នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជានាយទាហានក្នុងកងវរសេនាតូច រ៉ូម៉ាំងមួយឈ្មោះ «កងវរសេនាតូចអ៊ីតាលី»។ គាត់ និងក្រុមគ្រួសាររបស់គាត់ទាំងមូល ជាអ្នកគោរពប្រណិប័តន៍ និងកោតខ្លាចព្រះជាម្ចាស់។ គាត់តែងចែកទានជាច្រើនឲ្យប្រជាជន ព្រមទាំងទូលអង្វរព្រះជាម្ចាស់គ្រប់ពេលវេលា។ ថ្ងៃមួយ ប្រមាណជាម៉ោងបីរសៀល គាត់បាននិមិត្តឃើញទេវតា*មួយរូបរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ទេវតានោះចូលមកផ្ទះគាត់ ហៅគាត់ថា៖ «លោកកូនេលាសអើយ!»។ លោកកូនេលាសសម្លឹងមើលទៅទេវតា ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកមានការអ្វី?»។ ទេវតាពោលមកគាត់ថា៖ «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ ព្រះអង្គក៏ជ្រាបអំពីទានរបស់លោកដែរ ព្រះអង្គមិនភ្លេចទេ។ សុំលោកចាត់គេឲ្យទៅក្រុងយ៉ុបប៉េឥឡូវនេះ អញ្ជើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុសមក។ គាត់ស្នាក់នៅផ្ទះអ្នកសម្លាប់ស្បែកម្នាក់ឈ្មោះស៊ីម៉ូន ផ្ទះនោះនៅក្បែរមាត់សមុទ្រ»។ កាលទេវតា*ដែលបាននិយាយជាមួយគាត់ចេញផុតទៅ លោកកូនេលាសក៏ហៅអ្នកបម្រើពីរនាក់ និងទាហានម្នាក់ ដែលនៅក្រោមបញ្ជារបស់គាត់ជាយូរហើយ ហើយគោរពប្រណិប័តន៍ព្រះជាម្ចាស់ផងនោះ ឲ្យចូលមក។ លោកបានរៀបរាប់ហេតុការណ៍ទាំងអស់ប្រាប់ពួកគេ រួចចាត់ឲ្យទៅក្រុងយ៉ុបប៉េ។ នៅថ្ងៃបន្ទាប់ អ្នកទាំងនោះធ្វើដំណើរទៅជិតដល់ក្រុងយ៉ុបប៉េ។ ប្រមាណជាថ្ងៃត្រង់ លោកពេត្រុសឡើងទៅអធិស្ឋាន*នៅលើដំបូលផ្ទះ ។ ពេលនោះ លោកឃ្លាន ចង់ពិសាបាយ។ កាលគេកំពុងតែរៀបចំម្ហូបចំណីជូនលោកពិសា លោកបានលង់ស្មារតី និមិត្តឃើញផ្ទៃមេឃបើកចំហ ឃើញវត្ថុម្យ៉ាងដូចកម្រាលតុមួយយ៉ាងធំ ដែលមានចងចុងជាយទាំងបួនជ្រុង ចុះពីលើមកដល់ដី។ នៅលើកម្រាលនោះ មានសត្វចតុប្បាទគ្រប់ប្រភេទ មានសត្វលូនវារ និងបក្សាបក្សី។ មានព្រះសូរសៀងបញ្ជាមកគាត់ថា៖ «ពេត្រុសអើយ! ចូរសម្លាប់សត្វទាំងនេះបរិភោគទៅ!»។ ប៉ុន្តែ លោកពេត្រុសទូលទៅវិញថា៖ «ទេ ព្រះអម្ចាស់ ទូលបង្គំពុំដែលទទួលទានអ្វីដែលវិន័យហាមឃាត់ ឬមិនបរិសុទ្ធ*ទាល់តែសោះ»។ បន្ទាប់មក លោកពេត្រុសបានឮព្រះសូរសៀងនោះជាលើកទីពីរថា៖ «អ្វីៗដែលព្រះជាម្ចាស់បានប្រោសឲ្យបរិសុទ្ធហើយ ចូរកុំចាត់ទុកថាវិន័យហាមឃាត់នោះឡើយ!»។ ហេតុការណ៍នេះកើតមានដល់ទៅបីដង នៅទីបំផុត វត្ថុនោះក៏ឡើងទៅលើមេឃវិញភ្លាមបាត់ទៅ។ លោកពេត្រុសកំពុងតែនឹកឆ្ងល់មិនដឹងជាត្រូវគិតដូចម្ដេច អំពីហេតុការណ៍ដែលលោកបាននិមិត្តឃើញនោះ ស្រាប់តែពួកអ្នកដែលលោកកូនេលាសចាត់ឲ្យមក បានមកដល់មាត់ទ្វារ ទាំងសាកសួររកផ្ទះរបស់លោកស៊ីម៉ូន។ គេស្រែកសួរថា៖ «លោកស៊ីម៉ូនហៅពេត្រុសស្នាក់ក្នុងផ្ទះនេះឬទេ?»។ ពេលលោកពេត្រុសកំពុងរិះគិតអំពីហេតុការណ៍ ដែលលោកនិមិត្តឃើញនោះ ព្រះវិញ្ញាណមានព្រះបន្ទូលមកគាត់ថា៖ «មានបុរសបីនាក់កំពុងសួររកអ្នក ចូរចុះទៅក្រោមចេញដំណើរទៅជាមួយគេភ្លាមទៅ កុំរារែកឡើយ ដ្បិតយើងនេះហើយដែលបានចាត់គេឲ្យមក»។ លោកពេត្រុសក៏ចុះទៅក្រោម មានប្រសាសន៍ទៅបុរសទាំងបីនាក់នោះថា៖ «ខ្ញុំនេះហើយដែលអ្នករាល់គ្នាកំពុងតែរក! តើអ្នកមកមានការអ្វី?»។ គេឆ្លើយថា៖ «លោកកូនេលាស ជានាយទាហាន បានចាត់យើងឲ្យមក គាត់ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះជាម្ចាស់ ហើយជាមនុស្សម្នាក់ដែលប្រជាជាតិយូដាសរសើរគ្រប់ៗគ្នា។ ទេវតាដ៏វិសុទ្ធមួយរូបបានមកប្រាប់គាត់ឲ្យអញ្ជើញលោកទៅផ្ទះគាត់ ដើម្បីស្ដាប់លោកមានប្រសាសន៍»។ លោកពេត្រុសអញ្ជើញអ្នកទាំងនោះចូលក្នុងផ្ទះ ឲ្យស្នាក់នៅជាមួយ។ ព្រឹកឡើង លោកក៏ចេញដំណើរទៅជាមួយគេ ទាំងមានបងប្អូនខ្លះនៅក្រុងយ៉ុបប៉េជូនដំណើរទៅផង។ នៅថ្ងៃបន្ទាប់មកទៀត លោកបានទៅដល់ក្រុងសេសារា។ រីឯលោកកូនេលាសវិញ គាត់បានអញ្ជើញញាតិសន្ដាន និងមិត្តជិតដិតមកផ្ទះរបស់គាត់ ហើយទន្ទឹងរង់ចាំពួកលោកពេត្រុស។ ពេលលោកពេត្រុសមកដល់ លោកកូនេលាសចេញទៅទទួល ក្រាបចុះទៀបជើងលោក។ ប៉ុន្តែ លោកពេត្រុសចាប់គាត់ឲ្យក្រោកឡើង ទាំងពោលថា៖ «អញ្ជើញក្រោកឡើង ខ្ញុំក៏ជាមនុស្សដែរទេតើ!»។ លោកដើរចូលទៅខាងក្នុងបណ្ដើរ សន្ទនាជាមួយលោកកូនេលាសបណ្ដើរ។ ដោយលោកឃើញមនុស្សជាច្រើននៅជុំគ្នា លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ វិន័យ*របស់សាសនាយូដាហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់បានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថាជាមនុស្សដែលវិន័យហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។ ហេតុនេះហើយបានជាខ្ញុំមកភ្លាម ឥតមានជំទាស់អ្វីសោះ នៅពេលដែលបងប្អូនហៅខ្ញុំមក។ ឥឡូវនេះ សុំប្រាប់ខ្ញុំមើល៍ បងប្អូនហៅខ្ញុំមកមានការអ្វី?»។ លោកកូនេលាសមានប្រសាសន៍ថា៖ «កាលពីបីថ្ងៃមុន ពេលខ្ញុំកំពុងអធិស្ឋាន*ក្នុងផ្ទះខ្ញុំ នៅម៉ោងបីរសៀល មានបុរសម្នាក់ស្លៀកសម្លៀកបំពាក់ភ្លឺត្រចះត្រចង់មកឈរនៅមុខខ្ញុំ ហើយពោលថា “លោកកូនេលាសអើយ ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់លោកហើយ រីឯទានរបស់លោកក៏ព្រះអង្គមិនភ្លេចដែរ។ ឥឡូវនេះ ចូរចាត់គេឲ្យទៅហៅបុរសម្នាក់ឈ្មោះស៊ីម៉ូន ហៅពេត្រុស នៅក្រុងយ៉ុបប៉េមក។ គាត់ស្នាក់នៅផ្ទះរបស់លោកស៊ីម៉ូនជាអ្នកសម្លាប់ស្បែក ផ្ទះនោះស្ថិតនៅមាត់សមុទ្រ”។ ខ្ញុំក៏បានចាត់គេឲ្យទៅអញ្ជើញលោកភ្លាម លោកមកដូច្នេះជាការប្រពៃណាស់។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នាស្ថិតនៅទីនេះចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ រង់ចាំស្ដាប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានបង្គាប់មកលោក»។
អាន កិច្ចការ 10
ស្ដាប់នូវ កិច្ចការ 10
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កិច្ចការ 10:1-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ