កូឡូស 1:3-14

កូឡូស 1:3-14 គខប

យើង​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ​គ្រិស្ត* ជា‌អម្ចាស់​នៃ​យើង​ជានិច្ច គ្រប់​ពេល​ដែល​យើង​អធិស្ឋាន*​ឲ្យ​បងប្អូន ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បងប្អូន​លើ​ព្រះគ្រិស្ត‌យេស៊ូ និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន ចំពោះ​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់ ព្រោះ​តែ​សេចក្ដី​សង្ឃឹម​ដែល​ព្រះអង្គ​បម្រុង​ទុក​សម្រាប់​បងប្អូន​នៅ​ស្ថាន​បរម‌សុខ*។ បងប្អូន​បាន​ស្គាល់​សេចក្ដី​សង្ឃឹម​នេះ ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត គឺ​ដំណឹង‌ល្អ* ដែល​បាន​មក​ដល់​បងប្អូន។ ចាប់​តាំង​ពី​ថ្ងៃ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ ស្រប​តាម​សេចក្ដី​ពិត​នោះ​មក ដំណឹង‌ល្អ​នេះ​បាន​បង្កើត​ផល និង​ចម្រើន​ឡើង​ក្នុង​ចំណោម​បងប្អូន ដូច​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ដែរ។ បងប្អូន​បាន​ទទួល​ការ​អប់រំ​នេះ​ពី​សំណាក់​លោក​អេប៉ា‌ប្រាស​ដ៏​ជា​ទី​ស្រឡាញ់ ដែល​រួម​ការ‌ងារ​ជា​មួយ​យើង។ គាត់​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ‌គ្រិស្ត​សម្រាប់​បងប្អូន។ គាត់​បាន​ប្រាប់​ឲ្យ​យើង​ដឹង​ច្បាស់​អំពី​សេចក្ដី​ស្រឡាញ់ ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​មក​បងប្អូន។ ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បងប្អូន យើង​ចេះ​តែ​អធិស្ឋាន និង​ទូល‌អង្វរ​ព្រះ‌ជា‌ម្ចាស់​ឲ្យ​បងប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ។ សូម​ឲ្យ​បងប្អូន​រស់​នៅ​បាន​សមរម្យ​នឹង​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់។ ដូច្នេះ បងប្អូន​នឹង​បង្កើត​ផល​ផ្លែ​ក្នុង​គ្រប់​អំពើ​ល្អ​ដែល​បងប្អូន​ធ្វើ ហើយ​បងប្អូន​នឹង​ស្គាល់​ព្រះ‌ជា‌ម្ចាស់​កាន់​តែ​ច្បាស់​ឡើងៗ។ សូម​ឲ្យ​បងប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ចំពូក ដោយ​ព្រះ‌ចេស្ដា​ដ៏​រុងរឿង​របស់​ព្រះអង្គ ដើម្បី​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។ ចូរ​អរ​ព្រះ‌គុណ​ព្រះ‌បិតា ដោយ​ចិត្ត​រីក‌រាយ ព្រោះ​ព្រះអង្គ​បាន​ប្រោស​ប្រទាន​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព​អាច​ទទួល​ចំណែក​មត៌ក រួម​ជា​មួយ​ប្រជា‌ជន​ដ៏វិសុទ្ធ*​នៅ​ក្នុង​ពន្លឺ។ ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ។ ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះអង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។

វីដេអូសម្រាប់ កូឡូស 1:3-14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កូឡូស 1:3-14