កូឡូស 1:3-14
កូឡូស 1:3-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងសូមអរព្រះគុណព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត* ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងអធិស្ឋាន*ឲ្យបងប្អូន ដ្បិតយើងបានឮគេនិយាយអំពីជំនឿរបស់បងប្អូនលើព្រះគ្រិស្តយេស៊ូ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូន ចំពោះប្រជាជនដ៏វិសុទ្ធ*ទាំងអស់ ព្រោះតែសេចក្ដីសង្ឃឹមដែលព្រះអង្គបម្រុងទុកសម្រាប់បងប្អូននៅស្ថានបរមសុខ*។ បងប្អូនបានស្គាល់សេចក្ដីសង្ឃឹមនេះ ដោយសារព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ* ដែលបានមកដល់បងប្អូន។ ចាប់តាំងពីថ្ងៃដែលបងប្អូនបានទទួល និងបានស្គាល់ព្រះគុណរបស់ព្រះជាម្ចាស់ ស្របតាមសេចក្ដីពិតនោះមក ដំណឹងល្អនេះបានបង្កើតផល និងចម្រើនឡើងក្នុងចំណោមបងប្អូន ដូចនៅក្នុងពិភពលោកទាំងមូលដែរ។ បងប្អូនបានទទួលការអប់រំនេះពីសំណាក់លោកអេប៉ាប្រាសដ៏ជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រិស្តសម្រាប់បងប្អូន។ គាត់បានប្រាប់ឲ្យយើងដឹងច្បាស់អំពីសេចក្ដីស្រឡាញ់ ដែលព្រះវិញ្ញាណប្រទានមកបងប្អូន។ ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែអធិស្ឋាន និងទូលអង្វរព្រះជាម្ចាស់ឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់ព្រះហឫទ័យរបស់ព្រះអង្គយ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីព្រះវិញ្ញាណ។ សូមឲ្យបងប្អូនរស់នៅបានសមរម្យនឹងព្រះអម្ចាស់ ដើម្បីឲ្យបានគាប់ព្រះហឫទ័យព្រះអង្គក្នុងគ្រប់វិស័យទាំងអស់។ ដូច្នេះ បងប្អូននឹងបង្កើតផលផ្លែក្នុងគ្រប់អំពើល្អដែលបងប្អូនធ្វើ ហើយបងប្អូននឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ឡើងៗ។ សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ចំពូក ដោយព្រះចេស្ដាដ៏រុងរឿងរបស់ព្រះអង្គ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។ ចូរអរព្រះគុណព្រះបិតា ដោយចិត្តរីករាយ ព្រោះព្រះអង្គបានប្រោសប្រទានឲ្យបងប្អូនមានសមត្ថភាពអាចទទួលចំណែកមត៌ក រួមជាមួយប្រជាជនដ៏វិសុទ្ធ*នៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងព្រះរាជ្យ*នៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ដោយយើងរួមក្នុងអង្គព្រះបុត្រា ព្រះអង្គបានលោះយើង និងលើកលែងទោសយើងឲ្យរួចពីបាប។
កូឡូស 1:3-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលអធិស្ឋានឲ្យអ្នករាល់គ្នា យើងខ្ញុំតែងអរព្រះគុណដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងជានិច្ច ដ្បិតយើងខ្ញុំបានឮអំពីជំនឿរបស់អ្នករាល់គ្នាដល់ព្រះគ្រីស្ទយេស៊ូវ និងអំពីសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាមានចំពោះពួកបរិសុទ្ធទាំងអស់ ព្រោះតែសេចក្តីសង្ឃឹមដែលបានបម្រុងទុកសម្រាប់អ្នករាល់គ្នានៅស្ថានសួគ៌ ជាសេចក្តីសង្ឃឹមដែលអ្នករាល់គ្នាបានឮរួចមកហើយ នៅក្នុងព្រះបន្ទូលនៃសេចក្ដីពិត គឺដំណឹងល្អ ដែលបានមកដល់អ្នករាល់គ្នា។ ដំណឹងល្អនេះកំពុងតែបង្កើតផល ហើយចម្រើនឡើងដល់ពិភពលោកទាំងមូល ដូចបានបង្កើតផលក្នុងចំណោមអ្នករាល់គ្នាដែរ ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណរបស់ព្រះយ៉ាងពិតប្រាកដ តាមដែលអ្នករាល់គ្នាបានរៀនពីអេប៉ាប្រាស ជាអ្នកបម្រើស្ងួនភ្ងាជាមួយយើង។ គាត់ជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទ សម្រាប់អ្នករាល់គ្នា ហើយគាត់បានប្រាប់ឲ្យយើងដឹង អំពីសេចក្តីស្រឡាញ់របស់អ្នករាល់គ្នាដោយព្រះវិញ្ញាណ។ ហេតុនេះ ចាប់តាំងពីថ្ងៃដែលយើងឮដំណឹងនេះ យើងក៏អធិស្ឋានឥតឈប់ឈរ ទាំងទូលសូមឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យរបស់ព្រះ ដោយគ្រប់ទាំងប្រាជ្ញា និងការយល់ដឹងខាងវិញ្ញាណ ដើម្បីឲ្យអ្នករាល់គ្នារស់នៅស័ក្ដិសមនឹងព្រះអម្ចាស់ ទាំងគាប់ព្រះហឫទ័យព្រះអង្គគ្រប់ជំពូក ដោយអ្នករាល់គ្នាបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យអ្នករាល់គ្នាស្គាល់ព្រះកាន់តែច្បាស់ឡើង។ សូមឲ្យអ្នករាល់គ្នាមានកម្លាំង ប្រកបដោយព្រះចេស្ដាគ្រប់ជំពូក ដោយឫទ្ធិបារមីដ៏រុងរឿងរបស់ព្រះអង្គ ហើយឲ្យអ្នករាល់គ្នាចេះទ្រាំទ្រ និងអត់ធ្មត់គ្រប់យ៉ាង ដោយអំណរ ទាំងអរព្រះគុណដល់ព្រះវរបិតា ដែលព្រះអង្គបានប្រោសប្រទានឲ្យអ្នករាល់គ្នាមានចំណែកទទួលមត៌កក្នុងពួកបរិសុទ្ធ នៅក្នុងពន្លឺ។ ព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹត ហើយផ្លាស់យើងមកក្នុងព្រះរាជ្យនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ យើងមានសេចក្តីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺការអត់ទោសឲ្យរួចពីបាប។
កូឡូស 1:3-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
យើងខ្ញុំអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ក៏អធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដោយបានឮដំណាលពីសេចក្ដីជំនឿ ដែលអ្នករាល់គ្នាជឿដល់ព្រះគ្រីស្ទយេស៊ូវ ហើយពីសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាមានដល់ពួកបរិសុទ្ធទាំងអស់ គឺអរព្រះគុណដោយព្រោះសេចក្ដីសង្ឃឹម ដែលបំរុងទុកឲ្យអ្នករាល់គ្នា នៅស្ថានសួគ៌ ជាសេចក្ដីសង្ឃឹម ដែលអ្នករាល់គ្នាបានឮនិយាយ ក្នុងព្រះបន្ទូលដ៏ពិតនៃដំណឹងល្អ ដែលបានផ្សាយមកដល់អ្នករាល់គ្នាហើយ ដូចជាដល់លោកីយទាំងមូលដែរ ក៏កំពុងតែបង្កើតផល ហើយចំរើនឡើង ដូចក្នុងពួកអ្នករាល់គ្នា ចាប់តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយស្គាល់ព្រះគុណនៃព្រះជាប្រាកដ តាមដែលអ្នករាល់គ្នាបានរៀននឹងអេប៉ាប្រាស ជាបាវបំរើស្ងួនភ្ងាជាមួយនឹងយើងខ្ញុំ គាត់ជាអ្នកបំរើស្មោះត្រង់របស់ព្រះគ្រីស្ទ សំរាប់អ្នករាល់គ្នា ហើយគាត់បានថ្លែងប្រាប់យើងខ្ញុំ ពីសេចក្ដីស្រឡាញ់ ដែលអ្នករាល់គ្នាមានដោយនូវព្រះវិញ្ញាណ។ ហេតុនោះ ចាប់តាំងពីថ្ងៃ ដែលយើងខ្ញុំឮនិយាយ នោះយើងខ្ញុំក៏អធិស្ឋានឲ្យអ្នករាល់គ្នាឥតឈប់ឈរ ហើយទូលសូម ឲ្យអ្នករាល់គ្នាបានស្គាល់ព្រះហឫទ័យទ្រង់សព្វគ្រប់ ដោយគ្រប់ទាំងប្រាជ្ញា នឹងចំណេះខាងឯវិញ្ញាណ ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង ដោយបានគ្រប់ទាំងព្រះចេស្តាចំរើនកំឡាំង តាមឫទ្ធិបារមីដ៏ឧត្តមរបស់ទ្រង់ ដើម្បីឲ្យបានចេះទ្រាំទ្រ ហើយអត់ធន់គ្រប់យ៉ាងដោយអំណរ ព្រមទាំងអរព្រះគុណ ដល់ព្រះវរបិតាដែលទ្រង់បានប្រោស ឲ្យយើងបានគួរនឹងទទួលចំណែកកេរ្ដិ៍អាករ ក្នុងពួកបរិសុទ្ធនៅទីភ្លឺផង ទ្រង់បានប្រោសឲ្យយើងរួចពីអំណាចនៃសេចក្ដីងងឹត ហើយផ្លាស់យើងមកក្នុងនគររបស់ព្រះរាជបុត្រាស្ងួនភ្ងានៃទ្រង់ យើងរាល់គ្នាមានសេចក្ដីប្រោសលោះក្នុងព្រះរាជបុត្រានោះ គឺជាសេចក្ដីផ្តាច់បាប ដោយសារព្រះលោហិតទ្រង់