២ សាំយូអែល 18
18
បរាជ័យរបស់កងទ័ពស្ដេចអាប់សាឡុម
1ព្រះបាទដាវីឌយាងត្រួតពិនិត្យកងទ័ពដែលមកជាមួយ ហើយតែងតាំងមេបញ្ជាការកងពលធំ និងមេបញ្ជាការកងពលតូច ឲ្យត្រួតលើពួកគេ។ 2ស្ដេចចែកពលទ័ពជាបីកង: កងទីមួយឲ្យនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ីសាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីតតាយ ជាជនជាតិកាថ។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។ 3ពលទ័ពទូលថា៖ «ព្រះករុណាមិនត្រូវយាងទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្ដាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯព្រះករុណាមានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះគួរតែព្រះករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។ 4ព្រះបាទដាវីឌមានរាជឱង្ការថា៖ «យើងនឹងធ្វើតាមយោបល់របស់អ្នករាល់គ្នា»។ ពេលនោះ ស្ដេចគង់នៅត្រង់មាត់ទ្វារក្រុង ហើយពលទ័ពក៏ចេញទៅ តាមកង តាមក្រុមរបស់ខ្លួន។ 5ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាបុត្ររបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮរាជឱង្ការ ដែលព្រះបាទដាវីឌផ្ដែផ្ដាំមេទ័ពទាំងអស់ ស្ដីអំពីស្ដេចអាប់សាឡុម។
6ពលទ័ពរបស់ព្រះបាទដាវីឌចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រាអែល ហើយការប្រយុទ្ធផ្ទុះឡើងរវាងកងទ័ពទាំងពីរនៅក្នុងព្រៃអេប្រាអ៊ីម 7កងទ័ពអ៊ីស្រាអែលចាញ់កងទ័ពរបស់ព្រះបាទដាវីឌ នៅថ្ងៃនោះ គេត្រូវបរាជ័យយ៉ាងធ្ងន់ គឺមានទាហានស្លាប់អស់ចំនួនពីរម៉ឺននាក់។ 8ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។
លោកយ៉ូអាប់ធ្វើគុតស្ដេចអាប់សាឡុម
9ពេលកំពុងជិះលា ស្ដេចអាប់សាឡុមបានជួបប្រទះនឹងកងទ័ពរបស់ព្រះបាទដាវីឌ។ លាដើរកាត់ក្រោមដើមឈើធំមួយ ដែលមានមែកសាខា ស្រាប់តែព្រះកេសារបស់ស្ដេចអាប់សាឡុមទាក់ជាប់នឹងមែកឈើ លាដើរទៅមុខទៀត ទុកឲ្យស្ដេចអាប់សាឡុមនៅព្យួរផុតជើងពីដី។ 10ពលទាហានម្នាក់ឃើញដូច្នេះ ក៏នាំដំណឹងទៅជម្រាបលោកយ៉ូអាប់ថា៖ «ខ្ញុំប្របាទឃើញស្ដេចអាប់សាឡុមនៅព្យួរជាប់នឹងមែកឈើ»។ 11លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ឯងបានឃើញអាប់សាឡុមឬ! ហេតុអ្វីបានជាឯងមិនប្រហារឲ្យស្លាប់នៅនឹងកន្លែងទៅ? នោះខ្ញុំនឹងឲ្យប្រាក់ដប់ស្លឹង និងខ្សែក្រវាត់មួយជារង្វាន់ដល់ឯង»។ 12ទាហាននោះតបទៅលោកយ៉ូអាប់ថា៖ «ទោះបីលោកឲ្យប្រាក់ខ្ញុំប្របាទមួយពាន់ស្លឹងក្ដី ក៏ខ្ញុំប្របាទមិនធ្វើឃាតបុត្ររបស់ស្ដេចដែរ ព្រោះយើងទាំងអស់គ្នាបានឮស្ដេចមានរាជឱង្ការផ្ដែផ្ដាំលោក ព្រមទាំងលោកអប៊ីសាយ និងលោកអ៊ីតតាយថា “សូមប្រណីដល់អាប់សាឡុមផង!”។ 13ប្រសិនបើខ្ញុំប្របាទធ្វើគុតបុត្ររបស់ស្ដេច នោះខ្ញុំប្របាទពុំអាចលាក់រឿងនេះមិនឲ្យស្ដេចជ្រាបបានទេ ហើយលោកផ្ទាល់ក៏មិនការពារខ្ញុំប្របាទដែរ»។ 14លោកយ៉ូអាប់មានប្រសាសន៍ថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ លោកចាប់យកជន្លួញបីដើមមកចាក់ទម្លុះត្រង់បេះដូងស្ដេចអាប់សាឡុមដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។ 15ពលទាហានកំលោះៗចំនួនដប់នាក់ ដែលកាន់អាវុធរបស់លោកយ៉ូអាប់ នាំគ្នាឡោមព័ទ្ធស្ដេចអាប់សាឡុម ហើយវាយប្រហារឲ្យសុគតទៅ។
16បន្ទាប់មក លោកយ៉ូអាប់បញ្ជាឲ្យគេផ្លុំត្រែបញ្ឈប់ការប្រយុទ្ធ។ ដូច្នេះ ពលទាហានរបស់ព្រះបាទដាវីឌក៏ឈប់ដេញតាមកងទ័ពអ៊ីស្រាអែល។ 17គេយកសពស្ដេចអាប់សាឡុមទៅបោះចោលក្នុងរណ្ដៅមួយដ៏ធំ នៅកណ្ដាលព្រៃ ហើយយកថ្មយ៉ាងច្រើនមកគរពីលើផង។ ពេលនោះ ពលទាហានអ៊ីស្រាអែលរត់ទៅជំរំរបស់គេរៀងៗខ្លួនវិញ។
18កាលមានព្រះជន្មនៅឡើយ ស្ដេចអាប់សាឡុមបានឲ្យគេកសាងបង្គោលថ្មមួយនៅជ្រលងភ្នំស្ដេច ដ្បិតស្តេចគិតថា៖ «យើងគ្មានកូនប្រុសបន្តវង្សត្រកូលទេ»។ ដូច្នេះ ស្ដេចក៏ដាក់ឈ្មោះខ្លួនផ្ទាល់លើបង្គោលថ្មនោះ។ ហេតុនេះហើយបានជាគេហៅបង្គោលនោះថា «ស្តូបអាប់សាឡុម»រហូតដល់សព្វថ្ងៃ។
ព្រះបាទដាវីឌជ្រាបពីការសុគតរបស់ស្ដេចអាប់សាឡុម
19លោកអហ៊ីម៉ាស់ជាកូនរបស់លោកសាដុក ពោលទៅកាន់លោកយ៉ូអាប់ថា៖ «សូមទុកឲ្យខ្ញុំរត់ទៅទូលព្រះករុណាអំពីដំណឹងល្អថា ព្រះអម្ចាស់បានរកយុត្តិធម៌ឲ្យព្រះករុណា ដោយរំដោះព្រះករុណាពីកណ្ដាប់ដៃរបស់សត្រូវ»។ 20លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ទេ! ចាំថ្ងៃក្រោយ សឹមលោកនាំដំណឹងទៅ ថ្ងៃនេះ លោកមិនមែននាំដំណឹងល្អទេ ពីព្រោះបុត្ររបស់ស្ដេចសោយទិវង្គត»។ 21លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពី ម្នាក់ថា៖ «ចូរទៅទូលព្រះបាទដាវីឌតាមហេតុការណ៍ដែលអ្នកបានឃើញចុះ!»។ ជនជាតិអេត្យូពីនោះ ក្រាបសំពះលាលោកយ៉ូអាប់ ហើយរត់ចេញទៅ។ 22ពេលនោះ លោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក ទទូចសុំលោកយ៉ូអាប់ម្ដងទៀតថា៖ «ទោះបីមានរឿងអ្វីក៏ដោយ ទុកឲ្យខ្ញុំរត់ទៅតាមជនជាតិអេត្យូពីនេះផង»។ លោកយ៉ូអាប់សួរថា៖ «កូនអើយ ហេតុអ្វីបានជាអ្នកចង់រត់ទៅដូច្នេះ? ដំណឹងនេះមិនផ្ដល់រង្វាន់អ្វីដល់អ្នកទេ!»។ 23លោកអហ៊ីម៉ាស់តបថា៖ «ទោះមានរឿងអ្វីក៏ដោយ ខ្ញុំនឹងរត់ទៅ!»។ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «រត់ទៅចុះ!»។ លោកអហ៊ីម៉ាស់រត់ចេញទៅតាមផ្លូវវាលទំនាបទន្លេយ័រដាន់ ហើយរត់ទៅមុនជនជាតិអេត្យូពី។
24ពេលនោះ ព្រះបាទដាវីឌគង់នៅត្រង់ចន្លោះទ្វារខាងក្រៅ និងទ្វារខាងក្នុងនៃកំពែងក្រុង។ អ្នកយាមម្នាក់ឡើងទៅលើកំពែងក្រុង ហើយសម្លឹងមើលទៅឃើញមនុស្សម្នាក់កំពុងរត់តម្រង់មក។ 25គេស្រែកទូលស្ដេច ហើយស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើគេមកតែម្នាក់ឯង គេមុខជានាំដំណឹងល្អមកហើយ»។ អ្នកនោះរត់ចូលមកកាន់តែជិត។ 26អ្នកយាមក្រឡេកទៅឃើញមនុស្សម្នាក់ទៀតរត់តម្រង់មក គេក៏ស្រែកប្រាប់អ្នកយាមទ្វារថា៖ «មានម្នាក់ទៀតរត់តម្រង់មកដែរ»។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកនោះក៏នាំដំណឹងល្អមកដែរ»។ 27អ្នកយាមទូលថា៖ «តាមមើលរបៀបរត់នេះ ទូលបង្គំស្គាល់ច្បាស់ថាអ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់លោកសាដុក»។ ស្ដេចមានរាជឱង្ការថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។ 28ពេលមកដល់ លោកអហ៊ីម៉ាស់ទូលថា៖ «សូមក្រាបថ្វាយបង្គំព្រះករុណា! »។ គាត់ក្រាបថ្វាយបង្គំស្ដេចដល់ដី ហើយទូលថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ដែលបានប្រគល់ពួកបះបោរមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា!»។ 29ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយទេ?»។ លោកអហ៊ីម៉ាសទូលថា៖ «ពេលលោកយ៉ូអាប់ចាត់ទូលបង្គំ និងអ្នកបម្រើម្នាក់ទៀតមកនោះ ទូលបង្គំសង្កេតឃើញមានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ទូលបង្គំមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទេ»។ 30ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរថយទៅឈរនៅជិតនោះចុះ»។ លោកអហ៊ីម៉ាស់ក៏ដកខ្លួន ហើយឈរចាំ។ 31រំពេចនោះ ជនជាតិអេត្យូពីមកដល់ ទូលស្ដេចថា៖ «បពិត្រព្រះករុណា! ទូលបង្គំនាំដំណឹងល្អមកថ្វាយព្រះករុណា។ ថ្ងៃនេះ ព្រះអម្ចាស់បានរកយុត្តិធម៌ថ្វាយព្រះករុណាហើយ ព្រះអង្គបានរំដោះព្រះករុណា ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ពួកបះបោរទាំងប៉ុន្មាន»។ 32ស្ដេចមានរាជឱង្ការសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយឬទេ?»។ ជនជាតិអេត្យូពី ទូលថា៖ «បពិត្រព្រះករុណា! សូមឲ្យខ្មាំងសត្រូវ និងពួកបះបោរប្រឆាំងនឹងព្រះករុណា ត្រូវវិនាសដូចយុវជននោះចុះ!»។
ការឈឺចាប់ខ្លោចផ្សារបស់ព្រះបាទដាវីឌ
33ពេលនោះ ព្រះបាទដាវីឌក្ដុកក្ដួលក្នុងព្រះហឫទ័យយ៉ាងខ្លាំង ស្ដេចយាងឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយទ្រង់ព្រះកន្សែង។ ស្ដេចយាងឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុម បុត្របិតា! ឱបុត្របិតា! អាប់សាឡុម បុត្របិតាអើយ! គួរតែឲ្យបិតាស្លាប់ជំនួសបុត្រវិញ! អាប់សាឡុម បុត្របិតា ឱបុត្របិតាអើយ!»។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 18: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.