លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំដឹងថា អំពើដែលខ្ញុំប្រព្រឹត្ត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះ សុទ្ធតែត្រឹមត្រូវទាំងអស់»។ លោកមហាបូជាចារ្យ*អណាណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។ លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌ស អើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។ ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។ លោកប៉ូលតបវិញថា៖ «បងប្អូនអើយ ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា: “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ” »។ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី* ឈ្លោះប្រកែកគ្នា ធ្វើឲ្យបាក់បែកអង្គប្រជុំ។ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថា មានទេវតា* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវតា*ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។ ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។ នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។ នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ អស់អ្នកដែលបានឃុបឃិតគ្នានេះ មានចំនួនជាងសែសិបនាក់។ គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថា នឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។ ចំណែកខាងអស់លោក សូមចុះសម្រុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ ឥឡូវនេះទៅ ហើយសុំឲ្យលោកមេបញ្ជាការនាំលោកប៉ូលមក ធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ ឲ្យបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញ យើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់មុននឹងគាត់មកជិតដល់»។ ប៉ុន្តែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជម្រាបលោកប៉ូលឲ្យបានជ្រាប។ លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជម្រាបលោក»។ នាយទាហាននាំយុវជននោះទៅជួបលោកមេបញ្ជាការ ជម្រាបថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំបាទ ហើយសុំឲ្យខ្ញុំបាទនាំយុវជននេះមកជួបលោក ព្រោះគេមានរឿងមួយជម្រាបលោក»។ លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។ យុវជននោះជម្រាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថា នឹងមកសុំលោកឲ្យបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើលសំណុំរឿងរបស់គាត់ឲ្យបានដិតដល់ថែមទៀត។ សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។ លោកមេបញ្ជាការបានឲ្យយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនឲ្យនិយាយប្រាប់នរណាថាខ្លួនបានជម្រាបគាត់អំពីរឿងនេះឡើយ។ បន្ទាប់មក លោកបានហៅនាយទាហានរបស់លោកពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារា នៅវេលាម៉ោងប្រាំបួនយប់។ សុំរៀបចំសេះជាជំនិះ សម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ត»។ លោកមេបញ្ជាការបានសរសេរសំបុត្រមួយ ដូចតទៅនេះ៖ «ខ្ញុំបាទឈ្មោះក្លូឌាស លូស៊ា សូមជម្រាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប។ ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បម្រុងនឹងសម្លាប់ចោល។ កាលខ្ញុំបាទដឹងថា គាត់ជាជនជាតិរ៉ូម៉ាំង ខ្ញុំបាទឲ្យទាហានទៅធ្វើអន្តរាគមន៍រំដោះគាត់មក។ ដោយខ្ញុំបាទចង់ដឹងមូលហេតុដែលនាំឲ្យគេចោទប្រកាន់គាត់ ខ្ញុំបាទក៏នាំគាត់ទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់*របស់ពួកគេ។ ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ហាដែលទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ។ បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។ ពួកទាហានយកលោកប៉ូលមក ហើយនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមបញ្ជាដែលគេបានទទួល។ នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់មកបន្ទាយវិញ ដោយទុកតែពលសេះឲ្យបន្តដំណើរជាមួយលោកប៉ូល។ លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និងប្រគល់លោកប៉ូលជូនផងដែរ។ លោកទេសាភិបាលអានសំបុត្ររួចហើយ ក៏សួរលោកប៉ូលថាមកពីស្រុកណា។ កាលលោកជ្រាបថា លោកប៉ូលជាអ្នកស្រុកគីលីគា លោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។
អាន កិច្ចការ 23
ស្ដាប់នូវ កិច្ចការ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 23:1-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ