ដានីយ៉ែល 11:36-45

ដានីយ៉ែល 11:36-45 គខប

ស្ដេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំង‌ឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​ព្រះ​លើ​ព្រះ​នានា​ផង។ ស្ដេច​នោះ​នឹង​ចម្រើន​មាំ‌មួន​ឡើង រហូត​ទាល់​តែ​ព្រះ‌ពិរោធ​កើន​ដល់​កម្រិត ដ្បិត​ហេតុ‌ការណ៍​អ្វី​ដែល​ព្រះ‌ជាម្ចាស់​គ្រោង​ទុក​ត្រូវ​តែ​បាន​សម្រេច ។ ស្ដេច​នោះ​មិន​យោគ‌យល់​ដល់​ព្រះ ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគ‌យល់​ដល់​ព្រះ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្ដេច​មិន​យោគ‌យល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ទ្រង់​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។ ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការ‌ពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ថ្វាយ។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។ ស្ដេច​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​នៃ​ជន​បរទេស។ ស្ដេច​លើក​កិត្តិយស​អស់​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ​នេះ ហើយ​ឲ្យ​ពួក​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​រង្វាន់​ផង។ នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សម្រុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចម្បាំង ទ័ព​សេះ និង​នាវា​ចម្បាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់ គឺ​ឆ្លង​កាត់​ស្រុក​ដែល​ស្អាត​ជាង​គេ ហើយ​ប្រហារ​ជីវិត​មនុស្ស​ជា​ច្រើន តែ​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ព្រម​ទាំង​អ្នក​ដឹក​នាំ​សំខាន់ៗ​របស់​ជន‌ជាតិ​អាំម៉ូន នឹង​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច។ ស្ដេច​នោះ​នឹង​វាត​អំណាច​ទៅ​លើ​ស្រុក​នានា ហើយ​សូម្បី​តែ​ស្រុក​អេស៊ីប​ក៏​គេច​មិន​ផុត​ដែរ។ ស្ដេច​នឹង​យក​ទ្រព្យ​សម្បត្តិ​នៅ​ស្រុក​អេស៊ីប​មក​ធ្វើ​ជា​កម្មសិទ្ធិ គឺ​មាស ប្រាក់ និង​របស់​របរ​ដ៏​មាន​តម្លៃ។ ជន‌ជាតិ​លីប៊ី និង​ជន‌ជាតិ​អេត្យូ‌ពី នឹង​សុំ​ធ្វើ​ជា​ចំណុះ​របស់​ស្ដេច​នោះ។ បន្ទាប់​មក មាន​លេច​ឮ​ដំណឹង​អំពី​ហេតុ‌ការណ៍​ដែល​កើត​ឡើង​នៅ​បូព៌ា​ប្រទេស និង​ស្រុក​ខាង​ជើង បណ្ដាល​ឲ្យ​ស្ដេច​បារម្ភ​ក្រៃ‌លែង។ ស្ដេច​ពោរ‌ពេញ​ដោយ​កំហឹង​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​ទៅ​កម្ទេច​ស្រុក​នានា ព្រម​ទាំង​សម្លាប់​រង្គាល​មនុស្ស​ជា​ច្រើន។ ស្ដេច​នឹង​សង់​ពន្លា​នៅ​ចន្លោះ​សមុទ្រ​ទាំង​ពីរ គឺ​នៅ​ជិត​ភ្នំ​ដ៏​រុងរឿង​វិសុទ្ធ។ បន្ទាប់​មក ស្ដេច​នោះ​ក៏​បាត់​បង់​ជីវិត​ទៅ ដោយ​ឥត​មាន​នរណា​ជួយ​ឡើយ។