កិច្ចការ 4:23-35

កិច្ចការ 4:23-35 គខប

ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ លោក​ពេត្រុស និង​លោក​យ៉ូហាន នាំ​គ្នា​ទៅ​ជួប​ពួក​បងប្អូន រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​មហា‌បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​បាន​និយាយ។ កាល​ពួក​គេ​ឮ​ដូច្នោះ គេ​រួម​ចិត្ត​គំនិត​គ្នា ហើយ​បន្លឺ​សំឡេង​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​យើង​ខ្ញុំ​ថា៖ “ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល? ហេតុ​អ្វី​បាន​ជា​ប្រជា‌រាស្ដ្រ​នានា មាន​គំនិត​ឥត​ខ្លឹម‌សារ​ដូច្នេះ? ពួក​ស្ដេច​នៅ​លើ​ផែនដី និង​ពួក​មេ​ដឹក​នាំ​ពួត‌ដៃ រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះ‌គ្រិស្ត*​របស់​ព្រះអង្គ” ។ ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-‌ពីឡាត បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​សម​គំនិត​ផង។ គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះអង្គ​បាន​កំណត់​ទុក​ជា​មុន តាម​ឫទ្ធិ‌បារមី និង​តាម​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះអង្គ ថ្លែង​ព្រះ‌បន្ទូល​ដោយ​ចិត្ត​អង់‌អាច​មោះ‌មុត​ផង សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា ឲ្យ​មាន​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​កើត​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ»។ កាល​ពួក​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួប‌ជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​អង់‌អាច។ អ្នក​ជឿ​ទាំង​អម្បាល‌ម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។ ក្រុម​សាវ័ក*​បាន​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ទ្រង់​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លុប ដល់​ពួក​គេ​ទាំង​អស់​គ្នា។ ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ។ អស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សំបែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ យក​ប្រាក់ មក​ជូន​ក្រុម​សាវ័ក។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែក តាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ