បន្ទាប់មក ព្រះករុណាឃើញទេវតាដ៏វិសុទ្ធ ដែលចុះពីលើមេឃមកពោលថា “ចូរកាប់រំលំដើមឈើនេះចោលទៅ ប៉ុន្តែ ត្រូវទុកគល់ និងឫសនៅក្នុងដី ហើយយកច្រវាក់ដែក និងលង្ហិនមកចងវាទុក ចោលនៅក្នុងវាលស្មៅ ឲ្យជោកដោយទឹកសន្សើមធ្លាក់ពីលើមេឃ ហើយឲ្យវាស៊ីស្មៅដូចសត្វធាតុ រហូតដល់គម្រប់ប្រាំពីរខួប”។ បពិត្រព្រះរាជា សុបិនរបស់ព្រះករុណាមានន័យបែបនេះ គឺព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះព្រះករុណាជាអម្ចាស់ដូចតទៅ: គេនឹងដេញព្រះករុណាចេញពីចំណោមមនុស្ស ទ្រង់នឹងទៅនៅជាមួយសត្វព្រៃ ហើយគេនឹងយកស្មៅមកថ្វាយព្រះករុណាសោយដូចគោដែរ។ ព្រះកាយរបស់ព្រះករុណានឹងជោកដោយទឹកសន្សើម ដែលធ្លាក់ចុះពីលើមេឃរហូតដល់គម្រប់ប្រាំពីរខួប គឺទាល់តែព្រះករុណាទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិរបស់មនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។ រីឯបញ្ជាឲ្យទុកគល់ឈើ និងឫសនោះមានន័យថា គេនឹងថ្វាយរាជសម្បត្តិមកព្រះករុណាវិញ នៅពេលព្រះករុណាទទួលស្គាល់ព្រះជាអម្ចាស់សួគ៌។ ហេតុនេះ បពិត្រព្រះរាជា សូមទ្រង់ប្រោសមេត្តាឲ្យទូលបង្គំថ្វាយយោបល់ចំពោះព្រះករុណាដូចតទៅ គឺសូមទ្រង់លះបង់អំពើបាប និងកំហុសផ្សេងៗ ហើយប្រព្រឹត្តអំពើសុចរិត និងសម្តែងព្រះហឫទ័យអាណិតអាសូរចំពោះមនុស្សទុគ៌តវិញ ធ្វើដូច្នេះព្រះករុណានឹងបានសុខក្សេមក្សាន្តតទៅមុខទៀត»។ ក្រោយមក ហេតុការណ៍ទាំងនោះកើតមានដល់ព្រះចៅនេប៊ូក្នេសាមែន គឺដប់ពីរខែកន្លងមក ពេលស្ដេចកំពុងតែយាងក្រសាលក្នុងព្រះបរមរាជវាំងនៅក្រុងបាប៊ីឡូន ទ្រង់មានរាជឱង្ការថា៖ «ដោយសារឫទ្ធិអំណាចរបស់យើង យើងសង់ក្រុងបាប៊ីឡូនមហានគរនេះឡើង ជាដំណាក់របស់យើង ដើម្បីបង្ហាញកិត្តិយស និងសិរីរុងរឿងរបស់យើង»។ ពេលស្ដេចមានរាជឱង្ការមិនទាន់ចប់ផង ស្រាប់តែមានឮសំឡេងពីលើមេឃមកថា៖ «នេប៊ូក្នេសាអើយ អ្នកបាត់បង់រាជសម្បត្តិហើយ ដូចមានសេចក្ដីថ្លែងទុកពីអ្នកស្រាប់។ គេនឹងដេញអ្នកចេញពីចំណោមមនុស្សលោក ឲ្យទៅរស់នៅជាមួយសត្វព្រៃ ហើយគេនឹងឲ្យអ្នកស៊ីស្មៅដូចគោ រហូតដល់គម្រប់ប្រាំពីររយៈកាល គឺទាល់តែអ្នកទទួលស្គាល់ថា ព្រះដ៏ខ្ពង់ខ្ពស់បំផុតគ្រប់គ្រងលើរាជសម្បត្តិមនុស្សលោក ហើយព្រះអង្គប្រគល់រាជសម្បត្តិទៅនរណាក៏បាន ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ»។ រំពេចនោះ ហេតុការណ៍ក៏កើតឡើងចំពោះព្រះចៅនេប៊ូក្នេសាមែន។ គេដេញស្ដេចចេញពីចំណោមមនុស្ស ទ្រង់សោយស្មៅដូចគោ ព្រះកាយទទឹកជោកទៅដោយទឹកសន្សើមដែលធ្លាក់ចុះពីលើមេឃ ព្រះកេសារបស់ស្ដេចដុះឡើងដូចស្លាបឥន្ទ្រី ហើយក្រចករបស់ព្រះអង្គប្រៀបបាននឹងក្រចកសត្វស្លាប។ «លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបមុខឡើងទៅលើមេឃ ហើយយើងក៏ដឹងស្មារតីឡើងវិញ។ យើងក៏អរព្រះគុណព្រះដ៏ខ្ពង់ខ្ពស់បំផុត យើងសរសើរ និងលើកតម្កើងព្រះដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ អំណាចគ្រប់គ្រងរបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ព្រះអង្គគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។ មនុស្សទាំងអស់នៅផែនដីដូចជាគ្មានតម្លៃអ្វីសោះ។ ព្រះអង្គប្រព្រឹត្តចំពោះពួកទេវតា និងចំពោះមនុស្សលោក តាមព្រះហឫទ័យរបស់ព្រះអង្គ គ្មាននរណាម្នាក់អាចប្រឆាំងនឹងកិច្ចការរបស់ព្រះអង្គ ដោយពោលថា “ម្ដេចក៏ព្រះអង្គធ្វើដូច្នេះ?” បានឡើយ។ នៅគ្រានោះ យើងបានដឹងស្មារតីឡើងវិញ គេក៏បានប្រគល់កិត្តិយសរាជសម្បត្តិសិរីរុងរឿង និងភាពថ្កុំថ្កើងមកយើងវិញ ហើយក្រុមប្រឹក្សា និងនាម៉ឺនមន្ត្រីរបស់យើងក៏បានសុំឲ្យយើងវិលមកកាន់កាប់អំណាច គេលើកយើងឲ្យគ្រងរាជ្យឡើងវិញ ហើយយើងក៏បានថ្កុំថ្កើងកាន់តែខ្លាំងឡើង។ ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
អាន ដានីយ៉ែល 4
ស្ដាប់នូវ ដានីយ៉ែល 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 4:23-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ