២ សាំយូអែល 17

17
លោក​ហ៊ូសាយ​ជំទាស់​នឹង​យោបល់​របស់​លោក​អហ៊ី‌ថូផែល
1បន្ទាប់​មក លោក​អហ៊ី‌ថូផែល​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ទូលបង្គំ​ជ្រើស​រើស​ទ័ព​ចំនួន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ដេញ​តាម​ព្រះ‌បាទ​ដាវីឌ យប់​នេះ​តែ​ម្ដង​ទៅ។ 2ទូលបង្គំ​នឹង​វាយ​សម្រុក នៅ​ពេល​ព្រះ‌បាទ​ដាវីឌ​កំពុង​តែ​នឿយ‌ហត់ និង​បាក់​ទឹក​ចិត្ត រួច​ទូលបង្គំ​នឹង​ធ្វើ​ឲ្យ​ស្ដេច​ភ័យ​តក់‌ស្លុត ហើយ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​ទៅ​ជា​មួយ​ស្ដេច នឹង​រត់​ចោល​ស្ដេច។ ទូលបង្គំ​នឹង​ធ្វើ​គុត​តែ​ស្ដេច​មួយ​អង្គ​ប៉ុណ្ណោះ។ 3បន្ទាប់​មក ទូលបង្គំ​នាំ​ប្រជា‌ជន​ទាំង​អស់​មក​ថ្វាយ​ព្រះ‌ករុណា​វិញ។ ដូច្នេះ អ្នក​ដែល​ព្រះ‌ករុណា​ចង់​កម្ចាត់​នោះ​នឹង​ត្រូវ​សុគត ហើយ​ប្រជា‌ជន​ទាំង​មូល​នឹង​វិល​មក​រស់​នៅ​ជា​មួយ​ព្រះ‌ករុណា ដោយ​សុខ‌សាន្ត»។ 4ស្ដេច​អាប់‌សា‌ឡុម និង​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ទាំង​អស់​យល់​ឃើញ​ថា យោបល់​នេះ​ហាក់​ដូច​ជា​សម‌រម្យ។
5ប៉ុន្តែ ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​អញ្ជើញ​លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី​មក យើង​ចង់​ស្ដាប់​យោបល់​របស់​គាត់​ដែរ»។ 6កាល​លោក​ហ៊ូសាយ​មក​ដល់ ស្ដេច​អាប់‌សា‌ឡុម​រៀប​រាប់​អំពី​យោបល់​របស់​លោក​អហ៊ី‌ថូផែល រួច​ស្ដេច​សួរ​លោក​ថា៖ «តើ​យើង​គួរ​ធ្វើ​តាម​យោបល់​នេះ ឬ​មិន​ធ្វើ? បើ​លោក​មាន​យោបល់​ផ្សេង សូម​មាន​ប្រសាសន៍​មក!»។ 7លោក​ហ៊ូសាយ​ទូល​ស្ដេច​អាប់‌សា‌ឡុម​ថា៖ «លើក​នេះ យោបល់​របស់​លោក​អហ៊ី‌ថូផែល​មិន​ល្អ​ទេ។ 8ព្រះ‌ករុណា​ជ្រាប​ច្បាស់​ហើយ​ថា បិតា​របស់​ព្រះ‌ករុណា និង​បរិវារ សុទ្ធ​តែ​ជា​ពល​ទាហាន​ពូកែ​អង់‌អាច។ ពួក​គេ​កំពុង​តែ​ក្ដៅ​ក្រហាយ ដូច​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន​នៅ​ទី​វាល។ ម្យ៉ាង​ទៀត បិតា​របស់​ព្រះ‌ករុណា​ជា​អ្នក​ចម្បាំង ពេល​យប់ ទ្រង់​មិន​ផ្ទំ​ជា​មួយ​ពល​ទាហាន​ទេ។ 9ទ្រង់​ពិត​ជា​លាក់​ខ្លួន​នៅ​ក្នុង​រូង​ថ្ម ឬ​កន្លែង​ណា​ផ្សេង​មិន​ខាន​ឡើយ។ ប្រសិន​បើ​មាន​ទាហាន​ស្លាប់​នៅ​ក្នុង​ជួរ​យើង ចាប់​តាំង​ពី​ពេល​ផ្ដើម​ប្រយុទ្ធ នោះ​នឹង​មាន​លេច​ឮ​ដំណឹង​ថា ទ័ព​របស់​ព្រះ‌បាទ​អាប់‌សា‌ឡុម​ទទួល​បរា‌ជ័យ​ហើយ។ 10ដូច្នេះ ទោះ​បី​ទាហាន​ដែល​មាន​ចិត្ត​អង់‌អាច​ដូច​សិង្ហ ក៏​គេ​បាក់​ទឹក​ចិត្ត​ដែរ ព្រោះ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ដឹង​ថា បិតា​របស់​ព្រះ‌ករុណា​ជា​មេ‌ទ័ព​ដ៏​ខ្លាំង​ពូកែ ហើយ​ពល​ទាហាន​ដែល​នៅ​ជា​មួយ​នោះ ក៏​សុទ្ធ​តែ​ជា​មនុស្ស​ក្លា‌ហាន​ទៀត​ផង។ 11រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​សូម​ថ្វាយ​យោបល់​ដូច​ត​ទៅ: សូម​ព្រះ‌ករុណា​ប្រមូល​ទាហាន​អ៊ីស្រា‌អែល​ទាំង​អស់​មក គឺ​ចាប់​ពី​ក្រុង​ដាន់ រហូត​ដល់​ក្រុង​បៀរ‌សេបា ឲ្យ​បាន​ចំនួន​ច្រើន​ដូច​គ្រាប់​ខ្សាច់ នៅ​តាម​ឆ្នេរ​សមុទ្រ។ បន្ទាប់​មក សូម​ព្រះ‌ករុណា​ផ្ទាល់​នាំ​មុខ​គេ​ចេញ​ទៅ​ច្បាំង។ 12យើង​នឹង​ទៅ​ទាន់​ស្ដេច​ដាវីឌ នៅ​កន្លែង​ដែល​ទ្រង់​ស្នាក់​អាស្រ័យ យើង​នឹង​សង្គ្រុប​លើ​ពួក​គេ ដោយ​មិន​ឲ្យ​គេ​ដឹង​ខ្លួន គឺ​យើង​នឹង​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រត់​រួច​ឡើយ។ 13ប្រសិន​បើ​ពួក​គេ​រត់​ទៅ​ជ្រក​នៅ​ក្រុង​ណា​មួយ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​នាំ​គ្នា​ចង​ខ្សែ‌ពួរ​ទាញ​ក្រុង​នោះ​ទម្លាក់​ទៅ​ក្នុង​ជ្រោះ ឥត​មាន​នៅ​សល់​ដុំ​ថ្ម​ណា​មួយ​ទៀត​ឡើយ»។ 14ស្ដេច​អាប់‌សា‌ឡុម និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ពោល​ថា៖ «យោបល់​របស់​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី ល្អ​ជាង​យោបល់​របស់​លោក​អហ៊ី‌ថូផែល!»។ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​គេ​បដិសេធ​យោបល់​ដ៏​ឆ្លាត​វៃ​របស់​លោក​អហ៊ី‌ថូផែល ដើម្បី​ធ្វើ​ឲ្យ​ស្ដេច​អាប់‌សា‌ឡុម​វិនាស។
ព្រះ‌បាទ​ដាវីឌ​ឆ្លង​ទន្លេ​យ័រដាន់
15លោក​ហ៊ូសាយ​រៀប​រាប់​ជូន​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើ អំពី​យោបល់​ដែល​លោក​អហ៊ី‌ថូផែល​បាន​ទូល​ស្ដេច​អាប់‌សា‌ឡុម និង​ជម្រាប​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​ក៏​បាន​រៀប​រាប់​អំពី​យោបល់​របស់​លោក​ផ្ទាល់​ដែរ។ 16លោក​បន្ថែម​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​ប្រញាប់​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា យប់​នេះ កុំ​ឈប់​នៅ​វាល​រហោ‌ស្ថាន​ជិត​ទន្លេ​យ័រដាន់​ឡើយ គឺ​ត្រូវ​ឆ្លង​ទៅ​ត្រើយ​ម្ខាង ដើម្បី​កុំ​ឲ្យ​ព្រះ‌រាជា និង​បណ្ដា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយត្រូវ​វិនាស»។ 17លោក​យ៉ូណា‌ថាន និង​លោក​អហ៊ី‌ម៉ាស់​នៅ​ចាំ​ត្រង់​អេន-‌រូកែល ព្រោះ​លោក​ទាំង​ពីរ​មិន​ចូល​ក្នុង​ក្រុង​ទេ ក្រែង​គេ​ឃើញ។ ពេល​នោះ ស្ត្រី​បម្រើ​ម្នាក់​នាំ​សារ​ទៅ​ជម្រាប​លោក​ទាំង​ពីរ ហើយ​លោក​នាំ​សារ​ទៅ​ថ្វាយ​ព្រះ‌បាទ​ដាវីឌ។ 18ប៉ុន្តែ មាន​យុវជន​ម្នាក់​បាន​ឃើញ​លោក​ទាំង​ពីរ ក៏​នាំ​ដំណឹង​ទៅ​ទូល​ស្ដេច​អាប់‌សា‌ឡុម។ លោក​ទាំង​ពីរ​ប្រញាប់‌ប្រញាល់​ចេញ​ទៅ ហើយ​ទៅ​ដល់​ផ្ទះ​អ្នក​ស្រុក​ម្នាក់ នៅ​ភូមិ​បាហ៊ូ‌រីម។ ក្នុង​បរិវេណ​ផ្ទះ​នោះ​មាន​អណ្ដូង​មួយ ដែល​លោក​ទាំង​ពីរ​ចុះ​ទៅ​ពួន។ 19ស្ត្រី​ជា​មេ​ផ្ទះ​យក​កន្ទេល​មក​ក្រាល​លើ​គម្រប​អណ្ដូង ហើយ​យក​ស្រូវ​មក​ចាក់​រាយ​ពី​លើ ដើម្បី​កុំ​ឲ្យ​គេ​ចាប់​អារម្មណ៍។ 20ពួក​អ្នក​ដែល​ស្ដេច​អាប់‌សា‌ឡុម​ចាត់​ឲ្យ​ដេញ​តាម បាន​មក​ដល់​ផ្ទះ​ស្ត្រី​នោះ ហើយ​សួរ​ថា៖ «តើ​លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ពួក​លោក​ឆ្លង​ផុត​ទៅ​ហើយ»។ ពួក​គេ​រុក‌រក តែ​ពុំ​បាន​ប្រទះ​ឃើញ​លោក​ទាំង​ពីរ​ទេ ដូច្នេះ ពួក​គេ​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។ 21កាល​អ្នក​ទាំង​នោះ​ចេញ​ផុត​ទៅ លោក​អហ៊ី‌ម៉ាស់ និង​លោក​យ៉ូណា‌ថាន​ឡើង​ពី​អណ្ដូង ហើយ​នាំ​គ្នា​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​អំពី​យោបល់​របស់​លោក​អហ៊ី‌ថូផែល ហើយ​ពោល​ថា៖ «សូម​ព្រះ‌ករុណា​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ភ្លាម​ទៅ»។ 22ព្រះ‌បាទ​ដាវីឌ និង​បណ្ដា‌ជន​ទាំង​អស់​ដែល​នៅ​ជា​មួយ នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់។ លុះ​ព្រលឹម​ស្រាងៗ ពួក​គេ​ឆ្លង​ទន្លេ​យ័រដាន់​ទាំង​អស់​គ្នា​គ្មាន​សល់​នរណា​ម្នាក់​ឡើយ។
23ចំណែក​ឯ​លោក​អហ៊ី‌ថូផែល​វិញ ដោយ​ឃើញ​ថា គេ​មិន​ធ្វើ​តាម​យោបល់​របស់​គាត់ គាត់​ក៏​ចង​កែប​លា ហើយ​ឡើង​ជិះ​ត្រឡប់​ទៅ​ស្រុក​ភូមិ​របស់​គាត់។ គាត់​ផ្ដែ‌ផ្ដាំ​គ្រួសារ ហើយ​ចង​ក​សម្លាប់​ខ្លួន​ទៅ។ គេ​បាន​បញ្ចុះ​សព​គាត់​ក្នុង​ផ្នូរ​ឪពុក​របស់​គាត់។
ព្រះ‌បាទ​ដាវីឌ​នៅ​ក្រុង​ម៉ាហា‌ណែម
24ក្នុង​ពេល​ដែល​ស្ដេច​អាប់‌សា‌ឡុម​កំពុង​តែ​ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ព្រះ‌បាទ​ដាវីឌ​បាន​យាង​ដល់​ក្រុង​ម៉ាហា‌ណែម។ 25ស្ដេច​អាប់‌សា‌ឡុម​បាន​តែង‌តាំង​លោក​អម៉ា‌សា​ជា​មេ​បញ្ជា​ការ​កង‌ទ័ព ជំនួស​លោក​យ៉ូអាប់។ លោក​អម៉ា‌សា​ត្រូវ​ជា​កូន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ម្នាក់​ឈ្មោះ​លោក​យីត‌រ៉ា ដែល​យក​នាង​អប៊ី‌កែល​ជា​កូន​ស្រី​របស់​លោក​ណា‌ហាស និង​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សេរូយ៉ា​ដែល​ជា​ម្ដាយ​របស់​លោក​យ៉ូអាប់។ 26ស្ដេច​អាប់‌សា‌ឡុម និង​ពួក​អ៊ីស្រា‌អែល​បាន​បោះ​ទ័ព​នៅ​ស្រុក​កាឡាដ។
27កាល​ព្រះ‌បាទ​ដាវីឌ​យាង​ដល់​ក្រុង​ម៉ាហា‌ណែម ស្ដេច​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។ 28ពួក​គេ​នាំ​យក​ភួយ មុង កន្ទេល ចាន ឆ្នាំង ព្រម​ទាំង​ស្បៀង​អាហារ គឺ​មាន​អង្ករ ពោត ម្សៅ លាជ ពពាយ សណ្ដែក 29ទឹក​ឃ្មុំ ទឹក​ដោះ​គោ ចៀម និង​ប្រូម៉ាស់ មក​ថ្វាយ​ព្រះ‌បាទ​ដាវីឌ និង​បណ្ដា‌ជន​ដែល​នៅ​ជា​មួយ ដោយ​ពួក​គេ​គិត​ថា បណ្ដា‌ជន​នឿយ‌ហត់ ស្រេក​ឃ្លាន នៅ​ពេល​ដើរ​កាត់​វាល​រហោ‌ស្ថាន។

ទើបបានជ្រើសរើសហើយ៖

២ សាំយូអែល 17: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល