កិច្ចការ 4:1-12

កិច្ចការ 4:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​លោក​ពេត្រុស និង​លោក​យ៉ូហាន កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រ‌ជាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​សាឌូ‌ស៊ីក៏​មក​ដល់។ ពួក​គេ​ទាស់​ចិត្តនឹង​ពួក​សាវក​បង្រៀន​ប្រ‌ជាជន ហើយ​ប្រកាស​ថា នៅ​ក្នុង​ព្រះ​យេស៊ូវ​នឹង​មាន​ការ​រស់​ពី​ស្លាប់​ឡើង​វិញ។ គេ​ក៏​ចាប់​អ្នក​ទាំង​ពីរ នាំ​ទៅ​ឃុំ​ទុក រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ ល្ងាច​ណាស់​ហើយ។ ប៉ុន្តែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ ហើយ​ចំនួន​បុរស​កើន​ឡើង មាន​ប្រមាណ​ជា​ប្រាំ​ពាន់​នាក់។ លុះ​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់​ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ជាមួយ​លោក​អាណ ជា​សម្តេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន លោក​អ័លេ‌ក្សាន‌ត្រុស និង​ក្រុម​គ្រួ​សារ​របស់​សម្តេច​សង្ឃទាំង​អស់។ កាល​គេ​បាន​នាំ​អ្នក​ទាំង​ពីរ មក​ឈរ​នៅ​កណ្តាល​ចំណោម​ហើយ គេ​សួរ​ថា៖ «តើ​អ្នក​ធ្វើ​ការ​នេះអាងលើ​អំណាច​អ្វី ឬដោយ​ឈ្មោះ​អ្នក​ណា?» ពេល​នោះ លោក​ពេត្រុស ដែល​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ លោកមាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​នាម៉ឺន​របស់​ប្រជា‌ជន និង​ពួក​ចាស់​ទុំ​អើយ ប្រសិន‌បើ​អស់​លោក​សួរ​យើង​ខ្ញុំនៅ​ថ្ងៃ​នេះ ពី​ការ​ល្អដែល​បាន​ធ្វើ​ដល់​បុរស​ពិការ​ម្នាក់ ថាគាត់​បាន​ជា​ដោយ​របៀប​ណា នោះ​សូម​អស់​លោក និង​ប្រ‌ជាជន​អ៊ីស្រា‌អែល​ទាំង​អស់​ជ្រាប​ថា ដែល​បុរស​នេះ​បាន​ជា ហើយ​ឈរ​នៅ​មុខ​អស់​លោក គឺ​ដោយ​សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​អ្នក​ស្រុក​ណា‌សារ៉ែត ដែល​អស់​លោក​បាន​ឆ្កាង តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពីស្លាប់​ឡើង​វិញ។ ព្រះ‌យេស៊ូវ​នេះ​ជា "ថ្ម​ដែល​អស់​លោកជា​ជាង​សង់​ផ្ទះ​បាន​បោះ​ចោល ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ" ។ គ្មាន​ការ​សង្គ្រោះ​ដោយ​សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ទៀត​ដែល​ព្រះ​បាន​ប្រទាន​មក​មនុស្ស​លោក ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ»។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ពេត្រុស និង​លោក​យ៉ូហាន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​នៅ​ឡើយ ស្រាប់​តែ​ពួក​បូជា‌ចារ្យ* មេ​កង​រក្សា​ព្រះ‌វិហារ និង​ពួក​ខាង​គណៈ‌សាឌូ‌ស៊ី*​មក​ដល់។ ពួក​គេ​ទាស់​ចិត្ត​នឹង​សាវ័ក​បង្រៀន​ប្រជា‌ជន ទាំង​ប្រកាស​ថា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ដោយ​សំអាង​លើ​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ពួក​គេ​នាំ​គ្នា​ចាប់​សាវ័ក​ទាំង​ពីរ​រូប​យក​ទៅ​ឃុំ ទុក​រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ​ល្ងាច​ណាស់​ហើយ។ ប៉ុន្តែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល មាន​មនុស្ស​ជា​ច្រើន​ជឿ ហើយ​ចំនួន​ពួក​គេ​បាន​កើន​ឡើង ប្រមាណ​ប្រាំ​ពាន់​នាក់។ លុះ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​អាចារ្យ* ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម ជា​មួយ​លោក​មហា‌បូជា‌ចារ្យ*​អាណ លោក​កៃផា លោក​យ៉ូហាន លោក​អលេក្សាន‌ត្រុស និង​ក្រុម​គ្រួសារ​របស់​នាយក​បូជា‌ចារ្យ​ទាំង​អស់។ លោក​ទាំង​នោះ​បាន​បញ្ជា​ឲ្យ​គេ​នាំ​លោក​ពេត្រុស និង​លោក​យ៉ូហាន​មក​ឈរ​នៅ​មុខ​អង្គ​ប្រជុំ រួច​សួរ​ថា៖ «អ្នក​បាន​ធ្វើ​ការ​នេះ​សំអាង​លើ​អំណាច​អ្វី? ក្នុង​នាម​នរណា?»។ ពេល​នោះ លោក​ពេត្រុស​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​ជម្រាប​អស់​លោក​ជា​អ្នក​ដឹក​នាំ​ប្រជា‌ជន និង​អស់​លោក​ព្រឹទ្ធា‌ចារ្យ! ថ្ងៃ​នេះ អស់​លោក​សួរ​ចម្លើយ​យើង​ខ្ញុំ​ពី​អំពើ​ល្អ ដែល​យើង​ខ្ញុំ​សង្គ្រោះ​អ្នក​ពិការ​ឲ្យ​ជា​តាម​របៀប​ណា​នោះ។ សូម​អស់​លោក និង​ប្រជា‌រាស្ដ្រ​អ៊ីស្រា‌អែល​ទាំង​មូល​ជ្រាប​ថា បុរស​ដែល​ឈរ​នៅ​មុខ​អស់​លោក​ទាំង​មាន​សុខ‌ភាព​ល្អ​នេះ​ជា ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​អ្នក​ភូមិ​ណាសា‌រ៉ែត ដែល​អស់​លោក​បាន​ឆ្កាង ហើយ​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះអង្គ​ហ្នឹង​ហើយ​ជា​ “ថ្ម​ដែល​លោក​ទាំង​អស់​គ្នា​ជា​ជាង​សំណង់​បោះ​ចោល បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត​វិញ” ។ ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​អ្នក​ទាំង​២ កំពុង​តែ​និយាយ​នឹង​បណ្តាជន​នៅ​ឡើយ នោះ​ពួក​សង្ឃ នឹង​ពួក​សាឌូស៊ី ព្រម​ទាំង​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ក៏​មក​ដល់ គេ​មាន​សេចក្ដី​អាក់‌អន់​ចិត្ត​ពី​ដំណើរ​ដែល​គាត់​បង្រៀន ដល់​ពួក​ជន ហើយ​ក៏​សំដែង​ប្រាប់​ដល់​បណ្តាជន ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ គេ​ក៏​ចាប់​អ្នក​ទាំង​២ នាំ​ទៅ​ឃុំ​ទុក​ដរាប​ដល់​ស្អែក ដ្បិត​ពេល​នោះ​ល្ងាច​ហើយ ប៉ុន្តែ ឯ​ពួក​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល នោះ​មាន​គ្នា​ជា​ច្រើន​បាន​ជឿ ហើយ​ពួក​ដែល​ជឿ ក៏​បាន​កើន​ឡើង មាន​ប្រុសៗ ប្រហែល​ជា​៥​ពាន់​នាក់។ ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់‌ទុំ នឹង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម ព្រម​ទាំង​លោក​អាណ ជា​សំដេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន នឹង​លោក​អ័លេ‌ក្សាន‌ត្រុស ហើយ​អស់​អ្នក​ដែល​ជា​គ្រួសារ​នៃ​សំដេច​សង្ឃ​ដែរ កាល​បាន​នាំ​អ្នក​ទាំង​២​មក ដាក់​នៅ​កណ្តាល​ចំណោម​ហើយ នោះ​ក៏​ពិចារណា​សួរ​ថា ឯង​បាន​ធ្វើ​ការ​នោះ​ដោយ​អាង​អំណាច​អ្វី ឬ​ដោយ​អាង​ឈ្មោះ​ណា នោះ​ពេត្រុស ដែល​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​ជំរាប​ថា ឱ​លោក​ដ៏​ធំ​លើ​បណ្តាជន នឹង​ពួក​លោក​ចាស់‌ទុំ​ទាំង‌ឡាយ នៃ​សាសន៍​អ៊ីស្រាអែល​អើយ នៅ​ថ្ងៃ​នេះ បើ​សិន​ជា​លោក​អ្នក​រាល់​គ្នា គិត​ពិចារណា​សួរ​យើង​ខ្ញុំ ពី​ដំណើរ​ការ​ល្អ ដែល​បាន​ធ្វើ​ដល់​មនុស្ស​ពិការ​នោះ​ថា គាត់​បាន​ជា​ដោយ‌សារ​អ្វី នោះ​សូម​ឲ្យ​លោក​រាល់​គ្នា​ជ្រាប​ដូច្នេះ ហើយ​ឲ្យ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​ដឹង​ផង ថា ដែល​មនុស្ស​នេះ​បាន​ជា​ស្រឡះ ហើយ​ឈរ​នៅ​មុខ​លោក​រាល់​គ្នា​ដូច្នេះ គឺ​ដោយ‌សារ​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ដែល​លោក​រាល់​គ្នា​បាន​ឆ្កាង​ទ្រង់ តែ​ព្រះ​បាន​ប្រោស​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រះ‌អង្គ​នោះ ជា​ថ្ម​ដែល​លោក​រាល់​គ្នា ជា​ជាង​សង់​ផ្ទះ បាន​មើល‌ងាយ ប៉ុន្តែ​ទ្រង់​បាន​ត្រឡប់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក​វិញ ហើយ​គ្មាន​សេចក្ដី​សង្គ្រោះ ដោយ‌សារ​អ្នក​ណា​ទៀត​សោះ ដ្បិត​នៅ​ក្រោម​មេឃ គ្មាន​នាម​ឈ្មោះ​ណា​ទៀត​បាន​ប្រទាន​មក​មនុស្ស​លោក ឲ្យ​យើង​រាល់​គ្នា​បាន​សង្គ្រោះ​នោះ​ឡើយ។

ចែក​រំលែក
អាន កិច្ចការ 4