នៅថ្ងៃដដែលនោះ ព្យាការីកាដចូលទៅគាល់ព្រះបាទដាវីឌ ទូលថា៖ «សូមព្រះករុណាយាងទៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស ហើយសង់អាសនៈមួយថ្វាយព្រះអម្ចាស់នៅទីនោះចុះ!»។ ព្រះបាទដាវីឌយាងទៅតាមពាក្យរបស់លោកកាដ ដូចព្រះអម្ចាស់បានបង្គាប់។ កាលលោកអរ៉ៅណាក្រឡេកទៅឃើញស្ដេច ព្រមទាំងពួកនាម៉ឺន កំពុងចូលមករកលោក លោកក៏ចេញទៅទទួល ហើយក្រាបថ្វាយបង្គំស្ដេច ឱនមុខដល់ដី។ លោកអរ៉ៅណាទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! ទ្រង់យាងមកផ្ទះទូលបង្គំមានការអ្វីដែរ?»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងមកទិញលានបោកស្រូវរបស់អ្នក សង់អាសនៈមួយថ្វាយព្រះអម្ចាស់ ដើម្បីឲ្យប្រជាជនរួចផុតពីគ្រោះកាច»។ លោកអរ៉ៅណាទូលព្រះបាទដាវីឌថា៖ «សូមព្រះករុណាជាអម្ចាស់យកអ្វីៗតាមតែព្រះករុណាសព្វព្រះហឫទ័យចុះ ហើយសូមយកគោធ្វើជាតង្វាយដុតទាំងមូលថ្វាយព្រះអម្ចាស់ យករនាស់ និងនឹមធ្វើជាអុស។ បពិត្រព្រះរាជា ទូលបង្គំសូមថ្វាយទាំងអស់ដល់ព្រះរាជា ឲ្យតែព្រះអម្ចាស់ ជាព្រះរបស់ករុណាសព្វព្រះហឫទ័យទទួលតង្វាយនេះ!»។ ប៉ុន្តែ ស្ដេចមានរាជឱង្ការទៅកាន់លោកអរ៉ៅណាថា៖ «ទេ យើងចង់ទិញរបស់ទាំងនេះពីលោកពេញថ្លៃ។ យើងមិនអាចយកយញ្ញបូជាដែលយើងមិនបង់ប្រាក់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់យើងនោះឡើយ!»។ ព្រះបាទដាវីឌទិញលានបោកស្រូវ និងគោ អស់ប្រាក់សុទ្ធចំនួនហាសិបស្លឹង។ ព្រះបាទដាវីឌសង់អាសនៈថ្វាយព្រះអម្ចាស់នៅកន្លែងនោះ រួចថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។ ព្រះអម្ចាស់ក៏ប្រណីសន្ដោសស្រុកនោះ ហើយប្រជាជនអ៊ីស្រាអែលក៏បានរួចផុតពីគ្រោះកាច។
អាន ២ សាំយូអែល 24
ស្ដាប់នូវ ២ សាំយូអែល 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 24:18-25
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ