កិច្ចការ 2:29-47

កិច្ចការ 2:29-47 គខប

«បងប្អូន​អើយ! ខ្ញុំ​សូម​ជម្រាប​បងប្អូន​ឲ្យ​បាន​ច្បាស់​អំពី​ព្រះ‌បាទ​ដាវីឌ ជា​បុព្វបុរស*​របស់​យើង​នោះ​ថា ព្រះអង្គ​បាន​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​បាន​បញ្ចុះ​ព្រះ‌សព​របស់​ព្រះអង្គ រីឯ​ផ្នូរ​របស់​ព្រះអង្គ​ក៏​ស្ថិត​នៅ​ជា​មួយ​យើង​រហូត​ដល់​សព្វ​ថ្ងៃ​ដែរ។ ដោយ​ព្រះ‌បាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប ទ្រង់​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ស្ដេច​ថា នឹង​ប្រទាន​ឲ្យ​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​មួយ​អង្គ​ឡើង​ស្នង​រាជ្យ។ ព្រះ‌បាទ​ដាវីឌ​បាន​ឈ្វេង​យល់​ជា​មុន​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គឺ​ស្ដេច​មាន​រាជ‌ឱង្ការ​ថា ព្រះ‌ជាម្ចាស់​ពុំ​ទុក​ព្រះ‌គ្រិស្ត​ចោល​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ទេ ហើយ​ក៏​មិន​ទុក​ឲ្យ​សព​ព្រះអង្គ​ត្រូវ​រលួយ​ដែរ។ ព្រះ‌ជាម្ចាស់​បាន​ប្រោស​លោក​យេស៊ូ​នេះ​ឲ្យ​រស់​ឡើង​វិញ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ជា​សាក្សី។ ព្រះ‌ជាម្ចាស់​បាន​លើក​លោក​យេស៊ូ​ឡើង ដោយ​ឫទ្ធិ‌បារមី របស់​ព្រះអង្គ។ លោក​យេស៊ូ​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ពី​ព្រះ‌បិតា​តាម​ព្រះ‌បន្ទូល​សន្យា ហើយ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បងប្អូន​បាន​ឃើញ បាន​ឮ​ស្រាប់។ ព្រះ‌បាទ​ដាវីឌ​មិន​បាន​យាង​ឡើង​ទៅ​ស្ថាន​បរម‌សុខ*​ទេ តែ​ព្រះអង្គ​មាន​រាជ‌ឱង្ការ​ថា: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ ព្រះ‌អម្ចាស់​របស់​ខ្ញុំ​ថា សូម​គង់​ខាង​ស្ដាំ​យើង ទម្រាំ​ដល់​យើង​បង្ក្រាប​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ” ។ ហេតុ​នេះ សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ជាក់​ច្បាស់​ថា លោក​យេស៊ូ​នេះ ដែល​បងប្អូន​បាន​ឆ្កាង ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​លោក​ឡើង​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រិស្ត*​ហើយ»។ កាល​បណ្ដា‌ជន​បាន​ឮ​សេចក្ដី​ទាំង​នេះ ពួក​គេ​រំជួល​ចិត្ត​ជា​ខ្លាំង ហើយ​សួរ​លោក​ពេត្រុស និង​សាវ័ក​ឯ​ទៀតៗ​ថា៖ «បងប្អូន​អើយ! តើ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?»។ លោក​ពេត្រុស​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «សូម​បងប្អូន​កែ​ប្រែ​ចិត្ត​គំនិត ហើយ​ម្នាក់ៗ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ទឹក* ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត*​ទៅ ដើម្បី​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​បងប្អូន​ឲ្យ​រួច​ពី​បាប* ហើយ​បងប្អូន​នឹង​ទទួល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ ដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​នេះ​ចំពោះ​បងប្អូន​ទាំង​អស់​គ្នា ចំពោះ​កូន​ចៅ​របស់​បងប្អូន និង​ចំពោះ​អស់​អ្នក​ដែល​នៅ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន​ដែរ តាម​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ត្រាស់​ហៅ»។ លោក​ពេត្រុស​បាន​ពន្យល់​បញ្ជាក់ និង​ដាស់‌តឿន​ពួក​គេ ដោយ​ពាក្យ‌ពេចន៍​ជា​ច្រើន​ទៀត គឺ​លោក​មាន​ប្រសាសន៍​ថា៖ «សូម​បងប្អូន​ទទួល​ការ​សង្គ្រោះ ឲ្យ​រួច​ផុត​ពី​មនុស្ស​អាក្រក់​សម័យ​នេះ»។ អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​លោក ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក* ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់​ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស*។ សិស្ស​ទាំង​នោះ​ព្យាយាម​ស្ដាប់​សេចក្ដី​បង្រៀន​របស់​ក្រុម​សាវ័ក* រួម​រស់​ជា​មួយ​គ្នា​ជា​បងប្អូន ធ្វើ​ពិធី​កាច់​នំប៉័ង* និង​ព្យាយាម​អធិស្ឋាន។ មនុស្ស‌ម្នា​កោត​ស្ញប់‌ស្ញែង​គ្រប់ៗ​គ្នា ដ្បិត​ក្រុម​សាវ័ក​បាន​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ធ្វើ​ទី​សម្គាល់​ផ្សេងៗ​ជា​ច្រើន។ អស់​អ្នក​ដែល​បាន​ជឿ​លើ​ព្រះ‌អម្ចាស់ មាន​ចិត្ត​គំនិត​តែ​មួយ ហើយ​យក​របស់​របរ​ដែល​ខ្លួន​មាន មក​ដាក់​រួម​គ្នា​ទាំង​អស់។ គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ជា​របស់​ខ្លួន យក​ប្រាក់​មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ​ម្នាក់ៗ។ ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​ចូល​ព្រះ‌វិហារ* ធ្វើ​ពិធី​កាច់​នំប៉័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក‌រាយ និង​ដោយ​ចិត្ត​ស្មោះ​សរ​ផង។ គេ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ ហើយ​ប្រជា‌ជន​ទាំង​មូល​គោរព​រាប់​អាន​ពួក​គេ​ទាំង​អស់​គ្នា។ ព្រះ‌អម្ចាស់​បន្ថែម​ចំនួន​អ្នក​ដែល​ព្រះអង្គ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​របស់​គេ​ជា​រៀង​រាល់​ថ្ងៃ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ