កិច្ចការ 14:1-22
កិច្ចការ 14:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្រុងអ៊ីកូនាមក៏កើតមានដូច្នោះដែរ។ លោកប៉ូល និងលោកបារណាបាស បានចូលទៅក្នុងសាលាប្រជុំ*របស់ជនជាតិយូដា ហើយមានប្រសាសន៍រហូតដល់ជនជាតិយូដា និងជនជាតិក្រិកដ៏ច្រើនលើសលុបនាំគ្នាជឿ។ ប៉ុន្តែ ជនជាតិយូដាដែលមិនព្រមជឿបានញុះញង់សាសន៍ដទៃ និងជំរុញគេឲ្យមានចិត្តប៉ុនប៉ងធ្វើបាបពួកបងប្អូនទៀតផង។ លោកប៉ូល និងលោកបារណាបាស ស្នាក់នៅក្នុងក្រុងអ៊ីកូនាមជាយូរថ្ងៃ។ លោកទាំងពីរមានចិត្តអង់អាច ដោយទុកចិត្តលើព្រះអម្ចាស់ ដែលព្រះអង្គបានបញ្ជាក់ព្រះបន្ទូលអំពីព្រះគុណរបស់ព្រះអង្គ គឺព្រះអង្គប្រោសប្រទានឲ្យលោកទាំងពីរសម្តែងទីសម្គាល់ដ៏អស្ចារ្យ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ។ មនុស្សម្នានៅក្រុងនោះបានបាក់បែកគ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា អ្នកខ្លះទៀតកាន់ខាងក្រុមសាវ័ក*។ សាសន៍ដទៃ និងសាសន៍យូដា បានសមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេ ចង់ធ្វើបាប និងចង់យកដុំថ្មគប់សម្លាប់លោកទាំងពីរ។ លោកប៉ូល និងលោកបារណាបាស យល់ថាសភាពការណ៍មិនស្រួល ក៏រត់ភៀសខ្លួនទៅស្រុកលូកៅនា គឺទៅក្រុងលីស្ដ្រា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ ហើយផ្សព្វផ្សាយដំណឹងល្អ*នៅទីនោះ។ នៅក្រុងលីស្ដ្រា មានបុរសម្នាក់ពិការជើងតាំងពីកំណើតមក គាត់មិនអាចដើរបានឡើយ គាត់អង្គុយស្ដាប់លោកប៉ូលមានប្រសាសន៍។ លោកប៉ូលសម្លឹងមើលគាត់ ហើយយល់ឃើញថា គាត់មានជំនឿគួរនឹងជាបាន លោកក៏មានប្រសាសន៍ទៅគាត់ខ្លាំងៗថា៖ «សុំក្រោកឡើង ឈរឲ្យត្រង់!»។ បុរសនោះស្ទុះក្រោកឈរឡើង ហើយដើរបាន។ កាលមហាជនឃើញការអស្ចារ្យដែលលោកប៉ូលបានធ្វើ គេក៏នាំគ្នាស្រែកហ៊ោជាភាសាលូកៅនាថា៖ «ព្រះបាននិម្មិតជាមនុស្ស ចុះមកគង់ជាមួយយើងហើយ!»។ គេហៅលោកបារណាបាសថា «ព្រះសេយូស» និងហៅលោកប៉ូលថា «ព្រះហ៊ើមេស» ព្រោះលោកជាអ្នកនាំពាក្យ។ បូជាចារ្យរបស់ព្រះសេយូសដែលមានវិហារទល់មុខនឹងទីក្រុង បានដឹកគោឈ្មោលតុបតែងលំអដោយភួងផ្កា មកមាត់ទ្វារក្រុង ព្រោះគាត់ចង់ធ្វើបូជាយញ្ញរួមជាមួយមហាជន។ កាលសាវ័ក*បារណាបាស និងសាវ័កប៉ូល បានឮដំណឹងនេះ លោកក៏ហែកសម្លៀកបំពាក់ ហើយស្ទុះរត់ទៅរកប្រជាជន ទាំងស្រែកឡើងថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចបងប្អូនដែរ យើងខ្ញុំនាំដំណឹងល្អ*មកជម្រាបជូនបងប្អូន គឺសូមបងប្អូនងាកចេញពីការថ្វាយបង្គំរូបសំណាកឥតប្រយោជន៍នេះ ហើយបែរមករកព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗសព្វសារពើដែលមាននៅទីទាំងនោះផង។ នៅជំនាន់មុនៗ ព្រះអង្គបានបណ្ដោយឲ្យជាតិសាសន៍នានា ដើរតាមមាគ៌ារៀងៗខ្លួន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែសម្តែងព្រះហឫទ័យសប្បុរសមិនដែលអាក់ខានឡើយ ដើម្បីឲ្យគេបានស្គាល់ព្រះអង្គ គឺប្រទានទឹកភ្លៀងពីលើមេឃ និងប្រទានភោគផលមកបងប្អូនតាមរដូវកាល ធ្វើឲ្យបងប្អូនមានម្ហូបអាហារដ៏បរិបូណ៌ និងមានអំណរសប្បាយក្នុងចិត្តផង»។ ទោះបីលោកទាំងពីរមានប្រសាសន៍ដូច្នេះ ក៏លោករកឃាត់មហាជនមិនឲ្យធ្វើបូជាយញ្ញជូនលោកសឹងតែពុំបាន។ បន្ទាប់មក មានជនជាតិយូដាមកពីក្រុងអន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានទាក់ទាញចិត្តមហាជនឲ្យចូលទៅខាងគេ ហើយយកដុំថ្មគប់សម្លាប់លោកប៉ូល រួចអូសយកទៅចោលនៅខាងក្រៅទីក្រុង ព្រោះគេនឹកស្មានថា លោកស្លាប់បាត់ទៅហើយ។ ប៉ុន្តែ ក្រុមសិស្ស*នាំគ្នាមកជុំវិញលោក លោកក៏ក្រោកឡើង វិលចូលទៅទីក្រុងវិញ។ លុះស្អែកឡើង លោកចេញដំណើរទៅក្រុងឌើបេជាមួយលោកបារណាបាស។ លោកប៉ូល និងលោកបារណាបាសបានផ្សព្វផ្សាយដំណឹងល្អ*នៅក្រុងឌើបេ ហើយណែនាំមនុស្សជាច្រើនឲ្យធ្វើជាសិស្ស*។ បន្ទាប់មក លោកវិលទៅក្រុងលីស្ដ្រា ក្រុងអ៊ីកូនាម និងក្រុងអន់ទីយ៉ូកវិញ។ លោកដាស់តឿនពួកសិស្សឲ្យតាំងចិត្តមាំមួន និងលើកទឹកចិត្តគេឲ្យមានជំនឿខ្ជាប់ខ្ជួន ដោយមានប្រសាសន៍ថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យ*របស់ព្រះជាម្ចាស់»។
កិច្ចការ 14:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅក្រុងអ៊ីកូនាម លោកប៉ុល និងលោកបាណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយមានប្រសាសន៍ រហូតដល់ពួកសាសន៍យូដា និងសាសន៍ក្រិកជាច្រើនបានជឿ។ ប៉ុន្តែ ពួកសាសន៍យូដាដែលមិនព្រមជឿ បានញុះញង់ ហើយចាក់រុកពួកសាសន៍ដទៃឲ្យគេទាស់នឹងពួកបងប្អូន។ ដូច្នេះ លោកប៉ុល និងលោកបាណាបាសក៏ស្នាក់នៅទីនោះជាយូរថ្ងៃ ហើយមានប្រសាសន៍យ៉ាងក្លៀវក្លាអំពីព្រះអម្ចាស់ ដែលទ្រង់ធ្វើបន្ទាល់អំពីព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដោយប្រោសប្រទានឲ្យមានទីសម្គាល់ និងការអស្ចារ្យផ្សេងៗកើតឡើងដោយសារដៃលោកទាំងពីរ។ ប៉ុន្តែ មនុស្សនៅទីក្រុងនោះ បានបែកបាក់គ្នា ខ្លះកាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក។ កាលពួកសាសន៍ដទៃ និងពួកសាសន៍យូដា សមគំនិតគ្នាជាមួយពួកមេដឹកនាំរបស់គេចង់ធ្វើបាប ហើយចង់គប់លោកទាំងពីរនឹងដុំថ្ម ពួកលោកក៏បានដឹង ហើយរត់ភៀសខ្លួនទៅទីក្រុងនានានៅស្រុកលូកៅនា គឺក្រុងលីស្រ្តា និងក្រុងឌើបេ ព្រមទាំងតំបន់ដែលនៅជុំវិញ ហើយបន្តប្រកាសដំណឹងល្អនៅទីនោះ។ នៅក្រុងលីស្ត្រា មានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនពីកំណើត មិនដែលដើរបានឡើយ។ គាត់ស្ដាប់លោកប៉ុលមានប្រសាសន៍ ហើយលោកប៉ុលក៏សម្លឹងមើលទៅគាត់ ឃើញថា គាត់មានជំនឿល្មមនឹងបានជា លោកក៏មានប្រសាសន៍យ៉ាងខ្លាំងថា៖ «សូមក្រោកឈរឲ្យត្រង់ឡើង!» អ្នកនោះក៏ស្ទុះឡើង ហើយដើរបាន។ កាលមហាជនឃើញការដែលលោកប៉ុលបានធ្វើ គេក៏ស្រែកឡើងជាភាសាលូកៅនាថា៖ «ពួកព្រះបានកាឡាខ្លួនជាមនុស្ស ចុះមករកយើងហើយ»។ គេក៏ហៅលោកបាណាបាស ថាព្រះសេយូស ហើយលោកប៉ុល ថាព្រះហ៊ើមេស ព្រោះលោកជាមេសម្ដែង។ ពួកសង្ឃរបស់ព្រះសេយូស ដែលមានវិហារនៅទល់មុខទីក្រុងនោះ បានយកគោឈ្មោល និងភួងផ្កាមកកាន់ទ្វារក្រុង ហើយចង់ថ្វាយយញ្ញបូជារួមជាមួយមហាជន។ ប៉ុន្តែ ពេលសាវកបាណាបាស និងសាវកប៉ុលបានឮដំណឹងនោះ លោកក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយរត់ចូលទៅរកមហាជន ទាំងស្រែកឡើងថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។ កាលជំនាន់មនុស្សពីបុរាណ ព្រះអង្គបានបណ្ដោយឲ្យសាសន៍ទាំងប៉ុន្មាន ដើរតាមផ្លូវរបស់គេរៀងខ្លួន។ ក៏ប៉ុន្តែ ព្រះអង្គមិនដែលខាននឹងបង្ហាញទីបន្ទាល់អំពីព្រះអង្គទ្រង់ឡើយ ដ្បិតព្រះអង្គបានសម្តែងព្រះហឫទ័យសប្បុរស ដោយប្រទានឲ្យមានភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវបង្កើតផល ដើម្បីបំពេញចិត្តយើងដោយអាហារ និងអំណរ»។ ទោះជាមានប្រសាសន៍ដូច្នេះក៏ដោយ ក៏ពួកលោកឃាត់ប្រជាជនមិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបាន។ ប៉ុន្តែ មានសាសន៍យូដាមកពីក្រុងអាន់ទីយ៉ូក និងក្រុងអ៊ីកូនាម បានបញ្ចុះបញ្ចូលមហាជនឲ្យយកដុំថ្មគប់លោកប៉ុល រួចអូសលោកទៅចោលនៅក្រៅក្រុង ដោយស្មានថាលោកស្លាប់ហើយ។ ប៉ុន្តែ ពេលពួកសិស្សនាំគ្នាឈរជុំវិញលោក លោកក៏ក្រោកឡើង ហើយចូលទៅក្នុងទីក្រុងវិញ។ ស្អែកឡើង លោកក៏បន្តដំណើរជាមួយលោកបាណាបាសទៅក្រុងឌើបេ។ ក្រោយពីបានប្រកាសដំណឹងល្អ ហើយបង្កើតសិស្សជាច្រើននៅក្រុងនោះរួចមក ពួកលោកក៏វិលត្រឡប់ទៅក្រុងលីស្ត្រា ក្រុងអ៊ីកូនាម និងក្រុងអាន់ទីយ៉ូកវិញ ទាំងពង្រឹងពួកសិស្សឲ្យមានចិត្តមាំមួន ហើយលើកទឹកចិត្តគេឲ្យខ្ជាប់ខ្ជួនក្នុងជំនឿ ដោយពាក្យថា៖ «យើងត្រូវឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីឲ្យបានចូលក្នុងព្រះរាជ្យរបស់ព្រះ»។
កិច្ចការ 14:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលនៅក្រុងអ៊ីកូនាម ក៏នាំគ្នាចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា បានអធិប្បាយនាំឲ្យទាំងពួកសាសន៍យូដា នឹងសាសន៍ក្រេកយ៉ាងសន្ធឹកបានជឿ ប៉ុន្តែ ឯពួកសាសន៍យូដាដែលមិនព្រមជឿ គេញុះញង់ ហើយចាក់រុកពួកសាសន៍ដទៃ ឲ្យគេទាស់នឹងពួកជំនុំវិញ ចំណែកប៉ុល នឹងបាណាបាស ក៏នៅទីនោះជាយូរថ្ងៃ គេអធិប្បាយយ៉ាងក្លៀវក្លាដោយនូវព្រះអម្ចាស់ ហើយទ្រង់ក៏ធ្វើបន្ទាល់ អំពីព្រះបន្ទូលនៃព្រះគុណទ្រង់ ដោយទ្រង់ប្រោសប្រទានឲ្យមានទីសំគាល់ នឹងការអស្ចារ្យកើតមក ដោយសារដៃអ្នកទាំង២នោះ ឯមនុស្សទាំងឡាយនៅទីក្រុងនោះ គេបែកបាក់គ្នា អ្នកខ្លះកាន់ខាងសាសន៍យូដា ខ្លះខាងពួកសាវក តែកាលពួកសាសន៍ដទៃ នឹងពួកសាសន៍យូដា ព្រមទាំងពួកនាម៉ឺនរបស់គេ បានលើកព្រួតគ្នានឹងទៅត្មះតិះដៀល ហើយចោលនឹងថ្ម នោះអ្នកទាំង២បានដឹង ហើយក៏រត់ទៅឯទីក្រុងនៅស្រុកលូកៅនាវិញ គឺលីស្ត្រា នឹងឌើបេ ហើយនឹងស្រុកនៅជុំវិញ ក៏ប្រកាសប្រាប់ដំណឹងល្អនៅកន្លែងទាំងនោះ។ រីឯនៅក្រុងលីស្ត្រា មានមនុស្សម្នាក់មានជើងពិការ គាត់អង្គុយនៅដោយខ្វិន តាំងតែពីផ្ទៃម្តាយមក មិនដែលដើរសោះឡើយ អ្នកនោះបានឮប៉ុលអធិប្បាយ ហើយប៉ុលក៏សំឡឹងមើលទៅគាត់ ឃើញថា គាត់មានសេចក្ដីជំនឿល្មម ដើម្បីឲ្យបានជា នោះក៏បន្លឺជាសំឡេងខ្លាំងថា ចូរក្រោកឈរឲ្យត្រង់ឡើង រួចអ្នកនោះក៏ស្ទុះឡើងដើរ កាលហ្វូងមនុស្សបានឃើញការដែលប៉ុលធ្វើ នោះគេបន្លឺឡើងជាភាសាលូកៅនាថា ពួកព្រះបានកាឡានិម្មិតជាមនុស្ស ចុះមកឯយើងហើយ គេក៏ហៅបាណាបាស ជាព្រះសេយូស ហើយប៉ុល ជាព្រះហ៊ើមេស ពីព្រោះគាត់ជាមេសំដែង ហើយសង្ឃរបស់ព្រះសេយូស ដែលនៅមុខក្រុងគេ ក៏នាំយកគោឈ្មោល ហើយនឹងភួងទៅដល់ខ្លោងទ្វារក្រុង ចង់ថ្វាយយញ្ញបូជាជាមួយនឹងបណ្តាមនុស្ស កាលបាណាបាស នឹងប៉ុល ជាសាវកបានដឹង នោះក៏ហែកអាវខ្លួន រត់ចូលទៅកណ្តាលហ្វូងមនុស្សស្រែកឡើងថា អ្នករាល់គ្នាអើយ ហេតុអ្វីបានជាធ្វើដូច្នេះ យើងខ្ញុំជាមនុស្សវិស័យដូចជាអ្នករាល់គ្នាដែរ មួយទៀត យើងក៏ប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ឲ្យបានបែរចេញពីអស់ទាំងការ ដែលឥតប្រយោជន៍យ៉ាងនេះ ទៅឯព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់បង្កើតផ្ទៃមេឃ ផែនដី សមុទ្រ នឹងរបស់ទាំងអស់ដែលនៅស្ថានទាំងនោះផង ក្នុងកាលជំនាន់មនុស្សពីបុរាណ នោះទ្រង់បានអនុញ្ញាតឲ្យគ្រប់ទាំងសាសន៍ ដើរតាមផ្លូវរបស់គេរៀងខ្លួន ប៉ុន្តែ ទ្រង់មិនដែលលែងមានទីបន្ទាល់ ពីព្រះអង្គទ្រង់ទេ ដោយទ្រង់តែងតែផ្សាយព្រះគុណមក គឺទ្រង់ប្រោសប្រទានឲ្យភ្លៀងធ្លាក់ចុះពីលើមេឃ ឲ្យមានរដូវដ៏សំបូរ ដើម្បីនឹងបំពេញចិត្តយើង ដោយអាហារ នឹងសេចក្ដីអំណរ តែដែលគាត់អធិប្បាយសេចក្ដីទាំងនោះដល់គេ នោះឃាត់គេ មិនឲ្យថ្វាយយញ្ញបូជាដល់ខ្លួនសឹងតែមិនបានផង។ មានពួកសាសន៍យូដាខ្លះ មកពីអាន់ទីយ៉ូក នឹងអ៊ីកូនាម គេបញ្ចុះបញ្ចូលហ្វូងមនុស្ស ឲ្យចោលប៉ុលនឹងថ្ម រួចគេអូសគាត់ចេញទៅក្រៅទុកចោល ដោយស្មានថា បានស្លាប់ហើយ ប៉ុន្តែ ពួកសិស្សមកចោមព័ទ្ធគាត់ រួចគាត់ក្រោកឡើងចូលទៅក្នុងទីក្រុងវិញ ហើយដល់ថ្ងៃស្អែក គាត់នឹងបាណាបាស ក៏ចេញទៅឯឌើបេ ក្រោយដែលប្រកាសប្រាប់ដំណឹងល្អ ហើយបានសិស្សជាច្រើននៅក្រុងនោះ នោះក៏ត្រឡប់ទៅឯលីស្ត្រា អ៊ីកូនាម នឹងអាន់ទីយ៉ូកវិញ ព្រមទាំងចំរើនកំឡាំងដល់ពួកសិស្ស ឲ្យមានចិត្តរឹងប៉ឹងឡើង ហើយទូន្មានឲ្យនៅស្ថិតស្ថេរក្នុងសេចក្ដីជំនឿ ដោយពាក្យថា ត្រូវតែទ្រាំរងទុក្ខវេទនាជាច្រើន ទើបនឹងចូលទៅក្នុងនគរព្រះបាន