ទុតិយកថា 25
25
1ពេលណាមនុស្សពីរនាក់មានរឿងជាមួយគ្នា ហើយឡើងទៅឲ្យតុលាការកាត់ក្ដី ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្ដី ម្នាក់ទៀតមានទោស។ 2ប្រសិនបើអ្នកមានទោសនោះត្រូវទទួលរំពាត់ ចៅក្រមត្រូវឲ្យគាត់ដេកលើដីនៅចំពោះមុខលោក។ គេត្រូវវាយអ្នកនោះឲ្យសមនឹងកំហុស ដែលខ្លួនបានប្រព្រឹត្ត។ 3#២ករ. ១១.២៤ប៉ុន្តែ មិនត្រូវវាយគាត់លើសពីសែសិបរំពាត់ឡើយ#២៥.៣ ដើម្បីកុំឲ្យលើសសែសិបរំពាត់ ជនជាតិយូដាមានទម្លាប់វាយតែសាមសិបប្រាំបួនប៉ុណ្ណោះ។ បើវាយលើសពីនោះ ក្រែងលោបងប្អូនរួមជាតិរបស់អ្នកត្រូវបាត់បង់កិត្តិយស នៅចំពោះមុខអ្នក។
4 #
១ករ. ៩.៩; ១ធម. ៥.១៨ កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។
ស្ត្រីមេម៉ាយដែលគ្មានកូន
5 #
មថ. ២២.២៤; មក. ១២.១៩; លក. ២០.២៨ «ពេលបងប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកស្លាប់នោះពុំអាចរៀបការជាមួយអ្នកដទៃឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារកិច្ចរបស់ខ្លួនជាប្អូនថ្លៃ។ 6កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវមានឈ្មោះជាកូនរបស់ប្ដីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យគេបាត់ឈ្មោះពីចំណោមជនជាតិអ៊ីស្រាអែល។#២៥.៦ ខ ៥-៦ សូមអាន មថ ២២.២៤; មក ១២.១៩; លក ២០.២៨។
7 #
រស់. ៤.៧-៨
ប្រសិនបើប្អូនប្រុសនោះមិនសុខចិត្តរៀបការជាមួយបងថ្លៃរបស់ខ្លួនទេ នាងត្រូវទៅជួបពួកព្រឹទ្ធាចារ្យនៅមាត់ទ្វារក្រុង ជម្រាបថា “ប្អូនថ្លៃរបស់នាងខ្ញុំមិនព្រមរក្សាឈ្មោះបងប្រុសរបស់ខ្លួន ឲ្យគង់វង្ស នៅក្នុងចំណោមជនជាតិអ៊ីស្រាអែលទេ គឺគាត់មិនចង់រៀបការជាមួយនាងខ្ញុំ តាមភារកិច្ចរបស់គាត់ជាប្អូនថ្លៃឡើយ”។ 8ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវហៅអ្នកនោះមកសួរ។ ប្រសិនបើគាត់នៅតែបដិសេធមិនព្រមរៀបការជាមួយនាងទេនោះ 9បងថ្លៃត្រូវចូលទៅជិតគាត់ នៅចំពោះមុខពួកព្រឹទ្ធាចារ្យ នាងត្រូវហូតស្បែកជើងចេញពីជើងរបស់គាត់ ព្រមទាំងស្ដោះទឹកមាត់ដាក់មុខគាត់ រួចប្រកាសថា “មនុស្សដែលពុំព្រមបន្តពូជឲ្យបងប្រុសរបស់ខ្លួន ត្រូវតែបាក់មុខដូច្នេះឯង!”។ 10ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គេនឹងដាក់ឈ្មោះក្រុមគ្រួសារអ្នកនោះថា “ពូជអត់ស្បែកជើង”»។
ការហាមឃាត់នៅពេលឈ្លោះប្រកែកគ្នា
11«នៅពេលបុរសពីរនាក់កំពុងបោកចំបាប់គ្នា ប្រសិនបើប្រពន្ធរបស់បុរសម្នាក់ចូលទៅជួយប្ដីរបស់ខ្លួន ឲ្យរួចពីកណ្ដាប់ដៃរបស់គូវិវាទ ដោយចាប់ទាញកេរខ្មាសរបស់បុរសម្នាក់ទៀត 12ចូរកាត់ដៃស្ត្រីនោះចោល គឺមិនត្រូវអាណិតមេត្តានាងឡើយ»។
ជញ្ជីង និងរង្វាល់ត្រឹមត្រូវ
13 #
លវ. ១៩.៣៥-៣៦
«ក្នុងថង់របស់អ្នកមិនត្រូវមានកូនទម្ងន់ពីរខុសគ្នា គឺមួយធ្ងន់ មួយស្រាលឡើយ។ 14ក្នុងផ្ទះរបស់អ្នកក៏មិនមានរង្វាល់ពីរខុសគ្នា គឺមួយធំ មួយតូចដែរ។ 15អ្នកត្រូវតែមានកូនទម្ងន់ និងរង្វាល់ត្រឹមត្រូវ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យ។ 16ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់ខ្ពើមជនដែលប្រព្រឹត្តអំពើគៃបន្លំរបៀបនេះណាស់»។#២៥.១៦ ខ ១៣-១៦ សូមអាន លវ ១៩.៣៥-៣៦, ១សយ ១៥.២-៩។
ជនជាតិអាម៉ាឡេក ជាសត្រូវសួរពូជ
17 #
នក. ១៧.៨-១៤; ១សយ. ១៥.២-៩ «ចូរកុំភ្លេចនូវអំពើដែលជនជាតិអាម៉ាឡេកបានប្រព្រឹត្តចំពោះអ្នក នៅតាមផ្លូវ ក្រោយពេលអ្នកចាកចេញពីស្រុកអេស៊ីប។ 18ពួកគេបានសម្ងំចាំអ្នកនៅតាមផ្លូវ ហើយពេលអ្នកអស់កម្លាំងនោះ ពួកគេបានវាយអស់អ្នកដែលដើរយឺតជាងគេនៅតាមក្រោយ។ ពួកគេធ្វើដូច្នេះ មកពីពួកគេមិនកោតខ្លាចព្រះជាម្ចាស់។ 19កាលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក កម្ចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលព្រះអង្គប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។#២៥.១៩ ខ ១៧-១៩ សូមអាន នក ១៧.៨-១៤, ១សយ ១៥.២-៩។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 25: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.