ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សាព្រះរាជ្យទ្រព្យ ព្រះរាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធរូបបដិមាដោយនាំគ្នាឈរនៅមុខរូបដែលស្ដេចនេប៊ូក្នេសាបានកសាងនោះ។ មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ! ចូរស្ដាប់រាជបញ្ជា! ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ត្រូវនាំគ្នាឱនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលព្រះករុណានេប៊ូក្នេសាបានកសាង។ អ្នកណាមិនក្រាបថ្វាយបង្គំ អ្នកនោះនឹងត្រូវបោះភ្លាមៗទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ»។ ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលព្រះចៅនេប៊ូក្នេសាបានកសាង។ នៅក្នុងពេលជាមួយគ្នានោះ មានជនជាតិខាល់ដេខ្លះនាំគ្នាចូលទៅប្ដឹង ដើម្បីចោទប្រកាន់ជនជាតិយូដា។ ពួកគេទូលព្រះចៅនេប៊ូក្នេសាថា៖ «បពិត្រព្រះរាជាសូមទ្រង់មានព្រះជន្មគង់នៅជាអង្វែងតរៀងទៅ! បពិត្រព្រះករុណា ព្រះអង្គបានចេញបញ្ជាឲ្យមនុស្សទាំងអស់ឱនកាយក្រាបថ្វាយបង្គំរូបបដិមាមាស នៅពេលគេឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ីគែន និងតន្ត្រីគ្រប់យ៉ាង។ តាមបញ្ជានេះ អ្នកណាមិនឱនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ បពិត្រព្រះករុណា មានជនជាតិយូដាខ្លះដែលទ្រង់តែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ព្រះករុណា ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលព្រះករុណាបានកសាងនោះដែរ»។ ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់ ហើយក្ដៅក្រហាយជាខ្លាំង ស្ដេចក៏ចេញបញ្ជាឲ្យគេនាំលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោមក។ គេក៏នាំលោកទាំងបីមកគាល់ស្ដេច។ ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៅកាន់លោកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ អស់លោកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ? ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលអស់លោកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង អស់លោកត្រូវតែឱនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើអស់លោកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះអស់លោកភ្លាម ទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយអស់លោកឲ្យរួចពីកណ្ដាប់ដៃរបស់យើងឡើយ!»។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទូលព្រះចៅនេប៊ូក្នេសាវិញថា៖ «ទូលបង្គំយើងខ្ញុំមិនបាច់ឆ្លើយនឹងព្រះករុណាអំពីរឿងនេះទេ។
អាន ដានីយ៉ែល 3
ស្ដាប់នូវ ដានីយ៉ែល 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 3:3-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ