ទុតិយកថា 25

25
1ពេល​ណា​មនុស្ស​ពីរ​នាក់​មាន​រឿង​ជា​មួយ​គ្នា ហើយ​ឡើង​ទៅ​ឲ្យ​តុលា‌ការ​កាត់​ក្ដី ម្នាក់​ជា​អ្នក​ស្លូត​ត្រង់​ឈ្នះ​ក្ដី ម្នាក់​ទៀត​មាន​ទោស។ 2ប្រសិន​បើ​អ្នក​មាន​ទោស​នោះ​ត្រូវ​ទទួល​រំពាត់ ចៅ‌ក្រម​ត្រូវ​ឲ្យ​គាត់​ដេក​លើ​ដី​នៅ​ចំពោះ​មុខ​លោក។ គេ​ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​សម​នឹង​កំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ 3 ប៉ុន្តែ មិន​ត្រូវ​វាយ​គាត់​លើស​ពី​សែ‌សិប​រំពាត់​ឡើយ បើ​វាយ​លើស​ពី​នោះ ក្រែង​លោ​បងប្អូន​រួម​ជាតិ​របស់​អ្នក​ត្រូវ​បាត់​បង់​កិត្តិយស នៅ​ចំពោះ​មុខ​អ្នក។
4 កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។
ស្ត្រី​មេម៉ាយ​ដែល​គ្មាន​កូន
5 «ពេល​បងប្អូន​ប្រុសៗ​រស់​នៅ​ជា​មួយ​គ្នា ប្រសិន​បើ​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ប្រុស​ទេ ប្រពន្ធ​របស់​អ្នក​ស្លាប់​នោះ​ពុំ​អាច​រៀបការ​ជា​មួយ​អ្នក​ដទៃ​ឡើយ។ ប្អូន​ថ្លៃ​របស់​នាង​ត្រូវ​យក​នាង​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ភារ‌កិច្ច​របស់​ខ្លួន​ជា​ប្អូន​ថ្លៃ។ 6កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​មាន​ឈ្មោះ​ជា​កូន​របស់​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​គេ​បាត់​ឈ្មោះ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។
7 ប្រសិន​បើ​ប្អូន​ប្រុស​នោះ​មិន​សុខ​ចិត្ត​រៀបការ​ជា​មួយ​បង​ថ្លៃ​របស់​ខ្លួន​ទេ នាង​ត្រូវ​ទៅ​ជួប​ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​មាត់​ទ្វារ​ក្រុង ជម្រាប​ថា “ប្អូន​ថ្លៃ​របស់​នាង​ខ្ញុំ​មិន​ព្រម​រក្សា​ឈ្មោះ​បង​ប្រុស​របស់​ខ្លួន ឲ្យ​គង់‌វង្ស នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​គាត់​មិន​ចង់​រៀបការ​ជា​មួយ​នាង​ខ្ញុំ តាម​ភារ‌កិច្ច​របស់​គាត់​ជា​ប្អូន​ថ្លៃ​ឡើយ”។ 8ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង​ត្រូវ​ហៅ​អ្នក​នោះ​មក​សួរ។ ប្រសិន​បើ​គាត់​នៅ​តែ​បដិសេធ​មិន​ព្រម​រៀបការ​ជា​មួយ​នាង​ទេ​នោះ 9បង​ថ្លៃ​ត្រូវ​ចូល​ទៅ​ជិត​គាត់ នៅ​ចំពោះ​មុខ​ពួក​ព្រឹទ្ធា‌ចារ្យ នាង​ត្រូវ​ហូត​ស្បែក​ជើង​ចេញ​ពី​ជើង​របស់​គាត់ ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​គាត់ រួច​ប្រកាស​ថា “មនុស្ស​ដែល​ពុំ​ព្រម​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន ត្រូវ​តែ​បាក់​មុខ​ដូច្នេះ​ឯង!”។ 10ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល គេ​នឹង​ដាក់​ឈ្មោះ​ក្រុម​គ្រួសារ​អ្នក​នោះ​ថា “ពូជ​អត់​ស្បែក​ជើង”»។
ការ​ហាម​ឃាត់​នៅ​ពេល​ឈ្លោះ​ប្រកែក​គ្នា
11«នៅ​ពេល​បុរស​ពីរ​នាក់​កំពុង​បោក‌ចំបាប់​គ្នា ប្រសិន​បើ​ប្រពន្ធ​របស់​បុរស​ម្នាក់​ចូល​ទៅ​ជួយ​ប្ដី​របស់​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គូ‌វិវាទ ដោយ​ចាប់​ទាញ​កេរ‌ខ្មាស​របស់​បុរស​ម្នាក់​ទៀត 12ចូរ​កាត់​ដៃ​ស្ត្រី​នោះ​ចោល គឺ​មិន​ត្រូវ​អាណិត​មេត្តា​នាង​ឡើយ»។
ជញ្ជីង និង​រង្វាល់​ត្រឹម​ត្រូវ
13 «ក្នុង​ថង់​របស់​អ្នក​មិន​ត្រូវ​មាន​កូន​ទម្ងន់​ពីរ​ខុស​គ្នា គឺ​មួយ​ធ្ងន់ មួយ​ស្រាល​ឡើយ។ 14ក្នុង​ផ្ទះ​របស់​អ្នក​ក៏​មិន​មាន​រង្វាល់​ពីរ​ខុស​គ្នា គឺ​មួយ​ធំ មួយ​តូច​ដែរ។ 15អ្នក​ត្រូវ​តែ​មាន​កូន​ទម្ងន់ និង​រង្វាល់​ត្រឹម​ត្រូវ ដើម្បី​ឲ្យ​អ្នក​មាន​អាយុ​យឺន‌យូរ នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ឲ្យ។ 16ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្អប់​ខ្ពើម​ជន​ដែល​ប្រព្រឹត្ត​អំពើ​គៃ‌បន្លំ​របៀប​នេះ​ណាស់»។
ជន‌ជាតិ​អាម៉ា‌ឡេក ជា​សត្រូវ​សួរ​ពូជ
17 «ចូរ​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន‌ជាតិ​អាម៉ា‌ឡេក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក នៅ​តាម​ផ្លូវ ក្រោយ​ពេល​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ 18ពួក​គេ​បាន​សម្ងំ​ចាំ​អ្នក​នៅ​តាម​ផ្លូវ ហើយ​ពេល​អ្នក​អស់​កម្លាំង​នោះ ពួក​គេ​បាន​វាយ​អស់​អ្នក​ដែល​ដើរ​យឺត​ជាង​គេ​នៅ​តាម​ក្រោយ។ ពួក​គេ​ធ្វើ​ដូច្នេះ មក​ពី​ពួក​គេ​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់។ 19កាល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក កម្ចាត់​ខ្មាំង​សត្រូវ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​អ្នក ហើយ​ប្រោស​ឲ្យ​អ្នក​បាន​សម្រាក​នៅ​ក្នុង​ស្រុក ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​កាន់​កាប់​ជា​កេរ‌មត៌ក ចូរ​ប្រហារ​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​វិនាស​សូន្យ កុំ​ឲ្យ​នរណា​ម្នាក់​នៅ​លើ​ផែនដី​នឹក​ឃើញ​ពួក​គេ​ឡើយ។ ចូរ​កុំ​ភ្លេច​ឲ្យ​សោះ!»។

ទើបបានជ្រើសរើសហើយ៖

ទុតិយកថា 25: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល