគេប្រច័ណ្ឌ
ដោយសារមនុស្សដែលមិនមែនជាប្រជាជន
យើងនឹងធ្វើឲ្យពួកគេខឹង
ដោយសារប្រជាជាតិដែលមិនដឹងខុសត្រូវ។
22ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ
រាលដាលរហូតទៅដល់ស្ថានមនុស្សស្លាប់។
ភ្លើងនេះនឹងឆាបឆេះផែនដី
និងភោគផលទាំងប៉ុន្មាននៅលើផែនដី
ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
23យើងនឹងធ្វើឲ្យទុក្ខវេទនា
កើតមានដល់ពួកគេផ្ទួនៗគ្នា។
យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង
ទៅលើពួកគេ។
24ពួកគេនឹងធ្លាក់ខ្លួនខ្សោយ ដោយសារទុរ្ភិក្ស
ឈឺរ៉ាំរ៉ៃ ដោយជំងឺគ្រុនក្ដៅ និងជំងឺឆ្លង។
យើងនឹងប្រហារពួកគេដោយចង្កូម
របស់សត្វសាហាវ និងពស់អាសិរពិស។
25នៅខាងក្រៅផ្ទះ ពួកគេស្លាប់ដោយមុខដាវ
ខាងក្នុង ពួកគេស្លាប់ដោយភ័យញាប់ញ័រ។
សេចក្ដីស្លាប់កើតមានដល់ពួកគេគ្រប់គ្នា
ទាំងកំលោះ ទាំងក្រមុំ
ទាំងទារកនៅបៅ ទាំងចាស់សក់ស្កូវ។
26យើងមានបំណងបំផ្លាញពួកគេទាំងស្រុង
យើងចង់លុបបំបាត់ពួកគេពីផែនដី
មិនឲ្យនរណានឹកនាដល់ពួកគេទៀត។
27ប៉ុន្តែ យើងនឹងបារម្ភ
ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ
ហើយចំអក និងប្រមាថមើលងាយយើង
ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ
គឺមិនមែនព្រះអម្ចាស់ទេដែលសម្រេចការនេះ”។
28អ៊ីស្រាអែលជាប្រជាជាតិឥតដឹងខុសត្រូវ
ពួកគេគ្មានប្រាជ្ញាទាល់តែសោះ។
29ប្រសិនបើពួកគេមានប្រាជ្ញា
នោះពួកគេមុខជាពិចារណា ហើយយល់ថា
នៅអនាគត តើពួកគេនឹងទៅជាយ៉ាងណា។
30ប្រសិនបើព្រះអម្ចាស់ ដែលជាថ្មដារបស់ពួកគេ
មិនប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃ
របស់ខ្មាំងសត្រូវទេនោះ
តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម
អ៊ីស្រាអែលដល់ទៅមួយពាន់នាក់
ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ
អ៊ីស្រាអែលមួយម៉ឺននាក់បាក់ទ័ពកើតឬ?
31ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថា
ព្រះដែលជាថ្មដារបស់ពួកគេ
ពុំអាចផ្ទឹមស្មើនឹងព្រះជាម្ចាស់
ដែលជាថ្មដារបស់យើងឡើយ។
32ចំណែកឯពួកគេវិញ ពួកគេប្រៀបដូចជា
អ្នកក្រុងសូដុម និងអ្នកក្រុងកូម៉ូរ៉ា
ហើយប្រៀបដូចជាដើមទំពាំងបាយជូរ
ដែលមានផ្លែល្វីង និងមានជាតិពុល។
33ស្រាទំពាំងបាយជូររបស់ពួកគេ
ប្រៀបដូចជាពិសរបស់នាគ
និងដូចជាពិសដ៏សាហាវរបស់ពស់វែក។
34យើងរៀបចំគម្រោងការមួយដ៏លាក់កំបាំង
ដែលយើងបម្រុងទុក ប្រឆាំងនឹងពួកគេ។
35 ការសងសឹកស្រេចតែលើយើង
យើងនឹងតបទៅពួកគេវិញ
នៅពេលពួកគេជំពប់ដួល!
ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ
ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។
36 ព្រះអម្ចាស់រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ
ព្រះអង្គអាណិតអាសូរអ្នកបម្រើរបស់ព្រះអង្គ
នៅពេលព្រះអង្គទតឃើញពួកគេអស់កម្លាំង
ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។
37ព្រះអង្គនឹងសួរពួកគេថា
“តើព្រះរបស់អ្នករាល់គ្នា
គឺព្រះដែលអ្នករាល់គ្នាទុកជាថ្មដា
ដើម្បីពឹងផ្អែកនោះនៅឯណា?
38អ្នករាល់គ្នាធ្វើយញ្ញបូជា
និងពិធីច្រួចស្រាសែនព្រះទាំងនោះ
បើព្រះទាំងនោះចេះសេពសោយមែន
ឲ្យពួកគេក្រោកឡើង
ជួយសង្គ្រោះ និងការពារអ្នករាល់គ្នាទៅ!
39ឥឡូវនេះ ចូរទទួលស្គាល់ថា
មានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់
ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។
យើងផ្ដល់ជីវិត និងដកជីវិត
យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ
គ្មាននរណាអាចរំដោះពីដៃយើងទេ។
40យើងលើកដៃឆ្ពោះទៅលើមេឃ
ហើយសច្ចាក្នុងនាមយើង
ដែលជាព្រះគង់នៅអស់កល្បជានិច្ចថា:
41យើងសំលៀងដាវ និងខាត់វាយ៉ាងរលោង
ដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់
គឺយើងតទល់នឹងបច្ចាមិត្តរបស់យើង
ហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។
42យើងនឹងធ្វើឲ្យព្រួញរបស់យើង
ជោកដោយឈាម
ដាវរបស់យើងចាក់ទម្លុះសាច់របស់ខ្មាំងសត្រូវ
គ្មានទាហានណាម្នាក់របស់ពួកគេ
គេចផុតពីមុខដាវនេះបានឡើយ
គឺទាំងអ្នករបួស ទាំងអ្នកជាប់ជាឈ្លើយ
នឹងត្រូវវិនាសដូចគ្នា”។
43 ចូរឲ្យប្រជាជាតិទាំងឡាយអបអរសាទរ
ប្រជារាស្ត្ររបស់ព្រះអម្ចាស់!
ដ្បិតព្រះអង្គសងសឹកជួសអ្នកបម្រើរបស់ព្រះអង្គ
ព្រះអង្គដាក់ទោសបច្ចាមិត្ត។
ព្រះអង្គធ្វើឲ្យទឹកដី និងប្រជារាស្ត្រ
របស់ព្រះអង្គរួចផុតពីសៅហ្មង”»។
44លោកម៉ូសេ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន នាំយកព្រះបន្ទូលទាំងប៉ុន្មានដែលមាននៅក្នុងបទចម្រៀងនេះ មកប្រកាសឲ្យប្រជាជនបានឮ។
45ពេលលោកម៉ូសេប្រកាសព្រះបន្ទូលទាំងនេះដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ចប់សព្វគ្រប់ហើយ 46លោកមានប្រសាសន៍ទៅគេទៀតថា៖ «ចូរយកចិត្តទុកដាក់នឹងព្រះបន្ទូលទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នានៅថ្ងៃនេះ ហើយប្រៀនប្រដៅកូនចៅរបស់អ្នករាល់គ្នាឲ្យកាន់ និងប្រតិបត្តិតាមព្រះបន្ទូលទាំងអស់ដែលមានចែងក្នុងក្រឹត្យវិន័យនេះ។ 47ព្រះបន្ទូលទាំងនេះមិនមែនឥតខ្លឹមសារទេ ផ្ទុយទៅវិញ ជាព្រះបន្ទូលដែលផ្ដល់ឲ្យអ្នករាល់គ្នាមានជីវិត និងមានអាយុយឺនយូរនៅក្នុងទឹកដី ដែលអ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
ព្រះអម្ចាស់ប្រកាសអំពីមរណភាពរបស់លោកម៉ូសេ
48 នៅថ្ងៃដដែលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖ 49«ចូរឡើងទៅកំពូលភ្នំនេបូ ដែលស្ថិតនៅលើជួរភ្នំអាបារីម ក្នុងស្រុកម៉ូអាប់ ទល់មុខនឹងទន្លេយ័រដាន់ ហើយសម្លឹងមើលស្រុកកាណាន ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលទុកជាកម្មសិទ្ធិ។ 50អ្នកនឹងស្លាប់នៅលើភ្នំដែលអ្នកឡើងទៅនោះ គឺអ្នកនឹងទៅជួបជុំដូនតារបស់អ្នក ដូចអើរ៉ុនដែលបានស្លាប់នៅលើភ្នំហោរ ទៅជួបជុំដូនតារបស់គាត់ដែរ ។ 51កាលនៅក្បែរប្រភពទឹកមេរីបា នៅកាដេស ក្នុងវាលរហោស្ថានស៊ីន អ្នកទាំងពីរបានប្រព្រឹត្តខុសយ៉ាងធ្ងន់ចំពោះយើង នៅមុខជនជាតិអ៊ីស្រាអែល គឺអ្នកទាំងពីរពុំបានលើកតម្កើងយើងជាព្រះដ៏វិសុទ្ធ* នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ ។ 52ដូច្នេះ អ្នកនឹងមើលឃើញស្រុកដែលស្ថិតនៅចំពោះមុខអ្នក តែអ្នកនឹងមិនចូលទៅក្នុងស្រុក ដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រាអែលឡើយ»។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 32: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.