ដានីយ៉ែល 11:15-35

ដានីយ៉ែល 11:15-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ស្តេច​ខាង​ជើង​នឹង​ចូល​មក លើក​ដី​ព័ទ្ធ​ជុំ​វិញ ហើយ​ចាប់​យក​ទី​ក្រុង​ដែល​មាន​កំផែង​យ៉ាង​រឹង​មាំ ឯ​កង​ទ័ព​របស់ស្ដេច​ខាង​ត្បូង​មិន​អាច​ទប់​ទល់​បាន​ទេ សូម្បី​តែ​ទ័ព​ពិសេស​របស់​ស្តេច ក៏​មិន​អាច​ទប់​បាន​ដែរ ដ្បិតនឹង​គ្មាន​កម្លាំង​ទប់‌ទល់​ឡើយ។ គឺ​ស្តេច​ដែល​វាយ​លុក​ចូល​មក​ច្បាំង នឹង​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត គ្មាន​អ្នក​ណា​ឈរ​តទល់​បាន​ទាល់​តែ​សោះ ហើយ​ស្ដេច​នឹង​ឈរ​នៅ​ក្នុង​ស្រុក​ដ៏​រុង​រឿង ទាំង​មាន​អំណាច​បំផ្លាញ​នៅ​ក្នុង​កណ្ដាប់​ដៃ។ ស្ដេច​មាន​បំណង​ចូល​មក ដោយ​ឫទ្ធិ​អំណាច​នៃ​អា‌ណា‌ចក្រ​ទាំង​មូល​របស់​ខ្លួន ហើយ​ចង​សម្ព័ន្ធ​ភាព ជា‌មួយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​នឹង​លើក​បុត្រី​របស់​ខ្លួន​ឲ្យធ្វើ​ជា​មហេសី ក្នុង​គោល​បំណង​បំផ្លាញ​អា‌ណា‌ចក្រ​នោះ តែ​ពុំ​បាន​សម្រេច​តាម​បំណង​ឡើយ។ ពេល​នោះ ស្ដេច​ក៏​បែរ​ព្រះ‌ភក្ត្រ​ទៅ​រក​កោះ​នានា ហើយ​ចាប់​យក​បាន​ជា​ច្រើន តែ​នឹង​មាន​មេ​ទ័ព​ម្នាក់​មក​បញ្ចប់​សេចក្ដី​ព្រហើន​របស់​ស្ដេច អើ លោក​នឹង​ធ្វើ​ឲ្យ​ស្ដេច​អាម៉ាស់ ដោយ​សារ​សេចក្ដី​ព្រហើន​របស់​ខ្លួន។ បន្ទាប់​មក ស្ដេច​នឹង​បែរ​មុខ​ទៅ​ឯ​បន្ទាយ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​នឹង​ជំពប់​ដួល គ្មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ។ បន្ទាប់​មក នឹង​មាន​ស្តេច​មួយ​អង្គ​ឡើង​សោយ‌រាជ្យ​ជំនួស ទ្រង់​នឹង​ចាត់​អ្នក​ជំរិត​ទារ​ពន្ធ​ម្នាក់ ដើម្បី​ទ្រទ្រង់​ភាព​ថ្កុំ​ថ្កើង​ក្នុង​អា‌ណា‌ចក្រ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស មិន​មែន​ដោយ​កំហឹង ឬ​ដោយ​សង្គ្រាម​ទេ។ រួច​មាន​ម្នាក់​ដែល​គួរឲ្យ​ស្អប់ ឡើង​សោយ​រាជ្យ​ជំនួស​ស្ដេច ឥត​មាន​អ្នក​ណា​ប្រគល់​រាជ‌សក្តិ​ឲ្យ​ឡើយ។ ស្ដេច​ថ្មី​នេះ​នឹង​ចូល​មក​ក្នុង​គ្រា​សុខ‌សាន្ត ហើយ​ដណ្ដើម​យក​រាជ្យ​ដោយ​ប្រើ​កល‌ល្បិច។ កង​ទ័ព​ដ៏​ខ្លាំង​ពូ​កែ​នឹង​ត្រូវ​ចុះ​ចាញ់ ហើយ​បាក់​បែក​អស់​រលីង​នៅ​ចំពោះ​ស្ដេច​នោះ សូម្បី​សម្ដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា​ផង។ ក្រោយ​ពី​គេ​បាន​ចង​សម្ព័ន្ធ​មិត្ត​ជា‌មួយ​ហើយ ស្ដេច​នោះ​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ហើយ​មាន​អំណាច​កាន់​តែ​ខ្លាំង ដោយ​សារ​មនុស្ស​មួយ​ចំនួន​តូច។ ក្នុង​គ្រា​សុខ‌សាន្ត ស្ដេច​នោះ​នឹង​ជ្រៀត​ចូល​តំបន់​នានា​ដែល​ល្អ​បំផុត​ក្នុង​អាណា​ខេត្ត ហើយ​ទ្រង់​នឹង​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​មិន​ដែល​បាន​ប្រព្រឹត្ត គឺ​ទ្រង់​នឹង​រឹប​អូស​យក​របស់​របរ​ដែល​ប្លន់​បាន និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ មក​ចែក​ឲ្យ​បក្ស​ពួក​ខ្លួន។ ស្ដេច​នឹង​ប្រើ​ល្បិច​កិច្ច‌កល​ដើម្បី​ទាស់​នឹង​ទី​មាំ‌មួន តែ​បាន​មួយ​រយៈ​ប៉ុណ្ណោះ។ ស្ដេច​នឹង​ដាស់​កម្លាំង និង​សេចក្ដី​អង់‌អាច​របស់​ខ្លួន​ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​លើក​ទ័ព​យ៉ាង​ច្រើន ហើយ​ស្តេច​ខាង​ត្បូង​នឹង​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ ហើយ​ខ្លាំង​ពូកែ​មក​តទល់ តែ​មិន​អាច​ទប់‌ទល់​បាន​ឡើយ ដ្បិត​ទ្រង់​ចាញ់​ល្បិច​កិច្ច‌កល​របស់​ស្ដេច​ខាង​ជើង។ អស់​អ្នក​ដែល​បរិភោគ​អាហារ​របស់​ស្ដេច​នឹង​បំផ្លាញ​ស្ដេច កង‌ទ័ព​របស់​ស្ដេច​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ ហើយ​ទាហាន​ជា​ច្រើន​នឹង​ត្រូវ​ដួល​ស្លាប់។ ស្តេច​ទាំង​ពីរ​អង្គ​នេះ គេ​មាន​ចិត្ត​ទោរ​ទៅ​រក​តែ​អំពើ​អាក្រក់ គេ​កុហក​គ្នា​ក្នុង​ពេល​កំពុង​អង្គុយ​រួម​តុ​ជា​មួយ​គ្នា តែ​មិន​បាន​ផល​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​ចុង​បញ្ចប់​ដែល​បាន​កំណត់​ទុក។ បន្ទាប់​មក ស្ដេច​ខាង​ជើង​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ទាំង​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា‌មួយ តែ​ស្ដេច​កើត​មាន​ចិត្ត​ទាស់​ប្រឆាំង​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ក៏​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត រួច​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។ លុះ​ដល់​ពេល​កំណត់ ស្ដេច​នឹង​ត្រឡប់​ចូល​មក​អា‌ណា‌ចក្រ​ខាង​ត្បូង​ទៀត តែ​លើក​នេះមិន​ដូច​ពី​មុន​ទេ ដ្បិត​នឹង​មាន​នាវា​ពី​ស្រុក​គីទីម​មក​ទាស់​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​ធ្លាក់​ចិត្ត ហើយ​ដក​ថយ ស្ដេច​នឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង រួច​សម្ដែង​កំហឹង​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។ ស្ដេច​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​ជា‌មួយ​អស់​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។ ពួក​ទាហាន​ដែល​ស្ដេច​បាន​ចាត់​ឲ្យ​ទៅ នឹង​នាំ​គ្នា​បង្អាប់​ទី​បរិសុទ្ធ​ដែល​មាន​កំផែង​ការពារ បញ្ឈប់​លែង​ឲ្យ​ថ្វាយ​តង្វាយដុត​ប្រចាំ​ថ្ងៃ ហើយ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​ចង្រៃ​មក​តាំង​ជំនួស​វិញ។ អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​សេចក្ដី​សញ្ញា ស្ដេចនោះ​នឹង​បញ្ចើច​បញ្ចើ​គេ តែ​ប្រជា‌ជន​ដែល​ស្គាល់​ព្រះ​របស់​ខ្លួន នឹង​ឈរ​យ៉ាង​មាំ ហើយ​តស៊ូ​នឹង​ស្ដេច។ ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​ក្នុង​ចំណោម​ប្រជា‌ជន នឹង​អប់‌រំ​មនុស្ស​ជា​ច្រើន ប៉ុន្តែ គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ និង​ភ្លើង ត្រូវគេ​នាំ​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ អស់​មួយ​រយៈ។ ក្នុង​ពេល​គេ​ជំពប់​ដួល គេ​នឹង​ទទួល​ជំនួយ​បន្តិច​បន្តួច ក៏​នឹង​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម​ជា‌មួយ​ពួក​គេ តែ​មិន​មែន​ដោយ​ចិត្ត​ស្មោះ​ទេ។ ក្នុង​ចំណោម​អ្នក​ដែល​មាន​ប្រាជ្ញា នឹង​មាន​ខ្លះ​ដួល ដើម្បី​ឲ្យ​គេ​បាន​បន្សុទ្ធ ឲ្យ​បាន​ស្អាត​បរិសុទ្ធ ហើយ​ឲ្យ​បាន​ស‌ស្គុស រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ ត្រូវ​តែ​មក​ដល់​តាម​ពេល​កំណត់។

ចែក​រំលែក
អាន ដានីយ៉ែល 11

ដានីយ៉ែល 11:15-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ទ័ព​ស្ដេច​ខាង​ជើង​កាន់​តែ​រុល​ទៅ​មុខ គេ​លើក​ដី​យ៉ាង​ខ្ពស់​ព័ទ្ធ​ជុំ‌វិញ​ក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ ហើយ​វាយ​យក​ក្រុង​នោះ។ កង‌ទ័ព​របស់​ស្ដេច​ខាង​ត្បូង និង​កង‌ពល​ដ៏​ពូកែៗ​របស់​ពួក​គេ ពុំ​មាន​កម្លាំង​អាច​ទប់‌ទល់​ឡើយ។ ស្ដេច​ខាង​ជើង​ក៏​វាយ​លុក​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ចិត្ត គ្មាន​នរណា​តទល់​បាន​ទាល់​តែ​សោះ រួច​ស្ដេច​ក៏​ឈប់​ត្រឹម​ស្រុក​ដ៏​ស្អាត ហើយ​កម្ទេច​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ជួប​ប្រទះ។ ស្ដេច​ខាង​ជើង​មាន​បំណង​ទៅ​ជួប​ស្ដេច​ខាង​ត្បូង ដើម្បី​បង្ហាញ​ឫទ្ធិ​អំណាច​នៃ​អាណា‌ចក្រ​ទាំង​មូល​របស់​ខ្លួន និង​ចង់​ចង​ស្ពាន‌មេត្រី​ជា​មួយ​ស្ដេច​ខាង​ត្បូង។ ទ្រង់​លើក​បុត្រី​ឲ្យ​ធ្វើ​ជា​មហេសី​ស្ដេច​ខាង​ត្បូង ក្នុង​គោល​បំណង​បោក​បញ្ឆោត​ស្ដេច​នោះ តែ​ពុំ​បាន​សម្រេច​ដូច​បំណង​ឡើយ។ ដូច្នេះ ស្ដេច​នោះ​ក៏​បែរ​ទៅ​រក​កោះ​នានា ហើយ​វាយ​យក​បាន​ជា​ច្រើន។ ប៉ុន្តែ មាន​មេ‌ទ័ព​ម្នាក់​មក​បញ្ឈប់​សកម្ម‌ភាព​ដ៏​អាម៉ាស់​របស់​ស្ដេច តែ​ស្ដេច​មិន​អាច​ធ្វើ​ឲ្យ​គាត់​ត្រូវ​អាម៉ាស់​វិញ​ទេ។ បន្ទាប់​មក ស្ដេច​វិល​ទៅ​ធ្វើ​សឹក​តាម​ក្រុង​ដែល​មាន​កំពែង នៅ​ស្រុក​របស់​ខ្លួន​វិញ តែ​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​វិនាស​សូន្យ​ទៅ។ ស្ដេច​មួយ​អង្គ​ទៀត​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​ឲ្យ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​អាណា‌ចក្រ ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស តែ​មិន​មែន​ដោយ​ការ​បះ‌បោរ ឬ​ដោយ​សង្គ្រាម​ទេ។ ពេល​នោះ មាន​មនុស្ស​ម្នាក់​គួរ​ឲ្យ​មាក់‌ងាយ ឡើង​សោយ​រាជ្យ ដោយ​ឥត​នរណា​អភិសេក​ជា​ស្ដេច។ ស្ដេច​ថ្មី​នេះ​ដណ្ដើម​យក​រាជ​សម្បត្តិ​បាន ក្នុង​គ្រា​មាន​សុខ‌សាន្ត‌ត្រាណ ដោយ​ប្រើ​កល‌ល្បិច។ កង‌ទ័ព​ដ៏​ខ្លាំង​ពូកែ​ដែល​មក​លុក‌លុយ​ស្រុក នឹង​ត្រូវ​ចុះ​ចាញ់​ស្ដេច​នោះ ហើយ​សូម្បី​តែ​មហា‌បូជា‌ចារ្យ​របស់​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ក៏​បរា‌ជ័យ​ដែរ។ ស្ដេច​នោះ​នឹង​ចង​សម្ពន្ធ‌មិត្ត​ជា​មួយ​អ្នក​ឯ​ទៀតៗ ដើម្បី​បោក​ប្រាស់​ពួក​គេ ហើយ​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ ទោះ​បី​មាន​បក្ស‌ពួក​តិច​ក៏​ដោយ។ ក្នុង​ឱកាស​ដែល​គេ​កំពុង​តែ​មាន​សន្តិ‌ភាព ស្ដេច​នោះ​ឆ្លៀត​ពង្រីក​ទឹក​ដី រហូត​ទៅ​ដល់​ស្រុក​ដែល​មាន​ជីជាតិ​ច្រើន​ជាង​គេ​ក្នុង​អាណា‌ខេត្ត ហើយ​ទ្រង់​ប្រព្រឹត្ត​អំពើ​ដែល​ពួក​អយ្យកោ​ពុំ​បាន​ប្រព្រឹត្ត គឺ​ទ្រង់​រឹប​អូស​របស់​របរ និង​ទ្រព្យ​សម្បត្តិ​របស់​គេ​ចែក​ឲ្យ​បក្ស‌ពួក​ខ្លួន។ ស្ដេច​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ ដើម្បី​វាយ​លុក​បន្ទាយ​នានា តែ​ការ​នេះ​កើត​មាន​មួយ​រយៈ​ប៉ុណ្ណោះ។ ដោយ​អាង​លើ​កម្លាំង និង​ចិត្ត​ក្លា‌ហាន​របស់​ខ្លួន ស្ដេច​នោះ​លើក​ទ័ព​ទៅ​វាយ​ស្ដេច​ខាង​ត្បូង។ ស្ដេច​ខាង​ត្បូង​ក៏​លើក​ទ័ព​យ៉ាង​សន្ធឹក​សន្ធាប់ និង​ខ្លាំង​ពូកែ​មក​តទល់ តែ​ពុំ​អាច​យក​ជ័យ‌ជម្នះ​បាន​ឡើយ ព្រោះ​ស្ដេច​ខាង​ជើង​ប្រើ​ល្បិច​កិច្ច‌កល​ផ្សេងៗ​ប្រឆាំង​ស្ដេច​ខាង​ត្បូង គឺ​ពួក​ជំនិត​របស់​ស្ដេច​ផ្ទាល់​នឹង​នាំ​គ្នា​ក្បត់​ស្ដេច ធ្វើ​ឲ្យ​ទ័ព​របស់​ស្ដេច​ត្រូវ​បរា‌ជ័យ ហើយ​ទាហាន​មួយ​ចំនួន​ធំ​ត្រូវ​ស្លាប់​បាត់​បង់​ជីវិត។ បន្ទាប់​មក ស្ដេច​ទាំង​ពីរ​អង្គុយ​ចរចា​ជា​មួយ​គ្នា តែ​ដោយ​គំនិត​របស់​គេ​សុទ្ធ​តែ​អាក្រក់ គេ​ពោល​ពាក្យ​កុហក​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ ការ​ចរចា​របស់​គេ​ពុំ​អាច​បាន​ផល​អ្វី​ឡើយ ដ្បិត​មិន​ទាន់​ដល់​គ្រា​បញ្ចប់​ដែល​បាន​កំណត់​ទុក។ ស្ដេច​ខាង​ជើង​ក៏​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ទាំង​នាំ​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​ទៅ​ជា​មួយ​ផង។ ពេល​នោះ ស្ដេច​នឹង​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏វិសុទ្ធ តាម​គម្រោង‌ការ​របស់​ខ្លួន រួច​បន្ត​ដំណើរ​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។ លុះ​ដល់​ពេល​កំណត់ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​អាណា‌ចក្រ​ខាង​ត្បូង​សា​ជា​ថ្មី ប៉ុន្តែ លើក​នេះ​ពុំ​ដូច​គ្រា​មុន​ទេ គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ ស្ដេច​ខ្ញាល់​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី​ដ៏វិសុទ្ធ។ ពេល​នោះ កង‌ទ័ព​ដែល​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្ដេច នឹង​នាំ​គ្នា​បន្ថោក​បន្ទាយ​ដែល​ជា​ទីសក្ការៈ ហើយ​បញ្ឈប់​ការ​ថ្វាយ​យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ ហើយ​យក​វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម​មក​តាំង​ជំនួស​វិញ។ ស្ដេច​នោះ​នឹង​ពោល​ពាក្យ​បញ្ចើច‌បញ្ចើ ល្បួង​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី។ ប៉ុន្តែ ប្រជា‌ជន​ដែល​ស្គាល់​ព្រះ‌ជាម្ចាស់​នឹង​កាន់​ចិត្ត​រឹង‌ប៉ឹង។ ពួក​អ្នក​មាន​ប្រាជ្ញា​ក្នុង​ចំណោម​ប្រជា‌ជន នឹង​នាំ​គ្នា​អប់រំ​មនុស្ស​ជា​ច្រើន។ ក៏​ប៉ុន្តែ ក្នុង​ពេល​មួយ​រយៈ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា​ទាំង​នោះ មាន​អ្នក​ខ្លះ​ត្រូវ​គេ​សម្លាប់ ត្រូវ​គេ​ដុត ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ព្រម​ទាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​មួយ​រយៈ។ ក្នុង​ពេល​ដែល​គេ​ធ្វើ​បាប​អ្នក​ទាំង​នោះ នឹង​មាន​អ្នក​ខ្លះ​មក​ជួយ​បន្តិច​ដែរ។ មនុស្ស​ជា​ច្រើន​នឹង​មក​ចូល​រួម​ជា​មួយ​អ្នក​ទាំង​នោះ តែ​ដោយ​ប្រើ​កល‌ល្បិច។ ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា នឹង​មាន​អ្នក​ខ្លះ​បាត់​បង់​ជីវិត ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ និង​បាន​សស្គុស​រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ​នឹង​កើត​មាន​តាម​ពេល​កំណត់។

ចែក​រំលែក
អាន ដានីយ៉ែល 11

ដានីយ៉ែល 11:15-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ាង​នោះ ស្តេច​ខាង​ជើង​នឹង​មក​ជីក​ស្នាម​ភ្លោះ ហើយ​ចាប់​យក​បាន​ទី​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ​ជា​បរិបូរ ឯ​ពល​ទ័ព​របស់​ស្រុក​ខាង​ត្បូង នឹង​ធន់​នៅ​មិន​បាន ព្រម​ទាំង​ពល​ជ្រើស‌រើស​របស់​ស្តេច​នោះ​ផង ក៏​នឹង​គ្មាន​កំឡាំង​ល្មម​ទប់‌ទល់​ឡើយ គឺ​ស្តេច​ដែល​លុក​ចូល​មក​ច្បាំង​នោះ នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត ឥត​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ​ទ្រង់​បាន​ឡើយ ទ្រង់​នឹង​ឈរ​នៅ​ក្នុង​ស្រុក​ដ៏​ឧត្តម ទាំង​មាន​អំណាច​បំផ្លាញ​នៅ​ក្នុង​កណ្តាប់​ដៃ​ផង ហើយ​ទ្រង់​នឹង​មាន​គំនិត​គិត​នាំ​កំឡាំង​នៃ​រាជ្យ​ទ្រង់​ទាំង​អស់​មក​ទៀត តែ​ទ្រង់​បែរ​ជា​តាំង​ស្ពាន​មេត្រី​វិញ ហើយ​ក៏​សំរេច​តាម​នោះ រួច​លើក​បុត្រី​ខ្លួន ឲ្យ​ដល់​ស្តេច​ខាង​ត្បូង ដើម្បី​នឹង​គិត​បំផ្លាញ​ទ្រង់ តែ​នាង​មិន​ចូល​គំនិត ឬ​សំរេច​តាម​បំណង​បិតា​ឡើយ ក្រោយ​នោះ​មក​ទ្រង់​នឹង​បែរ​ព្រះ‌ភក្ត្រ​ទៅ​ខាង​កោះ​សមុទ្រ​ទាំង​ប៉ុន្មាន ហើយ​នឹង​ចាប់​យក​បាន​ជា​ច្រើន​ដែរ តែ​នឹង​មាន​ទ័ព​១​កំចាត់​សេចក្ដី​អាម៉ាស់​ខ្មាស ចំពោះ​ស្តេច​នោះ​ចេញ អើ មួយ​ទៀត នឹង​ទំលាក់​សេចក្ដី​អាម៉ាស់​ខ្មាស​នោះ​ទៅ​លើ​ទ្រង់​វិញ នោះ​ទ្រង់​នឹង​បែរ​មុខ​ទៅ​ឯ​បន្ទាយ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន តែ​ទ្រង់​នឹង​ចំពប់​ដួល ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ។ បន្ទាប់​នោះ​មក នឹង​មាន​ស្តេច​១​សោយ‌រាជ្យ​ឡើង​ជំនួស ជា​អ្នក​ដែល​នឹង​ចាត់​ភ្នាក់‌ងារ ឲ្យ​ដើរ​កាត់​ស្រុក​រុងរឿង​ក្នុង​នគរ ដើម្បី​រ៉ឹង​ទារ​សួយ តែ​ក្រោយ​មក​មិន​យូរ​ថ្ងៃ ស្ដេច​នោះ​នឹង​ត្រូវ​បំផ្លាញ​ទៅ មិន​មែន​ក្នុង​ការ​កំហឹង ឬ​ការ​សង្គ្រាម​នោះ​ទេ រួច​នឹង​មាន​ម្នាក់​ដែល​គួរ​ស្អប់​ខ្ពើម​តាំង​ខ្លួន​ឡើង​ជំនួស​ទ្រង់ ឥត​មាន​អ្នក​ណា​ប្រគល់​រាជ‌សក្តិ​ដល់​អ្នក​នោះ​ឡើយ គឺ​នឹង​ចូល​មក ក្នុង​គ្រា​សុខ‌សាន្ត ជែង​យក​រាជ្យ​ដោយ​សេចក្ដី​បញ្ចើច​វិញ ឯ​ពល​ទ័ព​ដ៏​មាន​ជ័យ​នឹង​ត្រូវ​ចុះ​ចាញ់​នៅ​ចំពោះ​អ្នក​នោះ ហើយ​នឹង​ត្រូវ​បាក់​បែក​អស់​ទៅ អើ ទោះ​ទាំង​សំដេច​សង្ឃ​នៃ​សេចក្ដី​សញ្ញា​ផង ក្រោយ​ដែល​គេ​បាន​តាំង​សញ្ញា​នឹង​អ្នក​នោះ​ហើយ នោះ​វា​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ដ្បិត​វា​នឹង​ឡើង​មក ហើយ​នឹង​មាន​កំឡាំង​ឡើង ដោយ​មាន​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ គឺ​នៅ​ក្នុង​គ្រា​សុខ‌សាន្ត ដែល​វា​នឹង​ឡើង​មក​ឯ​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​ដែន​ខេត្ត ហើយ​វា​នឹង​ធ្វើ​ការ​ដែល​ពួក​ឰយុកោ​វា​តៗ​មក​មិន​ដែល​ធ្វើ​ឡើយ គឺ​វា​នឹង​យក​របឹប នឹង​របស់​ដែល​ប្លន់​បាន ហើយ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ កំចាយ​ដល់​គេ អើ វា​នឹង​បង្កើត​កិច្ច‌កល​របស់​វា ទាស់​នឹង​ទី​មាំ‌មួន នៅ​រវាង​១​ពេល វា​នឹង​ដាស់​កំឡាំង នឹង​សេចក្ដី​អង់‌អាច​របស់​វា​ឡើង ទាស់​នឹង​ស្តេច​ខាង​ត្បូង ដោយ​មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ស្តេច​ខាង​ត្បូង​នឹង​មក​ច្បាំង​នឹង​វា មាន​ពល​ទ័ព​យ៉ាង​សន្ធឹក ហើយ​ខ្លាំង​ពូកែ​ផង តែ​នឹង​ទប់‌ទល់​មិន​បាន​ទេ ពី​ព្រោះ​នឹង​មាន​គេ​បង្កើត​កិច្ច‌កល​ទាស់​នឹង​ទ្រង់ អើ អ្នក​១​ដែល​ធ្លាប់​ស៊ី​ចំណី​របស់​ទ្រង់​នឹង​បំផ្លាញ​ទ្រង់​បង់ ហើយ​កង‌ទ័ព​របស់​ទ្រង់​នឹង​បែក‌ខ្ញែក​រត់​ទៅ​តែ‌ពាស ក៏​នឹង​មាន​ជា​ច្រើន​ដួល​ស្លាប់​ដែរ ឯ​ស្តេច​ទាំង​២​អង្គ​នេះ គេ​នឹង​មាន​ចិត្ត​រិះ‌រក​ធ្វើ​តែ​ការ​កំណាច​ទទេ គេ​នឹង​កុហក​ដល់​គ្នា​នឹង​គ្នា ក្នុង​ពេល​កំពុង​អង្គុយ​នៅ​តុ​ជា​មួយ​គ្នា​ផង តែ​ការ​នោះ​នឹង​មិន​ចំរើន​ដល់​គេ​ឡើយ ដ្បិត​វេលា​ចុង​បំផុត​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។ គ្រា​នោះ វា​នឹង​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ នាំ​ទាំង​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ផង រួច​វា​នឹង​កើត​មាន​ចិត្ត​ទាស់​ទទឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​តែ​បំណង​ចិត្ត រួច​វិល​ទៅ​ឯ​ស្រុក​របស់​ខ្លួន​វិញ លុះ​ដល់​វេលា​កំណត់ វា​នឹង​ត្រឡប់​មក​ចូល​ក្នុង​ស្រុក​ខាង​ត្បូង​ទៀត តែ​ជាន់​ក្រោយ​នេះ នឹង​មិន​បាន​ដូច​ជា​ជាន់​មុន​ទេ ពី​ព្រោះ​អស់​ទាំង​នាវា ពី​ស្រុក​គីទីម នឹង​មក​ទាស់​នឹង​វា ដូច្នេះ វា​នឹង​ធ្លាក់​ចិត្ត ហើយ​វិល​ទៅ​វិញ ដោយ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​អំពើ​ចិត្ត គឺ​វា​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​នឹង​ពួក​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ​នោះ គ្រា​នោះ ពល​ទ័ព​នឹង​ត្រូវ​ខាង​វា ហើយ​គេ​នឹង​បង្អាប់​ទី​បរិសុទ្ធ គឺ​ជា​ទី​មាំ‌មួន ព្រម​ទាំង​បញ្ឈប់​បំបាត់​ការ​ថ្វាយ​ដង្វាយ​ជានិច្ច​ចេញ ហើយ​តាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម​ដែល​នាំ​ឲ្យ​បង្ខូច​បំផ្លាញ​ឡើង ឯ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​ទាស់​នឹង​សេចក្ដី​សញ្ញា នោះ​វា​នឹង​នាំ​បង្ខូច​ចិត្ត​គេ ដោយ​ពាក្យ​បញ្ចើច តែ​ចំណែក​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​ស្គាល់​ព្រះ​នៃ​ខ្លួន គេ​នឹង​មាន​ចិត្ត​រឹង​ប៉ឹង ហើយ​នឹង​ប្រតិ‌បត្តិ​ត​ទៅ ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​ក្នុង​បណ្តាជន គេ​នឹង​បង្រៀន​មនុស្ស​ជា​ច្រើន ប៉ុន្តែ គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវនឹង​ភ្លើង ព្រម​ទាំង​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​គេ​រឹប​ជាន់​ជា​យូរ​ថ្ងៃ​ផង រីឯ​កាល​ណា​គេ​ត្រូវ​ដួល នោះ​គេ​នឹង​មាន​សេចក្ដី​ជំនួយ​បន្តិច​ដែរ ក៏​នឹង​មាន​មនុស្ស​ជា​ច្រើន​ចូល​ខាង​គេ ដោយ​ចិត្ត​ក្រឡេច‌ក្រឡុច ឯ​ពួក​គេ​ដែល​មាន​ប្រាជ្ញា នឹង​មាន​ខ្លះ​ដួល​ចុះ ដើម្បី​ឲ្យ​បាន​សំរង ហើយ​សំអាត​ពួក​គេ ព្រម​ទាំង​ឲ្យ​គេ​បាន​ស‌ស្គុស ដរាប​ដល់​វេលា​ចុង​បំផុត ដ្បិត​ការ​ទាំង​នោះ​នឹង​មក​ក្នុង​ពេល​កំណត់​ទេ។

ចែក​រំលែក
អាន ដានីយ៉ែល 11