ទុតិយកថា 28

28
ព្រះ‌ពរ
1 «ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ដូច​ខ្ញុំ​បង្គាប់​នៅ​ថ្ងៃ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ទៅ​ជា​ប្រជា‌ជាតិ​មួយ ប្រសើរ​ជាង​ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី។ 2ប្រសិន​បើ​អ្នក​ស្ដាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ព្រះអង្គ​នឹង​ប្រទាន​ពរ​គ្រប់​យ៉ាង​ដល់​អ្នក 3គឺ​ព្រះអង្គ​ប្រទាន​ពរ​ដល់​អ្នក នៅ​តាម​ទីក្រុង ព្រះអង្គ​ប្រទាន​ពរ​ដល់​អ្នក​នៅ​តាម​ស្រែ​ចម្ការ។ 4ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក​កើន​ភោគ‌ផល​បរិបូណ៌ ហើយ​ហ្វូង​សត្វ​របស់​អ្នក គឺ​គោ និង​ចៀម​ក៏​នឹង​កើន​ចំនួន​ឡើង​ជា​ច្រើន​ដែរ។ 5ព្រះអង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​ផ្លែ​ឈើ​ពេញ​ល្អី ព្រម​ទាំង​មាន​ស្រូវ​ពេញ​ជង្រុក។
6ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។
7 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​បច្ចា‌មិត្ត​បាក់​ទ័ព រត់​នៅ​ពី​មុខ​អ្នក។ ពួក​គេ​ចេញ​មក​វាយ​អ្នក ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​ពួក​គេ​នឹង​រត់​នៅ​មុខ​អ្នក ទៅ​តាម​ផ្លូវ​ប្រាំ‌ពីរ។
8 ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​ស្រូវ​ពេញ​ជង្រុក ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ ព្រះអង្គ​ប្រទាន​ពរ​ជានិច្ច។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ពរ​អ្នក ក្នុង​ស្រុក​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក។ 9ពេល​ណា​អ្នក​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ នោះ​ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ* ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​អ្នក។ 10ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ឃើញ​ថា ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​អ្នក។ 11ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ដោយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក និង​ហ្វូង​សត្វ​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ទទួល​ភោគ‌ផល​ជា​ច្រើន នៅ​លើ​ទឹក​ដី​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​បុព្វបុរស* ថា​ប្រទាន​ឲ្យ​អ្នក​ដែរ។ 12ព្រះ‌អម្ចាស់​នឹង​បើក​ផ្ទៃ​មេឃ បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក តាម​រដូវ​កាល ដើម្បី​ប្រទាន​ពរ​ដល់​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ។ អ្នក​នឹង​ឲ្យ​ទ្រព្យ​ដល់​ប្រជា‌ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​មិន​ខ្ចី​ពី​គេ​ឡើយ។ 13ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​ជាង​គេ គឺ​មិន​មែន​អន់​ជាង​គេ​ទេ អ្នក​នឹង​ទទួល​កិត្តិយស​ខ្ពង់‌ខ្ពស់​ជានិច្ច គឺ​មិន​ចុះ​ឱន​ថយ​ឡើយ។ ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។ 14មិន​ត្រូវ​ងាក​ទៅ​ឆ្វេង ទៅ​ស្ដាំ ឆ្ងាយ​ពី​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»
បណ្ដាសា
15«ប្រសិន​បើ​អ្នក​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ប្រសិន​បើ​អ្នក​មិន​កាន់ ឬ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​នឹង​ទទួល​បណ្ដាសា​ដូច​ត​ទៅ:
16អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ទីក្រុង ហើយ​អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ស្រុក​ស្រែ។ 17អ្នក​នឹង​ត្រូវ​បណ្ដាសា ដោយ​គ្មាន​ផ្លែ​ឈើ​នៅ​ក្នុង​ល្អី គ្មាន​ស្រូវ​នៅ​ក្នុង​ជង្រុក។ 18អ្នក​នឹង​ត្រូវ​បណ្ដាសា​ដោយ​គ្មាន​កូន​ចៅ ដី​របស់​អ្នក​មិន​បង្កើត​ភោគ‌ផល ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក ក៏​មិន​កើន​ចំនួន​ដែរ។ 19អ្នក​នឹង​ទទួល​បណ្ដាសា​ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។
20 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​ប្រទះ​ទុក្ខ​វេទនា ភាព​អាសន្ន និង​ភយន្ត‌រាយ ហើយ​អ្វីៗ​ដែល​អ្នក​ធ្វើ​នឹង​ត្រូវ​ខូច​បង់ រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​បោះ​បង់​ចោល​ព្រះអង្គ។
21 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អាសន្ន‌រោគ​កើត​មាន​ចំពោះ​អ្នក រហូត​ដល់​អ្នក​វិនាស​សូន្យ​បាត់​ពី​ទឹក​ដី​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។ 22ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ដោយ​ជំងឺ​រាត​ត្បាត ជំងឺ​គ្រុន​ក្ដៅ គ្រុន​រលាក គ្រុន​សន្ធំ ព្រម​ទាំង​មាន​កើត​ការ​រាំង​ស្ងួត ស្រូវ​របស់​អ្នក​នឹង​ស្កក ហើយ​មាន​ក្រា​ស៊ី។ ទុក្ខ​វេទនា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស។ 23មេឃ​ដែល​នៅ​ពី​លើ​អ្នក​នឹង​ក្ដៅ​ដូច​ជា​លង្ហិន ហើយ​ដី​ដែល​នៅ​ពី​ក្រោម​អ្នក​នឹង​រឹង​ដូច​ដែក។ 24ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ធូលី​ដី ព្រម​ទាំង​ផេះ​ធ្លាក់​ពី​លើ​មេឃ មក​លើ​ស្រុក​របស់​អ្នក​ជំនួស​ភ្លៀង រហូត​ទាល់​តែ​អ្នក​វិនាស។
25 ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ‌ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។ 26សាក‌សព​របស់​អ្នក​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ត្មាត និង​សត្វ​ព្រៃ ហើយ​គ្មាន​នរណា​មក​ដេញ​ពួក​វា​ឡើយ។
27 ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ដោយ​គ្រោះ​កាច ដូច​ព្រះអង្គ​ធ្លាប់​ប្រហារ​ជន‌ជាតិ​អេស៊ីប​ដែរ ។ ព្រះអង្គ​នឹង​ប្រហារ​អ្នក​ដោយ​រោគ​ឫស‌ដូង‌បាត កើត​បូស កើត​រមាស់ ដែល​ពុំ​អាច​មើល​ជា​ឡើយ។ 28ព្រះ‌អម្ចាស់​ប្រហារ​អ្នក​ឲ្យ​វង្វេង​ស្មារតី វិកល‌ចរិត និង​មើល​អ្វី​លែង​ឃើញ។ 29អ្នក​នឹង​ដើរ​រាវ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​មនុស្ស​ខ្វាក់​ដើរ​ស្ទាបៗ ក្នុង​ភាព​អន្ធការ។ អ្នក​ពុំ​អាច​សម្រេច​តាម​គម្រោង‌ការ​ដែល​អ្នក​រៀបចំ​ឡើយ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ទេ។
30ពេល​អ្នក​មាន​គូ​ដណ្ដឹង បុរស​ម្នាក់​ទៀត​នឹង​រំលោភ​នាង។ ពេល​អ្នក​សង់​ផ្ទះ អ្នក​នឹង​មិន​បាន​រស់​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ពេល​អ្នក​ដាំ​ទំពាំង‌បាយជូរ អ្នក​នឹង​មិន​បាន​បរិភោគ‌ផល​ឡើយ។ 31គេ​នឹង​សម្លាប់​គោ​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក តែ​អ្នក​មិន​បាន​សាច់​បរិភោគ​ឡើយ។ គេ​រឹប​អូស​យក​លា​របស់​អ្នក នៅ​ចំពោះ​មុខ​អ្នក ហើយ​វា​នឹង​មិន​វិល​មក​វិញ​ទេ។ គេ​នឹង​ប្រគល់​ហ្វូង​ចៀម​របស់​អ្នក​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​របស់​អ្នក ហើយ​គ្មាន​នរណា​មក​ជួយ​អ្នក​ឡើយ។ 32គេ​នឹង​លក់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​ទៅ​ឲ្យ​សាសន៍​ដទៃ នៅ​ចំពោះ​មុខ​អ្នក រៀង​រាល់​ថ្ងៃ អ្នក​ទន្ទឹង​រង់‌ចាំ​ពួក​គេ​វិល​ត្រឡប់​មក​វិញ រហូត​ដល់​ផ្សា​ភ្នែក តែ​ពុំ​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ។ 33ជាតិ​សាសន៍​ដែល​អ្នក​ពុំ​ស្គាល់​នឹង​បរិភោគ​ដំណាំ ដែល​ដុះ​ចេញ​ពី​ដី​របស់​អ្នក គឺ​ភោគ‌ផល​ទាំង​ប៉ុន្មាន​ដែល​អ្នក​ប្រឹង‌ប្រែង​ធ្វើ។ រៀង​រាល់​ថ្ងៃ អ្នក​នឹង​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន។ 34ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក មុខ​ជា​ធ្វើ​ឲ្យ​អ្នក​វង្វេង​ស្មារតី។
35 ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក​ឲ្យ​កើត​ដំបៅ​រីក​នៅ​ក្បាល​ជង្គង់ និង​នៅ​ជើង​ដែល​អ្នក​ពុំ​អាច​មើល​ជា​បាន​ឡើយ។ ព្រះអង្គ​នឹង​ប្រហារ​អ្នក​ចាប់​ពី​ក្បាល​រហូត​ដល់​ចុង​ជើង។ 36ព្រះ‌អម្ចាស់​នឹង​ឲ្យ​គេ​កៀរ​អ្នក ព្រម​ទាំង​ស្ដេច​ដែល​អ្នក​នឹង​ជ្រើស​រើស​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។
37ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​នាំ​អ្នក​ទៅ​នៅ​ស្រុក​គេ​នោះ នឹង​នាំ​គ្នា​ភ្ញាក់​ផ្អើល ហើយ​យក​រឿង​របស់​អ្នក​ទៅ​និទាន​ប្រាប់​គ្នា ព្រម​ទាំង​ប្រមាថ​មាក់‌ងាយ​អ្នក​រាល់​គ្នា​ទៀត​ផង។
38អ្នក​នឹង​យក​គ្រាប់​ពូជ​ជា​ច្រើន​ទៅ​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ​របស់​អ្នក តែ​អ្នក​ច្រូត​ផល​បាន​តិច ព្រោះ​មាន​កណ្ដូប​ស៊ី។ 39អ្នក​ដាំ​ទំពាំង‌បាយជូរ ហើយ​មើល​ថែ​ទាំ តែ​អ្នក​នឹង​ពុំ​បាន​បេះ​ផ្លែ ឬ​បរិភោគ​ស្រា​ទំពាំង‌បាយជូរ​ឡើយ ដ្បិត​មាន​ដង្កូវ​ស៊ី​ទំពាំង‌បាយជូរ​នោះ​អស់។ 40អ្នក​ដាំ​អូលីវ​ពាស‌ពេញ​ស្រុក តែ​អ្នក​នឹង​ពុំ​បាន​គាប​ផ្លែ​យក​ប្រេង​ទេ ដ្បិត​ផ្លែ​អូលីវ​របស់​អ្នក​នឹង​ជ្រុះ​អស់។ 41អ្នក​មាន​កូន​ប្រុស​កូន​ស្រី តែ​ពួក​គេ​នឹង​មិន​នៅ​ជា​មួយ​អ្នក​ឡើយ ព្រោះ​ពួក​គេ​នឹង​ត្រូវ​ខ្មាំង​ចាប់​ទៅ​ជា​ឈ្លើយ។ 42ដើម​ឈើ និង​ដំណាំ​ទាំង​ប៉ុន្មាន​របស់​អ្នក​មុខ​ជា​ត្រូវ​ចង្រិត​ស៊ី​បង្ហិន។
43ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ​លើ​អ្នក ហើយ​អ្នក​ចុះ​ឱន​ថយ​កាន់​តែ​ខ្សោយ​ទៅៗ។ 44គេ​នឹង​ឲ្យ​ទ្រព្យ​អ្នក​ខ្ចី គឺ​មិន​មែន​អ្នក​ទេ​ដែល​ឲ្យ​គេ​ខ្ចី។ គេ​នឹង​ថ្កុំ‌ថ្កើង​បំផុត រីឯ​អ្នក​វិញ​អ្នក​អន់​ជាង​គេ​បំផុត។
45បណ្ដាសា​ទាំង​នេះ​នឹង​កើត​មាន​ដល់​អ្នក ហើយ​ស្ថិត​នៅ​ជាប់​ជា​មួយ​អ្នក​ជានិច្ច រហូត​ទាល់​តែ​អ្នក​វិនាស ព្រោះ​អ្នក​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក អ្នក​ពុំ​បាន​កាន់​តាម​បទ‌បញ្ជា និង​ក្រឹត្យ​ច្បាប់​ដែល​ព្រះអង្គ​ប្រទាន​មក​អ្នក​ឡើយ។ 46បណ្ដាសា​ទាំង​នេះ​ជា​ទី​សម្គាល់ និង​ជា​ឫទ្ធិ‌បាដិ‌ហារិយ៍ សម្រាប់​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក​រហូត​ត​ទៅ។
47នៅ​ពេល​សម្បូណ៌‌សប្បាយ ប្រសិន​បើ​អ្នក​ពុំ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​អំណរ និង​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ 48នោះ​អ្នក​នឹង​បម្រើ​ខ្មាំង​សត្រូវ ដែល​ព្រះ‌អម្ចាស់​ចាត់​ឲ្យ​មក​ប្រហារ​អ្នក។ អ្នក​នឹង​ស្រេក​ឃ្លាន ខ្លួន​ទទេ ហើយ​ខ្វះ​ខាត​អ្វីៗ​ទាំង​អស់។ ព្រះអង្គ​ដាក់​នឹម​ដែក​លើ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។ 49ព្រះ‌អម្ចាស់​នឹង​នាំ​ប្រជា‌ជាតិ​មួយ​ពី​ស្រុក​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី មក​ប្រហារ​អ្នក។ ប្រជា‌ជាតិ​នោះ​នឹង​មក​ដល់​ដូច​សត្វ​ត្មាត​បោះ‌ពួយ អ្នក​ស្ដាប់​ភាសា​របស់​ប្រជា‌ជាតិ​នោះ​មិន​បាន​ទេ។ 50ពួក​គេ​មាន​ទឹក​មុខ​សាហាវ ពួក​គេ​មិន​គោរព​ចាស់​ទុំ ហើយ​ក៏​គ្មាន​ចិត្ត​មេត្តា​ចំពោះ​កូន​ក្មេង​ដែរ។ 51ពួក​គេ​នឹង​បរិភោគ​សត្វ ព្រម​ទាំង​ភោគ‌ផល​ដែល​កើត​ពី​ដី​របស់​អ្នក រហូត​ទាល់​តែ​អ្នក​ហិន‌ហោច​អស់។ ពួក​គេ​មិន​ទុក​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង កូន​គោ កូន​ចៀម​ឲ្យ​នៅ​សល់​សម្រាប់​អ្នក​ឡើយ រួច​ហើយ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​វិនាស​សូន្យ។ 52ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​ទីក្រុង​ទាំង‌ឡាយ​ដែល​អ្នក​រស់​នៅ ពួក​គេ​នឹង​រំលំ​កំពែង​ក្រុង​ដ៏​ខ្ពស់ ហើយ​មាំ​នៅ​ក្នុង​ស្រុក​របស់​អ្នក គឺ​កំពែង​ដែល​ជា​ទី​ទុក​ចិត្ត​របស់​អ្នក។ ពួក​គេ​នឹង​ឡោម‌ព័ទ្ធ​អ្នក​គ្រប់​ទី​កន្លែង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ 53ក្នុង​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ អ្នក​នឹង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង រហូត​ដល់​ស៊ី​សាច់​កូន​របស់​ខ្លួន គឺ​កូន​ប្រុស​កូន​ស្រី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ។ 54ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ដែល​ធ្លាប់​តែ​ស្លូត‌បូត​ជាង​គេ ហើយ​មាន​ចិត្ត​មេត្តា បែរ​ជា​សម្លក់‌សម្លឹង​បងប្អូន ប្រពន្ធ​ជា​ទី​ស្រឡាញ់ និង​កូន​របស់​ខ្លួន​ដែល​នៅ​សេស‌សល់ 55ដោយ​ខ្លាច​គេ​ដណ្ដើម​សាច់​កូន​ដែល​ខ្លួន​ទុក​បរិភោគ ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​ជា​ខ្លាំង គ្មាន​អ្វី​បរិភោគ​ទេ។ 56 ក្នុង​ចំណោម​អ្នក​រាល់​គ្នា ស្ត្រី​ដែល​ធ្លាប់​តែ​ស្លូត‌បូត ហើយ​មាន​ចិត្ត​មេត្តា សូម្បី​តែ​ដី​ក៏​មិន​ហ៊ាន​យក​ជើង​ជាន់​ផង​នោះ បែរ​ជា​សម្លក់‌សម្លឹង​ប្ដី​ជា​ទី​ស្រឡាញ់ និង​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន 57ដ្បិត​ពេល​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក អ្នក​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង ហើយ​ដោយ​ខ្វះ​ខាត​ពេក នាង​មាន​បំណង​យក​ទារក​ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​របស់​ខ្លួន ទៅ​ធ្វើ​ម្ហូប​បរិភោគ​ស្ងាត់ៗ​តែ​ម្នាក់​ឯង។
58ប្រសិន​បើ​អ្នក​មិន​កាន់ និង​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ ប្រសិន​បើ​អ្នក​មិន​កោត​ខ្លាច​ព្រះ‌នាម​ដ៏​រុងរឿង គួរ​ឲ្យ​ស្ញែង​ខ្លាច​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ទេ 59ព្រះ‌អម្ចាស់​នឹង​ប្រហារ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ដោយ​សម្តែង​ការ​អស្ចារ្យ ធ្វើ​ឲ្យ​កើត​ដំបៅ និង​ជំងឺ​ដ៏​ធ្ងន់ៗ ដែល​ពុំ​អាច​មើល​ជា។ 60ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដែល​ធ្លាប់​កើត​ចំពោះ​ជន‌ជាតិ​អេស៊ីប ហើយ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ញ‌ញើត​នោះ កើត​ចំពោះ​អ្នក​ដែរ។ ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​ជា​មួយ​អ្នក។ 61ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជំងឺ និង​គ្រោះ​កាច​គ្រប់​យ៉ាង ដែល​គ្មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​វិន័យ​នេះ កើត​មាន​ចំពោះ​អ្នក រហូត​ទាល់​តែ​អ្នក​វិនាស​សូន្យ។ 62អ្នក​រាល់​គ្នា​ដែល​មាន​ចំនួន​យ៉ាង​ច្រើន​ដូច​ផ្កាយ​នៅ​លើ​មេឃ នឹង​ក្លាយ​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​តូច ព្រោះ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក។ 63ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​ច្រើន​ឡើង​យ៉ាង​ណា ព្រះអង្គ​ក៏​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​នឹង​កម្ទេច​អ្នក​រាល់​គ្នា ហើយ​ប្រហារ​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​យ៉ាង​នោះ​ដែរ។ ព្រះអង្គ​នឹង​ដក​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់។
64 ព្រះ‌អម្ចាស់​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។ 65ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​នោះ អ្នក​នឹង​មិន​បាន​សុខ‌សាន្ត ហើយ​ក៏​មិន​មែន​ជា​កន្លែង​ដែល​អ្នក​សម្រាក​ដែរ។ ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ចិត្ត​អ្នក​ពុំ​បាន​ស្ងប់ ឲ្យ​ភ្នែក​របស់​អ្នក​ស្រវាំង ហើយ​ឲ្យ​ចិត្ត​គំនិត​របស់​អ្នក​ឈឺ​ចាប់។ 66ជីវិត​របស់​អ្នក​ប្រៀប​បាន​នឹង​អំបោះ​មួយ​សរសៃ អ្នក​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ជីវិត​គ្មាន​ន័យ​អ្វី​សម្រាប់​អ្នក​ទៀត​ឡើយ។ 67ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក បណ្ដាល​ឲ្យ​អ្នក​ភ័យ​ខ្លាច។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ល្ងាច​ឆាប់​មក​ដល់!” នៅ​ពេល​ល្ងាច​អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!”។ 68ព្រះ‌អម្ចាស់​នឹង​នាំ​អ្នក​ទៅ​ស្រុក​អេស៊ីប​វិញ តាម​នាវា។ អ្នក​នឹង​វិល​ត្រឡប់​ទៅ​ស្រុក ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា អ្នក​នឹង​មិន​បាន​ឃើញ​ទៀត​ឡើយ! នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​លក់​ខ្លួន​ធ្វើ​ជា​ទាសា‌ទាសី​របស់​ខ្មាំង​សត្រូវ តែ​គ្មាន​នរណា​ចង់​ទិញ​អ្នក​រាល់​គ្នា​ទេ!»។
សុន្ទរ‌កថា​ចុង​ក្រោយ​របស់​លោក​ម៉ូសេ
សម្ពន្ធ‌មេត្រី​នៅ​ស្រុក​ម៉ូអាប់
69ក្រៅ​ពី​សម្ពន្ធ‌មេត្រី*​ដែល​ព្រះ‌អម្ចាស់​ចង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ភ្នំ​ហោរែប ព្រះអង្គ​បាន​បង្គាប់​ឲ្យ​លោក​ម៉ូសេ​ចង​សម្ពន្ធ‌មេត្រី​មួយ​ទៀត​ជា​មួយ​ពួក​គេ​នៅ​ស្រុក​ម៉ូអាប់ ដែល​មាន​សេចក្ដី​ដូច​ខាង​ក្រោម​នេះ។

ទើបបានជ្រើសរើសហើយ៖

ទុតិយកថា 28: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល