ទុតិយកថា 30:11-20

ទុតិយកថា 30:11-20 គខប

បទ‌បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​របស់​អ្នក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ដែរ។ បទ‌បញ្ជា​នេះ​មិន​មែន​ស្ថិត​នៅ​លើ​មេឃ បណ្ដាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឡើង​ទៅ​លើ​មេឃ​យក​បទ‌បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។ បទ‌បញ្ជា​នេះ​ក៏​មិន​ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្ដាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ‌បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។ ផ្ទុយ​ទៅ​វិញ ព្រះ‌បន្ទូល​នេះ​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់ និង​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ប្រតិបត្តិ​តាម។ មើល៍​ថ្ងៃ​នេះ ខ្ញុំ​ឲ្យ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ អំពើ​ល្អ ឬ​អំពើ​អាក្រក់ ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ កាន់​តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​របស់​ព្រះអង្គ។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។ ប៉ុន្តែ បើ​អ្នក​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ មិន​ព្រម​ស្ដាប់​បង្គាប់​ព្រះអង្គ ដោយ​បណ្ដោយ​ខ្លួន​ទៅ​ក្រាប​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​ព្រះ​ឯ​ទៀតៗ នោះ​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​មុខ​ជា​វិនាស​សូន្យ គឺ​អ្នក​ពុំ​អាច​មាន​អាយុ​យឺន‌យូរ​នៅ​ក្នុង​ស្រុក ដែល​អ្នក​ត្រូវ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​កាន់​កាប់​នោះ​ឡើយ។ ថ្ងៃ​នេះ ខ្ញុំ​សូម​យក​មេឃ និង​ដី ធ្វើ​ជា​សាក្សី​ទាស់​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ ព្រះ‌ពរ ឬ​បណ្ដាសា។ ចូរ​ជ្រើស​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក​បាន​រស់​រាន។ ចូរ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចូរ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះអង្គ និង​ជំពាក់​ចិត្ត​លើ​ព្រះអង្គ។ ព្រះអង្គ​ជា​ជីវិត​របស់​អ្នក ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ ដើម្បី​ឲ្យ​អ្នក​រស់​នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ថា នឹង​ប្រទាន​ឲ្យ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក»។