ទុតិយកថា 12
12
ក្រឹត្យវិន័យ និងច្បាប់ផ្សេងៗ
ត្រូវថ្វាយបង្គំព្រះអម្ចាស់នៅកន្លែងតែមួយ
1«នេះជាច្បាប់ និងវិន័យផ្សេងៗ ដែលអ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាម ជារៀងរាល់ថ្ងៃអស់មួយជីវិត នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រគល់ឲ្យទុកជាកម្មសិទ្ធិ។
2ត្រូវលុបបំបាត់កន្លែងសក្ការៈទាំងប៉ុន្មាន ដែលប្រជាជាតិនានាថ្វាយសក្ការបូជាដល់ព្រះរបស់គេ នៅតាមភ្នំតូចធំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី ឥតទុកឲ្យនៅសល់ឡើយ។ 3 ចូរផ្ដួលរំលំអាសនៈរបស់ពួកគេ ចូរកម្ទេចស្តូបរបស់ពួកគេ ចូរដុតបំផ្លាញបង្គោលរបស់ព្រះអាសេរ៉ា ព្រមទាំងរំលំរូបបដិមានៃព្រះរបស់ពួកគេ និងលុបបំបាត់ឈ្មោះរបស់ព្រះនានាឲ្យអស់ពីកន្លែងនោះផង។
4ក្នុងការគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា មិនត្រូវយកតម្រាប់តាមជាតិសាសន៍ទាំងនោះឡើយ។ 5អ្នករាល់គ្នាត្រូវតែទៅថ្វាយបង្គំព្រះអម្ចាស់ នៅកន្លែងដែលព្រះអង្គបានជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ។ 6ត្រូវយកតង្វាយដុតទាំងមូល* យញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស តង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នា ទៅថ្វាយព្រះអង្គនៅកន្លែងនោះ។ 7ត្រូវបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ត្រង់កន្លែងនោះដែរ គឺអ្នករាល់គ្នាត្រូវសប្បាយរួមជាមួយក្រុមគ្រួសាររបស់អ្នករាល់គ្នា ដោយសារព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានពរឲ្យអ្នករាល់គ្នាទទួលផលពីកិច្ចការដែលអ្នករាល់គ្នាធ្វើ។
8នៅពេលខាងមុខ មិនត្រូវប្រព្រឹត្តដូចយើងប្រព្រឹត្តនៅពេលនេះឡើយ គឺនៅទីនេះ យើងម្នាក់ៗប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាល្អ 9ដ្បិតអ្នករាល់គ្នាមិនទាន់ចូលទៅដល់កន្លែងសុខសាន្ត ជាទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យជាកេរមត៌កនៅឡើយទេ។ 10អ្នករាល់គ្នានឹងឆ្លងទន្លេយ័រដាន់ទៅរស់នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យអ្នករាល់គ្នា ទុកជាកេរមត៌ក។ ព្រះអង្គនឹងឲ្យអ្នករាល់គ្នាបានសម្រាក ដោយរំដោះអ្នករាល់គ្នា ឲ្យរួចផុតពីខ្មាំងសត្រូវទាំងប៉ុន្មានដែលនៅជុំវិញ ហើយអ្នករាល់គ្នានឹងរស់នៅយ៉ាងសុខសាន្ត។ 11ពេលនោះ អ្នករាល់គ្នាត្រូវយកតង្វាយទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ គឺមានតង្វាយដុតទាំងមូលយញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស និងតង្វាយផ្សេងៗ ដែលអ្នករាល់គ្នាសន្យាថ្វាយព្រះអម្ចាស់។ 12អ្នករាល់គ្នាត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា រួមជាមួយកូនប្រុស កូនស្រី និងអ្នកបម្រើប្រុសស្រី ព្រមទាំងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នករាល់គ្នាដែរ ដ្បិតពួកលេវីគ្មានទឹកដីជាចំណែកមត៌ក ក្នុងចំណោមអ្នករាល់គ្នាទេ។
13ចូរប្រយ័ត្ន មិនត្រូវយកតង្វាយដុតរបស់អ្នកទៅថ្វាយនៅតាមកន្លែងទាំងប៉ុន្មាន ដែលអ្នកឃើញនោះឡើយ 14គឺត្រូវថ្វាយតង្វាយដុតរបស់អ្នក តែនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស ក្នុងទឹកដីនៃកុលសម្ព័ន្ធមួយរបស់អ្នក។ នៅទីនោះ អ្នកត្រូវធ្វើតាមនូវអ្វីៗដែលខ្ញុំបានបង្គាប់អ្នក។ 15ក៏ប៉ុន្តែ នៅគ្រប់ទីកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរឲ្យអ្នកទៅរស់នៅ អ្នកអាចសម្លាប់សត្វបរិភោគ តាមចិត្តប៉ងប្រាថ្នា។ មនុស្សមិនបរិសុទ្ធ និងមនុស្សបរិសុទ្ធអាចបរិភោគសាច់នេះ ដូចជាបរិភោគសាច់ក្ដាន់ ឬសាច់ឈ្លូសដែរ។ 16 ចំណែកឯឈាមវិញ កុំបរិភោគឡើយ ត្រូវចាក់ឈាមនោះទៅលើដី ដូចគេចាក់ទឹក។
17រីឯតង្វាយមួយភាគដប់ដែលអ្នកត្រូវថ្វាយព្រះអម្ចាស់ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង ឬកូនដំបូងរបស់គោ និងចៀម ឬតង្វាយផ្សេងៗទៀត ដូចជាតង្វាយលាបំណន់ តង្វាយស្ម័គ្រចិត្ត និងតង្វាយពិសេស អ្នកពុំអាចបរិភោគនៅកន្លែងដែលអ្នករាល់គ្នារស់នៅឡើយ។ 18ត្រូវបរិភោគតង្វាយទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ត្រង់កន្លែងដែលព្រះអង្គជ្រើសរើស គឺបរិភោគជាមួយកូនប្រុស កូនស្រី អ្នកបម្រើប្រុសស្រី និងពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នក។ ត្រូវសប្បាយរីករាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់អ្នក ដោយសារភោគផលទាំងប៉ុន្មានដែលអ្នកទទួល។ 19ដរាបណាអ្នករស់នៅលើទឹកដីរបស់អ្នក ចូរប្រយ័ត្ន កុំបំភ្លេចពួកលេវីឡើយ។
20នៅពេលណាព្រះអម្ចាស់ ជាព្រះរបស់អ្នក ពង្រីកទឹកដីរបស់អ្នក ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នកហើយ ប្រសិនបើអ្នកនឹកភ្នកចង់បរិភោគសាច់ នោះអ្នកអាចបរិភោគតាមចិត្តប៉ងប្រាថ្នា។ 21ប្រសិនបើកន្លែងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ជ្រើសរើសសម្រាប់សម្តែងព្រះនាមព្រះអង្គ ស្ថិតនៅឆ្ងាយពីផ្ទះរបស់អ្នក នោះអ្នកអាចសម្លាប់គោ ឬចៀមដែលព្រះអម្ចាស់ប្រទានមកអ្នក តាមរបៀបដូចខ្ញុំបានបង្គាប់ទុក រួចបរិភោគសាច់នៅកន្លែងដែលអ្នករស់នៅ តាមចិត្តប៉ងប្រាថ្នា។ 22ចូរបរិភោគសាច់សត្វនោះ ដូចគេបរិភោគសាច់ក្ដាន់ និងសាច់ឈ្លូសដែរ គឺទាំងមនុស្សមិនបរិសុទ្ធ ទាំងមនុស្សបរិសុទ្ធ អាចបរិភោគដូចគ្នា។ 23 ប៉ុន្តែ មិនត្រូវបរិភោគឈាមជាដាច់ខាត ដ្បិតឈាមជាជីវិត។ ដូច្នេះ មិនត្រូវបរិភោគជីវិតជាមួយសាច់ឡើយ។ 24កុំបរិភោគឈាមឲ្យសោះ ចូរចាក់ឈាមទៅលើដី ដូចគេចាក់ទឹក។ 25កុំបរិភោគឈាមឲ្យសោះ ធ្វើដូច្នេះ អ្នក និងកូនចៅរបស់អ្នកនៅជំនាន់ក្រោយ មុខជាមានសុភមង្គល ដោយប្រព្រឹត្តអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់។
26ចំណែកឯសត្វដែលអ្នកញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ឬតង្វាយលាបំណន់ ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស។ 27ចំពោះតង្វាយដុតទាំងមូល ត្រូវយកទាំងសាច់ទាំងឈាមទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ រីឯយញ្ញបូជាវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចអ្នកបរិភោគសាច់ចុះ។
28ចូរស្ដាប់ និងកាន់តាមព្រះបន្ទូលទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នក ដើម្បីឲ្យអ្នក និងកូនចៅរបស់អ្នក នៅជំនាន់ក្រោយ មានសុភមង្គលរហូតតទៅ ដោយប្រព្រឹត្តអំពើល្អ និងអំពើត្រឹមត្រូវ ដែលគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់អ្នក។
29 ព្រះអម្ចាស់ ជាព្រះរបស់អ្នក នឹងកម្ចាត់ប្រជាជាតិនានាចេញអស់ពីស្រុក ដែលអ្នកត្រូវចូលទៅកាន់កាប់។ ពេលនោះ អ្នកអាចបណ្ដេញពួកគេចេញពីស្រុក រួចចូលទៅរស់នៅក្នុងស្រុករបស់ពួកគេ។ 30ពេលណាប្រជាជាតិទាំងនោះរលាយសូន្យបាត់ពីមុខរបស់អ្នកហើយ ចូរប្រយ័ត្ន ក្រែងលោអ្នកធ្លាក់ទៅក្នុងអន្ទាក់ ដោយយកតម្រាប់តាមពួកគេ។ មិនត្រូវសាកសួរចង់ដឹងអំពីព្រះរបស់ពួកគេ ហើយក៏មិនត្រូវសួរអំពីរបៀបដែលពួកគេគោរពបម្រើព្រះរបស់ខ្លួន ក្នុងគោលបំណងធ្វើដូចពួកគេដែរ។ 31មិនត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក តាមរបៀបថ្វាយបង្គំព្រះរបស់ប្រជាជាតិនានាឡើយ។ ប្រជាជាតិទាំងនោះប្រព្រឹត្តអំពើគួរស្អប់ខ្ពើមគ្រប់យ៉ាង ដើម្បីគោរពបម្រើព្រះរបស់ខ្លួនជាអំពើដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ។ សូម្បីតែកូនប្រុសកូនស្រីរបស់ពួកគេ ក៏ពួកគេយកទៅដុតជាសក្ការបូជាដល់ព្រះទាំងនោះដែរ។
32 ចំណែកឯអ្នករាល់គ្នាវិញ ត្រូវកាន់ និងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មានដែលខ្ញុំបង្គាប់ដល់អ្នករាល់គ្នា ដោយឥតបន្ថែម ឬបន្ថយអ្វីឡើយ»។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 12: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.