នៅក្រុងអ៊ីកូនាមក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាស បានចូលទៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលុបនាំគ្នាជឿ។ ប៉ុន្តែ ជនជាតិយូដាដែលមិនព្រមជឿបានញុះញង់សាសន៍ដទៃ និងជំរុញគេឲ្យមានចិត្តប៉ុនប៉ងធ្វើបាបពួកបងប្អូនទៀតផង។ លោកប៉ូល និងលោកបារណាបាស ស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ លោកទាំងពីរមានចិត្តអង់អាច ដោយទុកចិត្តលើព្រះអម្ចាស់ ដែលព្រះអង្គបានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ គឺព្រះអង្គប្រោសប្រទានឲ្យលោកទាំងពីរសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។ មនុស្សម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា អ្នកខ្លះទៀតកាន់ខាងក្រុមសាវ័ក*។ សាសន៍ដទៃ និងសាសន៍យូដា បានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេ ចង់ធ្វើបាប និងចង់យកដុំថ្មគប់សម្លាប់លោកទាំងពីរ។ លោកប៉ូល និងលោកបារណាបាស យល់ថាសភាពការណ៍មិនស្រួល ក៏រត់ភៀសខ្លួនទៅស្រុកលូកៅនា គឺទៅក្រុងលីស្ដ្រា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ ហើយផ្សព្វផ្សាយដំណឹងល្អ*នៅទីនោះ។ នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើង ឈរឲ្យត្រង់!»។ បុរសនោះស្ទុះក្រោកឈរឡើង ហើយដើរបាន។ កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ គេហៅលោកបារណាបាសថា «ព្រះសេយូស» និងហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។ បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។ កាលសាវ័ក*បារណាបាស និងសាវ័កប៉ូល បានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយឲ្យជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។ ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។ បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្តមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។ ប៉ុន្តែ ក្រុមសិស្ស*នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។ លោកប៉ូល និងលោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អ*នៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនឲ្យធ្វើជាសិស្ស*។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអន់ទីយ៉ូកវិញ។ លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។
អាន កិច្ចការ 14
ស្ដាប់នូវ កិច្ចការ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 14:1-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ