២ ធីម៉ូថេ 1:1-12

២ ធីម៉ូថេ 1:1-12 គខប

ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​ព្រះគ្រិស្ត‌យេស៊ូ តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ខ្ញុំ​បាន​ទទួល​មុខងារ​ប្រកាស​អំពី​ជីវិត ដែល​យើង​មាន​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ស្រប​តាម​ព្រះ‌បន្ទូល​សន្យា មក​ដល់​ធីម៉ូថេ ជា​កូន​ដ៏​ជា​ទី​ស្រឡាញ់ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ប្រទាន​ព្រះ‌គុណ ព្រះ‌ហឫទ័យ​មេត្តា‌ករុណា និង​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​ខ្ញុំ​គោរព​បម្រើ​បន្ដ​ពី​បុព្វបុរស* ដោយ​មន‌សិការ​បរិសុទ្ធ* ហើយ​រាល់​ពេល​ខ្ញុំ​អធិស្ឋាន* ខ្ញុំ​តែងតែ​នឹក​គិត​ដល់​អ្នក​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ។ ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ហើយ​ចង់​ជួប​អ្នក​ជា​ថ្មី​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ពោរ‌ពេញ​ដោយ​អំណរ។ ខ្ញុំ​ក៏​នៅ​នឹក​ចាំ​ពី​ជំនឿ ឥត​លាក់​ពុត​របស់​អ្នក គឺ​ជា​ជំនឿ​ដែល​លោក​យាយ​ឡូអ៊ីស ជា​ជីដូន និង​អ្នក​ស្រី​អឺនីស ជា​ម្ដាយ​របស់​អ្នក ធ្លាប់​មាន​មុន​អ្នក ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ក៏​មាន​ជំនឿ​នេះ​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​រំឭក​ដាស់​តឿន​អ្នក​ថា ចូរ​ធ្វើ​ឲ្យ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់ ដែល​អ្នក​បាន​ទទួល ដោយ​ខ្ញុំ​ដាក់​ដៃ*​លើ​នោះ មាន​សកម្ម‌ភាព​ឡើង​វិញ ដ្បិត​ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ខ្លាច​ទេ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ទទួល​វិញ្ញាណ​ដែល​ផ្ដល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ធ្ងន់។ ដូច្នេះ មិន​ត្រូវ​ខ្មាស​នឹង​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌អម្ចាស់​របស់​យើង ឬ​ខ្មាស​នឹង​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះអង្គ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​តែ​រង‌ទុក្ខ​វេទនា​រួម​ជា​មួយ​ខ្ញុំ សម្រាប់​ដំណឹង‌ល្អ* ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ ព្រះអង្គ​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ។ ព្រះអង្គ​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​ព្រះ‌គុណ ដែល​ព្រះអង្គ​បាន​ប្រទាន​មក​យើង ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។ ឥឡូវ​នេះ ព្រះអង្គ​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌គុណ​របស់​ព្រះអង្គ ដោយ​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​យាង​មក​ក្នុង​លោក​នេះ ។ ព្រះ‌គ្រិស្ត​បាន​បំបាត់​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​បំភ្លឺ​យើង​ឲ្យ​ស្គាល់​ជីវិត​អមតៈ​ដោយ‌សារ​ដំណឹង‌ល្អ*។ ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​នេះ ក្នុង​ឋានៈ​ជា​សាវ័ក និង​ជា​គ្រូ​អប់រំ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រង‌ទុក្ខ​លំបាក​ទាំង​នេះ ប៉ុន្តែ ខ្ញុំ​មិន​ខ្មាស​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ជឿ​លើ​ព្រះអង្គ​ណា ហើយ​ខ្ញុំ​ក៏​ជឿ​ជាក់​ថា ព្រះអង្គ​នោះ​មាន​ឫទ្ធា‌នុភាព​នឹង​រក្សា​អ្វីៗ ដែល​ព្រះអង្គ​ផ្ញើ​ទុក​នឹង​ខ្ញុំ ឲ្យ​បាន​គង់‌វង្ស រហូត​ដល់​ថ្ងៃ​ព្រះអង្គ​យាង​មក។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ២ ធីម៉ូថេ 1:1-12