កិច្ចការ 4:23-35

កិច្ចការ 4:23-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ អ្នក​ទាំង​ពីរ​នាំ​គ្នា​ទៅជួប​មិត្ត​សម្លាញ់​របស់​ខ្លួន ហើយ​រៀប​រាប់​ប្រាប់​ពី​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​បាន​និយាយ។ កាល​ពួក​គេ​បាន​ឮ​ដូច្នោះ គេ​ក៏​បន្លឺ​សំឡេង​ឡើង​ព្រម​គ្នា ទូល​ព្រះ​ថា «ឱ​ព្រះ​ជា​ម្ចាស់​ដ៏​ធំ​បំផុត​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំង​អស់​នៅ​ទី​ទាំង​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល ដោយ​សារ​មាត់​របស់​ព្រះ‌បាទ​ដាវីឌ បុព្វ​បុរស​របស់​យើង ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា "ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល​ជ្រើម​ឡើង ហើយ​ជន​ជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ? ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ប្រុង​ប្រៀប​ខ្លួន ឯ​ពួក​មេ​គ្រប់​គ្រង​បាន​ប្រមូល​គ្នា​ទាស់​នឹង​ព្រះ‌អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ‌គ្រីស្ទ របស់​ព្រះ‌អង្គ "។ ប្រាកដ​មែន នៅ​ក្នុង​ក្រុង​នេះ ស្តេច​ហេរ៉ូឌ និង​លោក​ប៉ុនទាស‌ពីឡាត់ បាន​ប្រជុំ​គ្នា ហើយ​ពួក​សាសន៍​ដទៃ និង​សាសន៍​អ៊ីស្រា‌អែល ទាស់​នឹង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង ដើម្បី​ធ្វើ​អ្វីៗ​ដែល​ព្រះ‌ហស្ត​ព្រះ‌អង្គ និង​គម្រោង‌ការ​របស់​ព្រះ‌អង្គ បាន​កំណត់​ទុក​ឲ្យ​កើត​ឡើង។ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​ការ​គំរាម​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​បាវ​បម្រើ​ព្រះ‌អង្គ បាន​ថ្លែង​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ដោយ​សេចក្ដី​ក្លា‌ហាន​ផង ក្នុង​កាល​ដែល​ព្រះ‌អង្គ​លូក​ព្រះ‌ហស្ត​ប្រោស​ឲ្យ​បាន​ជា និង​ទី​សម្គាល់ ការ​អស្ចារ្យ​ដែល​បាន​កើត​ឡើង ដោយ​សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​បរិសុទ្ធ​របស់ព្រះ‌អង្គ»។ កាល​គេ​បាន​អធិស្ឋាន​រួច​ហើយ កន្លែង​ដែល​គេ​ប្រជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា ហើយគេ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះដោយ​ចិត្ត​ក្លា‌ហាន។ ឥឡូវ​នេះ ចំនួន​មនុស្ស​ទាំង​អស់​ដែល​បាន​ជឿ គេ​មាន​ចិត្ត​គំនិត​តែ​មួយ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​នោះ​ទេ គឺ​គេ​យកអ្វីៗ​ដែល​ខ្លួន​មាន​មក​ដាក់​ជា​សម្បត្តិ​រួម។ ពួក​សាវក​បាន​ធ្វើ​បន្ទាល់​ដោយ​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់‌យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះ‌គុណ​យ៉ាង​ខ្លាំង​សណ្ឋិត​លើ​ពួកគេ​ទាំង​អស់​គ្នា។ នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី មាន​ផ្ទះ គេ​បាន​លក់​យក​ប្រាក់ មក​ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​ចែក​ដល់​ម្នាក់​ៗ​តាម​ត្រូវ​ការ។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:23-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​ពី​បាន​រួច​ខ្លួន​ហើយ លោក​ពេត្រុស និង​លោក​យ៉ូហាន នាំ​គ្នា​ទៅ​ជួប​ពួក​បងប្អូន រៀប​រាប់​អំពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​មហា‌បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​បាន​និយាយ។ កាល​ពួក​គេ​ឮ​ដូច្នោះ គេ​រួម​ចិត្ត​គំនិត​គ្នា ហើយ​បន្លឺ​សំឡេង​ទូល​ព្រះ‌ជាម្ចាស់​ថា៖ «បពិត្រ​ព្រះ​ដ៏​ជា​ចៅហ្វាយ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ តាម​រយៈ​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​យើង​ខ្ញុំ​ថា៖ “ហេតុ​អ្វី​បាន​ជា​ជាតិ​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល? ហេតុ​អ្វី​បាន​ជា​ប្រជា‌រាស្ដ្រ​នានា មាន​គំនិត​ឥត​ខ្លឹម‌សារ​ដូច្នេះ? ពួក​ស្ដេច​នៅ​លើ​ផែនដី និង​ពួក​មេ​ដឹក​នាំ​ពួត‌ដៃ រួម​គំនិត​គ្នា​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះ‌គ្រិស្ត*​របស់​ព្រះអង្គ” ។ ប្រាកដ​មែន! នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក​ប៉ុនទាស-‌ពីឡាត បាន​រួម​គ្នា​ប្រឆាំង​នឹង​ព្រះ‌យេស៊ូ​ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក ទាំង​មាន​សាសន៍​ដទៃ​ទៀត និង​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​សម​គំនិត​ផង។ គេ​នាំ​គ្នា​ប្រព្រឹត្ត​ដូច​ព្រះអង្គ​បាន​កំណត់​ទុក​ជា​មុន តាម​ឫទ្ធិ‌បារមី និង​តាម​ព្រះ‌តម្រិះ​របស់​ព្រះអង្គ។ ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ជ្រាប​សេចក្ដី​គំរាម​របស់​ពួក​គេ ហើយ​សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​អ្នក​បម្រើ​ព្រះអង្គ ថ្លែង​ព្រះ‌បន្ទូល​ដោយ​ចិត្ត​អង់‌អាច​មោះ‌មុត​ផង សូម​សម្តែង​បារមី​ឲ្យ​អ្នក​ជំងឺ​បាន​ជា ឲ្យ​មាន​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​កើត​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ ជា​អ្នក​បម្រើ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ»។ កាល​ពួក​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួប‌ជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​អង់‌អាច។ អ្នក​ជឿ​ទាំង​អម្បាល‌ម៉ាន​មាន​ចិត្ត​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។ ក្រុម​សាវ័ក*​បាន​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ក្លា ហើយ​នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌ជាម្ចាស់​ទ្រង់​សម្តែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លុប ដល់​ពួក​គេ​ទាំង​អស់​គ្នា។ ក្នុង​ចំណោម​ពួក​គេ គ្មាន​នរណា​ខ្វះ​ខាត​អ្វី​ឡើយ។ អស់​អ្នក​ដែល​មាន​ដី​ធ្លី ឬ​ផ្ទះ​សំបែង​នាំ​គ្នា​លក់​ដី​ធ្លី និង​ផ្ទះ​នោះ យក​ប្រាក់ មក​ជូន​ក្រុម​សាវ័ក។ បន្ទាប់​មក អ្នក​ជឿ​ទាំង​អស់​គ្នា​ទទួល​ចំណែក តាម​សេចក្ដី​ត្រូវ​ការ​រៀងៗ​ខ្លួន។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:23-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លុះ​បាន​លែង​ស្រេច​ហើយ នោះ​ក៏​នាំ​គ្នា​ទៅ​ឯ​ពួក​របស់​ខ្លួន​វិញ ទាំង​រ៉ាយ​រឿង​ប្រាប់​ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​បាន​ហាម‌ប្រាម កាល​ពួក​ជំនុំ​បាន​ឮ​ដូច្នោះ នោះ​ក៏​បន្លឺ​ឧទាន​ព្រម​គ្នា ទូល​ដល់​ព្រះ​ថា ឱ​ព្រះ​ដ៏​ជា​ម្ចាស់​ធំ​បំផុត​អើយ គឺ​ទ្រង់​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី នឹង​សមុទ្រ ហើយ​របស់​ទាំង​អស់ ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​បាន​មាន​បន្ទូល ដោយ‌សារ​ព្រះ‌ឱស្ឋ​ហ្លួង​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់​ថា «ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើម​ឡើង ហើយ​ជន‌ជាតិ​ទាំង​ប៉ុន្មាន​មាន​គំនិត​ជា​អសារ​ឥត​ការ​ដូច្នេះ ពួក​មហា‌ក្សត្រ​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​ក៏​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌អម្ចាស់ ហើយ​ទាស់​នឹង​ព្រះ‌គ្រីស្ទ​នៃ​ទ្រង់» ប្រាកដ​មែន​ហើយ ដ្បិត​នៅ​ក្រុង​នេះ ស្តេច​ហេរ៉ូឌ នឹង​លោក​ប៉ុនទាស-ពីឡាត់ បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​សាសន៍​ដទៃ នឹង​សាសន៍​អ៊ីស្រាអែល ទាស់​នឹង​ព្រះ‌យេស៊ូវ​ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ដើម្បី​នឹង​ធ្វើ​អស់​ទាំង​ការ​ដែល​ព្រះ‌ហស្ត​ទ្រង់ នឹង​ព្រះ‌ដំរិះ​ទ្រង់ បាន​គិត​សំរេច​ជា​មុន ឥឡូវ​នេះ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទត​មើល​សេចក្ដី​កំហែង​របស់​គេ ហើយ​សូម​ប្រទាន​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់ បាន​ផ្សាយ​ព្រះ‌បន្ទូល ដោយ​សេចក្ដី​ក្លាហាន​ដ៏​ពេញ‌លេញ ដោយ​ទ្រង់​លូក​ព្រះ‌ហស្ត​មក សំរាប់​នឹង​ប្រោស​មនុស្ស​ឲ្យ​បាន​ជា ហើយ​នឹង​ធ្វើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ ជា​អ្នក​បំរើ​បរិសុទ្ធ​របស់​ទ្រង់ កាល​បាន​អធិស្ឋាន​រួច​ហើយ នោះ​កន្លែង​ដែល​គេ​ប្រជុំ​គ្នា​ក៏​រញ្ជួយ ហើយ​គេ​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា រួច​ក៏​ផ្សាយ​ព្រះ‌បន្ទូល​ដោយ​ចិត្ត​ក្លាហាន។ ឯ​មនុស្ស​ទាំង​ហ្វូង​ដែល​បាន​ជឿ គេ​ក៏​មាន​ចិត្ត​មាន​គំនិត​តែ​១ គ្មាន​អ្នក​ណា​ប្រកាន់​ថា អ្វីៗ​ដែល​ខ្លួន​មាន​ជា​របស់​ផង​ខ្លួន​នោះ​ទេ គឺ​គ្រប់​របស់​ទាំង​ប៉ុន្មាន ជា​របស់​សំរាប់​ប្រើ​ជា​មួយ​គ្នា​ទាំង​អស់ ពួក​សាវក​ក៏​ធ្វើ​បន្ទាល់ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ ពី​ដំណើរ​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​មាន​ព្រះ‌គុណ​ជា​ធំ សណ្ឋិត​លើ​គេ​ទាំង​អស់​គ្នា​ដែរ នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​សោះ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី​មាន​ផ្ទះ នោះ​ក៏​លក់ យក​ប្រាក់​ដែល​ជា​ថ្លៃ​របស់​ទាំង​នោះ​មក ដាក់​នៅ​ទៀប​ជើង​ពួក​សាវក ហើយ​គេ​ក៏​ចែក​ដល់​គ្រប់​គ្នា​តាម​ត្រូវ​ការ។

ចែក​រំលែក
អាន កិច្ចការ 4

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ