ទុតិយកថា 14
14
ការហាមមិនឲ្យធ្វើពិធីឆូតសាច់
1 «អ្នករាល់គ្នាជាបុត្រធីតារបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ ដូច្នេះ នៅពេលកាន់ទុក្ខ មិនត្រូវធ្វើពិធីឆូតសាច់ ហើយក៏មិនត្រូវកោរសក់ផ្នែកខាងមុខដែរ 2 ដ្បិតអ្នកជាប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់»។
សត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ
3«កុំបរិភោគអ្វីដែលមិនបរិសុទ្ធ*ឡើយ 4សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន គឺមានគោ ចៀម និងពពែ 5ឈ្លូស ក្ដាន់ រមាំង ពពែភ្នំ ប្រើស ទន្សោង ទ្រាយ។ 6អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានក្រចកជើងឆែកជាពីរ ហើយជាសត្វទំពាអៀង។ 7ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬសត្វដែលមានក្រចកជើងឆែកនោះ មិនត្រូវបរិភោគសត្វអូដ្ឋ ទន្សាយគល់ និងទន្សាយថ្មឡើយ ដ្បិតសត្វទាំងនេះទំពាអៀង តែគ្មានក្រចកជើងឆែកទេ ដូច្នេះ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។ 8រីឯជ្រូកក៏មិនត្រូវបរិភោគដែរ ព្រោះវាមានក្រចកជើងឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនបរិសុទ្ធ គឺកុំបរិភោគសាច់វា ហើយក៏កុំប៉ះពាល់ខ្មោចវាដែរ។
9ក្នុងចំណោមសត្វរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។ 10ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកា កុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ។
11អ្នកអាចបរិភោគសត្វស្លាបបរិសុទ្ធទាំងអស់។ 12ប៉ុន្តែ ចំពោះសត្វដែលអ្នករាល់គ្នាមិនអាចបរិភោគ គឺត្មាត ខ្លែងស្រាក និងខ្លែង 13ល្អូត រអាត ស្ទាំង និងពពួកសត្វប្រភេទនេះ 14ក្អែកគ្រប់ប្រភេទ 15អូទ្រុស ទីទុយ រំពេ ប្រមង់ និងពពួកសត្វប្រភេទនេះ 16គូក មៀម អក 17ទុង ក្អែកទឹក ស្មោញ 18កុក ក្រសារ និងពពួកសត្វប្រភេទនេះ ព្រមទាំងត្រសេះ និងប្រចៀវ។ 19អ្នករាល់គ្នាត្រូវចាត់ទុកសត្វល្អិតដែលមានស្លាបទាំងអស់ ជាសត្វមិនបរិសុទ្ធ គឺមិនត្រូវបរិភោគឡើយ។ 20អ្នករាល់គ្នាបរិភោគបានតែសត្វស្លាបណាដែលបរិសុទ្ធ។
21 មិនត្រូវបរិភោគសាច់សត្វ ដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នាបរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែក្នុងទឹកដោះរបស់មេវាឡើយ»។
តង្វាយមួយភាគដប់
22 «រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចម្ការរបស់អ្នកចំនួនមួយភាគដប់ ទុកជាតង្វាយ។ 23ត្រូវបរិភោគតង្វាយមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ដើម្បីឲ្យអ្នករៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករហូតតទៅ។ 24ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ ហើយអ្នកមិនអាចដឹកជញ្ជូនតង្វាយមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកទេនោះ 25ចូរលក់តង្វាយមួយភាគដប់របស់អ្នក ហើយយកប្រាក់ដែលអ្នកលក់បាន ធ្វើដំណើរទៅកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកជ្រើសរើស។ 26ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជាគោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយជាមួយក្រុមគ្រួសារ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក។ 27កុំភ្លេចពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នកឡើយ ដ្បិតគេគ្មានដីជាចំណែកមត៌កជាមួយអ្នកទេ។
28បីឆ្នាំម្ដង ត្រូវយកភោគផលដែលអ្នកទទួលនៅឆ្នាំទីបី ចំនួនមួយភាគដប់ រំលែកចេញមកដាក់ក្នុងក្រុងដែលអ្នករស់នៅ។ 29ពេលនោះ ពួកលេវីដែលគ្មានដីជាចំណែកមត៌កជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគយ៉ាងឆ្អែតបរិបូណ៌។ ធ្វើដូច្នេះ ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងប្រទានពរឲ្យអ្នកបានចម្រុងចម្រើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 14: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.