ទុតិយកថា 31:1-13

ទុតិយកថា 31:1-13 គខប

លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ទៀត​ថា៖ «ឥឡូវ​នេះ ខ្ញុំ​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ​ហើយ ខ្ញុំ​ពុំ​អាច​ដឹក​នាំ​អ្នក​រាល់​គ្នា​ទៀត​ទេ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ខ្ញុំ​ពុំ​អាច​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ឡើយ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​នឹង​បំផ្លាញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក ដើម្បី​ឲ្យ​អ្នក​ដណ្ដើម​យក​ស្រុក​ពី​ពួក​គេ។ លោក​យ៉ូស្វេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​អ្នក ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល។ ព្រះ‌អម្ចាស់​នឹង​កម្ទេច​ប្រជា‌ជាតិ​ទាំង​នោះ ដូច​ព្រះអង្គ​បាន​កម្ទេច​ស៊ីហុន និង​អុក​ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី ព្រម​ទាំង​ស្រុក​របស់​គេ។ ព្រះ‌អម្ចាស់​នឹង​ប្រគល់​ប្រជា‌ជាតិ​ទាំង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ តាម​បញ្ជា​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឲ្យ​សោះ ដ្បិត​ព្រះ‌អម្ចាស់​ផ្ទាល់ ជា​ព្រះ​របស់​អ្នក នឹង​យាង​ទៅ​ជា​មួយ​អ្នក។ ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។ លោក​ម៉ូសេ​ហៅ​លោក​យ៉ូស្វេ​មក ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​លោក នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង! ដ្បិត​អ្នក​ត្រូវ​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ចំពោះ​បុព្វបុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ អ្នក​ត្រូវ​នាំ​ប្រជា‌ជន​នេះ​ទៅ​កាន់​កាប់​ទឹក​ដី ជា​ចំណែក​មត៌ក​របស់​ពួក​គេ។ ព្រះ‌អម្ចាស់​ផ្ទាល់​នឹង​យាង​នៅ​មុខ​អ្នក ព្រះអង្គ​គង់​នៅ​ជា​មួយ​អ្នក ហើយ​ព្រះអង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ ហេតុ​នេះ កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​ឲ្យ​សោះ»។ លោក​ម៉ូសេ​បាន​សរសេរ​ក្រឹត្យ‌វិន័យ​នេះ​ប្រគល់​ជូន​ពួក​បូជា‌ចារ្យ ជា​កូន​ចៅ​លេវី ដែល​មាន​ភារ‌កិច្ច​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ក៏​ប្រគល់​ជូន​លោក​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ លោក​ម៉ូសេ​បង្គាប់​ដល់​ពួក​គេ​ដូច​ត​ទៅ៖ «ប្រាំ‌ពីរ​ឆ្នាំ​ម្ដង គឺ​នៅ​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល ក្នុង​ឱកាស​បុណ្យ​បារាំ ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​កន្លែង​ដែល​ព្រះអង្គ​ជ្រើស​រើស ចូរ​អាន​ក្រឹត្យ‌វិន័យ​នេះ​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដើម្បី​ឲ្យ​ពួក​គេ​បាន​ឮ។ ត្រូវ​ប្រមូល​ប្រជា‌ជន ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក ដើម្បី​ឲ្យ​ពួក​គេ​ឮ​ក្រឹត្យ‌វិន័យ​នេះ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាន់ និង​អនុវត្ត​តាម​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។ ចំណែក​ឯ​កូន​ចៅ​របស់​គេ​ដែល​ពុំ​ស្គាល់​គម្ពីរ‌វិន័យ​នេះ ក៏​នឹង​បាន​ឮ ហើយ​រៀន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ក្នុង​ពេល​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ទឹក​ដី ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់»។