កិច្ចការ 16:16-34

កិច្ចការ 16:16-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ថ្ងៃ​មួយ ពេល​យើង​កំពុងធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន យើង​បាន​ជួប​ស្រី​បម្រើ​ម្នាក់​ដែល​មាន​អារក្ស​ភីថង់​ចូល ហើយ​ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​រក​កម្រៃ​បាន​យ៉ាង​ច្រើន ដោយ​ការ​ទាយ។ នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។ នាង​ចេះ​តែ​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ ទាល់​តែ​លោក​ប៉ុល​មាន​ការ​រំខាន​ចិត្ត ហើយ​បែរ​ទៅ​បង្គាប់​វិញ្ញាណ​នោះ​ថា៖ «យើង​បញ្ជា​ឯង​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ចូរ​ចេញ​ពី​នាង​នេះ​ទៅ!» ហើយ​វា​ក៏​ចេញ​នៅ​វេលា​នោះ​ឯង។ ប៉ុន្តែ កាល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា គេ​អស់​សង្ឃឹម​នឹង​រក​កម្រៃ​បាន គេ​ក៏​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស អូសចូល​ទៅក្នុង​ទៅ​ទី​ផ្សារ នៅ​ចំពោះ​មុខពួក​អាជ្ញា​ធរ។ កាល​គេ​បាន​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​តម្រួត​ហើយ គេ​ជម្រាប​ថា៖ «បុរសទាំង​នេះ​ជា​សាន៍​យូដា ហើយ​គេ​បង្ក​ចលាចល​នៅ​ក្នុង​ទី​ក្រុង​របស់​យើង។ គេ​ប្រកាស​ប្រាប់​ពី​ទំនៀម​ទម្លាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​នឹង​ទទួល ឬ​កាន់​តាម​ឡើយ»។ បណ្ដាជន​ក៏​រួម​គ្នា​ទាស់​នឹង​ពួក​លោក ហើយ​ពួក​តម្រួត​ក៏​កន្ត្រាក់​សម្លៀក​បំពាក់​របស់​ពួក​លោក​ចេញ ហើយ​បង្គាប់​ឲ្យ​គេ​វាយ​ពួក​លោក​នឹង​រំពាត់។ ក្រោយ​ពី​បាន​វាយឲ្យ​មាន​ស្នាម​ជា​ច្រើន​ហើយ គេ​ក៏​យក​ពួក​លោក​ទៅ​ដាក់​គុក ទាំង​បង្គាប់​ឆ្មាំ​គុក​ឲ្យ​ការ‌ពារ​ដោយ​ប្រយ័ត្ន​ប្រយែង។ ក្រោយពី​បាន​ទទួល​បញ្ជា​នេះ​ហើយ គេ​ក៏​នាំ​យក​ពួក​លោក​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ហើយ​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង។ លុះ​ប្រមាណ​ជា​ពាក់​កណ្តាល​អធ្រាត្រ លោក​ប៉ុល និងលោក​ស៊ីឡាស បាន​អធិស្ឋាន ហើយ​ច្រៀងទំនុក​សរសើរ​តម្កើង​ព្រះ ពួក​អ្នក​ទោស​ក៏​ស្តាប់​ពួក​លោក។ រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​ជា​ខ្លាំង ធ្វើ​ឲ្យ​គ្រឹះ​គុក​រញ្ជួយ​ឡើង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម ឯ​ច្រវ៉ាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ ពេល​ឆ្មាំ​គុក​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ដោយ​ស្មាន​ថា អ្នក​ទោស​រត់​បាត់​អស់​ហើយ។ ប៉ុន្តែ លោក​ប៉ុល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី ដ្បិត​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ!»។ ឆ្មាំ​គុក​ក៏សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់​ប្រញាល់​ចូល​ទៅ​ក្នុង​គុក ហើយ​ក្រាប​ចុះនៅ​ទៀប​ជើង​លោក​ប៉ុល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។ ពេល​នោះ គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ សួរ​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ឲ្យ​បាន​សង្គ្រោះ?» លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ​ទៅ នោះលោក​នឹង​បាន​សង្គ្រោះ រួម​ទាំង​ក្រុម​គ្រួ​សារ​លោក​ផងដែរ»។ ពួក​លោក​ក៏​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ដល់​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅក្នុង​ផ្ទះ​របស់​គាត់។ នៅ​វេលា​យប់​នោះ​ឯង គាត់​បាន​យក​លោក​ទាំង​ពីរ​ទៅ​លាង​ស្នាម​របួស​ចេញ ហើយ​គាត់ និង​ក្រុម​គ្រួ​សារ​គាត់​ទាំង​អស់ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ គាត់​បាន​នាំ​លោក​ទាំង​ពីរ​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​រៀប​ចំ​ម្ហូប​អាហារ​ជូន។ គាត់​មាន​ចិត្ត​អរ​សប្បាយ រួម​ជាមួយ​ក្រុម​គ្រួ​សារ​ទាំង​មូល​របស់​គាត់ ដោយ​ព្រោះ​គាត់​បាន​ជឿ​ដល់​ព្រះ។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:16-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​ថ្ងៃ​មួយ ពេល​យើង​ធ្វើ​ដំណើរ​ទៅ​កន្លែង​អធិស្ឋាន* មាន​ស្រី​បម្រើ​គេ​ម្នាក់​មក​ជួប​យើង នាង​មាន​អារក្ស​ភីថង់​ចូល នាំ​ឲ្យ​នាង​ចេះ​ទាយ ធ្វើ​ឲ្យ​ពួក​ម្ចាស់​របស់​នាង​បាន​ទទួល​កម្រៃ​យ៉ាង​ច្រើន។ នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។ នាង​ធ្វើ​បែប​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ។ ដោយ​លោក​ប៉ូល​ទាស់​ចិត្ត​ជា​ខ្លាំង ក៏​ងាក​ទៅ​ក្រោយ បញ្ជា​វិញ្ញាណ​អាក្រក់​ថា៖ «ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត* ចូរ​ចេញ​ពី​នាង​ទៅ!»។ វិញ្ញាណ​អាក្រក់​ក៏​ចេញ​ពី​នាង​ភ្លាម។ កាល​ពួក​ម្ចាស់​របស់​ស្រី​បម្រើ​នោះ​ឃើញ​ថា​លែង​មាន​សង្ឃឹម​នឹង​បាន​កម្រៃ​អ្វី​ទៀត គេ​ក៏​នាំ​គ្នា​ចាប់​លោក​ប៉ូល និង​លោក​ស៊ីឡាស អូស​យក​ទៅ​ជូន​ចៅ‌ក្រម​នៅ​ទីលាន​សាធារណៈ ក្នុង​ទីក្រុង។ ចៅ‌ក្រម​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​អាជ្ញា‌ធរ ពោល​ថា៖ «ជន‌ជាតិ​យូដា​ទាំង​នេះ​បង្ក​ឲ្យ​មាន​ចលាចល​នៅ​ក្នុង​ក្រុង​យើង។ គេ​នាំ​ទំនៀម‌ទម្លាប់​ផ្សេងៗ​មក​ផ្សាយ​ប្រាប់​យើង ជា​ទំនៀម‌ទម្លាប់​ដែល​យើង ជន‌ជាតិ​រ៉ូម៉ាំង គ្មាន​សិទ្ធិ​នឹង​ទទួល ឬ​អនុវត្ត​តាម​ឡើយ»។ បណ្ដា‌ជន​ក៏​លើក​គ្នា​មក​ប្រឆាំង​នឹង​លោក​ទាំង​ពីរ​ដែរ។ ពួក​អាជ្ញា‌ធរ​បាន​បញ្ជា​ឲ្យ​គេ​ដោះ​សម្លៀក‌បំពាក់​លោក​ប៉ូល និង​លោក​ស៊ីឡាស​ចេញ រួច​បញ្ជា​ឲ្យ​វាយ​នឹង​រំពាត់។ ក្រោយ​ពី​បាន​វាយ​លោក​ទាំង​ពីរ​ច្រើន​រំពាត់​ហើយ គេ​ក៏​យក​លោក​ទៅ​ដាក់​ក្នុង​ទី​ឃុំ‌ឃាំង ទាំង​បញ្ជា​ឲ្យ​យាម​យ៉ាង​មធ្យ័ត​ផង។ ឆ្មាំ​គុក​ក៏​យក​លោក​ទាំង​ពីរ​ទៅ​ឃុំ​ក្នុង​គុក​ងងឹត និង​ដាក់​ខ្នោះ​ជើង តាម​បញ្ជា​ដែល​គាត់​បាន​ទទួល។ ប្រមាណ​ជា​ពាក់​កណ្ដាល​អធ្រាត្រ លោក​ប៉ូល និង​លោក​ស៊ីឡាស នាំ​គ្នា​អធិស្ឋាន និង​ច្រៀង​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់។ អ្នក​ទោស​ឯ​ទៀតៗ​ស្ដាប់​លោក​ទាំង​ពីរ។ រំពេច​នោះ ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​កក្រើក​ដល់​គ្រឹះ​ទី​ឃុំ‌ឃាំង ទ្វារ​គុក​ទាំង​ប៉ុន្មាន​ក៏​របើក​ឡើង​ភ្លាម រីឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​ក៏​របូត​ចេញ​អស់​ដែរ។ ពេល​នោះ ឆ្មាំ​គុក​ភ្ញាក់​ឡើង លុះ​គាត់​ឃើញ​ទ្វារ​គុក​របើក​ដូច្នេះ គាត់​ក៏​ហូត​ដាវ​បម្រុង​នឹង​សម្លាប់​ខ្លួន ព្រោះ​នឹក​ស្មាន​ថា​អ្នក​ទោស​រត់​បាត់​អស់​ហើយ។ ប៉ុន្តែ លោក​ប៉ូល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី យើង​ទាំង​អស់​គ្នា​នៅ​ឯ​នេះ​ទេ!»។ ឆ្មាំ​គុក​សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់‌ប្រញាល់​ចូល​ទៅ​ក្នុង​គុក។ គាត់​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។ គាត់​នាំ​លោក​ទាំង​ពីរ​ចេញ​មក​ក្រៅ ពោល​ថា៖ «លោក​ម្ចាស់! តើ​ខ្ញុំ​ប្របាទ​ត្រូវ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​បាន​ទទួល​ការ​សង្គ្រោះ?»។ លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​ព្រះ‌អម្ចាស់‌យេស៊ូ​ទៅ នោះ​ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។ បន្ទាប់​មក លោក​ទាំង​ពីរ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ប្រាប់​គាត់ និង​ប្រាប់​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ផ្ទះ​គាត់។ ពេល​នោះ ឆ្មាំ​គុក​នាំ​លោក​ទាំង​ពីរ​មក​លាង​ស្នាម​របួស​ទាំង​យប់ ហើយ​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់ ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ភ្លាម។ គាត់​បាន​នាំ​លោក​ទាំង​ពីរ​ឡើង​ទៅ​ផ្ទះ​គាត់ រៀបចំ​ម្ហូប​អាហារ​ជូន។ គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​មាន​អំណរ​សប្បាយ ដោយ​បាន​ជឿ​លើ​ព្រះ‌ជាម្ចាស់។

ចែក​រំលែក
អាន កិច្ចការ 16

កិច្ចការ 16:16-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​កាល​យើង​កំពុង​តែ​ទៅ​ឯ​ទី​អធិស្ឋាន នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ជួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចំរើន​ឲ្យ​ចៅហ្វាយ​នាង​ជា​ច្រើន ដោយ​ការ​ទាយ នាង​ដើរ​តាម​ប៉ុល នឹង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ នាង​ក៏​ធ្វើ​ដូច្នោះ​ជា​យូរ​ថ្ងៃ ទាល់​តែ​ប៉ុល​មាន​សេចក្ដី​រំខាន​ចិត្ត ហើយ​បែរ​ទៅ​និយាយ​នឹង​អារក្ស​នោះ​ថា អញ​បង្គាប់​ឯង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ឲ្យ​ឯង​ចេញ​ពី​នាង​នេះ​ទៅ វា​ក៏​ចេញ​ទៅ​នៅ​វេលា​នោះ​ឯង កាល​ពួក​ចៅហ្វាយ​របស់​នាង​ឃើញ​ថា ទី​សង្ឃឹម​ដែល​នឹង​បាន​កំរៃ បាន​បាត់​អស់​ទៅ​ហើយ នោះ​គេ​ក៏​ចាប់​ប៉ុល​នឹង​ស៊ីឡាស ដោយ​កន្ត្រាក់‌កន្ត្រែង​នាំ​ទៅ​ឯ​ទី​ផ្សារ នៅ​ចំពោះ​មុខ​មេ​នគរ‌បាល រួច​កាល​នាំ​ទៅ​ដល់​នាយក​ដំរួត​នគរ‌បាល គេ​ជំរាប​ថា ពួក​សាសន៍​យូដា​ទាំង​នេះ​នាំ​ឲ្យ​ទី​ក្រុង​យើង កើត​វឹកវរ​ជា​ខ្លាំង​ណាស់ គេ​ប្រកាស​ប្រាប់​ពី​ទំនៀម‌ទំលាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​ទទួល ឬ​កាន់​តាម​ឡើយ ហ្វូង​មនុស្ស​ក៏​លើក​គ្នា​ទាស់​នឹង​ប៉ុល ហើយ​នឹង​ស៊ីឡាស​ដែរ រួច​មេ​នគរ‌បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់ ក្រោយ​ដែល​វាយ មាន​ស្នាម​ជា​ច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់​គុក បង្គាប់​មេភូ‌ឃុំ ឲ្យ​រក្សា​ដោយ​ប្រយ័ត‌ប្រយែង មេភូ‌ឃុំ​ទទួល​បង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រម​ទាំង​ដាក់​ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង លុះ​ពេល​ប្រហែល​ជា​កណ្តាល​អធ្រាត្រ ប៉ុល នឹង​ស៊ីឡាស កំពុង​តែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នក​ទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់​តែ​កើត​មាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំង​ប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំង​អស់​ទៅ កាល​មេភូ‌ឃុំ​ភ្ញាក់​ឡើង ឃើញ​ទ្វារ​គុក​នៅ​ចំហ​ដូច្នោះ ក៏​ហូត​ដាវ​បំរុង​នឹង​សំឡាប់​ខ្លួន​ចោល ដោយ​ស្មាន​ថា អ្នក​ទោស​បាន​រត់​រួច​អស់​ហើយ ប៉ុន្តែ ប៉ុល​ស្រែក​ឡើង​ឃាត់​ថា កុំ​ធ្វើ​បាប​ខ្លួន​ឡើយ ដ្បិត​យើង​នៅ​ឯ​ណេះ​ទាំង​អស់​គ្នា​ទេ មេភូ‌ឃុំ​ក៏​ឲ្យ​គេ​យក​ភ្លើង​មក រួច​ម្នីម្នា​ស្ទុះ​ចូល​ទៅ​ក្នុង​គុក ផ្តួល​ខ្លួន​នៅ​ទៀប​ជើង​ប៉ុល នឹង​ស៊ីឡាស ទាំង​ញាប់‌ញ័រ គាត់​នាំ​គេ​ចេញ​ទៅ​ក្រៅ​សួរ​ថា លោក​ម្ចាស់​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​សង្គ្រោះ​ផង គេ​ក៏​ប្រាប់​គាត់​ថា ចូរ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ ព្រម​ទាំង​ពួក​គ្រួសារ​លោក​ផង គេ​ក៏​ផ្សាយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ដល់​គាត់ នឹង​ពួក​គ្រួ​គាត់​ទាំង​អស់​ដែរ នៅ​វេលា​យប់​នោះ​ឯង គាត់​យក​គេ​ទៅ​លាង​ស្នាម​រំពាត់​ចេញ រួច​ខ្លួន​គាត់ នឹង​ពួក​គាត់​ទាំង​អស់ ក៏​ទទួល​បុណ្យ​ជ្រមុជ‌ទឹក​ភ្លាម នោះ​គាត់​នាំ​គេ​ចូល​ទៅ​ក្នុង​ផ្ទះ​រៀប​តុ​ឲ្យ​បរិភោគ ដោយ​មាន​ចិត្ត​រីក‌រាយ​សាទរ ព្រម​ទាំង​ពួក​គ្រួ​គាត់​ផង ដោយ​ព្រោះ​បាន​ជឿ​ដល់​ព្រះ​ហើយ។

ចែក​រំលែក
អាន កិច្ចការ 16

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ