២ សាំយូអែល 24:18-25

២ សាំយូអែល 24:18-25 គខប

នៅ​ថ្ងៃ​ដដែល​នោះ ព្យាការី​កាដ​ចូល​ទៅ​គាល់​ព្រះ‌បាទ​ដាវីឌ ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស ហើយ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ទី​នោះ​ចុះ!»។ ព្រះ‌បាទ​ដាវីឌ​យាង​ទៅ​តាម​ពាក្យ​របស់​លោក​កាដ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់។ កាល​លោក​អរ៉ៅ‌ណា​ក្រឡេក​ទៅ​ឃើញ​ស្ដេច ព្រម​ទាំង​ពួក​នាម៉ឺន កំពុង​ចូល​មក​រក​លោក លោក​ក៏​ចេញ​ទៅ​ទទួល ហើយ​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច ឱន​មុខ​ដល់​ដី។ លោក​អរ៉ៅ‌ណា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! ទ្រង់​យាង​មក​ផ្ទះ​ទូលបង្គំ​មាន​ការ​អ្វី​ដែរ?»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «យើង​មក​ទិញ​លាន​បោក​ស្រូវ​របស់​អ្នក សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​រួច​ផុត​ពី​គ្រោះ​កាច»។ លោក​អរ៉ៅ‌ណា​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «សូម​ព្រះ‌ករុណា​ជា​អម្ចាស់​យក​អ្វីៗ​តាម​តែ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ចុះ ហើយ​សូម​យក​គោ​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល​ថ្វាយ​ព្រះ‌អម្ចាស់ យក​រនាស់ និង​នឹម​ធ្វើ​ជា​អុស។ បពិត្រ​ព្រះ‌រាជា ទូលបង្គំ​សូម​ថ្វាយ​ទាំង​អស់​ដល់​ព្រះ‌រាជា ឲ្យ​តែ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ករុណា​សព្វ​ព្រះ‌ហឫទ័យ​ទទួល​តង្វាយ​នេះ!»។ ប៉ុន្តែ ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អរ៉ៅ‌ណា​ថា៖ «ទេ យើង​ចង់​ទិញ​របស់​ទាំង​នេះ​ពី​លោក​ពេញ​ថ្លៃ។ យើង​មិន​អាច​យក​យញ្ញ‌បូជា​ដែល​យើង​មិន​បង់​ប្រាក់ ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​នោះ​ឡើយ!»។ ព្រះ‌បាទ​ដាវីឌ​ទិញ​លាន​បោក​ស្រូវ និង​គោ អស់​ប្រាក់​សុទ្ធ​ចំនួន​ហា‌សិប​ស្លឹង។ ព្រះ‌បាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​កន្លែង​នោះ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ព្រះ‌អម្ចាស់​ក៏​ប្រណី​សន្ដោស​ស្រុក​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​បាន​រួច​ផុត​ពី​គ្រោះ​កាច។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ