កិច្ចការ 23:1-35
កិច្ចការ 23:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកប៉ុលក៏សម្លឹងមើលទៅក្រុមប្រឹក្សា ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំបានប្រព្រឹត្តដោយមនសិការស្អាតបរិសុទ្ធនៅចំពោះព្រះ រហូតមកដល់ថ្ងៃនេះ»។ ពេលនោះ លោកអាណានាស ជាសម្តេចសង្ឃ បង្គាប់ឲ្យអស់អ្នកដែលឈរជិតលោកប៉ុល ទះមាត់លោក។ លោកប៉ុលមានប្រសាសន៍ទៅសម្ដេចសង្ឃថា៖ «ឱកំផែងលាបសអើយ ព្រះនឹងទះលោកវិញមិនខាន លោកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យ ចុះម្តេចបានជាលោកបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យដូច្នេះ?»។ អស់អ្នកដែលឈរជិតពោលថា៖ «តើអ្នកហ៊ានប្រមាថសម្តេចសង្ឃរបស់ព្រះផងឬ?»។ លោកប៉ុលឆ្លើយថា៖ «បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាសម្តេចសង្ឃទេ ដ្បិតមានសេចក្តីចែងទុកមកថា "មិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជនរបស់អ្នកឡើយ" »។ កាលលោកប៉ុលជ្រាបថា ពួកគេមួយចំណែកជាពួកសាឌូស៊ី ហើយមួយចំណែកទៀតជាពួកផារិស៊ី លោកក៏ស្រែកឡើងនៅក្នុងក្រុមប្រឹក្សាថា៖ «បងប្អូនអើយ ខ្ញុំជាផារិស៊ី ហើយជាកូនរបស់ពួកផារិស៊ី។ ខ្ញុំជាប់ជំនុំជម្រះនេះ ដោយព្រោះតែសេចក្តីសង្ឃឹមថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ ពេលលោកមានប្រសាសន៍ដូច្នេះហើយ ពួកផារិស៊ី និងពួកសាឌូស៊ីក៏ទាស់ទែងគ្នា ហើយអង្គប្រជុំក៏បែកខ្ញែកទៅ។ ដ្បិតពួកសាឌូស៊ីពោលថា គ្មានការរស់ឡើងវិញ គ្មានទេវតា ឬវិញ្ញាណណាឡើយ តែពួកផារិស៊ីទទួលស្គាល់ទាំងអស់។ ពេលនោះ មានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយអាចារ្យខ្លះខាងពួកផារិស៊ី ឈរឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងមិនឃើញថាបុរសនេះមានកំហុសអ្វីឡើយ តែប្រហែលជាមានវិញ្ញាណ ឬទេវតាណាមួយបាននិយាយមកកាន់គាត់ទេដឹង?»។ ពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង មេទ័ពធំក៏បង្គាប់ឲ្យពួកទាហាន ចុះទៅយកលោកប៉ុលចេញពីចំណោមពួកគេដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងគេហែកហួរលោកខ្ទេចខ្ទី។ នៅយប់នោះ ព្រះអម្ចាស់ឈរជិតលោក ហើយមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! ដ្បិតអ្នកបានធ្វើបន្ទាល់អំពីខ្ញុំនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកក៏ត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។ លុះភ្លឺឡើង ពួកសាសន៍យូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភាគ ឬផឹកអ្វីឡើយ រហូតទាល់តែគេបានសម្លាប់លោកប៉ុល។ មនុស្សដែលបង្កើតឧបាយកលនេះ មានច្រើនជាងសែសិបពីរនាក់។ ពួកគេបានទៅជួបពួកសង្គ្រាជ និងពួកចាស់ទុំ ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនភ្លក់អ្វីជាដាច់ខាត រហូតទាល់តែយើងបានសម្លាប់ប៉ុលចេញ។ ដូច្នេះ សូមលោក ព្រមទាំងក្រុមប្រឹក្សា ទៅសុំឲ្យលោកមេទ័ពធំនាំវាចុះមកជួបអស់លោក ធ្វើដូចជាលោកចង់ពិចារណាសួរវាឲ្យច្បាស់ថែមទៀត។ រីឯយើងខ្ញុំ យើងខ្ញុំប្រុងប្រៀបជាស្រេចនឹងសម្លាប់វា មុននឹងវាមកដល់»។ ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ុលបានដឹងពីការពួនស្ទាក់នេះ ដូច្នេះ គាត់ក៏ចូលទៅក្នុងបន្ទាយ ហើយប្រាប់លោកប៉ុល។ លោកប៉ុលក៏ហៅមេទ័ពរងម្នាក់មក ហើយជម្រាបថា៖ «សូមនាំយុវជននេះទៅជួបលោកមេទ័ពធំទៅ ដ្បិតគាត់មានរឿងខ្លះចង់ជម្រាបលោក»។ ដូច្នេះ មេទ័ពរងក៏នាំយុវជននោះទៅជួបមេទ័ពធំ ជម្រាបថា៖ «អ្នកទោសឈ្មោះប៉ុលបានហៅខ្ញុំ ហើយសុំឲ្យខ្ញុំនាំយុវជននេះមកជួបលោក ព្រោះគាត់មានរឿងខ្លះចង់ជម្រាបលោក»។ មេទ័ពធំក៏ដឹកដៃយុវជននោះ នាំទៅដោយឡែក សួរថា៖ «តើប្អូនមានរឿងអីចង់ប្រាប់ខ្ញុំ?» យុវជននោះជម្រាបថា៖ «ពួកសាសន៍យូដាបានព្រមព្រៀងគ្នាមកសុំឲ្យលោកនាំលោកប៉ុល ចុះទៅជួបក្រុមប្រឹក្សានៅថ្ងៃស្អែក ធ្វើដូចជាចង់សាកសួរគាត់ឲ្យបានដិតដល់ថែមទៀត។ ប៉ុន្ដែ សូមលោកកុំព្រមតាមគេឡើយ ដ្បិតគេមានគ្នាជាងសែសិបនាក់ ចាំពួនស្ទាក់គាត់តាមផ្លូវ។ គេបានស្បថស្បែនឹងគ្នាថា នឹងមិនបរិភោគ ឬមិនផឹកអ្វីឡើយ រហូតទាល់តែបានសម្លាប់គាត់។ ឥឡូវនេះ គេប្រុងប្រៀបជាស្រេចហើយ ចាំតែលោកអនុញ្ញាតឲ្យប៉ុណ្ណោះ»។ ដូច្នេះ មេទ័ពធំក៏ឲ្យយុវជននោះទៅវិញ ទាំងហាមថា៖ «មិនត្រូវប្រាប់អ្នកណាម្នាក់អំពីរឿងដែលប្អូនប្រាប់ខ្ញុំនេះឡើយ»។ បន្ទាប់មក លោកបានហៅមេទ័ពរងពីរនាក់មកប្រាប់ថា៖ «ចូររៀបចំទាហានពីររយនាក់ ពលសេះចិតសិបនាក់ និងពលលំពែងពីររយនាក់ ដើម្បីចេញដំណើរឲ្យដល់ក្រុងសេសារា នៅម៉ោងប្រាំបួនយប់នេះ។ សុំឲ្យមានជំនិះសម្រាប់លោកប៉ុលផង ដើម្បីនាំគាត់ទៅជួបលោកភេលីច ជាទេសាភិបាល ដោយសុខសាន្ត»។ លោកក៏សរសេរសំបុត្រមួយច្បាប់ថា៖ «ក្លូឌាសលូស៊ា សូមជម្រាបមកឯកឧត្តមភេលីច ជាទេសាភិបាល សូមទានជ្រាប។ បុរសនេះ ត្រូវពួកសាសន៍យូដាចាប់បាន ហើយគេបម្រុងនឹងសម្លាប់គាត់។ ប៉ុន្ដែ កាលខ្ញុំបាទនាំទាហានឡើងទៅសង្គ្រោះគាត់ ទើបដឹងថា គាត់ជាសាសន៍រ៉ូម។ ដោយខ្ញុំបាទចង់ដឹងពីមូលហេតុដែលគេចោទប្រកាន់គាត់ ខ្ញុំបាទក៏បាននាំគាត់ចុះទៅជួបក្រុមប្រឹក្សារបស់គេ។ ខ្ញុំបាទបានឃើញថា គេចោទប្រកាន់គាត់អំពីបញ្ហាក្រឹត្យវិន័យរបស់គេ តែគ្មានហេតុអ្វីដែលគួរមានទោសដល់ស្លាប់ ឬត្រូវជាប់ឃុំឃាំងឡើយ។ កាលមានគេប្រាប់ខ្ញុំបាទថា ពួកសាសន៍យូដាមានគម្រោងអាក្រក់ចង់សម្លាប់គាត់ ខ្ញុំបាទក៏បញ្ជូនគាត់មកឯកឧត្តមភ្លាម ហើយបង្គាប់ឲ្យពួកអ្នកដែលចោទប្រកាន់គាត់ មកនិយាយតតាំងនឹងគាត់ នៅចំពោះឯកឧត្តមចុះ»។ ដូច្នេះ ពួកទាហានក៏នាំលោកប៉ុលទាំងយប់ ទៅក្រុងអាន់ទីប៉ាទ្រីស តាមបញ្ជាដែលគេបានទទួល។ នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់ទៅបន្ទាយវិញ ដោយទុកពលសេះឲ្យបន្តដំណើរជាមួយលោកប៉ុល។ កាលគេបានមកដល់ក្រុងសេសារា ហើយប្រគល់សំបុត្រជូនលោកទេសាភិបាល គេក៏ប្រគល់លោកប៉ុលជូនផងដែរ។ កាលបានអានសំបុត្ររួចហើយ លោកក៏សួរលោកប៉ុលមកពីខេត្តណា។ ពេលលោកជ្រាបថា លោកប៉ុលមកពីស្រុកគីលីគា លោកក៏មានប្រសាសន៍ថា៖ «ពេលពួកចោទប្រកាន់អ្នកមកដល់ ខ្ញុំនឹងស្ដាប់រឿងក្ដីរបស់អ្នក»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយាមការពារលោកប៉ុល នៅក្នុងវិមានរបស់ព្រះបាទហេរ៉ូឌ។
កិច្ចការ 23:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកប៉ូលសម្លឹងមើលទៅក្រុមប្រឹក្សាជាន់ខ្ពស់ ហើយមានប្រសាសន៍ថា៖ «បងប្អូនអើយ ខ្ញុំដឹងថា អំពើដែលខ្ញុំប្រព្រឹត្ត នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រហូតមកទល់សព្វថ្ងៃនេះ សុទ្ធតែត្រឹមត្រូវទាំងអស់»។ លោកមហាបូជាចារ្យ*អណាណាសបង្គាប់ឲ្យអស់អ្នកដែលឈរក្បែរលោកប៉ូល ទះមាត់លោក។ លោកប៉ូលមានប្រសាសន៍ទៅលោកមហាបូជាចារ្យថា៖ «នែ៎ កំពែងទ្រុឌទ្រោមលាបពណ៌ស អើយ! ព្រះជាម្ចាស់នឹងវាយលោកជាមិនខាន។ លោកអង្គុយកាត់ក្ដីខ្ញុំតាមក្រឹត្យវិន័យ តែលោកបែរជាបង្គាប់ឲ្យគេទះខ្ញុំ ខុសនឹងក្រឹត្យវិន័យទៅវិញ!»។ ពួកអ្នកដែលនៅទីនោះពោលថា៖ «អ្នកហ៊ានប្រមាថលោកមហាបូជាចារ្យរបស់ព្រះជាម្ចាស់ផងឬ!»។ លោកប៉ូលតបវិញថា៖ «បងប្អូនអើយ ខ្ញុំនិយាយដូច្នេះ មកពីខ្ញុំមិនបានដឹងថាលោកជាមហាបូជាចារ្យទេ ដ្បិតមានចែងទុកក្នុងគម្ពីរថា: “អ្នកមិនត្រូវនិយាយអាក្រក់ពីអ្នកដឹកនាំប្រជាជាតិរបស់អ្នកឡើយ” »។ ដោយលោកប៉ូលជ្រាបថា នៅក្នុងអង្គប្រជុំ មានមួយផ្នែកជាអ្នកខាងគណៈសាឌូស៊ី* និងមួយផ្នែកទៀតខាងគណៈផារីស៊ី* លោកក៏មានប្រសាសន៍ខ្លាំងៗនៅកណ្ដាលក្រុមប្រឹក្សាជាន់ខ្ពស់ថា៖ «បងប្អូនអើយ ខ្ញុំជាអ្នកខាងគណៈផារីស៊ី ហើយឪពុកខ្ញុំក៏ជាអ្នកខាងគណៈផារីស៊ីដែរ។ គេយកខ្ញុំមកកាត់ទោស ព្រោះតែសេចក្ដីសង្ឃឹមរបស់យើងថា មនុស្សស្លាប់នឹងរស់ឡើងវិញ»។ លោកប៉ូលមានប្រសាសន៍ដូច្នេះហើយ ពួកខាងគណៈផារីស៊ី* និងពួកខាងគណៈសាឌូស៊ី* ឈ្លោះប្រកែកគ្នា ធ្វើឲ្យបាក់បែកអង្គប្រជុំ។ ពួកខាងគណៈសាឌូស៊ីពុំជឿថា មនុស្សស្លាប់នឹងរស់ឡើងវិញ និងពុំជឿថា មានទេវតា* ឬមានអារក្សទេ រីឯពួកខាងគណៈផារីស៊ីវិញ គេជឿថាមានទាំងអស់។ ពេលនោះ គេនាំគ្នាស្រែកឡើងយ៉ាងទ្រហឹងអឺងអាប់ ហើយអាចារ្យខ្លះពីខាងគណៈផារីស៊ីក្រោកឡើងប្រកែកតវ៉ាយ៉ាងខ្លាំងថា៖ «យើងពុំឃើញបុរសនេះមានកំហុសអ្វីឡើយ ប្រហែលជាមានអារក្ស ឬទេវតា*ណាមួយបាននិយាយមកកាន់គាត់ទេមើលទៅ!»។ ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។ នៅយប់បន្ទាប់ ព្រះអម្ចាស់យាងចូលមកជិតលោកប៉ូល រួចមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! អ្នកត្រូវតែផ្ដល់សក្ខីភាពនៅក្រុងរ៉ូម ដូចអ្នកបានផ្ដល់សក្ខីភាពអំពីខ្ញុំ នៅក្រុងយេរូសាឡឹមនេះដែរ»។ នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ អស់អ្នកដែលបានឃុបឃិតគ្នានេះ មានចំនួនជាងសែសិបនាក់។ គេបាននាំគ្នាទៅជួបពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ* ជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថា នឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។ ចំណែកខាងអស់លោក សូមចុះសម្រុងជាមួយក្រុមប្រឹក្សាជាន់ខ្ពស់ ឥឡូវនេះទៅ ហើយសុំឲ្យលោកមេបញ្ជាការនាំលោកប៉ូលមក ធ្វើហាក់ដូចជាអស់លោកចង់ពិនិត្យពិច័យមើលសំណុំរឿងរបស់គាត់ ឲ្យបានដិតដល់ថែមទៀត។ រីឯយើងខ្ញុំវិញ យើងខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ ដើម្បីសម្លាប់គាត់មុននឹងគាត់មកជិតដល់»។ ប៉ុន្តែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជម្រាបលោកប៉ូលឲ្យបានជ្រាប។ លោកប៉ូលហៅនាយទាហានម្នាក់មកប្រាប់ថា៖ «សូមនាំយុវជននេះទៅជួបលោកមេបញ្ជាការទៅ ដ្បិតគេមានរឿងមួយជម្រាបលោក»។ នាយទាហាននាំយុវជននោះទៅជួបលោកមេបញ្ជាការ ជម្រាបថា៖ «អ្នកទោសឈ្មោះប៉ូលបានហៅខ្ញុំបាទ ហើយសុំឲ្យខ្ញុំបាទនាំយុវជននេះមកជួបលោក ព្រោះគេមានរឿងមួយជម្រាបលោក»។ លោកមេបញ្ជាការដឹកដៃយុវជននោះ នាំចេញទៅដាច់ឡែកពីគេ សួរថា៖ «តើក្មួយមានរឿងអ្វីចង់ប្រាប់ខ្ញុំ?»។ យុវជននោះជម្រាបថា៖ «ជនជាតិយូដាបានព្រមព្រៀងគ្នាថា នឹងមកសុំលោកឲ្យបញ្ជូនលោកប៉ូលទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់នៅថ្ងៃស្អែក ដោយយកលេសថា ក្រុមប្រឹក្សាចង់ពិនិត្យមើលសំណុំរឿងរបស់គាត់ឲ្យបានដិតដល់ថែមទៀត។ សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។ លោកមេបញ្ជាការបានឲ្យយុវជននោះត្រឡប់ទៅវិញ ទាំងផ្ដែផ្ដាំមិនឲ្យនិយាយប្រាប់នរណាថាខ្លួនបានជម្រាបគាត់អំពីរឿងនេះឡើយ។ បន្ទាប់មក លោកបានហៅនាយទាហានរបស់លោកពីររូបមកប្រាប់ថា៖ «សុំលោករៀបចំពលថ្មើរជើងពីររយនាក់ ពលសេះចិតសិបនាក់ និងពលកាន់លំពែងពីររយនាក់ ដើម្បីចេញដំណើរទៅក្រុងសេសារា នៅវេលាម៉ោងប្រាំបួនយប់។ សុំរៀបចំសេះជាជំនិះ សម្រាប់លោកប៉ូលផង ដើម្បីនាំគាត់ទៅជួបលោកទេសាភិបាលភេលិច ដោយសុខសាន្ត»។ លោកមេបញ្ជាការបានសរសេរសំបុត្រមួយ ដូចតទៅនេះ៖ «ខ្ញុំបាទឈ្មោះក្លូឌាស លូស៊ា សូមជម្រាបមកឯកឧត្ដមភេលិច ជាទេសាភិបាល សូមទានជ្រាប។ ជនជាតិយូដាបាននាំគ្នាចាប់បុរសនេះ បម្រុងនឹងសម្លាប់ចោល។ កាលខ្ញុំបាទដឹងថា គាត់ជាជនជាតិរ៉ូម៉ាំង ខ្ញុំបាទឲ្យទាហានទៅធ្វើអន្តរាគមន៍រំដោះគាត់មក។ ដោយខ្ញុំបាទចង់ដឹងមូលហេតុដែលនាំឲ្យគេចោទប្រកាន់គាត់ ខ្ញុំបាទក៏នាំគាត់ទៅជួបក្រុមប្រឹក្សាជាន់ខ្ពស់*របស់ពួកគេ។ ខ្ញុំបាទបានឃើញថា ពួកគេគ្រាន់តែចោទប្រកាន់គាត់ អំពីបញ្ហាដែលទាក់ទងទៅនឹងធម៌វិន័យរបស់គេប៉ុណ្ណោះ គាត់មិនបានធ្វើអ្វីខុសដែលត្រូវមានទោសដល់ជីវិត ឬត្រូវជាប់ឃុំឃាំងឡើយ។ បន្ទាប់មក មានគេប្រាប់ខ្ញុំបាទថា ជនជាតិយូដាបានឃុបឃិតគ្នាប៉ុនប៉ងសម្លាប់គាត់។ ហេតុនេះហើយបានជាខ្ញុំបាទបញ្ជូនគាត់មកឯកឧត្ដមភ្លាម ហើយខ្ញុំបាទបានប្រាប់អស់អ្នកដែលចោទប្រកាន់គាត់ ឲ្យនាំពាក្យបណ្ដឹងមកជូនឯកឧត្ដមតែម្ដង»។ ពួកទាហានយកលោកប៉ូលមក ហើយនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមបញ្ជាដែលគេបានទទួល។ នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់មកបន្ទាយវិញ ដោយទុកតែពលសេះឲ្យបន្តដំណើរជាមួយលោកប៉ូល។ លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និងប្រគល់លោកប៉ូលជូនផងដែរ។ លោកទេសាភិបាលអានសំបុត្ររួចហើយ ក៏សួរលោកប៉ូលថាមកពីស្រុកណា។ កាលលោកជ្រាបថា លោកប៉ូលជាអ្នកស្រុកគីលីគា លោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។
កិច្ចការ 23:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុលក៏សំឡឹងមើលទៅពួកក្រុមជំនុំ និយាយថា ឱអ្នករាល់គ្នា ជាបងប្អូនអើយ ខ្ញុំបានប្រព្រឹត្តដោយបញ្ញាចិត្តជ្រះស្អាតនៅចំពោះព្រះ ដរាបមកដល់ថ្ងៃនេះ តែអាន៉្នានាស ជាសំដេចសង្ឃ លោកបង្គាប់ដល់ពួកអ្នកដែលឈរជិត ឲ្យទះមាត់គាត់ នោះប៉ុលនិយាយទៅលោកថា ឱកំផែងលាបសអើយ ព្រះទ្រង់នឹងវាយលោកវិញ លោកអង្គុយជំនុំជំរះខ្ញុំតាមក្រិត្យវិន័យ ចុះដូចម្តេចបានជាហ៊ានបង្គាប់ឲ្យគេវាយខ្ញុំ ខុសនឹងក្រិត្យវិន័យដូច្នេះ ឯពួកអ្នកដែលឈរជិតក៏ស្តីឲ្យគាត់ថា តើឯងហ៊ានដៀលដល់សំដេចសង្ឃនៃព្រះដែរឬ ប៉ុលឆ្លើយថា បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាសំដេចសង្ឃទេ ដ្បិតមានសេចក្ដីចែងទុកមកថា «មិនត្រូវនិយាយអាក្រក់ ពីចៅហ្វាយរបស់សាសន៍ឯងឡើយ» កាលប៉ុលបានដឹងថា ពួកគេ១ចំណែកជាពួកសាឌូស៊ី ហើយ១ចំណែកទៀតជាពួកផារិស៊ី នោះគាត់បន្លឺសំឡេងឡើងក្នុងពួកក្រុមជំនុំថា បងប្អូនរាល់គ្នាអើយ ខ្ញុំជាពួកផារិស៊ី ហើយជាកូននៃពួកផារិស៊ី ខ្ញុំជាប់ជំនុំជំរះ គឺដោយព្រោះតែសេចក្ដីសង្ឃឹមនេះថា មនុស្សស្លាប់នឹងរស់ឡើងវិញ កាលគាត់និយាយដូច្នោះហើយ នោះពួកផារិស៊ី នឹងពួកសាឌូស៊ី គេកើតទាស់ទែងគ្នា បណ្តាជំនុំក៏បែកខ្ញែកដែរ ដ្បិតពួកសាឌូស៊ីប្រកាន់ថា គ្មានសេចក្ដីរស់ឡើងវិញ ក៏គ្មានទេវតា ឬវិញ្ញាណណាផង តែពួកផារិស៊ីជឿថា មានវិញ នោះកើតមានសូរទ្រហឹងអឺងអាប់ជាខ្លាំង ហើយពួកអាចារ្យខ្លះខាងពួកផារិស៊ី ក៏ឈរឡើងជជែកថា យើងមិនឃើញជាមនុស្សនេះមានទោសខុសអ្វីសោះ តែបើមានវិញ្ញាណ ឬទេវតាបាននិយាយនឹងគាត់ នោះធ្វើដូចម្តេចវិញ លុះកើតទាស់គ្នាជាខ្លាំងដូច្នោះ នោះមេទ័ពធំក៏បង្គាប់ឲ្យពួកទាហានចុះទៅ យកគាត់ពីកណ្តាលគេមក ដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ក្រែងលោគេប្រញាយហែកគាត់ខ្ទេចខ្ទីទៅ។ នៅវេលាយប់នោះ ព្រះអម្ចាស់ទ្រង់ឈរជិតគាត់មានបន្ទូលថា ចូរសង្ឃឹមឡើង ប៉ុលអើយ ដ្បិតអ្នកត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូម ដូចជាបានធ្វើបន្ទាល់សព្វគ្រប់ពីខ្ញុំ នៅក្រុងយេរូសាឡិមដែរ ដល់ភ្លឺឡើង មានពួកសាសន៍យូដាខ្លះ រួមគំនិតគ្នាស្បថឡាក់ឡាំងថា មិនស៊ីមិនផឹកទាល់តែបានសំឡាប់ប៉ុលហើយ ឯមនុស្សដែលបង្កើតឧបាយយ៉ាងនេះ មានជាង៤០នាក់ គេក៏ទៅជំរាបពួកសង្គ្រាជ នឹងពួកចាស់ទុំថា យើងខ្ញុំបានស្បថថា មិនភ្លក់អ្វីសោះ ទាល់តែបានសំឡាប់ប៉ុលចេញ ដូច្នេះ សូមឲ្យលោកទាំងឡាយ នឹងពួកក្រុមជំនុំ ចាត់ឲ្យទៅសូមវាពីលោកមេទ័ពធំមកឥឡូវ ដើម្បីឲ្យលោកនាំវាចុះមក ធ្វើដូចជាលោកចង់ពិចារណាសួរ ពីដំណើរវា ឲ្យច្បាស់លាស់ឡើង ឯពួកយើងខ្ញុំ ក៏ប្រុងប្រៀបជាស្រេចនឹងសំឡាប់វា មុនដែលវាចូលមកដល់ផង។ ឯកូនរបស់ប្អូនស្រីប៉ុល កាលបានដឹងពីការដែលឈ្លបលបនោះហើយ ក៏ចូលទៅក្នុងបន្ទាយប្រាប់ដល់ប៉ុល នោះប៉ុល គាត់ហៅមេទ័ពរងម្នាក់មកជំរាបថា សូមនាំអ្នកកំឡោះនេះទៅឯលោកមេទ័ពធំទៅ ដ្បិតវាមានរឿងខ្លះចង់ជំរាបលោក អ្នកនោះក៏នាំវាទៅឯលោកមេទ័ពធំជំរាបថា ប៉ុល ជាអ្នកទោសបានហៅខ្ញុំ ហើយសូមខ្ញុំឲ្យនាំអ្នកកំឡោះនេះមកឯលោក វាមានរឿងខ្លះចង់ជំរាបដល់លោក មេទ័ពធំក៏ចាប់ដៃវា នាំទៅដោយឡែក សួរថា ឯងមានរឿងអ្វីនឹងប្រាប់ដល់អញខ្លះ វាជំរាបថា ពួកសាសន៍យូដាបានស្រុះចិត្តគ្នានឹងសូមលោក ឲ្យនាំប៉ុលចុះទៅឯពួកក្រុមជំនុំ នៅវេលាថ្ងៃស្អែក ធ្វើដូចជាចង់ពិចារណាសួរពីដំណើរគាត់ ឲ្យច្បាស់ឡើង ដូច្នេះ សូមលោកកុំព្រមតាមគេឡើយ ដ្បិតមានពួកគេចំនួនជាង៤០នាក់ បានលបចាំគាត់តាមផ្លូវ គេបានស្បថថា មិនស៊ីមិនផឹកអ្វីឡើយ ទាល់តែបានសំឡាប់គាត់ចេញ ឥឡូវនេះ គេប្រុងប្រៀបជាស្រេចហើយ ចាំតែលោកអនុញ្ញាតឲ្យប៉ុណ្ណោះទេ នោះមេទ័ពធំឲ្យអ្នកកំឡោះនោះទៅវិញ ទាំងហាមមិនឲ្យប្រាប់ដល់អ្នកណា ពីដំណើរដែលវាជំរាបលោកនោះឡើយ។ លោកក៏ហៅមេទ័ពរង២នាក់មកប្រាប់ថា ចូររៀបទាហានថ្មើរជើង២០០នាក់ ពលសេះ៧០ នឹងពលកាន់លំពែង២០០ ឲ្យទាន់ក្នុងវេលាម៉ោង៩យប់នេះ ដើម្បីនឹងទៅឯសេសារា ហើយឲ្យមានជំនិះសំរាប់ប៉ុលជិះដែរ ដើម្បីនឹងនាំទៅឯលោកភេលីច ជាចៅហ្វាយខេត្ត ដោយសុខសាន្ត លោកក៏ធ្វើសំបុត្រ១ច្បាប់ មានសេចក្ដីបែបដូច្នេះថា សំបុត្រក្លូឌាស-លូស៊ា សូមក្រាបប្រណិប័តន៍ ចូលមកដល់លោកចៅហ្វាយភេលីច ដ៏ជាធំ សូមទានជ្រាប មនុស្សនេះ ពួកសាសន៍យូដាបានចាប់ ហើយគេរៀបនឹងសំឡាប់បង់ ប៉ុន្តែខ្ញុំនាំទាហានទៅទាន់ ដោះរួចពីពួកគេចេញ ដោយបានឮថាជាសាសន៍រ៉ូមដូច្នេះ ហើយដែលខ្ញុំចង់ដឹង ពីហេតុអ្វីបានជាគេចោទប្រកាន់វា នោះខ្ញុំបាននាំចុះទៅនៅមុខក្រុមជំនុំរបស់គេ ក៏ឃើញថា គេចោទប្រកាន់ពីរឿងជជែកគ្នា ខាងឯក្រិត្យវិន័យរបស់គេទេ តែគ្មានហេតុអ្វីដែលគួរឲ្យស្លាប់ ឬជាប់ចំណងសោះឡើយ កាលមានគេមកប្រាប់ខ្ញុំពីឧបាយកល ដែលពួកសាសន៍យូដាគិតធ្វើដល់វា នោះខ្ញុំក៏បញ្ជូនមកឯលោកភ្លាម ទាំងប្រាប់ពួកអ្នកដើមចោទ ឲ្យគេមកចោទប្រកាន់នៅចំពោះលោកចុះ សូមឲ្យលោកបានប្រកបដោយសេចក្ដីសុខសាន្ត សេចក្ដីគួរពុំគួរ សូមទានអភ័យទោស។ ដូច្នេះ ពួកពលក៏នាំយកប៉ុលទាំងយប់ ទៅឯក្រុងអាន់ទីប៉ាទ្រីស តាមបង្គាប់ ស្អែកឡើង គេទុកពលសេះឲ្យទៅជាមួយនឹងគាត់ រួចគេត្រឡប់មកឯបន្ទាយវិញ កាលចូលក្រុងសេសារា ហើយជូនសំបុត្រដល់លោកចៅហ្វាយ នោះក៏ប្រគល់ប៉ុលទៅលោកដែរ កាលលោកបានមើលសំបុត្ររួចជាស្រេចហើយ នោះលោកសួរពីគាត់នៅខេត្តណា លុះជ្រាបថា នៅស្រុកគីលីគា ក៏មានប្រសាសន៍ថា ចាំកាលណាពួកដើមចោទបានចុះមកដល់ នោះអញនឹងស្តាប់រឿងឯងសព្វគ្រប់ រួចលោកបង្គាប់ឲ្យឃុំគាត់ ទុកក្នុងសាលាជំនុំរបស់ស្តេចហេរ៉ូឌ។