កិច្ចការ 15:22-41
កិច្ចការ 15:22-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ក្រុមសាវ័ក ក្រុមព្រឹទ្ធាចារ្យ និងក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរព ដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។ ក្រុមជំនុំបានប្រគល់សំបុត្រមួយឲ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំ ជាសាវ័ក ជាព្រឹទ្ធាចារ្យ និងជាបងប្អូន សូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។ យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំឲ្យបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលឲ្យបងប្អូនមានកង្វល់ក្នុងចិត្ត។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះឲ្យមកទេ។ យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលបានសុខចិត្តបូជាជីវិតរបស់ខ្លួនបម្រើព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើង។ ហេតុនេះ យើងខ្ញុំសុំចាត់លោកយូដាស និងលោកស៊ីឡាសឲ្យនាំពាក្យដដែលនេះ យកមកជម្រាបបងប្អូនស្ដាប់ផ្ទាល់តែម្ដង។ ព្រះវិញ្ញាណដ៏វិសុទ្ធ* និងយើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យ*ណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមឡើយ យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។ ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។ គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។ លោកយូដាស និងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។ បន្តិចក្រោយមក ពួកបងប្អូនសុខចិត្តឲ្យលោកទាំងពីរវិលត្រឡប់ទៅឯក្រុមជំនុំ ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ត។ [ប៉ុន្តែ លោកស៊ីឡាសសម្រេចចិត្តស្នាក់នៅទីនោះបន្តទៅទៀត។] រីឯលោកប៉ូល និងលោកបារណាបាស ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយបងប្អូនជាច្រើននាក់ទៀតផង។ ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។ លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ ប៉ុន្តែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។ លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាសបាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់ លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងជំនឿក្រុមជំនុំនានាផង។
កិច្ចការ 15:22-41 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលបានយល់ព្រម ដោយសម្រេចជ្រើសរើសមនុស្សក្នុងចំណោមពួកគេ ដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូក ជាមួយលោកប៉ុល និងលោកបាណាបាស។ គេបានចាត់យូដាស ដែលហៅថា បាសាបាស និងស៊ីឡាស ជាអ្នកនាំមុខក្នុងចំណោមពួកបងប្អូន ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។ ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្តដោយពាក្យសម្ដី បណ្ដាលឲ្យអ្នករាល់គ្នាវិលវល់គំនិត តែយើងខ្ញុំមិនបានបង្គាប់គេទេ យើងខ្ញុំបានព្រមព្រៀងគ្នាថានឹងជ្រើសរើសអ្នកខ្លះ ចាត់មកជួបអ្នករាល់គ្នា ជាមួយលោកបាណាបាស និងលោកប៉ុល ជាស្ងួនភ្ងារបស់យើង ជាអ្នកដែលបានប្រថុយជីវិត ដោយព្រោះព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើង។ ហេតុនេះ យើងខ្ញុំបានចាត់លោកយូដាស និងលោកស៊ីឡាសមក ដើម្បីជម្រាបអ្នករាល់គ្នាពីសេចក្ដីដដែលនេះ ដោយផ្ទាល់មាត់។ ដ្បិតព្រះវិញ្ញាណបរិសុទ្ធ និងយើងខ្ញុំយល់ឃើញថា មិនគួរនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្តីទាំងនេះដែលត្រូវប្រតិបត្តិតាមនោះឡើយ គឺឲ្យចៀសវាងតែម្ហូបអាហារដែលបានសែនដល់រូបព្រះ ឈាម សត្វដែលសម្លាប់ដោយច្របាច់ក និងអំពើសហាយស្មន់។ ប្រសិនបើអ្នករាល់គ្នាចៀសវាងរបស់ទាំងនេះបាន នោះប្រពៃហើយ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខ»។ ដូច្នេះ កាលក្រុមជំនុំបានចាត់អ្នកទាំងនោះឲ្យចេញទៅ គេបានចុះទៅក្រុងអាន់ទីយ៉ូក ហើយក្រោយពីបានប្រមូលក្រុមជំនុំមកជួបជុំគ្នាហើយ គេក៏ប្រគល់សំបុត្រនោះជូន។ លុះគេបានអានសំបុត្រនោះរួចហើយ គេក៏មានចិត្តរីករាយ ព្រោះមានការលើកទឹកចិត្តក្នុងសំបុត្រនោះ។ លោកយូដាស និងលោកស៊ីឡាស ដែលអ្នកទាំងពីរជាហោរាផងដែរ បានលើកទឹកចិត្ត និងបានពង្រឹងពួកបងប្អូនឲ្យមានចិត្តខ្ជាប់ខ្ជួន ដោយពាក្យជាច្រើន។ ក្រោយពីបាននៅទីនោះជាយូរបន្តិច ពួកបងប្អូនក៏ឲ្យអ្នកទាំងពីរ ត្រឡប់ទៅឯអស់អ្នកដែលបានចាត់ឲ្យមកនោះវិញ ដោយសុខសាន្ត។ [តែលោកស៊ីឡាសពេញចិត្តនៅទីនោះបន្តទៅទៀត។] រីឯលោកប៉ុល និងលោកបាណាបាស ក៏បានស្នាក់នៅក្រុងអាន់ទីយ៉ូក ទាំងបង្រៀន ហើយប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយមនុស្សឯទៀតជាច្រើន។ ប៉ុន្មានថ្ងៃក្រោយមក លោកប៉ុលមានប្រសាសន៍ទៅកាន់លោកបាណាបាសថា៖ «ចូរយើងត្រឡប់ទៅសួរសុខទុក្ខពួកបងប្អូន នៅតាមទីក្រុងទាំងប៉ុន្មាន ដែលយើងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ ដើម្បីឲ្យដឹងថាគេមានសុខទុក្ខយ៉ាងណា»។ លោកបាណាបាសចង់យកលោកយ៉ូហាន ដែលហៅថាម៉ាកុស ទៅជាមួយ។ ប៉ុន្ដែ លោកប៉ុលយល់ថា មិនគួរយកគាត់ទៅជាមួយទេ ព្រោះពេលមុន គាត់បានចាកចោលពួកលោក កាលពីនៅស្រុកប៉ាមភីលា មិនបានទៅធ្វើការជាមួយពួកលោកទេ ។ លោកទាំងពីរមានការខ្វែងគំនិតគ្នាជាខ្លាំង រហូតដល់ពួកលោកបែកផ្លូវគ្នា។ លោកបាណាបាសយកលោកម៉ាកុសទៅជាមួយ ហើយចុះសំពៅទៅកោះគីប្រុស តែលោកប៉ុលជ្រើសរើសយកលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្តាក់ក្នុងព្រះគុណរបស់ព្រះអម្ចាស់។ លោកបានធ្វើដំណើររកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងក្រុមជំនុំទាំងប៉ុន្មានឲ្យបានខ្ជាប់ខ្ជួនឡើង។
កិច្ចការ 15:22-41 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ ក្រុមសាវ័ក ក្រុមព្រឹទ្ធាចារ្យ និងក្រុមជំនុំទាំងមូលយល់ឃើញថា គួរតែជ្រើសយកបងប្អូនខ្លះក្នុងចំណោមពួកគេ ជាអ្នកដែលពួកបងប្អូនគោរព ដើម្បីចាត់ឲ្យទៅក្រុងអន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ គេបានជ្រើសយកលោកយូដាស ហៅបារសាបាស និងលោកស៊ីឡាស។ ក្រុមជំនុំបានប្រគល់សំបុត្រមួយឲ្យលោកទាំងពីរនាំយកទៅ ដែលមានសេចក្ដីដូចតទៅនេះ៖ «យើងខ្ញុំ ជាសាវ័ក ជាព្រឹទ្ធាចារ្យ និងជាបងប្អូន សូមជម្រាបសួរមកបងប្អូនជាសាសន៍ដទៃ ដែលរស់នៅក្រុងអន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។ យើងខ្ញុំបានទទួលដំណឹងថា មានពួកយើងខ្លះបាននាំឲ្យបងប្អូនជ្រួលច្របល់ មកពីពាក្យដែលគេនិយាយប្រាប់បងប្អូន បណ្ដាលឲ្យបងប្អូនមានកង្វល់ក្នុងចិត្ត។ យើងខ្ញុំពុំបានចាត់អ្នកទាំងនោះឲ្យមកទេ។ យើងខ្ញុំទាំងអស់គ្នាបានសម្រេចចិត្តជ្រើសរើសយកគ្នាយើងខ្លះ ចាត់ឲ្យមកជួបបងប្អូនជាមួយលោកប៉ូល និងលោកបារណាបាសដ៏ជាទីស្រឡាញ់របស់យើង ជាអ្នកដែលបានសុខចិត្តបូជាជីវិតរបស់ខ្លួនបម្រើព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើង។ ហេតុនេះ យើងខ្ញុំសុំចាត់លោកយូដាស និងលោកស៊ីឡាសឲ្យនាំពាក្យដដែលនេះ យកមកជម្រាបបងប្អូនស្ដាប់ផ្ទាល់តែម្ដង។ ព្រះវិញ្ញាណដ៏វិសុទ្ធ* និងយើងខ្ញុំយល់ឃើញថា មិនគួរយកវិន័យ*ណាផ្សេងទៀតដែលមិនចាំបាច់ មកបង្ខំបងប្អូនឲ្យប្រតិបត្តិតាមឡើយ យើងគ្រាន់តែសុំឲ្យបងប្អូនចៀសវាងកុំប្រព្រឹត្តដូចតទៅនេះ គឺកុំបរិភោគម្ហូបអាហារដែលសែនរូបសំណាក កុំបរិភោគឈាម កុំបរិភោគសាច់សត្វដែលគេសម្លាប់ ដោយច្របាច់-ក និងកុំរួមរស់ជាមួយគ្នាដោយមិនរៀបការ។ ប្រសិនបើបងប្អូនប្រតិបត្តិដូច្នេះបាន នោះប្រពៃហើយ។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្ដីសុខ»។ ពួកអ្នកតំណាងក៏លាគេ ចេញដំណើរទៅដល់ក្រុងអន់ទីយ៉ូក ហើយប្រមូលអង្គប្រជុំ រួចប្រគល់សំបុត្រជូន។ គេបានអានសំបុត្រ ហើយមានអំណរសប្បាយគ្រប់ៗគ្នា ព្រោះសំបុត្រនោះបានលើកទឹកចិត្តពួកគេ។ លោកយូដាស និងលោកស៊ីឡាស ដែលជាព្យាការី*មានប្រសាសន៍ជាច្រើន ដើម្បីលើកទឹកចិត្ត និងពង្រឹងជំនឿរបស់បងប្អូន។ បន្តិចក្រោយមក ពួកបងប្អូនសុខចិត្តឲ្យលោកទាំងពីរវិលត្រឡប់ទៅឯក្រុមជំនុំ ដែលបានចាត់គេឲ្យមកនោះវិញ ទាំងជូនពរឲ្យលោកធ្វើដំណើរប្រកបដោយសុខសាន្ត។ [ប៉ុន្តែ លោកស៊ីឡាសសម្រេចចិត្តស្នាក់នៅទីនោះបន្តទៅទៀត។] រីឯលោកប៉ូល និងលោកបារណាបាស ក៏បានស្នាក់នៅក្នុងក្រុងអន់ទីយ៉ូក ទាំងបង្រៀន និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ រួមជាមួយបងប្អូនជាច្រើននាក់ទៀតផង។ ប៉ុន្មានថ្ងៃកន្លងមកទៀត លោកប៉ូលមានប្រសាសន៍ទៅកាន់លោកបារណាបាសថា៖ «យើងត្រូវត្រឡប់ទៅសួរសុខទុក្ខបងប្អូននៅតាមក្រុងទាំងប៉ុន្មាន ដែលយើងបានផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះអម្ចាស់»។ លោកបារណាបាសមានបំណងនាំលោកយ៉ូហាន ហៅម៉ាកុសទៅជាមួយដែរ ប៉ុន្តែ លោកប៉ូលយល់ឃើញថាមិនគួរនាំគាត់ទៅជាមួយឡើយ ព្រោះគាត់បានរត់ចោលពួកលោកកាលពីនៅក្រុងប៉ាមភីលា គឺគាត់មិនបានធ្វើការរួមជាមួយពួកលោកទេ។ លោកទាំងពីរក៏ខ្វែងគំនិតគ្នាយ៉ាងខ្លាំង រហូតដល់ទៅបែកផ្លូវគ្នា។ លោកបារណាបាសបាននាំលោកម៉ាកុសទៅជាមួយ រួចចុះសំពៅឆ្ពោះទៅកោះគីប្រុស។ រីឯលោកប៉ូល លោកនាំលោកស៊ីឡាសទៅជាមួយ ដោយពួកបងប្អូនបានផ្ញើលោកទៅលើព្រះហឫទ័យប្រណីសន្ដោសរបស់ព្រះអម្ចាស់ លោកធ្វើដំណើរឆ្លងកាត់ស្រុកស៊ីរី និងស្រុកគីលីគា ទាំងពង្រឹងជំនឿក្រុមជំនុំនានាផង។
កិច្ចការ 15:22-41 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះពួកសាវកនឹងពួកចាស់ទុំ ព្រមទាំងពួកជំនុំគ្រប់គ្នាក៏យល់ព្រមថា គួរនឹងរើសយកអ្នកខ្លះក្នុងពួកគេ គឺយូដាស ដែលហៅថា បាសាបាស១ នឹងស៊ីឡាស១ ជាពួកអ្នកមុខក្នុងពួកជំនុំ ដើម្បីនឹងចាត់ឲ្យទៅឯអាន់ទីយ៉ូក ជាមួយនឹងប៉ុល ហើយនឹងបាណាបាស គេក៏ធ្វើសំបុត្រផ្ញើដោយសារអ្នកទាំងនោះ បែបដូច្នេះថា សំបុត្រយើងខ្ញុំ ជាពួកសាវក ពួកចាស់ទុំ នឹងពួកបងប្អូនទាំងអស់គ្នា ផ្ញើមកជំរាបសួរដល់ពួកបងប្អូនសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី នឹងស្រុកគីលីគា ឲ្យបានជ្រាប ដ្បិតយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្ត ហើយឲ្យវល់គំនិត ដោយពាក្យសំដីដែលគេថា ត្រូវតែកាត់ស្បែក ហើយកាន់តាមក្រិត្យវិន័យផង តែយើងខ្ញុំមិនបានបង្គាប់គេទេ ដូច្នេះ យើងខ្ញុំបានព្រមព្រៀងគ្នាយល់ឃើញថា គួរនឹងរើសអ្នកខ្លះ ចាត់មកឯអ្នករាល់គ្នា ជាមួយនឹងបាណាបាស ហើយនឹងប៉ុល ជាសំឡាញ់ស្ងួនភ្ងានៃយើងខ្ញុំ ដែលបានប្រថុយជីវិត ដោយយល់ដល់ព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា ដូច្នេះ យើងខ្ញុំបានចាត់យូដាស នឹងស៊ីឡាសមក ឲ្យជំរាបដល់អ្នករាល់គ្នាផ្ទាល់មាត់ ពីសេចក្ដីនោះឯង ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ នឹងយើងខ្ញុំរាល់គ្នា បានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្ដីទាំងនេះដែលត្រូវតែកាន់នោះឡើយ គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ នឹងសេចក្ដីកំផិត១ បើអ្នករាល់គ្នាចៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ។ កាលពួកជំនុំបានឲ្យអ្នកទាំងនោះទៅហើយ នោះគេទៅដល់អាន់ទីយ៉ូក ក៏ប្រជុំពួកសិស្សទាំងប៉ុន្មាន ហើយប្រគល់សំបុត្រនោះដល់ពួកជំនុំ លុះបានអានមើលសំបុត្រស្រេចហើយ ពួកនោះក៏មានសេចក្ដីរីករាយដោយពាក្យកំសាន្តនោះ ឯយូដាស នឹងស៊ីឡាស ដែលជាគ្រូអធិប្បាយដែរ គេបានប្រដៅទូន្មានជាច្រើនដល់ពួកជំនុំ ព្រមទាំងតាំងឲ្យគេមានចិត្តខ្ជាប់ខ្ជួនឡើង កាលនៅទីនោះជាយូរបន្តិច នោះពួកជំនុំឲ្យគេត្រឡប់ទៅឯពួកសាវកវិញដោយសុខសាន្ត តែស៊ីឡាសគាត់គាប់ចិត្តនៅទីនោះតទៅទៀត ឯប៉ុល នឹងបាណាបាស បានបង្អង់នៅឯក្រុងអាន់ទីយ៉ូកនោះដែរ ទាំងបង្រៀន ហើយប្រកាសប្រាប់ដំណឹងល្អ គឺជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាមួយនឹងមនុស្សឯទៀតជាច្រើន។ កាលក្រោយបន្តិចថ្ងៃមក នោះប៉ុលនិយាយនឹងបាណាបាសថា ចូរយើងត្រឡប់ទៅសួរពួកបងប្អូន នៅអស់ទាំងក្រុង ជាទីដែលយើងបានផ្សាយព្រះបន្ទូលនៃព្រះអម្ចាស់ផង ដើម្បីឲ្យដឹងពីគេថាជាយ៉ាងដូចម្តេច ឯបាណាបាស គាត់គិតចង់យកយ៉ូហាន ដែលហៅថា ម៉ាកុស ទៅជាមួយផង តែប៉ុលមិនចូលចិត្តនឹងយកគាត់ទៅទេ ពីព្រោះជាន់មុន គាត់បានចាកចោលគេ ពីកាលនៅស្រុកប៉ាមភីលាម្តងហើយ មិនបានទៅធ្វើការជាមួយគ្នាតទៅឡើយ ដូច្នេះ គេមានការណ៍ទាស់ទែងគ្នាជាខ្លាំង ដល់ម៉្លេះបានជាបែកចេញពីគ្នា ឯបាណាបាស គាត់យកម៉ាកុសចុះសំពៅទៅឯកោះគីប្រុស តែប៉ុល គាត់រើសយកស៊ីឡាសវិញ ហើយចេញដំណើរទៅ ដោយមានពួកជំនុំផ្ទុកផ្តាក់ក្នុងព្រះគុណនៃព្រះអម្ចាស់ នោះគាត់ដើរកាត់ស្រុកស៊ីរី នឹងស្រុកគីលីគា ក៏តាំងឲ្យពួកជំនុំទាំងប៉ុន្មានបានខ្ជាប់ខ្ជួនឡើង។