ទ័ពស្ដេចខាងជើងកាន់តែរុលទៅមុខ គេលើកដីយ៉ាងខ្ពស់ព័ទ្ធជុំវិញក្រុងមួយ ដែលមានកំពែងរឹងមាំ ហើយវាយយកក្រុងនោះ។ កងទ័ពរបស់ស្ដេចខាងត្បូង និងកងពលដ៏ពូកែៗរបស់ពួកគេ ពុំមានកម្លាំងអាចទប់ទល់ឡើយ។ ស្ដេចខាងជើងក៏វាយលុកពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើចិត្ត គ្មាននរណាតទល់បានទាល់តែសោះ រួចស្ដេចក៏ឈប់ត្រឹមស្រុកដ៏ស្អាត ហើយកម្ទេចអ្វីៗទាំងអស់ដែលស្ដេចជួបប្រទះ។ ស្ដេចខាងជើងមានបំណងទៅជួបស្ដេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្ដេចខាងត្បូង។ ទ្រង់លើកបុត្រីឲ្យធ្វើជាមហេសីស្ដេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្ដេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។ ដូច្នេះ ស្ដេចនោះក៏បែរទៅរកកោះនានា ហើយវាយយកបានជាច្រើន។ ប៉ុន្តែ មានមេទ័ពម្នាក់មកបញ្ឈប់សកម្មភាពដ៏អាម៉ាស់របស់ស្ដេច តែស្ដេចមិនអាចធ្វើឲ្យគាត់ត្រូវអាម៉ាស់វិញទេ។ បន្ទាប់មក ស្ដេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្ដេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។ ស្ដេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។ ពេលនោះ មានមនុស្សម្នាក់គួរឲ្យមាក់ងាយ ឡើងសោយរាជ្យ ដោយឥតនរណាអភិសេកជាស្ដេច។ ស្ដេចថ្មីនេះដណ្ដើមយករាជសម្បត្តិបាន ក្នុងគ្រាមានសុខសាន្តត្រាណ ដោយប្រើកលល្បិច។ កងទ័ពដ៏ខ្លាំងពូកែដែលមកលុកលុយស្រុក នឹងត្រូវចុះចាញ់ស្ដេចនោះ ហើយសូម្បីតែមហាបូជាចារ្យរបស់ប្រជារាស្ត្រនៃសម្ពន្ធមេត្រីក៏បរាជ័យដែរ។ ស្ដេចនោះនឹងចងសម្ពន្ធមិត្តជាមួយអ្នកឯទៀតៗ ដើម្បីបោកប្រាស់ពួកគេ ហើយពង្រឹងអំណាចកាន់តែខ្លាំងឡើងៗ ទោះបីមានបក្សពួកតិចក៏ដោយ។ ក្នុងឱកាសដែលគេកំពុងតែមានសន្តិភាព ស្ដេចនោះឆ្លៀតពង្រីកទឹកដី រហូតទៅដល់ស្រុកដែលមានជីជាតិច្រើនជាងគេក្នុងអាណាខេត្ត ហើយទ្រង់ប្រព្រឹត្តអំពើដែលពួកអយ្យកោពុំបានប្រព្រឹត្ត គឺទ្រង់រឹបអូសរបស់របរ និងទ្រព្យសម្បត្តិរបស់គេចែកឲ្យបក្សពួកខ្លួន។ ស្ដេចប្រើល្បិចកិច្ចកលផ្សេងៗ ដើម្បីវាយលុកបន្ទាយនានា តែការនេះកើតមានមួយរយៈប៉ុណ្ណោះ។ ដោយអាងលើកម្លាំង និងចិត្តក្លាហានរបស់ខ្លួន ស្ដេចនោះលើកទ័ពទៅវាយស្ដេចខាងត្បូង។ ស្ដេចខាងត្បូងក៏លើកទ័ពយ៉ាងសន្ធឹកសន្ធាប់ និងខ្លាំងពូកែមកតទល់ តែពុំអាចយកជ័យជម្នះបានឡើយ ព្រោះស្ដេចខាងជើងប្រើល្បិចកិច្ចកលផ្សេងៗប្រឆាំងស្ដេចខាងត្បូង គឺពួកជំនិតរបស់ស្ដេចផ្ទាល់នឹងនាំគ្នាក្បត់ស្ដេច ធ្វើឲ្យទ័ពរបស់ស្ដេចត្រូវបរាជ័យ ហើយទាហានមួយចំនួនធំត្រូវស្លាប់បាត់បង់ជីវិត។ បន្ទាប់មក ស្ដេចទាំងពីរអង្គុយចរចាជាមួយគ្នា តែដោយគំនិតរបស់គេសុទ្ធតែអាក្រក់ គេពោលពាក្យកុហកគ្នាទៅវិញទៅមក។ ដូច្នេះ ការចរចារបស់គេពុំអាចបានផលអ្វីឡើយ ដ្បិតមិនទាន់ដល់គ្រាបញ្ចប់ដែលបានកំណត់ទុក។ ស្ដេចខាងជើងក៏វិលត្រឡប់ទៅស្រុកវិញ ទាំងនាំទ្រព្យសម្បត្តិយ៉ាងច្រើនទៅជាមួយផង។ ពេលនោះ ស្ដេចនឹងធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ តាមគម្រោងការរបស់ខ្លួន រួចបន្តដំណើរវិលទៅស្រុករបស់ខ្លួនវិញ។ លុះដល់ពេលកំណត់ ស្ដេចខាងជើងក៏លើកទ័ពទៅវាយអាណាចក្រខាងត្បូងសាជាថ្មី ប៉ុន្តែ លើកនេះពុំដូចគ្រាមុនទេ គឺមាននាវាជាច្រើនពីស្រុកគីទីមមកច្បាំងនឹងស្ដេច ធ្វើឲ្យស្ដេចបាក់ទឹកចិត្ត ហើយដកទ័ពថយទៅវិញ។ តាមផ្លូវ ស្ដេចខ្ញាល់ជាខ្លាំង ហើយក៏ធ្វើបាបប្រជារាស្ត្រនៃសម្ពន្ធមេត្រីដ៏វិសុទ្ធ ដោយរួមគំនិតជាមួយអស់អ្នកដែលក្បត់សម្ពន្ធមេត្រីដ៏វិសុទ្ធ។ ពេលនោះ កងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ស្ដេច នឹងនាំគ្នាបន្ថោកបន្ទាយដែលជាទីសក្ការៈ ហើយបញ្ឈប់ការថ្វាយយញ្ញបូជាប្រចាំថ្ងៃ ហើយយកវត្ថុចង្រៃដ៏គួរស្អប់ខ្ពើមមកតាំងជំនួសវិញ។ ស្ដេចនោះនឹងពោលពាក្យបញ្ចើចបញ្ចើ ល្បួងអស់អ្នកដែលក្បត់សម្ពន្ធមេត្រី។ ប៉ុន្តែ ប្រជាជនដែលស្គាល់ព្រះជាម្ចាស់នឹងកាន់ចិត្តរឹងប៉ឹង។ ពួកអ្នកមានប្រាជ្ញាក្នុងចំណោមប្រជាជន នឹងនាំគ្នាអប់រំមនុស្សជាច្រើន។ ក៏ប៉ុន្តែ ក្នុងពេលមួយរយៈ ក្នុងចំណោមអ្នកមានប្រាជ្ញាទាំងនោះ មានអ្នកខ្លះត្រូវគេសម្លាប់ ត្រូវគេដុត ត្រូវគេកៀរយកទៅជាឈ្លើយ ព្រមទាំងរឹបអូសយកទ្រព្យសម្បត្តិមួយរយៈ។ ក្នុងពេលដែលគេធ្វើបាបអ្នកទាំងនោះ នឹងមានអ្នកខ្លះមកជួយបន្តិចដែរ។ មនុស្សជាច្រើននឹងមកចូលរួមជាមួយអ្នកទាំងនោះ តែដោយប្រើកលល្បិច។ ក្នុងចំណោមអ្នកមានប្រាជ្ញា នឹងមានអ្នកខ្លះបាត់បង់ជីវិត ដើម្បីឲ្យពួកគេបានស្អាតបរិសុទ្ធ និងបានសស្គុសរហូតដល់គ្រាចុងក្រោយ ដ្បិតគ្រានោះនឹងកើតមានតាមពេលកំណត់។
អាន ដានីយ៉ែល 11
ស្ដាប់នូវ ដានីយ៉ែល 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 11:15-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ