ទុតិយកថា 16
16
ពិធីបុណ្យចម្លង
1 #
លវ. ២៣.៥-៨; ជគ. ២៨.១៦-២៥ «នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ដ្បិតនៅយប់ខែចេត្រនេះហើយ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីស្រុកអេស៊ីប។ 2ចូរយកចៀម និងគោ ធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក ក្នុងឱកាសបុណ្យចម្លង នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។ 3ក្នុងអំឡុងពេលបុណ្យនេះមិនត្រូវបរិភោគនំប៉័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំពីរថ្ងៃ ជានំប៉័ងនៃទុក្ខលំបាក រំឭកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីបយ៉ាងប្រញាប់ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។ 4ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ក្នុងផ្ទះរបស់អ្នក និងនៅលើទឹកដីទាំងមូលរបស់អ្នក មិនត្រូវឲ្យមានមេដំបែឡើយ រីឯសាច់របស់សត្វដែលអ្នកសម្លាប់ធ្វើយញ្ញបូជានៅល្ងាចទីមួយ ក៏មិនត្រូវទុកមួយយប់រហូតដល់ព្រឹកដែរ។ 5អ្នកមិនអាចថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅត្រង់កន្លែងណាមួយ ក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានមកអ្នកនោះឡើយ 6គឺត្រូវថ្វាយយញ្ញបូជានៃពិធីបុណ្យចម្លងនេះ នៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់ព្រះនាមរបស់ព្រះអង្គ។ ចូរថ្វាយយញ្ញបូជានៅពេលល្ងាច ជាពេលថ្ងៃលិច គឺចំនឹងពេលដែលអ្នកចាកចេញពីស្រុកអេស៊ីប។ 7ចូរចម្អិនសាច់ដែលអ្នកថ្វាយជាយញ្ញបូជា ហើយបរិភោគនៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើស។ លុះព្រលឹមឡើង អ្នកអាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់អ្នកវិញ។ 8អ្នកត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរជាថ្ងៃបុណ្យធំ សម្រាប់លើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នក គឺមិនត្រូវធ្វើកិច្ចការអ្វីនៅថ្ងៃនោះឡើយ»។#១៦.៨ ខ ១-៨ សូមប្រៀបធៀប នក ១២.១; លវ ២៣.៥-៨ និងជគ ២៨.១៦-២៥។
បុណ្យសប្ដាហ៍ ឬបុណ្យថ្ងៃទីហាសិប
9 #
ជគ. ២៨.២៦-៣១
«ត្រូវគិតពីថ្ងៃដែលអ្នកចាប់ផ្ដើមច្រូតស្រូវទៅ ចំនួនប្រាំពីរសប្ដាហ៍* 10រួចហើយ ចូរប្រារព្ធពិធីបុណ្យសប្ដាហ៍ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ពេលនោះ ចូរថ្វាយតង្វាយស្ម័គ្រចិត្ត ដោយគិតតាមភោគផលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ 11ត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងចំណោមអ្នក។ ត្រូវជប់លៀងបែបនេះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស ទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមព្រះអង្គ។ 12ត្រូវចងចាំថា អ្នកធ្លាប់ធ្វើជាទាសករនៅស្រុកអេស៊ីប។ ដូច្នេះ ចូរកាន់ និងប្រតិបត្តិតាមច្បាប់ទាំងនេះ»។#១៦.១២ ខ ៩-១២ សូមប្រៀបធៀប លវ ២៣.១៥-២១ និងជគ ២៨.២៦-៣១។
បុណ្យបារាំ
13 #
ជគ. ២៩.១២-៣៨
«ពេលណាអ្នកបោកបែនស្រូវ និងជាន់ផ្លែទំពាំងបាយជូររួចរាល់ហើយ ចូរប្រារព្ធពិធីបុណ្យបារាំ* ចំនួនប្រាំពីរថ្ងៃ។ 14ក្នុងឱកាសពិធីបុណ្យនេះ អ្នកត្រូវជប់លៀងយ៉ាងសប្បាយជាមួយកូនប្រុសកូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវី ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយដែលរស់នៅក្នុងចំណោមអ្នក។ 15ត្រូវប្រារព្ធពិធីបុណ្យនេះចំនួនប្រាំពីរថ្ងៃ ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរឲ្យអ្នកទទួលភោគផលច្រើន ហើយប្រទានពរអ្នកក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ អ្នកនឹងមានអំណរឥតឧបមា។#១៦.១៥ ខ ១៣-១៥ សូមប្រៀបធៀបលវ ២៣.៣៣-៤៣ និងជគ ២៩.១២-៣៨។ 16បីដងក្នុងមួយឆ្នាំ គឺនៅពេលបុណ្យនំប៉័ងឥតមេ បុណ្យសប្ដាហ៍ និងបុណ្យបារាំ ត្រូវឲ្យប្រុសៗទាំងអស់ ក្នុងចំណោមអ្នករាល់គ្នា ទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក នៅកន្លែងដែលព្រះអង្គជ្រើសរើស។ ប៉ុន្តែ មិនត្រូវទៅថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយដៃទទេឡើយ។ 17ម្នាក់ៗត្រូវយកតង្វាយទៅជាមួយ តាមតែខ្លួនអាចធ្វើបាន ដោយគិតតាមភោគផលដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ»។
ការតែងតាំងមេដឹកនាំ
18«ត្រូវតែងតាំងឲ្យមានចៅក្រម និងអ្នកត្រួតត្រា នៅតាមក្រុងទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យ។ អ្នកទាំងនោះនឹងវិនិច្ឆ័យប្រជាជននៅតាមកុលសម្ព័ន្ធនានា ដោយយុត្តិធម៌។ 19#នក. ២៣.៦-៨; លវ. ១៩.១៥មិនត្រូវបំពានលើច្បាប់ ឬវិនិច្ឆ័យនរណាម្នាក់ដោយរើសមុខឡើយ ហើយក៏មិនត្រូវទទួលសំណូកដែរ ដ្បិតសំណូករមែងធ្វើឲ្យអ្នកប្រាជ្ញទៅជាខ្វាក់ ហើយធ្វើឲ្យមនុស្សសុចរិតនិយាយវៀចវេរ#១៦.១៩ ឬ«បង្ខូចពាក្យសម្ដីរបស់មនុស្សសុចរិត»។។ 20ត្រូវស្វែងរកតែយុត្តិធម៌ ដើម្បីឲ្យអ្នកមានជីវិត ហើយកាន់កាប់ស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រទានឲ្យ»។
មិនត្រូវគោរពព្រះក្លែងក្លាយ
21 #
នក. ៣៤.១៣
«កុំដំឡើងបង្គោលឈើនៃព្រះអាសេរ៉ានៅក្បែរអាសនៈ ដែលអ្នកសង់ថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ 22#លវ. ២៦.១ហើយក៏មិនត្រូវដំឡើងស្តូបដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនគាប់ព្រះហឫទ័យនោះដែរ។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.