ពេលលោកប៉ូលរង់ចាំលោកស៊ីឡាស និងលោកធីម៉ូថេ នៅក្រុងអាថែន លោកតឹងទ្រូងជាខ្លាំងដោយឃើញមានរូបសំណាកពាសពេញក្នុងក្រុងនេះ។ លោកបានជជែកសន្ទនាជាមួយសាសន៍យូដា និងជាមួយអ្នកដែលគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងសាលាប្រជុំ* ហើយរៀងរាល់ថ្ងៃ លោកសន្ទនាជាមួយអស់អ្នកដែលលោកជួបនៅតាមទីលានសាធារណៈក្នុងក្រុង។ មានទស្សនវិទូខ្លះខាងអេពីគួរ និងខាងស្ដូអ៊ីក ក៏បានសន្ទនាជាមួយលោកដែរ ខ្លះពោលថា៖ «តើអ្នកព្រោកប្រាជ្ញនេះចង់និយាយពីរឿងអ្វី?»។ ខ្លះទៀតពោលថា៖ «គាត់ប្រហែលជាអ្នកឃោសនាអំពីព្រះរបស់សាសន៍បរទេសទេដឹង!»។ គេពោលដូច្នេះ មកពីឮលោកប៉ូលនិយាយពីដំណឹងល្អ*ស្ដីអំពីព្រះយេស៊ូ និងអំពីការរស់ឡើងវិញ ។ គេក៏នាំលោកយកទៅមុខសភាក្រុង នៅទួលអើរីយ៉ូស ហើយពោលមកលោកថា៖ «តើលោកអាចប្រាប់ឲ្យយើងដឹងអំពីលទ្ធិថ្មី ដែលលោកបង្រៀននោះបានឬទេ? ដ្បិតយើងបានឮលោកថ្លែងរឿងចម្លែកៗ យើងចង់ដឹងអត្ថន័យណាស់»។ អ្នកក្រុងអាថែន និងជនបរទេសឯទៀតៗ ដែលរស់នៅក្នុងក្រុងនោះ មិនធ្វើអ្វីផ្សេងទៀតក្រៅពីនិយាយ ឬស្ដាប់រឿងថ្មីៗនោះឡើយ។ លោកប៉ូលក្រោកឈរនៅកណ្ដាលអង្គប្រជុំ នៅទួលអើរីយ៉ូស ហើយមានប្រសាសន៍ថា៖ «អស់លោកជាអ្នកក្រុងអាថែនអើយ! ខ្ញុំសង្កេតឃើញថាអស់លោកនិយមសាសនាខ្លាំងណាស់ ពេលខ្ញុំដើរទៅមកក្នុងទីក្រុង ខ្ញុំឃើញមានបូជនីយដ្ឋានទាំងប៉ុន្មានដែលអស់លោកគោរពបូជា ហើយខ្ញុំក៏បានឃើញអាសនៈមួយ ដែលមានចារឹកអក្សរថា “សូមឧទ្ទិសដល់ព្រះដែលយើងពុំស្គាល់”។ ខ្ញុំនាំដំណឹងមកប្រាប់អស់លោកអំពីព្រះដែលអស់លោកថ្វាយបង្គំ ទាំងពុំស្គាល់ហ្នឹងហើយ។ ព្រះជាម្ចាស់ដែលបានបង្កើតពិភពលោក និងបង្កើតអ្វីៗសព្វសារពើនៅក្នុងពិភពលោកនេះ ព្រះអង្គជាព្រះអម្ចាស់នៃស្ថានបរមសុខ* និងព្រះអម្ចាស់នៃផែនដី ព្រះអង្គមិនគង់នៅក្នុងព្រះវិហារ ដែលមនុស្សសង់នោះឡើយ ហើយព្រះអង្គក៏មិនត្រូវការឲ្យមនុស្សបីបាច់ថែរក្សាព្រះអង្គដែរ ព្រោះព្រះអង្គទេតើដែលបានប្រទានជីវិត ប្រទានដង្ហើម និងប្រទានរបស់សព្វគ្រប់ទាំងអស់មកមនុស្ស។
អាន កិច្ចការ 17
ស្ដាប់នូវ កិច្ចការ 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 17:16-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ