២ សាំយូអែល 19

19
1មាន​គេ​មក​ជម្រាប​លោក​យ៉ូអាប់​ថា ស្ដេច​ទ្រង់​ព្រះ‌កន្សែង និង​អាឡោះ‌អាល័យ​ស្ដេច​អាប់‌សា‌ឡុម។ 2ជ័យ‌ជម្នះ​នៅ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួយ ដ្បិត​កង‌ទ័ព​ទាំង​មូល​ឮ​គេ​និយាយ​ថា ព្រះ‌រាជា​សោក​សង្រេង​អាឡោះ‌អាល័យ​បុត្រ។ 3នៅ​ថ្ងៃ​នោះ ពួក​គេ​ចូល​មក​ក្នុង​ក្រុង​វិញ​ដោយ​ស្ងាត់ៗ ដូច​ជា​ទាហាន​បាក់​ទ័ព​រត់​ចោល​សមរ‌ភូមិ​ទាំង​ក្ដី​អាម៉ាស់។ 4រីឯ​ស្ដេច​វិញ ស្ដេច​គ្រប​ព្រះ‌ភ័ក្ត្រ​ជិត ហើយ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អាប់‌សា‌ឡុម បុត្រ​បិតា! ឱ​បុត្រ​បិតា! អាប់‌សា‌ឡុម បុត្រ​បិតា​អើយ!»។
5ពេល​នោះ លោក​យ៉ូអាប់​ចូល​គាល់​ស្ដេច​នៅ​ក្នុង​បន្ទប់ ហើយ​ទូល​ថា៖ «ពល​ទាហាន​ទាំង​អស់​បាន​សង្គ្រោះ​ព្រះ‌ករុណា ព្រម​ទាំង​បុត្រា​បុត្រី និង​ស្រី​ស្នំ​ទាំង​ប៉ុន្មាន តែ​ថ្ងៃ​នេះ ព្រះ‌ករុណា​ធ្វើ​ឲ្យ​ពួក​គេ​ត្រូវ​អាម៉ាស់​ទៅ​វិញ។ 6ព្រះ‌ករុណា​ស្រឡាញ់​អ្នក​ដែល​ស្អប់​ព្រះ‌ករុណា ហើយ​ស្អប់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌ករុណា​ទៅ​វិញ។ នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បង្ហាញ​ថា ព្រះ‌ករុណា​មិន​គិត‌គូរ​ដល់​មេ​បញ្ជា​ការ និង​ពល​ទាហាន​ទេ។ ទូលបង្គំ​ដឹង​ថា ប្រសិន​បើ​ស្ដេច​អាប់‌សា‌ឡុម​នៅ​រស់ ហើយ​ទូលបង្គំ​ទាំង​អស់​គ្នា​ស្លាប់ ព្រះ‌ករុណា​មុខ​ជា​យល់​ថា​ជា​ការ​ធម្មតា។ 7ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង ហើយ​យាង​ចេញ​ទៅ​លើក​ទឹក​ចិត្ត​ពល​ទាហាន​ផង។ ទូលបង្គំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ថា ប្រសិន​បើ​ព្រះ‌ករុណា​មិន​យាង​ចេញ​ទៅ​ទេ យប់​នេះ​នឹង​គ្មាន​នរណា​ម្នាក់​នៅ​បម្រើ​ព្រះ‌ករុណា​ទៀត​ឡើយ ហើយ​ព្រះ‌ករុណា​ត្រូវ​វេទនា​លើស​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌ករុណា​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ»។ 8ស្ដេច​ក៏​ក្រោក​ឡើង យាង​ចេញ​មក​គង់​នៅ​មាត់​ទ្វារ​ក្រុង។ គេ​ប្រកាស​ប្រាប់​ពល​ទាហាន​ទាំង​មូល​ថា ស្ដេច​គង់​នៅ​មាត់​ទ្វារ​ក្រុង។ ពល​ទាហាន​ទាំង​អស់​ក៏​នាំ​គ្នា​មក​គាល់​ស្ដេច។
ព្រះ‌បាទ​ដាវីឌ​យាង​ចូល​ក្រុង​យេរូ‌សាឡឹម
ពល​ទាហាន​អ៊ីស្រា‌អែល​បាន​បាក់​ទ័ព រត់​ចូល​ជំរំ​របស់​គេ​រៀងៗ​ខ្លួន​វិញ។ 9នៅ​តាម​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ ប្រជា‌ជន​ទាំង​មូល​ពិភាក្សា​គ្នា​ថា៖ «ព្រះ‌បាទ​ដាវីឌ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ ជា​ពិសេស រំដោះ​យើង​ឲ្យ​រួច​ពី​ពួក​ភីលីស្ទីន តែ​ឥឡូវ​នេះ ព្រះ‌រាជា​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក ព្រោះ​តែ​ស្ដេច​អាប់‌សា‌ឡុម។ 10រីឯ​ស្ដេច​អាប់‌សា‌ឡុម​ដែល​យើង​ចាក់​ប្រេង​អភិ‌សេក​ជា​ស្ដេច​នោះ បាន​សោយ​ទិវង្គត​នៅ​ក្នុង​សង្គ្រាម​ទៅ​ហើយ។ ដូច្នេះ តើ​ពួក​យើង​នៅ​រង់‌ចាំ​អ្វី​ទៀត ម្ដេច​មិន​ទៅ​យាង​ព្រះ‌រាជា​ឲ្យ​ត្រឡប់​មក​វិញ?»។ 11រីឯ​ព្រះ‌បាទ​ដាវីឌ ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ​ដូច​ត​ទៅ៖ «ចូរ​សាក​សួរ​អស់​លោក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​យូដា​ថា ហេតុ​អ្វី​បាន​ជា​អស់​លោក​នៅ​ដំអក់​ដូច្នេះ ម្ដេច​ក៏​មិន​យាង​ស្ដេច​ចូល​ក្នុង​ដំណាក់​វិញ? ស្ដេច​បាន​ជ្រាប​ពី​គោល​បំណង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ហើយ។ 12អស់​លោក​ជា​បងប្អូន និង​ជា​សាច់‌ញាតិ​របស់​ស្ដេច។ ដូច្នេះ កុំ​បង្អង់​នៅ​ចាំ​ក្រោយ​គេ ក្នុង​ការ​យាង​ស្ដេច​មក​វិញ​នោះ​ឡើយ។ 13បន្ទាប់​មក សូម​លោក​ទាំង​ពីរ​ទៅ​ប្រាប់​លោក​អម៉ា‌សា​ផង​ថា “លោក​ជា​សាច់‌ញាតិ​របស់​យើង ដូច្នេះ យើង​សូម​សន្យា​ថា បើ​យើង​មិន​តែង‌តាំង​លោក​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព ជំនួស​លោក​យ៉ូអាប់​រហូត​ទេ​នោះ សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​យើង​ចុះ”»។ 14ព្រះ‌បាទ​ដាវីឌ​ធ្វើ​ឲ្យ​អ្នក​ស្រុក​យូដា​ទាំង​មូល​ទន់​ចិត្ត ហើយ​ពួក​គេ​ព្រម​ព្រៀង​គ្នា​ចាត់​មនុស្ស​ឲ្យ​ទៅ​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​យាង​មក​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌ករុណា​ចុះ»។ 15ដូច្នេះ ស្ដេច​យាង​ត្រឡប់​មក​វិញ។ ពេល​ស្ដេច​យាង​មក​ដល់​មាត់​ទន្លេ​យ័រដាន់ អ្នក​ស្រុក​យូដា​ទាំង​មូល​នាំ​គ្នា​ទទួល​ស្ដេច​នៅ​គីល‌កាល់ ដើម្បី​ជួយ​ចម្លង​ស្ដេច​ឆ្លង​ទន្លេ​យ័រដាន់។
ព្រះ‌បាទ​ដាវីឌ​លើក‌លែង​ទោស​លោក​ស៊ីម៉ាយ
16 លោក​ស៊ី‌ម៉ាយ​ជា​កូន​របស់​លោក​កេរ៉ា ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន នៅ​បាហ៊ូ‌រីម ក៏​ប្រញាប់‌ប្រញាល់​ចុះ​មក​ជា​មួយ​ពួក​យូដា​ដែរ ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌បាទ​ដាវីឌ។ 17លោក​នាំ​ពួក​បេន‌យ៉ាមីន​ចំនួន​មួយ​ពាន់​នាក់ ព្រម​ទាំង​ស៊ីបា ជា​អ្នក​បម្រើ​នៃ​ញាតិ​វង្ស​របស់​ព្រះ‌បាទ​សូល កូន​ប្រុស​ទាំង​ដប់​ប្រាំ​នាក់ និង​អ្នក​បម្រើ​របស់​គាត់​ចំនួន​ម្ភៃ​នាក់ មក​ជា​មួយ​ផង។ ពួក​គេ​ប្រញាប់‌ប្រញាល់​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​ទទួល​ស្ដេច 18ដើម្បី​ជួយ​ចម្លង​ព្រះ‌រាជ‌វង្ស​ឆ្លង​កាត់​ទន្លេ ហើយ​ចាំ​ទទួល​បញ្ជា​ពី​ស្ដេច។ ពេល​ស្ដេច​ឆ្លង​មក​ដល់​ត្រើយ​ម្ខាង ហើយ​លោក​ស៊ីម៉ាយ​ក្រាប​ថ្វាយ‌បង្គំ ឱន​មុខ​ដល់​ដី។ 19គាត់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​កុំ​ប្រកាន់​ទោស​ទូលបង្គំ! សូម​មេត្តា​បំភ្លេច​កំហុស ដែល​ទូលបង្គំ​បាន​ប្រព្រឹត្ត​ចំពោះ​ព្រះ‌ករុណា នៅ​ថ្ងៃ​ស្ដេច​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម សូម​កុំ​ចង​គំនុំ​នឹង​ទូលបង្គំ​ឡើយ។ 20ទូលបង្គំ​សូម​សារ‌ភាព​ថា ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែន ប៉ុន្តែ ថ្ងៃ​នេះ សូម​ព្រះ‌ករុណា​ទត​មើល​ចុះ ក្នុង​ចំណោម​ពូជ‌ពង្ស​លោក​យ៉ូសែប​ទាំង​មូល ទូលបង្គំ​ចុះ​មក​ទទួល​ព្រះ‌ករុណា​មុន​គេ»។ 21លោក​អប៊ី‌សាយ ជា​កូន​អ្នក​ស្រី​សេរូយ៉ា ទូល​ស្ដេច​ថា៖ «ស៊ីម៉ាយ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​បាន​ដាក់​បណ្ដាសា ស្ដេច​ដែល​ព្រះ‌អម្ចាស់​ចាក់​ប្រេង​អភិ‌សេក!»។ 22ប៉ុន្តែ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​លោក​អប៊ី‌សាយ និង​លោក​យ៉ូអាប់ ជា​បង​ថា៖ «កូន​អ្នក​ស្រី​សេរូយ៉ា​អើយ កុំ​លូក​ដៃ​ក្នុង​រឿង​នេះ​ឲ្យ​សោះ! ហេតុ​អ្វី​បាន​ជា​លោក​ទាំង​ពីរ​ជំទាស់​នឹង​ខ្ញុំ​នៅ​ពេល​នេះ​ដូច្នេះ? មិន​ត្រូវ​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ក្នុង​ថ្ងៃ​នេះ​ឡើយ ដ្បិត​ខ្ញុំ​ដឹង​ច្បាស់​ថា ខ្ញុំ​ពិត​ជា​ស្ដេច​លើ​ប្រជា‌ជន​អ៊ីស្រា‌អែល​វិញ​ហើយ!»។ 23បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ស្បថ​នឹង​លោក​ស៊ីម៉ាយ​ថា៖ «អ្នក​មិន​ត្រូវ​ស្លាប់​ទេ!»។
ព្រះ‌បាទ​ដាវីឌ​លើក‌លែង​ទោស​លោក​មេភី‌បូសែត
24 លោក​មេភី‌បូសែត​ជា​ចៅ​របស់​ព្រះ‌បាទ​សូល បាន​មក​ទទួល​ព្រះ‌បាទ​ដាវីឌ​ដែរ។ តាំង​ពី​ពេល​ស្ដេច​យាង​ចាក​ចេញ​ទៅ រហូត​ដល់​ថ្ងៃ​ស្ដេច​យាង​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត លោក​មេភី‌បូសែត​ពុំ​បាន​លាង​ជើង កោរ​ពុក​ចង្កា ឬ​បោក​សម្លៀក‌បំពាក់​ទេ។ 25នៅ​ពេល​លោក​ចូល​ទៅ​គាល់​ស្ដេច​នៅ​ក្រុង​យេរូ‌សាឡឹម ស្ដេច​សួរ​លោក​ថា៖ «មេភី‌បូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ទៅ​ជា​មួយ​យើង?»។ 26លោក​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់! អ្នក​បម្រើ​របស់​ទូលបង្គំ​បាន​បញ្ឆោត​ទូលបង្គំ។ ទូលបង្គំ​មាន​បំណង​ឲ្យ​គេ​ចង​កែប​លា ដើម្បី​ជិះ​ទៅ​តាម​ព្រះ‌ករុណា ព្រោះ​ទូលបង្គំ​ជា​មនុស្ស​ខ្វិន 27តែ​អ្នក​បម្រើ​របស់​ទូលបង្គំ​បាន​ទៅ​ទូល​មួល​បង្កាច់​ពី​ទូលបង្គំ ថ្វាយ​ព្រះ‌ករុណា​ជា​អម្ចាស់។ ព្រះ‌ករុណា​ជា​អម្ចាស់​ប្រៀប​ដូច​ជា​ទេវតា*​របស់​ព្រះ‌ជាម្ចាស់ ដូច្នេះ សូម​ព្រះ‌ករុណា​សម្រេច​តាម​ព្រះ‌ហឫទ័យ​ចុះ។ 28ទោះ​បី​ព្រះ‌ករុណា​ជា​អម្ចាស់​យល់​ឃើញ​ថា ពូជ‌ពង្ស​ទាំង​អស់​របស់​ព្រះ‌បាទ​សូល ជា​ជីតា​ទូលបង្គំ ត្រូវ​តែ​ស្លាប់​ក៏​ដោយ ក៏​ព្រះ‌ករុណា​បាន​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​ចូល​រួម ក្នុង​ចំណោម​អស់​អ្នក​ដែល​បរិភោគ​ជា​មួយ​ព្រះ‌ករុណា​ដែរ។ ទូលបង្គំ​គ្មាន​សិទ្ធិ​នឹង​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ‌ករុណា​ទៀត​ឡើយ»។ 29ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឈប់​និយាយ​ទៅ! យើង​សម្រេច​ឲ្យ​អ្នក និង​ស៊ីបា បែង​ចែក​ដី​ស្រែ​ចម្ការ​របស់​ព្រះ‌បាទ​សូល»។ 30លោក​មេភី‌បូសែត​ទូល​ថា៖ «ឲ្យ​គេ​យក​ទាំង​អស់​ចុះ! ព្រះ‌ករុណា​ជា​អម្ចាស់​វិល​ត្រឡប់​មក​វិញ​ដោយ​សុខ‌សាន្ត​ដូច្នេះ ទូលបង្គំ​ស្កប់​ចិត្ត​ហើយ!»។
ព្រះ‌បាទ​ដាវីឌ​លើក​ទឹក​ចិត្ត​លោក​បាស៊ី‌ឡៃ
31 លោក​បាស៊ី‌ឡៃ​ជា​អ្នក​ស្រុក​កាឡាដ បាន​ធ្វើ​ដំណើរ​ពី​ភូមិ​រ៉ូគី‌លីម​មក​ទន្លេ​យ័រដាន់​ដែរ ដើម្បី​ជូន​ដំណើរ​ស្ដេច​ឆ្លង​ទៅ​ត្រើយ​ម្ខាង។ 32លោក​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែត‌សិប​ឆ្នាំ។ ពេល​ស្ដេច​គង់​នៅ​ក្រុង​ម៉ាហា‌ណែម លោក​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្ដេច​ត្រូវ​ការ ដ្បិត​លោក​ជា​អ្នក​មាន​ស្ដុក‌ស្ដម្ភ។ 33ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​លោក​ត្រូវ​ការ»។ 34លោក​បាស៊ី‌ឡៃ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះ‌ករុណា​ធ្វើ​អ្វី ទូលបង្គំ​រស់​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ! 35ពេល​នេះ ទូលបង្គំ​មាន​អាយុ​ប៉ែត‌សិប​ឆ្នាំ​ហើយ ទូលបង្គំ​លែង​ដឹង​រស‌ជាតិ​ឆ្ងាញ់ ឬ​មិន​ឆ្ងាញ់ ទូលបង្គំ​លែង​ដឹង​រស‌ជាតិ​អាហារ និង​ស្រា​ដែល​ទូលបង្គំ​ទទួល​ទាន ហើយ​ទូលបង្គំ​ក៏​ស្ដាប់​សំឡេង​អ្នក​ចម្រៀង​ប្រុស​ស្រី​លែង​ឮ​ដែរ។ ដូច្នេះ មិន​បាច់​ឲ្យ​ទូលបង្គំ​ទៅ​នាំ​តែ​អំពល់​ទុក្ខ​ព្រះ‌ករុណា​ឡើយ។ 36ទូលបង្គំ​មក​នេះ គឺ​គ្រាន់​តែ​ជូន​ដំណើរ​ព្រះ‌ករុណា​ឆ្លង​ទន្លេ​យ័រដាន់​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ទូលបង្គំ​មិន​សម​នឹង​ទទួល​រង្វាន់​នេះ​ពី​ព្រះ‌ករុណា​ទេ! 37សូម​ព្រះ‌ករុណា​មេត្តា​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ត្រឡប់​ទៅ​កាន់​ទីក្រុង​របស់​ទូលបង្គំ​វិញ​ចុះ។ ទូលបង្គំ​នឹង​ស្លាប់​នៅ​ទី​នោះ ក្បែរ​ផ្នូរ​ឪពុក‌ម្ដាយ​ទូលបង្គំ។ ប៉ុន្តែ ទូលបង្គំ​សូម​ផ្ញើ​គីម‌ហាំ ជា​កូន​ប្រុស​របស់​ទូលបង្គំ ឲ្យ​តាម​ដង្ហែ​ព្រះ‌ករុណា សូម​មេត្តា​ប្រោស​ដល់​វា តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ករុណា​ផង»។ 38ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ឲ្យ​គីម‌ហាំ​ទៅ​ជា​មួយ​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​គាត់ តាម​បំណង​របស់​លោក។ អ្វីៗ​ដែល​លោក​ចង់​បាន ខ្ញុំ​នឹង​បំពេញ​ជូន​ទាំង​អស់»។ 39ពេល​ប្រជា‌ជន​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​ហើយ ស្ដេច​ក៏​ឆ្លង​ទៅ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ឱប​លោក​បា‌ស៊ី‌ឡៃ ព្រម​ទាំង​ប្រទាន​ពរ​ដល់​លោក​ផង។ បន្ទាប់​មក លោក​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។ 40ព្រះ‌បាទ​ដាវីឌ​បាន​បន្ត​ដំណើរ​ទៅ​ដល់​គីល‌កាល់ ដោយ​មាន​លោក​គីម‌ហាំ​ដង្ហែ​ទៅ​ជា​មួយ​ផង។ ជន‌ជាតិ​យូដា​ទាំង​អស់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ចំនួន​ពាក់​កណ្ដាល នាំ​គ្នា​ដង្ហែ​ស្ដេច​ឆ្លង​ទន្លេ​យ័រដាន់។
ទំនាស់​រវាង​ជន‌ជាតិ​យូដានឹង​ជន‌ជាតិ​អ៊ីស្រា‌អែល
41អ្នក​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល​ចូល​ទៅ​គាល់​ស្ដេច ហើយ​ទូល​ថា៖ «ហេតុ​អ្វី​ព្រះ‌ករុណា​ទុក​ឲ្យ​តែ​បងប្អូន​ជន‌ជាតិ​យូដា​ដង្ហែ​ព្រះ‌ករុណា ដោយ​នាំ​ព្រះ‌ករុណា និង​រាជ‌វង្សា‌នុវង្ស ឆ្លង​ទន្លេ​យ័រដាន់​ដូច្នេះ ដ្បិត​យើង​ខ្ញុំ​ក៏​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ដែរ?»។ 42ជន‌ជាតិ​យូដា​ទាំង​អស់​តប​ទៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ​ថា៖ «ពួក​យើង​ជាប់​សាច់‌ញាតិ​នឹង​ព្រះ‌ករុណា​ជិត​ជាង​អ្នក​រាល់​គ្នា។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខឹង‌សម្បារ​ដូច្នេះ? ពួក​យើង​មិន​មែន​រស់​ដោយ‌សារ​ស្ដេច​ទេ ហើយ​ពួក​យើង​ក៏​មិន​បាន​ទទួល​អំណោយ​អ្វី​ពី​ស្ដេច​ដែរ»។ 43ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​តប​ទៅ​ជន‌ជាតិ​យូដា​វិញ​ថា៖ «យើង​មាន​សិទ្ធិ​ដប់​ដង​លើស​អ្នក​រាល់​គ្នា ក្នុង​ការ​ទទួល​ព្រះ‌បាទ​ដាវីឌ​ជា​ស្ដេច​របស់​យើង ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើល‌ងាយ​ពួក​យើង​ដូច្នេះ? គឺ​ពួក​យើង​ទេ​តើ​ដែល​បាន​ផ្ដើម​គំនិត​យាង​ស្ដេច​របស់​យើងឲ្យ​វិល​មក​វិញ​មុន​គេ!»។ ប៉ុន្តែ ជន‌ជាតិ​យូដា​និយាយ​ម៉ឺង‌ម៉ាត់​ជាង​ជន‌ជាតិ​អ៊ីស្រា‌អែល។

ទើបបានជ្រើសរើសហើយ៖

២ សាំយូអែល 19: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល