ទុតិយកថា 31
31
ប្រសាសន៍ចុងក្រោយ និងមរណភាពរបស់លោកម៉ូសេ
លោកយ៉ូស្វេទទួលមុខងារជំនួសលោកម៉ូសេ
1លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអ៊ីស្រាអែលទាំងមូលទៀតថា៖ 2 «ឥឡូវនេះ ខ្ញុំមានអាយុមួយរយម្ភៃឆ្នាំហើយ ខ្ញុំពុំអាចដឹកនាំអ្នករាល់គ្នាទៀតទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ខ្ញុំពុំអាចឆ្លងទន្លេយ័រដាន់នេះឡើយ។ 3ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងយាងនៅមុខអ្នក ព្រះអង្គនឹងបំផ្លាញប្រជាជាតិនានាចេញពីមុខអ្នក ដើម្បីឲ្យអ្នកដណ្ដើមយកស្រុកពីពួកគេ។ លោកយ៉ូស្វេនឹងធ្វើជាមេដឹកនាំរបស់អ្នក ដូចព្រះអម្ចាស់មានព្រះបន្ទូល។ 4 ព្រះអម្ចាស់នឹងកម្ទេចប្រជាជាតិទាំងនោះ ដូចព្រះអង្គបានកម្ទេចស៊ីហុន និងអុកជាស្ដេចរបស់ជនជាតិអាម៉ូរី ព្រមទាំងស្រុករបស់គេ។ 5ព្រះអម្ចាស់នឹងប្រគល់ប្រជាជាតិទាំងនោះមកក្នុងកណ្ដាប់ដៃអ្នក ហើយអ្នកត្រូវប្រព្រឹត្តចំពោះពួកគេ តាមបញ្ជាដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។ 6ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច ឬតក់ស្លុតនៅចំពោះមុខពួកគេឲ្យសោះ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាព្រះរបស់អ្នក នឹងយាងទៅជាមួយអ្នក។ ព្រះអង្គមិនបោះបង់ចោលអ្នកជាដាច់ខាត!»។
7លោកម៉ូសេហៅលោកយ៉ូស្វេមក ហើយមានប្រសាសន៍ទៅកាន់លោក នៅចំពោះមុខប្រជាជនអ៊ីស្រាអែលទាំងមូលថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង! ដ្បិតអ្នកត្រូវនាំប្រជាជននេះចូលទៅក្នុងស្រុក ដែលព្រះអម្ចាស់បានសន្យាយ៉ាងម៉ឺងម៉ាត់ចំពោះបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ។ ដូច្នេះ អ្នកត្រូវនាំប្រជាជននេះទៅកាន់កាប់ទឹកដី ជាចំណែកមត៌ករបស់ពួកគេ។ 8 ព្រះអម្ចាស់ផ្ទាល់នឹងយាងនៅមុខអ្នក ព្រះអង្គគង់នៅជាមួយអ្នក ហើយព្រះអង្គមិនបោះបង់ចោលអ្នកឡើយ។ ហេតុនេះ កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ»។
បញ្ជាឲ្យអានក្រឹត្យវិន័យរៀងរាល់ប្រាំពីរឆ្នាំ
9លោកម៉ូសេបានសរសេរក្រឹត្យវិន័យនេះប្រគល់ជូនពួកបូជាចារ្យ ជាកូនចៅលេវី ដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ ហើយលោកក៏ប្រគល់ជូនលោកព្រឹទ្ធាចារ្យ*ទាំងអស់នៃជនជាតិអ៊ីស្រាអែលដែរ។ 10 លោកម៉ូសេបង្គាប់ដល់ពួកគេដូចតទៅ៖ «ប្រាំពីរឆ្នាំម្ដង គឺនៅឆ្នាំដែលត្រូវលុបបំណុល ក្នុងឱកាសបុណ្យបារាំ 11ពេលជនជាតិអ៊ីស្រាអែលទាំងអស់នាំគ្នាទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស ចូរអានក្រឹត្យវិន័យនេះនៅមុខជនជាតិអ៊ីស្រាអែលទាំងអស់ ដើម្បីឲ្យពួកគេបានឮ។ 12ត្រូវប្រមូលប្រជាជន ទាំងប្រុស ទាំងស្រី ទាំងក្មេង ទាំងជនបរទេសដែលរស់នៅជាមួយអ្នក ដើម្បីឲ្យពួកគេឮក្រឹត្យវិន័យនេះ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងកាន់ និងអនុវត្តតាមអ្វីៗទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រឹត្យវិន័យនេះ។ 13ចំណែកឯកូនចៅរបស់គេដែលពុំស្គាល់គម្ពីរវិន័យនេះ ក៏នឹងបានឮ ហើយរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្នុងពេលអ្នករាល់គ្នារស់នៅលើទឹកដី ដែលអ្នករាល់គ្នាត្រូវឆ្លងទន្លេយ័រដាន់ចូលទៅកាន់កាប់»។
អ៊ីស្រាអែលនឹងក្បត់សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់
14 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះ ជិតដល់ថ្ងៃដែលអ្នកត្រូវស្លាប់ហើយ។ ចូរហៅយ៉ូស្វេមក ហើយអ្នកទាំងពីរត្រូវឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ យើងនឹងចេញបញ្ជាដល់យ៉ូស្វេ»។ លោកម៉ូសេ និងលោកយ៉ូស្វេ នាំគ្នាទៅឈរនៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 15ពេលនោះ ព្រះអម្ចាស់លេចមកឲ្យលោកទាំងពីរឃើញក្នុងដុំពពក នៅក្នុងពន្លា។ ដុំពពកនោះស្ថិតនៅមាត់ទ្វារពន្លា។
16 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើង ដោយផ្ដាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។ 17នៅថ្ងៃនោះ កំហឹងរបស់យើងនឹងឆាបឆេះទៅលើពួកគេ យើងនឹងបោះបង់ចោលពួកគេ យើងលែងរវីរវល់នឹងពួកគេទៀតហើយ។ ខ្មាំងសត្រូវនឹងលេបបំបាត់ពួកគេ ទុក្ខវេទនា និងគ្រោះអាសន្នជាច្រើន កើតមានដល់ពួកគេ។ ពេលនោះ ពួកគេមុខជាពោលថា “ទុក្ខវេទនាកើតមានដល់ខ្ញុំដូច្នេះ មកពីព្រះរបស់ខ្ញុំលែងគង់នៅជាមួយខ្ញុំ!”។ 18នៅថ្ងៃនោះ យើងលែងរវីរវល់នឹងពួកគេទាំងស្រុង ព្រោះពួកគេប្រព្រឹត្តអំពើអាក្រក់ ដោយបែរទៅគោរពព្រះឯទៀតៗ។ 19ចូរសរសេរបទចម្រៀងនេះទុក ព្រមទាំងបង្រៀនជនជាតិអ៊ីស្រាអែលឲ្យចេះច្រៀង ហើយឲ្យបទចម្រៀងនេះធ្វើជាសាក្សីរបស់យើង ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។ 20យើងនឹងនាំជនជាតិនេះចូលទៅក្នុងស្រុក ដែលយើងបានសន្យាជាមួយបុព្វបុរសរបស់ពួកគេ ថានឹងប្រគល់ឲ្យពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ។ ពេលមានអាហារបរិភោគឆ្អែត បានធំធាត់ ពួកគេនឹងបែរចិត្តទៅរកព្រះដទៃ ហើយគោរពបម្រើព្រះទាំងនោះ។ ពួកគេនឹងប្រមាថមាក់ងាយយើង ហើយផ្ដាច់សម្ពន្ធមេត្រីជាមួយយើង។ 21នៅពេលមហន្តរាយ និងទុក្ខវេទនាជាច្រើន កើតមានដល់ពួកគេ បទចម្រៀងនេះធ្វើជាសាក្សីទាស់នឹងពួកគេ សូម្បីតែពូជពង្សរបស់ពួកគេក៏ចេះច្រៀងបទនេះដែរ។ មុនពេលយើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងសន្យាយ៉ាងម៉ឺងម៉ាត់ ថាប្រគល់ឲ្យពួកគេ យើងដឹងជាមុនថា ចិត្តរបស់ពួកគេប្រែប្រួល»។
22នៅថ្ងៃនោះ លោកម៉ូសេបានសរសេរបទចម្រៀងនេះ ហើយបង្រៀនដល់កូនចៅអ៊ីស្រាអែល។
23 ព្រះអម្ចាស់បង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រាអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ ថាប្រគល់ឲ្យពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
24ពេលលោកម៉ូសេសរសេរព្រះបន្ទូលស្ដីអំពីក្រឹត្យវិន័យនេះទុកក្នុងគម្ពីរ ចប់សព្វគ្រប់ហើយ 25លោកបង្គាប់ពួកលេវីដែលមានភារកិច្ចសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ថា៖ 26«ចូរយកក្រឹត្យវិន័យនេះទៅទុកជាមួយហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ គម្ពីរនេះជាបន្ទាល់ទាស់នឹងអ្នក 27ដ្បិតខ្ញុំដឹងថាអ្នកមានគំនិតបះបោរ និងមានចិត្តរឹងរូស។ ពេលខ្ញុំនៅរស់ អ្នកបះបោរប្រឆាំងនឹងព្រះអម្ចាស់យ៉ាងនេះទៅហើយ ចុះទម្រាំបើខ្ញុំស្លាប់ តើអ្នកនឹងបះបោរយ៉ាងណាទៅទៀត! 28ចូរប្រមូលព្រឹទ្ធាចារ្យ*ទាំងអស់នៃកុលសម្ព័ន្ធរបស់អ្នករាល់គ្នា ព្រមទាំងមេក្រុមឲ្យមកជួបខ្ញុំ ខ្ញុំនឹងឲ្យពួកគេឮព្រះបន្ទូលទាំងនេះ។ ខ្ញុំក៏យកមេឃ និងដីធ្វើជាសាក្សីទាស់នឹងពួកគេដែរ 29ដ្បិតខ្ញុំដឹងថា ពេលខ្ញុំលាចាកលោកនេះទៅ អ្នករាល់គ្នានឹងក្បត់ព្រះជាម្ចាស់ ដោយងាកចេញពីមាគ៌ាដែលខ្ញុំបង្គាប់អ្នករាល់គ្នា។ ពេលអនាគត អ្នករាល់គ្នានឹងប្រព្រឹត្តអំពើអាក្រក់មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ រហូតបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ ហើយទុក្ខវេទនានឹងកើតមានដល់អ្នករាល់គ្នា»។ 30លោកម៉ូសេបានថ្លែងសេចក្ដីទាំងប៉ុន្មានដែលមាននៅក្នុងបទចម្រៀងនេះ ឲ្យអង្គប្រជុំទាំងមូលនៃជនជាតិអ៊ីស្រាអែលស្ដាប់ រហូតដល់ចប់។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 31: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.