ពេលនោះ ក្រុមសាវ័ក ក្រុមព្រឹទ្ធាចារ្យ និងក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរព ដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។ ក្រុមជំនុំបានប្រគល់សំបុត្រមួយឲ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំ ជាសាវ័ក ជាព្រឹទ្ធាចារ្យ និងជាបងប្អូន សូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។ យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំឲ្យបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលឲ្យបងប្អូនមានកង្វល់ក្នុងចិត្ត។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះឲ្យមកទេ។ យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលបានសុខចិត្តបូជាជីវិតរបស់ខ្លួនបម្រើព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើង។ ហេតុនេះ យើងខ្ញុំសុំចាត់លោកយូដាស និងលោកស៊ីឡាសឲ្យនាំពាក្យដដែលនេះ យកមកជម្រាបបងប្អូនស្ដាប់ផ្ទាល់តែម្ដង។ ព្រះវិញ្ញាណដ៏វិសុទ្ធ* និងយើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យ*ណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមឡើយ យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។ ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។ គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។ លោកយូដាស និងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។ បន្តិចក្រោយមក ពួកបងប្អូនសុខចិត្តឲ្យលោកទាំងពីរវិលត្រឡប់ទៅឯក្រុមជំនុំ ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ត។ [ប៉ុន្តែ លោកស៊ីឡាសសម្រេចចិត្តស្នាក់នៅទីនោះបន្តទៅទៀត។] រីឯលោកប៉ូល និងលោកបារណាបាស ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយបងប្អូនជាច្រើននាក់ទៀតផង។ ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។ លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ ប៉ុន្តែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។ លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាសបាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់ លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងជំនឿក្រុមជំនុំនានាផង។
អាន កិច្ចការ 15
ស្ដាប់នូវ កិច្ចការ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 15:22-41
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ