កិច្ចការ 4:1-12

កិច្ចការ 4:1-12 គខប

លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​នៅ​ឡើយ ស្រាប់​តែ​ពួក​បូជា‌ចារ្យ* មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​មក​ដល់។ ពួក​គេ​ទាស់​ចិត្ត​នឹង​សាវ័ក​បង្រៀន​ប្រជា‌ជន ទាំង​ប្រកាស​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ដោយ​សំអាង​លើ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ពួក​គេ​នាំ​គ្នា​ចាប់​សាវ័ក​ទាំង​ពីរ​រូប​យក​ទៅ​ឃុំ ទុក​រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ។ ប៉ុន្តែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល មាន​មនុស្ស​ជា​ច្រើន​ជឿ ហើយ​ចំនួន​ពួក​គេ​បាន​កើន​ឡើង ប្រមាណ​ប្រាំ​ពាន់​នាក់។ លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ជា​មួយ​លោក​មហា‌បូជា‌ចារ្យ*​អាណ លោក​កៃផា លោក​យ៉ូហាន លោក​អលេក្សាន‌ត្រុស និង​ក្រុម​គ្រួសារ​របស់​នាយក​បូជា‌ចារ្យ​ទាំង​អស់។ លោក​ទាំង​នោះ​បាន​បញ្ជា​ឲ្យ​គេ​នាំ​លោក​ពេត្រុស និង​លោក​យ៉ូហាន​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ រួច​សួរ​ថា៖ «អ្នក​បាន​ធ្វើ​ការ​នេះ​សំអាង​លើ​អំណាច​អ្វី? ក្នុង​នាម​នរណា?»។ ពេល​នោះ លោក​ពេត្រុស​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជន និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ! ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ​ពី​អំពើ​ល្អ ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​ជា​តាម​របៀប​ណា​នោះ។ សូម​អស់​លោក និង​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​ទាំង​មូល​ជ្រាប​ថា បុរស​ដែល​ឈរ​នៅ​មុខ​អស់​លោក​ទាំង​មាន​សុខ‌ភាព​ល្អ​នេះ​ជា ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះអង្គ​ហ្នឹង​ហើយ​ជា​ “ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ” ។ ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ