កិច្ចការ 16:16-34

កិច្ចការ 16:16-34 គខប

មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន* មាន​ស្រី​បម្រើ​គេ​ម្នាក់​មក​ជួប​យើង នាង​មាន​អារក្ស​ភីថង់​ចូល នាំ​ឲ្យ​នាង​ចេះ​ទាយ ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កម្រៃ​យ៉ាង​ច្រើន។ នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។ នាង​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​វិញ្ញាណ​អាក្រក់​ថា៖ «ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ចូរ​ចេញ​ពី​នាង​ទៅ!»។ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពី​នាង​ភ្លាម។ កាល​ពួក​ម្ចាស់​របស់​ស្រី​បម្រើ​នោះ​ឃើញ​ថា​លែង​មាន​សង្ឃឹម​នឹង​បាន​កម្រៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅ‌ក្រម​នៅ​ទីលាន​សាធារណៈ ក្នុង​ទីក្រុង។ ចៅ‌ក្រម​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​អាជ្ញា‌ធរ ពោល​ថា៖ «ជន‌ជាតិ​យូដា​ទាំង​នេះ​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ក្រុង​យើង។ គេ​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀម‌ទម្លាប់​ដែល​យើង ជន‌ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​ឡើយ»។ បណ្ដា‌ជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញា‌ធរ​បាន​បញ្ជា​ឲ្យ​គេ​ដោះ​សម្លៀក‌បំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់។ ក្រោយ​ពី​បាន​វាយ​លោក​ទាំង​ពីរ​ច្រើន​រំពាត់​ហើយ គេ​ក៏​យក​លោក​ទៅ​ដាក់​ក្នុង​ទី​ឃុំ‌ឃាំង ទាំង​បញ្ជា​ឲ្យ​យាម​យ៉ាង​មធ្យ័ត​ផង។ ឆ្មាំ​គុក​ក៏​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ​ក្នុង​គុក​ងងឹត និង​ដាក់​ខ្នោះ​ជើង តាម​បញ្ជា​ដែល​គាត់​បាន​ទទួល។ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាស នាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់។ អ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរ។ រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​កក្រើក​ដល់​គ្រឹះ​ទី​ឃុំ‌ឃាំង ទ្វារ​គុក​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម រីឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ ពេល​នោះ ឆ្មាំ​គុក​ភ្ញាក់​ឡើង លុះ​គាត់​ឃើញ​ទ្វារ​គុក​របើក​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ព្រោះ​នឹក​ស្មាន​ថា​អ្នក​ទោស​រត់​បាត់​អស់​ហើយ។ ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!»។ ឆ្មាំ​គុក​សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។ គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។ លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះ‌អម្ចាស់‌យេស៊ូ​ទៅ នោះ​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។ បន្ទាប់​មក លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ប្រាប់​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។ ពេល​នោះ ឆ្មាំ​គុក​នាំ​លោក​ទាំង​ពីរ​មក​លាង​ស្នាម​របួស​ទាំង​យប់ ហើយ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ គាត់​បាន​នាំ​លោក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​ព្រះ‌ជាម្ចាស់។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ